លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានដកអគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា ចំពោះការខកខានមិនបានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ និងវិញ្ញាសាប្រកួតផ្សេងទៀតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលលោកចាត់ទុកថា ជាព្រឹតិ្តការណ៍ធំមួយរបស់ប្រទេសកម្ពុជា។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាផ្សេងៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងទីន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ លោក ហ៊ុន សែន បានថ្លែងថា លោក និងមន្ត្រីជាន់ខ្ពស់កម្ពុជាខ្លះ ខកខានមិនបានមើលការប្រកួតបាល់ទាត់របស់ប្រទេសដែលចូលរួមការប្រកួតស៊ីហេ្គមដោយសារទូរស្សន៍ជាតិថា ការផ្សាយបន្តផ្ទាល់ប្រកួតបាល់ទាត់នឹងធ្វើឡើងតែនៅពេលមានការប្រកួតរវាងកីឡាករកម្ពុជា និងកីឡាករប្រទេសផ្សេង។
លោកថ្លែងថា៖ «ទូរសព្ទទៅទូរទស្សន៍ជាតិ ទូរទស្សន៍ជាតិគ្នាឆ្លើយមកម៉េចទេ? វាថា វាផ្សាយតែរវាងគូខ្មែរជាមួយនឹងគូបរទេស ខ្ញុំថា អាងាប់...ស៊ីហ្គេមនៅសល់តែប៉ុន្មានថ្ងៃទៀត បួនថ្ងៃទៀត គ្រាន់តែហែស៊ីហ្គេម គឺគេក្លាយជាបុណ្យមួយនៅតាមខេត្ត ហេតុអីឯងប្រកួត ប្រជាជនចង់មើលឯងមិនព្រមផ្សាយ? ឥឡូវសុំផ្តាំទៅទូរទស្សន៍ជាតិល្ងាចនេះត្រូវតែផ្សាយឱ្យបាន បើផ្សាយមិនបានអគ្គនាយកដកទាំងអស់។ អត់មានទុកឯងមួយទេ ប្រាប់ឱ្យហើយ»។
លោកបន្ថែមថា ស្ថានីយទូរទស្សន៍ក្នុងស្រុកគួរបង្កើនការផ្សព្វផ្សាយឱ្យបានផុសផុល ចំពោះការប្រកួតកីឡា ដែលកំពុងកើតឡើងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។
លោកថ្លែងថា៖ «អ្ហែងចង់ទុកឱ្យប្រទេសខ្មែរស្ងប់ស្ងាត់អីចឹងហ្អេ៎? ក្នុងពេលដែលមានស៊ីហ្គេម គេប្រកួតកីឡាមិនព្រមផ្សាយ។ មើ! គ្រប់ទូរទស្សន៍ទាំងអស់ឱ្យវាចេះភ្ញាក់រឭកមើអ្វី! អាខ្លះទៅផ្សាយអំពីកីឡាស្អី ឥឡូវប្រកួតប៉ុន្មានដូចជា១១វិញ្ញាសាហើយ។ ប៉ុន្តែវាគ្មាន អាណាទៅផ្សាយ! ហើយអាទូរទស្សន៍ជាតិហ្នឹង ហើយអារដ្ឋមន្ត្រីវាហ្នឹង វាទៅណា? ឥឡូវហ្នឹង កំពុងជេរហ្មង»។
លោកបន្ថែមថា៖ «ខ្ញុំបានរំឭកហើយ តាំងពីមុនមកថា អារឿងការផ្សាយនេះ ត្រូវតែយកចិត្តទុកដាក់។ វាមានអី វាដេកធ្វើមិនដឹងទៅ អាឯងទីបំផុត ចាំមើល ទៅឃើញថា ថៃស៊ីសិង្ហបុរី ២-១ ដល់ទៅយប់បន្តិច វៀតណាមស៊ីឡាវ ៣-0 បានមើលប៉ុណ្ណឹង គេត្រូវការមើល អាណាទាត់យ៉ាងម៉េច អីយ៉ាងម៉េច? បើទូរទស្សន៍ប៉ុណ្ណឹងមិនបាន ធ្វើរដ្ឋមន្ត្រីប៉ុណ្ណឹងមិនបាន នាំគ្នាចេញទៅ ទៅអញដកមុនស៊ីហ្គេមហ្មង»។
លោកនាយករដ្ឋមន្ត្រីបានព្រមានដកលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនមានការកែប្រែរបៀបផ្សាយ ការប្រកួតកីឡាផ្សេងៗ នៅមុនពេលបើកព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃឹម វុទ្ធី បានទេនៅថ្ងៃចន្ទនេះ។ ចំណែកលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងការពារសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលមិនយកប្រាក់ពីគណៈប្រតិភូកីឡាស៊ីហ្គេមនោះ គឺក្នុងគោលបំណងទាញយកមនុស្សទាំងឡាយចូលមកស្គាល់កម្ពុជា។លោកថា កម្ពុជាក្រ តែមានបេះដូងធំ។
លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងមតិរិះគន់ខ្លះ ដែលមានចេតនាបំបែកបំបាក់ព្រះមហាក្សត្រ និងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបើកការប្រកួតស៊ីហ្គេម។ លោកថា មានតែក្នុងប្រព័ន្ធប្រធានាធិបតី និយមដែលប្រមុខរដ្ឋជាអ្នកបើកការប្រកួតរបៀបនេះ រីឯក្នុងប្រព័ន្ធសភានិយម គឺនាយករដ្ឋមន្ត្រីជាអ្នកប្រកាសបើក៕
លោក ហ៊ុន សែន ព្រមានដកអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាពាក់ព័ន្ធការផ្សាយផ្ទាល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ —