ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករកម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​ ៦៣​ ពីការ​ប្រកួត​កីឡា​ SEA Games នៅវៀតណាម


រូបឯកសារ៖ កីឡាករនិងកីឡាការរិនីកម្ពុជាគ្រវីទង់ជាតិខ្មែរ ​ក្នុងពិធីបើកសម្ពោធការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Arena នៅទីក្រុង Bocaue ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ កីឡាករនិងកីឡាការរិនីកម្ពុជាគ្រវីទង់ជាតិខ្មែរ ​ក្នុងពិធីបើកសម្ពោធការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Arena នៅទីក្រុង Bocaue ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ក្រុម​កីឡាករ​កម្ពុជា​ដែល​បានចេញ​ទៅប្រកួត​ក្នុងព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម (SEA Games)ចុងក្រោយនេះនៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ​ដណ្តើម​មេដាយ​បាន​សរុប​ចំនួន​៦៣​ ក្នុងនោះ​មាស​ចំនួន ​៩​ ប្រាក់ ​១៣ និង​សំរឹទ្ធចំនួន ៤១ ​មេដាយ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជា​ (AKP)​។​

ទោះ​ជាត្រូវ​អូសបន្លាយ​ពេលពី​ឆ្នាំ២០២១ ​មកធ្វើ​នៅខែ​ឧសភា​ឆ្នាំ​២០២២​ដោយសារ​ជំងី​កូវីដ-១៩ ​តែក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​ដែល​ធ្វើ​ឡើង​រៀងរាល់​ពីរ​ឆ្នាំម្តង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចុង​ក្រោយនេះ​ កម្ពុជា​បាន​បញ្ជូន​គណៈ​ប្រតិភូ និង​អត្តពលិក​ចំនួន​១៨០នាក់​ ចូលរួម​ប្រកួតក្នុង​ប្រភេទ​កីឡាចំនួន​ជាង​៣០។ ហើយ​ក្រោយ​ការប្រកួត​នៅ​ទីក្រុង​ហាណូយ​នោះមក កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ SEA Games លើក​ទី​៣២ នៅ​ឆ្នាំ​ក្រោយ​ គឺ​ចាប់​ពី​ថ្ងៃទី​៥ ដល់​១៧​ខែឧសភា ឆ្នាំ​២០២៣។ ​

បើតាម​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ពាក់​ព័ន្ធនឹង​ការ​វិលត្រឡប់​នៃ​ក្រុមអត្តពលិក​កម្ពុជា​កាល​ពីអង្គារ​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​នាយ​ឧត្តមសេនីយ៍​ទៀ បាញ់ ​ដែល​ ជា​ប្រធាន ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​ប្រកួត​កីឡា ​SEA Games​ លើក​ទី៣២ ​ឆ្នាំ២០២៣ បាន​សាទរ​ជ័យ​ជម្នះ​របស់​កីឡា​ករ​កម្ពុជា​ដែល​ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​ការ​ប្រកួត​មុនៗ​។

លោក​បន្ថែមថា​ លទ្ធផល​នេះ​នឹងត្រូវបាន​កត់​ត្រា​ជាប្រវត្តិសាស្រ្ត​នៃ​កា​រ​ប្រកួត​កីឡា​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា ​SEA Games​ លើក​ទី​៣១ ដែល​បានប​ញ្ចប់​ទៅ​កាល​ពីថ្ងៃទី​២៣ ​ខែ​ឧសភា​នៅ​ប្រទេស​វៀតណាម។

លោក​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារនៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថា​៖ ​«កត់​ត្រា​បន្ថែមក្នុង​ប្រវត្តិសាស្ត្រកី​ឡា​ស៊ីហ្គេម​ ដែល​កម្ពុជា​បំបែក​ឯកត្តកម្មមេដាយ​ច្រើនជាង​ស៊ីហ្គេម​មុន​ៗ​នេះកន្លង​មក និង​ជា​សញ្ញាណល្អប្រពៃ​ណាស់​សម្រាប់​ស្វែង​រក​ឧត្តម​ភាព​មេដាយ​ច្រើន​ថែម​ទៀត​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​នៅកម្ពុជា»។ ​

ទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជា​ (AKP)​ ដែល​ជាអង្គភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ទៀត​ថា​ កម្ពុជា​ក៏នឹង​រៀប​ចំការ​ប្រកួត​កម្មវិធីកីឡា Para Games ២០២៣​ ចាប់​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី១០ មិថុនា​ ឆ្នាំ​២០២៣​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងព្រឹត្តិការណ៍​ SEA Games លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លីពីន​ កម្ពុជា​ទទួលបាន​មេដាយ​សរុប​៤៦ ក្នុ​ងនោះ មានមេ​ដាយមាស​ចំនួន៤ ប្រាក់​ចំនួន៦ និង​សំរឹទ្ធចំនួន​៣៦​មេដាយ​៕

XS
SM
MD
LG