ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​ច្រើន​ជាង​មុន ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​​​ស៊ីហ្គេម​


សិល្បករ​កម្ពុជា​សម្តែង​ក្នុង​ពិធី​​ផ្ទេរ​​តំណែងដល់​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣ នៅ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០២២។
សិល្បករ​កម្ពុជា​សម្តែង​ក្នុង​ពិធី​​ផ្ទេរ​​តំណែងដល់​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣ នៅ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០២២។

ខណៈ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម​ (កីឡា​អាស៊ី​អាគ្នេយ៍)​ ​និងប៉ារ៉ា​ហ្គេម​នា​ខែ​ឧសភា​ខាង​មុខ​នេះ​ មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​កីឡា​ឱ្យ​ដឹង​ថា កម្ពុជា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មេដាយ​ច្រើន​ជាង​មុន។​

គិត​ត្រឹម​ថ្ងៃ​អង្គារទី​៧ ​ខែ​កុម្ភៈ​នេះ ​នៅ​សល់​រយៈ​ពេល​៨៧​ថ្ងៃ​ទៀត​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ (SEA Games) ​លើក​ទី​៣២ ​និង​ប៉ារ៉ា​ហ្គេម​ (Para Games)​លើក​ទី​១២​ ដែល​មាន​កីឡាករ​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​ចំនួន​១១​ចូល​រួម ​ក្នុង​នោះ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ទីម័រ​ខាង​កើត ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៥ ​ខែ​ឧសភា​ដល់ថ្ងៃ​ទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០២៣។​

លោក​ វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលរៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​និង​ប៉ារ៉ា​ហ្គេម ​ប្រាប់វីអូអេ​ថា​ កីឡាករ​កម្ពុជា​នឹង​ចូល​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់ ​ដែល​នៅ​ក្នុង​បញ្ជី​ប្រមាណ​៤០​កីឡា។​ លោក​រំពឹង​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​មេ​ដាយ​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត។​

​លោក​ថ្លែង​ថា៖ ​«មាន​កីឡា​ខ្លះ​ យើង​ធ្លាប់​ឈ្នះ​នូវ​មេ​ដាយ​នៅ​ស៊ីហ្គេម​លើក​មុន​ដែល​គេ​ហៅ​ថា​ កីឡា​សក្តានុពល។ ​អ៊ីចឹង​ដែល​កីឡា​សក្តានុពល​នេះ​គឺ​យើង​សង្ឃឹម​ថា​អាច​នឹង​ស្វែង​រក​មេ​ដាយ​បាន ​ទាំង​កីឡា​ប៉េតុង​ កីឡា​ចំបាប់​ កីឡា​ការ៉ាតេ​ កីឡា​ប្រដាល់​គុន​ខ្មែរ កីឡា​ឃីកបុកស៊ីង​ ដែល​ជាប់​មេ​ដាយ​អី​មុនៗ​ហ្នឹង ​គឺ​យើង​អាច​សង្ឃឹម​ថា​អាច​យក​មេដាយ​ហើយ​បាទ»។​

លោក​បន្ថែម​ថា៖​ «[ការ​ប្រកួត] វា​មាន​ឈ្នះ​ មាន​ចាញ់ ​ប៉ុន្តែ​សំខាន់​បំផុត​គឺ​យើង​ធ្វើ​ម្ចាស់​ផ្ទះ យើងត្រូវ​ខិត​ខំ​រក​មេដាយ​អី​ឱ្យ​បាន​ច្រើន​ អាហ្នឹងសំខាន់»។

រូប​ឯកសារ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាការជាតិ​អូឡាំពិក​កម្ពុជា​ ផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន​ VOA កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាការជាតិ​អូឡាំពិក​កម្ពុជា​ ផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន​ VOA កាល​ពី​ឆ្នាំ​២០១៧។

បើ​តាម​លោក ​វ៉ាត់ ចំរើន ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម ​និង​ប៉ារ៉ា​ហ្គេម​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ផ្ដល់​ភាព​កក់​ក្តៅ​ជូន​ភ្ញៀវ​ដែល​មកចូល​រួម​ ដូច​ជា​ការ​រៀប​ចំ ​ផ្លូវ​អាកាស​ សន្តិសុខ​ សណ្ដាប់​ធ្នាប់ ​សុវត្ថិ​ភាព ​និង​កន្លែង​ស្នាក់​នៅ​ជា​ដើម​សម្រាប់​កីឡាករ។​

ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កាល​ពី​លើក​មុន ​ដែល​ប្រទេសវៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កម្ពុជា​ទទួល​បាន​មេ​ដាយ​សរុប​ចំនួន​៦៣​ រួម​មាន​មាស​៩ ​ប្រាក់​១៣​ និង​សំរឹទ្ធ​ចំនួន​៤១។ ​កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញាសា​ប្រដាល់​សេរី១ ​ប៉េតង់២​ វ៉ូវីណាម៣​ តេក្វាន់ដូ​១ ​ចំបាប់១ ​និង​គុន​ខ្មែរ​ចំនួន១។​

លោក​ រឿង សោភ័ណ្ឌ ​អាយុ​៣២​ឆ្នាំ ​ជាកីឡាករគុណ​ខ្មែរ​ ដែលបាន​កំពុង​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​ដើម្បីចូល​រួម​ប្រកួត​ប្រភេទ​កីឡា​ឃីកបុកស៊ីង ​ក្នុង​ទម្ងន់​៦៩​គីឡូ​ក្រាម ​នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​ បាន​បង្ហាញ​ក្តី​រំពឹង​ថា​ លោក​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទៅ​ដណ្តើម​យក​មេដា​យ​ឱ្យ​បាន​សម្រាប់​ប្រទេស​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​នា​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព»។​

​កីឡាករគុណ​ខ្មែរ​ដែល​បានប្រឡូក​ក្នុង​វិស័យ​នេះ​១៩​ឆ្នាំម​ក​ហើយ​នោះ​បាន​ប្រាប់​វីអូអេ​បន្ថែម​ថា​ កន្លង​មក ​លោកឈ្នះ​មេដាយ​ប្រាក់​ជើង​ឯក​អាស៊ី ​នៅ​ក្នុង​ប្រទេស​ថៃ និង​ធ្លាប់ប្រកួត​ប្រដាល់​គុណ​ខ្មែរ​ចំនួន​២០០​លើក​ ដោយ​ឈ្នះ​ចំនួន​១៨០​លើក​ ចាញ់​១៥​លើក ​និង​ស្មើ​ចំនួន​៥​លើក។​

បើតាមលោក​ រឿង សោភ័ណ្ឌ ​ប្រភេទ​កីឡា​ឃីកបុកស៊ីង​នឹង​មាន​ការ​ចូល​រួម​ពី​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ ប៉ុន្តែមិន​ទាន់​ដឹង​ច្បាស់​ថា តើ​ប្រទេស​ណា​ខ្លះ​នឹងចូលរួម​ប្រកួត​ប្រភេទ​កីឡា​នេះ​នៅ​ឡើយ​ទេ។​

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត​មួយ ​និងជា​មោទនភាព​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។​

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មករា​ ឆ្នាំ​២០២៣​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែង​ថា​កម្ពុជា​ត្រូវ​រង់ចាំ​រយៈ​ពេល​៦០​ឆ្នាំ​ដើម្បី​រៀបចំ​កីឡា​ស៊ីហ្គេម​នេះ​ ដោយ​សារ​សភាព​ការណ៍​ប្រទេស​មិន​អំណោយ​ផល ​និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ។​

លោក​ ហ៊ុន សែន ​ថ្លែង​ពេល​នោះ​ថា៖ ​«ឆ្នាំ​២០២៣​នេះ ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ស៊ីហ្គេម​ ដែល​នឹង​មាន​កីឡាករ ​កីឡាការិនី​រាប់​ពាន់​នាក់ ​អញ្ជើញ​មក​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​ការ​ប្រកួត។​

រូប​ឯកសារ៖ ក្រុម​កីឡាករ​កម្ពុជាពេល​ចូល​រួម​ពិធី​បើក​កីឡា​ស៊ីហ្គេម (SEA Games) ​លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ​២០១៥។
រូប​ឯកសារ៖ ក្រុម​កីឡាករ​កម្ពុជាពេល​ចូល​រួម​ពិធី​បើក​កីឡា​ស៊ីហ្គេម (SEA Games) ​លើក​ទី​២៨​ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ​២០១៥។

យើង​មាន​២​ប្រកួត ​ប្រកួត​ស៊ីហ្គេម​ និងប្រកួតប៉ារ៉ាហ្គេម​គឺ​ជន​ពិការ។​ យើង​ត្រូវ​ខិត​ខំ​ធ្វើ​ឱ្យ​បាន​នូវ​កិច្ច​ការងារ​នេះ ​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង ​មិន​គ្រាន់​តែ​ជា​បញ្ហា​សម្រាប់​ការ​ឈ្នះ​មេ​ដាយ​នោះ​ទេ ​ ក៏​ប៉ុន្តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ ​ផ្តល់​នូវ​សុវត្ថិភាព​សម្រាប់​កីឡាករ ​កីឡាការិនី ​និង​អ្នក​ដឹកនំា​មក​ពី​បណ្តា​ប្រទេស​នានា ​ផ្តល់​នូវ​ការ​សប្បាយ​រីក​រាយ​សម្រាប់​ពួក​គេ​ទាំង​ឡាយ ​ដែល​មក​នៅ​ក្នុង​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានអរគុណ​ដល់​រដ្ឋាភិបាល​ចិន​ ដែល​បាន​ជួយ​សាង​សង់​ពហុ​កីឡដ្ឋាន​ដែល​មាន​តម្លៃ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​នេះ។​

កីឡា​ស៊ីហ្គេម​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ម្តង។ ​កីឡា​ប្រមាណ​៤០​ប្រភេទ​នឹង​ដាក់​ប្រកួត​នា​ពេល​ខាង​មុខ ​ក្នុង​នោះ​រួម​មាន​អត្ត​ពលកម្ម ​ កីឡា​លើ​ទឹក​ វាយ​សី​ បោះ​បាល់​ ប៊ីយ៉ា-ស្នូកឃ័រ​ ប្រដាល់​សកល​ កាយ​វប្បកម្ម ​អុក ​បាល់​ទាត់​ វាយ​កូន​ហ្គោល​ កាយ​សម្ព័ន្ធ ​យូដូ​ ការ៉ាតេ ​គុន​ចម្រុះ ​ប៉េតុង​ សីដក់ ​វាយ​កូន​ឃ្លី​លើ​តុ ​តេក្វាន់​ដូ ​វាយ​កូន​បាល់​ ប្រណាំង​ទូក​ប្រពៃណី ​និង​បាល់​ទះជា​ដើម។ ​

នេះបើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស៊ីហ្គេម​កម្ពុជា​ ឈ្មោះ Cambodia 2023

XS
SM
MD
LG