នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីអំពីកិច្ចខិតខំរបស់លោកក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំរវាងកម្ពុជា និងវៀតណាម ដែលមានភូមិផងរបងជាប់គ្នា។
ការអធិប្បាយរបស់លោក ហ៊ុន សែន អំពីការតាំងចិត្តរបស់លោកក្នុងការបន្តរក្សាទំនាក់ទំនងល្អជាមួយវៀតណាមនេះ កើតមានឡើង នៅពេលដែលអ្នកវិភាគនយោបាយកម្ពុជាកត់សម្គាល់ឃើញថា កម្ពុជាកាន់តែស្និទ្ធនឹងប្រទេសចិន ដែលបានបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលទីក្រុងហាណូយ។
ថ្លែងនៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាមនៅតាមបណ្ដោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន ដែលបានឆ្លៀតមានប្រសាសន៍ជាភាសាវៀតណាមមួយរយៈពេលខ្លីនោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហការផ្នែកសង្គមសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «អរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលផ្ដល់នូវជំនួយឧបត្ថម្ភសម្រាប់យើង ក្នុងការរំដោះចេញពីរបប ប៉ុល ពត ហើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរាប់ទាំងជំនួយថ្ងៃនេះ។ សង្ឃឹមថា ចំណងទាក់ទងរបស់យើងនឹងត្រូវពង្រឹងថែមទៀត ប្រជាជននិងប្រជាជនទៅមករកគ្នា កាន់តែងាយស្រួល»។
ស្របពេលជាមួយគ្នានោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាមក៏បានអះអាងពីទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាមដែលមានយូរមកហើយ ក៏ដូចជា ភាពជោគជ័យនៅក្នុងកិច្ចការកំណត់ព្រំដែនកម្ពុជា និងវៀតណាមមកទល់ពេលនេះ។
ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថា មានការថមថយ ស្របពេលដែលកម្ពុជាហាក់ដូចជាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន និងបើកទូលាយឲ្យមានការវិនិយោគច្រើនពីវិនិយោគិនចិន តួយ៉ាងដូចជា ការផ្ដល់អាជ្ញាបណ្ណឲ្យមានប្រតិបត្តិការកាស៊ីណូនានា និងចូលមកប្រកបរបររកស៊ីរបស់ពលរដ្ឋចិន។
ជាផ្នែកមួយការរក្សាទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឲ្យស្ថិតក្នុងស្ថានភាពនឹងនមួយនោះ កងទ័ពកម្ពុជានិងកងទ័ពវៀតណាមកាលពីពេលថ្មីៗនេះ បានធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាមួយក្រោមឈ្មោះថា «លំហាត់ហ្វឹកហ្វឺនរួមកម្ពុជា-វៀតណាមស្ដីពីការជួយសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកនិងការងារមនុស្សធម៌ឆ្នាំ២០១៩»។
លំហាត់ហ្វឹកហ្វឺនរួមគ្នាដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ នៅតំបន់ព្រំដែន បានផ្ដោតទៅលើការជួយសង្គ្រោះឆ្លងព្រំដែន ក្នុងពេលមានគ្រោះមហន្តរាយ ដូចជាគ្រោះធម្មជាតិ និងការបន្សាយសារធាតុគីមីគ្រោះថ្នាក់ជាដើម។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងរឹងមាំជាមួយគ្នាតាំងពីយូរមកហើយ ហើយប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែខ្លាំងបន្តទៅមុខទៀត។
«វាទាមទារត្រូវតែនៅជិតគ្នាជាសត្យានុម័ត។ អញ្ចឹងទេ វាត្រូវតែរិះរកគ្រប់វិធានការទាំងអស់ ដើម្បីធ្វើយ៉ាងណាពង្រឹងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនេះឲ្យបានគង់វង្សយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ»។
ទោះយ៉ាងណា លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ យល់ថា នាពេលបច្ចុប្បន្នហាក់ដូចជា មានភាព«ប្រទាញប្រទង់គ្នា» រវាងវៀតណាម និងចិន ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។
«អញ្ចឹងនេះ ខ្ញុំគិតថា វាជាវិធីសាស្ត្រ ដែលទាំងប្រទេសទាំងពីរហ្នឹងចង់បង្ហាញនូវ ការយើងមិនហៅថា ការគ្រប់គ្រងទេ។ ចង់បង្ហាញថា ចង់បង្ហាញនូវទំនាក់ទំនងជាទ្វេភាគីហ្នឹងដោយមិនឲ្យវៀតណាមមើលឃើញថា កម្ពុជាងាកទៅរកចិន ហើយដើរចេញពីវៀតណាមហ្នឹងណា»។
ក្នុងសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ ដែលដាក់ឱ្យប្រើប្រាស់កាលពីចុងខែវិច្ឆិកាកន្លងទៅ វៀតណាមបានព្រមានអំពីការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងជាមួយនឹងកម្ពុជា ដែលអ្នកវិភាគបានលើកឡើងថា វៀតណាមបានសំដៅទៅលើប្រទេសចិន តែក៏បានបង្ហាញពីចេតនាចង់រក្សាទំនាក់ទំនង «យុទ្ធសាស្ត្រពិសេស»និង«ប្រពៃណី»រវាងប្រទេសទាំងពីរបន្តទៅមុខទៀត៕