នៅក្នុងបទសម្ភាសន៍ដំបូងជាមួយអ្នកសារព័ត៌មាន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលទីក្រុងភ្នំពេញ គួរណាស់តែរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសចិន តែព្រមពេលជាមួយគ្នាក៏ត្រូវប្រយ័ត្នប្រយែងលើបញ្ហានានាទាក់ទងនឹងលុយកាក់ និងអធិបតេយ្យភាពរបស់ប្រទេសផងដែរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងថា អាមេរិកមិនមានសេចក្តីអាក់អន់ស្រពន់ចិត្តនោះឡើយ ដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសចិន តែលោកថា រដ្ឋាភិបាលកម្ពុជាក៏ត្រូវប្រយ័ត្នប្រយែងជំហានដើររបស់ខ្លួនផងដែរ។
លោក W. Patrick Murphy ដែលទើបបានមកដល់ទីក្រុងភ្នំពេញកាលពីខែកញ្ញា ដើម្បីបំពេញមុខនាទីជាប្រមុខការទូតអាមេរិកប្រចាំនៅកម្ពុជា បានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយដល់ VOA នៅភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ដោយលោកបានរំឭកថា កម្ពុជាអាចជ្រើសរើសប្រទេសដៃគូតាមចិត្តចង់បាន តែត្រូវគិតពីចីរភាពនៃហិរញ្ញវត្ថុ ប្រយោជន៍ប្រជាជន និងអធិបតេយ្យភាពជាតិ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងយ៉ាងដូច្នេះថា៖
«កម្ពុជាគួរតែមានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិន។ សហរដ្ឋអាមេរិកខ្លួនឯងក៏ស្វះស្វែងចង់បាននូវទំនាក់ ទំនងល្អជាមួយប្រទេសចិនដូចគ្នាដែរ។ វាអាចនឹងស្មុគស្មាញ តែប្រទេសចិនជាប្រទេសដ៏ធំមួយនៅក្នុងតំបន់នេះ ហើយក៏ជាប្រទេសដ៏សំខាន់មួយសម្រាប់បណ្ដាប្រទេសនានាដូចជាសម្រាប់កម្ពុជាជាដើម»។
សូមទស្សនាបទសម្ភាសន៍ទាំងស្រុងត្រង់នេះ៖
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកម្ពុជា ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់សាកលលោកមួយនេះ ក៏ជារដ្ឋដែលគ្រប់គ្រងជិតពាក់កណ្ដាលនៃ បំណុលជាង៧,២ពាន់លានដុល្លារដែលកម្ពុជាជំពាក់បរទេស។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានទៅដល់ប្រមាណ៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។
យ៉ាងណាក្ដីលោក W. Patrick Murphy ក៏បានលើកឡើងផងដែរថា៖
«អ្វីដែលយើងលើកឡើងគឺថា កម្ពុជាគួរតែពិចារណាទៅលើទំនាក់ទំនងរបស់ខ្លួន មិនគួរនៅខ្ទាស់ជាប់ទាំងស្រុងជាមួយប្រទេសតែមួយនោះទេ។ កម្ពុជាមានដៃគូជាច្រើន ហើយកម្ពុជាគួរតែគិតគូរឱ្យប្រុងប្រយ័ត្នអំពីលក្ខខណ្ឌភ្ជាប់ជាមួយនឹងជំនួយ ប្រាក់កម្ចី និងការវិនិយោគនានា ឱ្យស្របទៅតាមនិយាមអន្តរជាតិ និងតាមគោលបំណងជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលធានានូវតម្លាភាព ការប្រឆាំងអំពើពុករលួយ និងការវិនិយោគដែលធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមមូលដ្ឋាន។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចជ្រើសរើសប្រទេសជាដៃគូ»។
លំហូរនៃទុនវិនិយោគរបស់ចិនបាននិងកំពុងផ្លាស់ប្ដូរទីក្រុងជាប់មាត់សមុទ្រ ព្រះសីហនុ និងបានដើរតួនាទីស្នូលនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់។ អ្នកជំនួញចិនក៏បានកសាងកាស៊ីណូរាប់សិបនៅទីនោះផងដែរ។ អ្នករិះគន់បានបង្ហាញក្ដីបារម្ភពីការពឹងពាក់របស់កម្ពុជាលើប្រភពតែមួយនៃលំហូរទុនវិនិយោគ រហូតមានការសង្ស័យពីចេតនារបស់ចិន ថាមានរបៀបវារៈសន្តិសុខបង្កប់ក្រោយសេដ្ឋកិច្ច។
ស្ថានទូតចិននៅភ្នំពេញមិនបានឆ្លើយតបសារអេឡិចត្រូនិកស្នើសុំការអត្ថាធិប្បាយបានឡើយនៅថ្ងៃចន្ទនេះ។
ក្នុងខែកក្កដា កាសែត Wall Street Journal ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក បានផ្សាយរបាយការណ៍មួយថា ប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា ដើម្បីអាចមានលទ្ធភាពចូលទៅប្រើប្រាស់មូលដ្ឋានទ័ពសមុទ្ររាមរបស់កម្ពុជាក្នុងខេត្តព្រះសីហនុ។ របាយការណ៍នេះត្រូវបានភាគីកម្ពុជាបដិសេធជាបន្តបន្ទាប់។
ឧត្ដមសេនីយ៍ជាន់ខ្ពស់មួយរូបនៅបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកនៃកងទ័ពអាមេរិក លោក Joel B. Vowell ថែមទាំងបាននិយាយជាសាធារណៈបញ្ជាក់ពីកិច្ចព្រមព្រៀងសម្ងាត់ខាងលើថែមទៀតផង។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធយ៉ាងដាច់អហង្ការថាមិនមានការចុះកិច្ចព្រមព្រៀងបែបនេះឡើយ។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានបដិសេធថាខ្លួនមិនមានបំណងប្រើប្រាស់កម្ពុជាសម្រាប់មូលដ្ឋានទ័ពនោះទេ។
នៅពេលត្រូវបានសួរអំពីចំណុចនេះ លោក W. Patrick Murphy ហាក់បានបរិយាយត្រឹមតែការយោងតាមអត្ថបទសារព័ត៌មាន ដោយលោកថា៖
«យើងបានសម្ដែងនូវក្ដីព្រួយបារម្ភរបស់យើងទាំងជាសាធារណៈ និងជាលក្ខណៈឯកជន ទៅកាន់រដ្ឋាភិបាលកម្ពុជា ថា បើសិនជាសេចក្ដីរាយការណ៍ទាំងនោះពិតជាត្រឹមត្រូវមែននោះ ហើយបើសិនជាមានការរៀបចំដូច្នោះមែន នោះនឹងបង្កឱ្យមានបញ្ហាប្រឈមរាប់មិនអស់ទៅលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ហើយទីបំផុតវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក និងជាមួយបណ្ដាប្រទេសក្នុងតំបន់ផងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា មានប្រសាសន៍ថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានគិតគូររួចមកហើយអំពីបញ្ហាប្រាស្រ័យទាក់ទងដោយប្រយ័ត្នជាមួយប្រទេសដទៃ។
មន្ត្រីអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានប្រាប់ VOAថា៖
«អ៊ីចឹងខ្ញុំយល់ថា ការព្រួយបារម្ភរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏ជាការទាញអារម្មណ៍មួយកាន់តែបង្កើនការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បាទ ក្នុងបញ្ហាទាក់ទងនឹងបំណុលនេះ»។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ស្ថិតក្នុងស្ថានភាពរអាក់រអួលនាពេលកន្លងមក។ កម្ពុជាបានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែថ្មីៗនេះ មានការឆ្លើយឆ្លងរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងការពិនិត្យលទ្ធភាពស្ដារទំនាក់ទំនងឱ្យប្រសើរជាងមុនផងដែរ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យជំនាញកិច្ចការអន្តរជាតិ នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បានលើកឡើងថា លោកយល់ស្របជាមួយលោក Murphy ដែលថាកម្ពុជាគួរតែរក្សាទំនាក់ទំនងល្អតែត្រូវប្រុងប្រយ័ត្នជាមួយប្រទេសចិន ហើយថារដ្ឋាភិបាលកម្ពុជាមិនគួរទុកទីក្រុងវ៉ាស៊ីនតោនថាជា«តួចិត្តអាក្រក់»នោះទេ។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖
ទីក្រុងភ្នំពេញគួរតែតោងយល់ថា«ការដាក់ស៊ុតទាំងអស់ចូលទៅក្នុងកន្ត្រករបស់ចិននឹងមិនល្អសម្រាប់ប្រទេសកម្ពុជានោះឡើយ។ តែមើលទៅ រដ្ឋាភិបាលកម្ពុជាហាក់ដូចជាកំពុងតែពុលជាមួយប្រាក់កាស និងភាពឡូយឆាយ ដែលចិនផ្ដល់ឱ្យ។ នេះជាប្រការដែលនាំឱ្យឈ្លក់វង្វេងណាស់»។
លោកបណ្ឌិត អៀ សុផល បានបន្ថែមថា៖
«ដោយពិនិត្យពិចារណាអំពីបញ្ហានយោបាយក្នុងស្រុកដែលកំពុងបន្តកើតមាន និងការប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រនៅក្រៅប្រទេស ដែលមានសភាពកាន់តែស្រួចស្រាល់ កម្ពុជាមិនគួរអនុញ្ញាតឱ្យប្រទេសណាមួយមានមូលដ្ឋានយោធានៅក្នុងប្រទេសនោះឡើយ។ ប្រទេសកម្ពុជាគួរតែជារបស់ប្រជាជនកម្ពុជា មិនមែនជារបស់ក្រុមអភិជនមានលុយមានអំណាចដែលកំពុងគ្រប់គ្រងប្រទេសនោះឡើយ»៕