រដ្ឋាភិបាលនឹងបញ្ចប់ល្បែងអនឡាញនៅតាមកាស៊ីណូទាំងអស់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ ដែលជាចំណាត់ការមួយ ដែលរដ្ឋាភិបាលអះអាងថា ដើម្បីបញ្ចប់ឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់។ មន្រ្តីជំនាញព្រមានដកអាជ្ញាបណ្ណ ប្រសិនបើកាស៊ីណូបន្តការរកស៊ីល្បែងអនឡាញនេះ។
មន្រ្តីជំនាញអះអាងថា អាជ្ញាធរនឹងចុះពិនិត្យជាក់ស្តែងគ្រប់កាស៊ីណូទាំងអស់នៅប្រទេសកម្ពុជា ដើម្បីធានាវិធានការបញ្ចប់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធអ៊ីនធឺណិត នៅត្រឹមចុងឆ្នាំនេះ។
កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរណ៍មួយ ដើម្បីចាត់វិធានការលើល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ក្រោយពេលដឹងថា ក្រុមឧក្រិដ្ឋជនបរទេសមួយចំនួនបានប្រើប្រាស់ល្បែងភ្នាល់នេះដើម្បីបោកប្រាស់ជម្រិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស។
លោក រស់ ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា មន្រ្តីជំនាញនឹងតាមពិនិត្យជាក់ស្តែងតាមកាស៊ីណូ ក្រោយថ្ងៃបញ្ចប់ឱសានវាទ។ លោកព្រមានដកហូតអាជ្ញាបណ្ណពីកាស៊ីណូ ក្នុងករណីនៅមានការបន្តដំណើរការល្បែងស៊ីសងអនឡាញ។ លោកបន្តថាល្បែងស៊ីសងអនឡាញជា«ប្រភេទបច្ចេកវិទ្យាថ្មី និងស្មុគស្មាញ» ដែលលោកថាមានហានិភ័យខ្ពស់ ទើបរដ្ឋាភិបាលសម្រេចមិនបន្តឲ្យមានដំណើរការទៅមុខទៀតនៅកម្ពុជា។
លោកបានថ្លែងប្រាប់VOAថា៖ «វាអាចមានហានិភ័យ ព្រោះថាជាការងារដែលមានបច្ចេកវិទ្យាខ្ពស់ ហើយសមត្ថភាពជំនាញរបស់យើងនៅមានកម្រិត។ រួមទាំងជាពិសេសពាក់ព័ន្ធជាមួយនឹងវិស័យធនាគារជាដើម ហើយនៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងតែខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ អញ្ចឹងហើយដើម្បីចៀសវាងផ្លូវដែលគាត់អាចគឺយើងបិទផ្លូវហ្នឹងចោលតែម្តង»។
លោកបន្តថា៖ «ជាធម្មតាទេថា ផលរបរពេលដែលបានកំពុងដំណើរការអញ្ចឹងវាតែងតែមានចំណូល។ ដល់ពេលមានចំណូល យើងទៅកាត់ចំណូលហ្នឹងវាប្រាកដជាមានការប៉ះពាល់។ ក៏ប៉ុន្តែនៅក្នុងការប្រកបផលរបរហ្នឹង ពេលខ្លះគេសុខចិត្តឲ្យវាប៉ះពាល់ វាខាតអាបន្តិចនឹងដើម្បីប្រយោជន៍ស្អីផ្សេងទៅវិញ»។
បើតាមលោករស់ ភារុណ មកទល់ពេលនេះ កាស៊ីណូដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន២១៨ ដែលក្នុងនោះកាស៊ីណូចំនួន១៤១ កំពុងមានដំណើរការ និងផ្សេងទៀតមិនទាន់ដំណើរការនៅឡើយ។ លោកបានបន្តថា នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលប្រមូលប្រាក់ចំណូលបានជាង៨០លានដុល្លារពីវិស័យកាស៊ីណូ។
ក្នុងការបើកពិធីបុណ្យសមុទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចំណាត់ការលើការបញ្ចប់ល្បែងអនឡាញ គឺដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា៖ «តើអ្នកចង់បានអ្វីពិតប្រាកដ សម្រាប់ខ្ញុំ ខ្ញុំសង្កេតឃើញថា បើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើអនឡាញ កម្ពុជានឹងក្លាយជាអ្នករងគ្រោះសម្រាប់បញ្ហាសន្តិសុខជាតិរបស់ខ្លួន។ យើងស្ថិតនៅក្រោមការគំរាមកំហែងនៃក្រុមម៉ាហ្វីយ៉ា ដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើងដើម្បីធ្វើសកម្មភាព។ យើងក៏ស្ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅនៃការលាងលុយកខ្វក់តាមរយៈអនឡាញ»។
កន្លងទៅ រដ្ឋាភិបាលរបស់ចិនក៏បានសរសើរកម្ពុជាចំពោះវិធានការប្រឆាំងល្បែងអនឡាញនេះផងដែរ។
ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានផ្លាស់ប្តូរពីតំបន់ទេសចរណ៍ស្ងប់ស្ងាត់មួយ ទៅជាតំបន់ដែលសម្បូរទៅសំណង់ខ្ពស់ៗ កាស៊ីណូ និងការរកស៊ីរបស់ជនជាតិចិន។ កាស៊ីណូទាំងនោះ ក៏មានការភ្នាល់ល្បែងតាមអនឡាញផងដែរ។
ចំណាត់ការលើល្បែងអនឡាញនេះ បានធ្វើឲ្យជនជាតិចិនរាប់ពាន់នាក់ដែលធ្វើការលើវិស័យនេះ បានចាកចេញពីប្រទេសកម្ពុជា ហើយបានប៉ះពាល់ដល់ការជួលផ្ទះ និងការរកស៊ីមួយចំនួននៅក្នុងខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្រោយថ្ងៃឱសានវាទ អាជ្ញាធរខេត្តព្រះសីហនុនឹងចុះអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ឈប់ដំណើរការល្បែងស៊ីសងអនឡាញ។
«នៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺមានចែងនូវចំណុចគោលៗសំខាន់ៗ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាម។ អញ្ចឹងដូចថា អត់មានអីដែលត្រូវថា មិនគោរព អនុវត្តតាមការកំណត់នៃច្បាប់នៃការសម្រេចចិត្តរបស់រដ្ឋាភិបាលទេ»។
លោក មាស នី អ្នកសិក្សាការវិវត្តសង្គម បានលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលនៅក្នុងការបិទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជារឿងត្រឹមត្រូវ ប៉ុន្តែលោកបារម្ភថា ការអនុវត្តពីសំណាក់រដ្ឋាភិបាលមានចន្លោះប្រហោង។
«តាមពិតរឿងហ្នឹងគឺជា រឿងត្រឹមត្រូវ។ ក៏ប៉ុន្តែទាក់ទិននឹងការអនុវត្តច្បាប់ ថាតើរដ្ឋាភិបាលមានការរឹតបន្តឹងប៉ុណ្ណា។ ប៉ុន្តែរដ្ឋាភិបាលគ្រាន់តែថា ហើយបណ្តោយដូចជា ការអនុវត្តទៅលើច្បាប់ដទៃទៀត អាហ្នឹងបានត្រឹមតែថា តែវាមិនមានប្រសិទ្ធភាព។ នៅក្នុងប្រទេសយើងនេះ ចំណុចខ្សោយសំខាន់របស់រដ្ឋាភិបាលនោះគឺការខ្វះខាតចន្លោះប្រហោងនៅក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព»៕