ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​វៀតណាម ធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា​រួមគ្នា​ប្រាំថ្ងៃ​នៅ​ព្រំដែន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

មន្ត្រី​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​កងទ័ព​កម្ពុជា​និង​កងទ័ព​វៀតណាម​នឹង​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​តំបន់​ព្រំដែន​ ​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ ​ដែល​នឹង​ផ្ដោត​ទៅលើ​ការ​ជួយសង្គ្រោះ​ឆ្លង​ព្រំដែន​ ​ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ ​ដូចជា​គ្រោះថ្នាក់​ធម្មជាតិ​ ​និង​ការ​បន្សាយ​សារធាតុគីមី​គ្រោះថ្នាក់​ជាដើម។​

​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នេះ​មានឈ្មោះ​ថា «លំហាត់​ហ្វឹកហ្វឺន​រួម​កម្ពុជា-វៀតណាម​ស្ដីពី​ការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ព្រំដែន​គោក​និង​ការងារ​មនុស្សធម៌​ឆ្នាំ២០១៩»។

លោក​ឧត្តមសេនីយ៍​ទោ​ ​ថោង​ សូលីម៉ូ​ អ្នកនាំពាក្យ​អគ្គបញ្ជាការ​ដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ ​បាន​ប្រាប់ VOA ថា​ នឹង​មាន​ការ​ប្រើប្រាស់​កង​កម្លាំង​យោធា​ទាំងពីរ​ប្រទេស​ចំនួន១៤៤១នាក់​ ​ក្នុង​នោះ​មាន​ទាហាន​វៀតណាម២៥០នាក់​ ក្នុង​លំហាត់​ហ្វឹកហ្វឺន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃសៅរ៍​នេះ​និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៨ខែធ្នូ។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ថោង​ សូលីម៉ូ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

​«សមយុទ្ធ​នេះ​គឺ​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ពង្រីក​នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ជា​ប្រពៃណីដែល​ប្រទេស​កម្ពុជា[វៀតណាម]មាន​ជាមួយគ្នា​ ហើយ​និង​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​ការ​ជួយ សង្គ្រោះ​មហន្តរាយ​ ក៏​ដូចជា​កិច្ចការ​មនុស្សធម៌​ ការ​រក្សា​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ»។​

​លោក​ ​រស់​ ផារិទ្ធិ នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្វាយរៀង​បាន​ប្រាប់VOAថា​ ទីតាំង​នៃ​លំហាត់​ហ្វឹកហ្វឺន​យោធា​ស្ថិត​ក្នុង​ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​ ​ជាប់​ព្រំដែន​វៀតណាម​ ហើយ​លោក​ថា​បរិវេណ​នៃ​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​នឹង​មិន​ប៉ះពាល់​ដល់​ស្រូវ​ស្រែ​ដំណាំ​របស់​ពលរដ្ឋ​ទេ។ តែ​មន្ត្រី​រូប​នេះ​ថា​ លោក​មិន​ច្បាស់​នោះ​ទេ​ថា ​តើ​ទឹកដី​វៀតណាម​នឹង​ត្រូវ​ប្រើប្រាស់​ឬ​អត់​សម្រាប់​លំហាត់​ហ្វឹកហ្វឺន​ខាងលើ។​

​កងកម្លាំង​ពី​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង៩១១​ ​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​បរិហារ​ពី​កំណត់ត្រា​រំលោភ​បំពាន​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក​ ក៏​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​លំហាត់​ហ្វឹកហ្វឺន​ខាងលើ​ផង​ដែរ។​ លោក​ ​ថោង​ ​សូលីម៉ូ​ ​បន្ថែម​ថា​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​និង​វៀតណាម​ធ្វើលំ​ហាត់​សមយុទ្ធ​បែបនេះ។​

​លំហាត់​ហ្វឹកហ្វឺន​រួម​កើតមានឡើង​បន្ទាប់ពី​មានការ​ផ្ដួចផ្ដើម​គំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​កាលពី​ពាក់កណ្ដាល​ឆ្នាំ២០១៩នេះ​ថា ​លោក​ប្រាថ្នា​ចង់ឱ្យ​កងទ័ព​កម្ពុជា​និង​កងទ័ព​ប្រទេសជិតខាង​ ​សហការ​រៀនសូត្រ​ ​ត្រៀម​សម្រាប់​ការ​ជួយសង្គ្រោះ​ឆ្លង​ព្រំដែន​ ​ក្នុង​ពេល​មាន​ភយន្ត​រាយ​នានាដែល​ ​បណ្ដាល​ពីក​ត្តា​ធម្មជាតិ​ ​និង​ជីវសាស្ត្រ​នានា​។​

​បន្ទាប់ពី​បាន​ផ្អាក​លំហាត់​ហ្វឹកហ្វឺន​រួម​ប្រចាំឆ្នាំ​ជាមួយ​សហរដ្ឋអាមេរិក​ ​កម្ពុជា​បាន​រៀបចំ​លំហាត់​ហ្វឹកហ្វឺន​ ​«នាគ​មាស» បីដង​រួចមក​ហើយ​ ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​ ​ជាមួយនឹង​ ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA)​ ដែល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​ហាក់​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ផ្នែកការ​ទូត​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​យោធា។

ដោយសារតែ​ទីក្រុង​ហាណូយ​ ​និង​ទីក្រុង​ប៉េកាំង​ ​មាន​ទំនាស់​គ្នា​ជា​យូរ​មក​ហើយ​ ​ការណ៍​ដែល​កម្ពុជា​ទៅ​ស្និទ្ធ​ចិន​បង្ក​ជា​ក្ដី​បារម្ភ​សម្រាប់​ទីក្រុង​ហាណូយ​ ​តែ​ការ​ធ្វើ​សមយុទ្ធ​នេះ​នឹង​ជួយ​បង្កើន​ការ​ជឿ​ទុកចិត្ត​រវាង​កម្ពុជា​និង​វៀតណាម​ ​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្នែក​បច្ចេកទេស​សម្រាប់​យោធា​និង​ប្រជាជន​ប្រទេស​ទាំងពីរ។​ ​នេះ​បើ​តាម​លោក​ ​ឯម​ ​សុវណ្ណារ៉ា​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​កម្ពុជា។​

​យ៉ាងណាក្ដី​លោក​ ​ឯម​ ​សុវណ្ណារ៉ា​ បាន​ថ្លែង​ថា​ កន្លែង​ធ្វើ​សមយុទ្ធ​ដែល​ជា​តំបន់​ព្រំដែន​ ​និង​មាន​ពាក់ព័ន្ធ​វត្តមានយោធា​អាច​នឹង​នាំ​ឱ្យ​មានការ​ភ័ន្តច្រឡំ​ក្នុងចំណោម​សាធារណមតិ​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​និង​ស្ថាប័នយោធា​ ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជូន​ពលរដ្ឋ​មុន​នឹង​ធ្វើ​សមយុទ្ធ។

«ជាមួយ​វៀតណាម​ ​តាមពិត​យើង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ច្រើនណាស់​ ​ក៏ប៉ុន្តែ​កិច្ច​សហប្រតិបត្តិ​ការ​មួយចំនួន​មិន​ត្រូវ​ប្រកាស​ជា​សាធារណៈ​ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​ ​មាន​ចំណោទ​ ​មាន​ចម្ងល់​ ​សង្ស័យ​ច្រើន​ទៅវិញ​ទេ។​ អ៊ីចឹង​កិច្ច​ការ​ផ្សេង​ៗ​ ​ទាមទារ​ឱ្យ​មាន​សាធារណជន​ចូលរួម»។

ក្នុង​សៀវភៅ​ស​ការពារ​ជាតិ​វៀតណាម​ឆ្នាំ២០១៩​ ​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ​ ​វៀតណាម​បាន​ព្រមាន​អំពី​ការប៉ុនប៉ងបំបែកបំបាក់​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​ ​ដែល​អ្នកវិភាគ​បាន​លើកឡើង​ថា​ វៀតណាម​បាន​សំដៅ​ទៅលើ​ប្រទេស​ចិន​ ​តែ​ក៏បាន​បង្ហាញ​ពី​ចេតនា​ចង់​រក្សា​ទំនាក់ទំនង «យុទ្ធសាស្ត្រ​ពិសេស»និង​«ប្រពៃណី»​រវាង​ប្រទេស​ទាំងពីរ​បន្ត​ទៅមុខ​ទៀត។​

​ក្រុម​អភិជន​នយោបាយ​ដឹកនាំ​ប្រទេស​កម្ពុជា​ ​បាន​ចូល​មកកាន់​អំណាច​ដំបូង​នៅ​ឆ្នាំ១៩៧៩​ ​ក្រោយពេល​កងទ័ព​វៀតណាម​វាយសម្រុក​ឆ្លង​ព្រំដែន​ ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​ដាក់​ទីតាំងទី​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១០ឆ្នាំមុន​នឹង​ដកចេញ​ទៅវិញ​នៅ​ឆ្នាំ១៩៨៩។​ ​ការណ៍​នេះ​នាំ​មជ្ឈដ្ឋាន​នានា​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​តែង​ដាក់​ការសង្ស័យ​អំពី​ការងារ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​និង​ក៏​ដូចជា​សុឆន្ទៈ​នៃ​ទំនាក់ទំនង​ ​រវាង​ប្រទេស​ទាំងពីរ​មកដល់​សព្វថ្ងៃ៕

XS
SM
MD
LG