លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញក្រសួងយុត្តិធម៌ឱ្យពន្លឿនដំណើរការនៃការបង្កើតតុលាការពាណិជ្ជកម្ម និងតុលាការការងារឱ្យបានឆាប់ ដើម្បីបង្កើនទំនុកចិត្តដល់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្ដិធម្មរបស់ក្រសួងយុត្តិធម៌ ដែល មានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃចន្ទថា៖ «ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា»។
បើតាមលោក ហ៊ុន សែន តុលាការពាណិជ្ជកម្មអាចនឹងត្រូវដាក់ឱ្យដំណើរការ ក្នុងអាណត្តិទី៧។ លោកបន្ថែមថាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឈន៍ និងមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យពង្រឹងនូវការជឿជាក់ ចំពោះការធ្វើធុរកិច្ចនៅកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃចន្ទថាតុលាការពាណិជ្ជកម្មនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងអាណត្តិទី៧ខាងមុខ បើទោះបីជាតុលាការបច្ចុប្បន្នបានដោះស្រាយបញ្ហាពាណិជ្ជកម្មបានមួយចំនួនក្តី។ លោកបញ្ជាក់ថាតុលាការពាណិជ្ជកម្ម គឺជាតុលាការជំនាញមួយក្នុងការដោះស្រាយវិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្ម។
បើតាមលោក ជិន ម៉ាលីន បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌បានសម្រេច៥០%លើការងាររៀបចំតុលាការពាណិជ្ជកម្មនេះ ដែលរួមមានសេចក្តីព្រាងច្បាប់តុលាការពាណិជ្ជកម្ម ការកំណត់ទីតាំង និងមានការបណ្តុះបណ្តាលចៅក្រមផ្នែកពាណិជ្ជកម្មបានមួយចំនួនផងដែរ។
លោកថ្លែងថា៖ «បើគិតមកដល់ពេលនេះ អាចបាន៥០% អ៊ីចឹងអាចថា នៅដើមអាណត្តិក្រោយ អាចដាក់ឱ្យដំណើរការបាន។ ហើយតុលាការពាណិជ្ជកម្មនេះ គឺចំាបាច់ ដើម្បីបង្កើតប្រសិទ្ធភាពពាក់ព័ន្ធដល់ការដោះស្រាយសំណុំរឿងក្តីលើវិវាទពាណិជ្ជកម្មនេះ រួមទាំងបង្កើនជំនឿទុកចិត្ត អ្នកវិនិយោគ ហើយនិងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា»។
ដោយឡែកតុលាការការងារមិនទាន់អាចដាក់ដំណើរការក្នុងពេលតែមួយជាមួយតុលាការពាណិជ្ជកម្មបាននោះទេ ព្រោះវាត្រូវការធនធានមនុស្ស ធនធានសម្ភារៈ និងហិរញ្ញវត្ថុ រួមទាំងក្របខណ្ឌច្បាប់ និងគោលនយោបាយផងដែរ។ នេះបើតាមលោក ជិន ម៉ាលីន។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សាទរចំពោះការពន្លឿនដំណើរការតុលាការពាណិជ្ជកម្មនេះ។ លោកបន្តថាតុលាការស៊ីវិលក៏បានដោះស្រាយវិវាទពាណិជ្ជកម្មដែរ ប៉ុន្តែនៅមានភាពយឺតយ៉ាវ ខាតពេលវេលាជាដើម ដូច្នេះបើមានតុលាការពាណិជ្ជកម្ម នោះវិវាទពាណិជ្ជកម្ម អាចនឹងដោះស្រាយបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទទួលយកបានទាំងអស់គ្នា ហើយវាក៏អាចបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «តុលាការទូទៅ មានការយឺតយ៉ាវ ខាតពេលវេលា ខាតថវិកា ដល់អ៊ីចឹងបើយើងមានតុលាការពាណិជ្ជកម្ម វាជាឈ្នាន់មួយទៀត សម្រាប់ឱ្យអ្នករកស៊ីទាំងក្នុង និងបរទេសមកវិនិយោគហ្នឹង មានទំនុកចិត្តខ្លាំងចំពោះច្បាប់របស់យើង ដែលយើងអាចការពារផលប្រយោជន៍របស់គាត់ឱ្យមកវិនិយោគក្នុងប្រទេសយើង ក៏ដូចជាអ្នកក្នុងស្រុកផងដែរ»។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាចង់ឃើញការដាក់ឱ្យប្រើប្រាស់តុលាការការងារឱ្យបានឆាប់ ហើយត្រូវធានាឯករាជ្យពិតប្រាកដសម្រាប់កម្មករ និងនិយោជក ក្នុងការដោះស្រាយវិវាទការងារទាំងអស់ ដោយមិនលម្អៀងទៅភាគីណាមួយ។
លោកថ្លែងថា៖ «ស្ថាប័ននេះ គួរតែជាស្ថាប័នមួយដែលឯករាជ្យ ជាស្ថាប័នតុលាការ ដែលឯករាជ្យពិតប្រាកដ ហើយមានយុត្តិធម៌ពិតប្រាកដ ហើយមានសមាសភាពភាគីកម្មករ ដូចជាស្ថាប័នអាជ្ញាកណ្តាលដែរ ដែលមានស្ថាប័នត្រីភាគី ដែលមានភាគីកម្មករ និយោជក និងភាគីរដ្ឋាភិបាល ដើម្បីឱ្យស្ថាប័ននេះ ជាស្ថាប័នមួយអាចឱ្យគូភាគីទទួលយកបានជុំវិញសេចក្តីសម្រេចរបស់ខ្លួន»។
ប្រព័ន្ធតុលាការកម្ពុជារងការរិះគន់ថាមិនឯករាជ្យ ហើយស្ថិតក្នុងឥទ្ធិពលរបស់អ្នកមានអំណាច និងអ្នកមានលុយ។
បើតាមលោក ប៉ាវ ស៊ីណា តុលាការការងារ ជាតុលាការជំនាញមួយ ក្នុងការដោះស្រាយរាល់វិវាទការងារ បន្ទាប់ពីការផ្សះផ្សាវិវាទការងារនៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនបានជោគជ័យ៕