ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាឱ្យអាជ្ញាធរកម្ពុជាក្នុងខេត្តមណ្ឌលគិរីដែលស្ថិតនៅគៀកនឹងខេត្តដាក់ឡាក់(Dak Lak) ប្រទេសវៀតណាមតាមឆែកឆេររក និងចាប់ខ្លួនក្រុមប្រយុទ្ធដែលលោកថា ជាពួកឧទ្ទាម«បាក់ទ័ព» បញ្ជូនទៅអាជ្ញាធរនៃរដ្ឋាភិបាលទីក្រុងហាណូយវិញ ដោយថា កម្ពុជាមិនអាចក្លាយជាកន្លែងជ្រកកោនដើម្បីសុវត្ថិភាពសម្រាប់ជនឧទ្ទាមទាំងនោះទេ។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខកម្មកររោងចក្រក្នុងខេត្តកំពង់ចាម ទីដែលលោកថ្លែងថា មានការប្រយុទ្ធគ្នារវាងពួកឧទ្ទាមនៅវៀតណាម ហើយលោកដាក់ការសង្ស័យថា មេក្រុមឧទ្ទាមទាំងនោះ មានទំនាក់ទំនងនឹងប្រភពនៅកម្ពុជា ដូច្នេះហើយអាជ្ញាធរនៅភាគីកម្ពុជាត្រូវតាមចាប់ខ្លួនពួកឧទ្ទាមទាំងនោះឱ្យបាន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជានិងប្រទេសជិតខាងក្នុងកិច្ចការសន្តិសុខ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងទេ សូមកំណត់ឱ្យច្បាស់ណាស់ កងទ័ពទោះបីរាយប៉ុន្មានក៏ដោយ វាមិនគ្រប់គ្រាន់ទេ រាប់រយគីឡូម៉ែត្រ អ៊ីចឹងពេលយប់វាលួចឆ្លងដែនមករស់នៅតាមភូមិ អ៊ីចឹងសុំបញ្ជាឱ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាមភូមិ ឲ្យជាក់លាក់ប្រយ័ត្នមកដេក នៅស៊ីបាយក្នុងភូមិ តាមភូមិនៅឯណោះទៅ ត្រូវធ្វើរឿងហ្នឹង ឱ្យច្បាស់ខ្ញុំជឿថា គឺចេញពីកម្ពុជាដែលផ្គត់ផ្គង់សេវាកម្មចូលទៅក្នុងប្រទេសវៀតណាម ព្រោះរឿងនេះវាធ្លាប់មានពីមុនមកហើយ ដែលមុននេះ ឡើងទៅនៅរតនគិរី មណ្ឌលគិរីដែលបង្កើតឱ្យ មានជនភៀសខ្លួនឆ្នាំ ២០០៣ ២០០៤ ២០០៥ មួយរយៈកន្លងទៅ»។
យ៉ាងហោចណាស់មានមនុស្ស ៩ នាក់ត្រូវបានសម្លាប់ និង ៣៩ នាក់ត្រូវបានឃុំខ្លួនដោយសារតែភាពចលាចលនៅក្នុងខេត្តដាក់ឡាក់ (Dak Lak) ដែលជាទីលំនៅរបស់មនុស្សចំនួន ៣០ ក្រុមដែលគេស្គាល់ជារួមថា ជាជនជាតិម៉ុងតាញ៉ា Montagnards ឬ ដេហ្គា Dega ដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១១ ខែមិថុនានេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៃក្រុមកាន់សាសនានិកាយកាតូលិក (UCA)កាលថ្ងៃទី ១៤ ខែមិថុនា។
ប្រព័ន្ធផ្សព្វផ្សាយនេះឱ្យដឹងទៀតថា ប្រភពផ្លូវការពីភាគីវៀតណាមបានអះអាងថា មនុស្សប្រមាណ ៤០ នាក់ ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពសម្រាប់ការប្រយុទ្ធ បានបើកវាយប្រហារលើស្ថានីយប៉ូលិស ២ កន្លែង ឃុំចំនួនពីររបស់ខេត្តដាក់ឡាក់ Dak Lak គឺឃុំអ៊ែទាវ (Ea Tieu) និងឃុំអ៊ែកាទូ (Ea Ktur)។
នៅព្រឹកថ្ងៃសុក្រដដែលនេះ លោក ហ៊ុន សែន ក៏បានព្រមានថា បើអង្គការសិទ្ធិមនុស្សអន្តរជាតិណាមួយក្នុងនោះមានទីភា្នក់ងាររបស់អង្គការសហប្រជាជាតិមានការពាក់ព័ន្ធ ក្នុងការជួយទៅដល់ពួកឧទ្ទាមទាំងអស់នោះ លោកនឹងចេញបញ្ជាឱ្យបិទការិយាល័យរបស់ពួកគេដែលមាននៅក្នុងទឹកដីកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា៖ «អ៊ីចឹងខ្ញុំសូមព្រមានចំពោះអង្គការអន្តរជាតិៗ ដែលធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា ត្រូវគេចពីឧក្រិដ្ឋកម្មដែលពួកនេះបានធ្វើ បើសិនជាពួកអ្នកឯងទទួលស្មើនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រជាជនវៀតណាម គឺខ្ញុំសូមដាស់តឿនចំពោះអ្នកឯង ហើយយើងអាចនឹងបិទនូវការិយាល័យអ្នកទាំងអស់នេះ នៅទីក្រុងភ្នំពេញ ដោយសារតែបំពានទៅលើអ្វីដែលជាក្រឹត្យក្រមនៃទំនាក់ទំនងរវាងរដ្ឋ និងអង្គការអន្តរជាតិនានា»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអគ្គស្នងការរងនគរបាលជាតិ លោក ឆៃ ស៊ីណារិទ្ធ និងភាគីខាងវៀតណាម បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
ចំណែកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់ឆ្លើយតបសំណួររបស់វីអូអេ ដែលផ្ញើតាមសារអ៊ីមែលនៅថ្ងៃសុក្រនេះ
នៅឡើយទេ។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមែនជារឿងថ្មីនោះឡើយ ដែលបញ្ជាឱ្យចាប់ខ្លួនជនល្មើស ឬពួកឧទ្ទាមដែលចូលមកកម្ពុជាដោយខុសច្បាប់ ហើយបញ្ជូនទៅប្រទេសនោះវិញនោះ។
លោកបន្ថែមថា៖«ទាក់ទងនឹងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដូចអត់មានអីព្រួយបារម្ភទេ ព្រោះយើងធ្វើការផ្អែកទៅលើគោលការណ៍របស់អង្គការ ក៏ដូចជាលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃតែប៉ុណ្ណឹង។ អ៊ីចឹងចំពោះរឿងដែលពាក់ព័ន្ធជាមួយនឹងខាងវៀតណាមរឿងអី យើងជាអង្គការសង្គមស៊ីវិលនៅក្នុងស្រុក នៅក្នុងប្រទេសកម្ពុជាយើង មិនអីទៅពាក់ព័ន្ធជាមួយនឹងក្រុមទាំងអស់ហ្នឹងទេ គឺយើងធ្វើការទៅលើគោលការណ៍របស់អង្គការរបស់យើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណឹងទេ»។
ជនជាតិដេហ្គាត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃក្រុមកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ដែលបានចូលរួមច្បាំងជាមួយសហរដ្ឋអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តអំឡុងពេលមានសង្គ្រាមនៅវៀតណាម។ ពួកគេជាច្រើនដែលបានផ្លាស់ប្តូរជំនឿសាសនាមកកាន់សាសនាគ្រិស្តកំពុងតវ៉ានឹងគោលនយោបាយគាបសង្កត់ជាច្រើន ដូចជាការធ្វើទុក្ខបុកម្នេញខាងជំនឿសាសនា និងការដណ្តើមដីធ្លីពីអាជ្ញាធរមូលដ្ឋានក្នុងប្រទេសវៀតណាម។
អំឡុងពេលមានភាពច្របូកច្របល់ ជនជាតិម៉ុងតាញ៉ាជាញឹកញាប់ បានស្វែងរកកន្លែងលាក់ខ្លួនដើម្បីសុវត្ថិភាពនៅប្រទេសជិតខាងវៀតណាម គឺកម្ពុជាដែលកំពុងឆ្ពោះទៅរកការបោះឆ្នោតនៅខែកក្កដា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៃក្រុមអ្នកកាន់សាសនានិកាយកាតូលិក (UCA)៕