លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យជួយសម្របសម្រួល ដើម្បីឱ្យតុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់លើប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ទៀត ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹង «បដិវត្តន៍កសិករ»។
អន្តរាគមន៍របស់នាយករដ្ឋមន្ត្រី ក្រោយពីលោកបានជួបជាមួយលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ កាលពីថ្ងៃទី ១៧ ខែមិថុនា និងបានស្តាប់នូវរឿងដែលកើតមានកន្លងមក និងសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកដោយសរសេរជាអក្សរថា៖ «យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះ ខ្ញុំបានលើកទឹកចិត្តឱ្យសមាគមបន្តសកម្មភាព ដើម្បីផលប្រយោជន៍ប្រជាជនយើង និងបន្ថែមឱ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។ ខ្ញុំក៏បានណែនាំឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់និងផ្តល់សិទ្ធឱ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឱ្យបានឆាប់»។
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា តុលាការកំពុងតែធ្វើការទៅលើរឿងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើនឹងសម្រេចយ៉ាងណានោះទេ។
លោកថ្លែងថា៖ «ទាក់ទងនឹងរឿងហ្នឹង លោកចៅក្រមស៊ើបសួរគាត់កំពុងតែធ្វើការរឿងហ្នឹង តែទាក់ទងនឹងការចេញដីកាយ៉ាងម៉េចយ៉ាងម៉ានោះ ខ្ញុំអត់ទាន់បានទទួលព័ត៌មានអីទេ»។
ប្រធានសមាគម CCFC លោក ថេង សាវឿន បានប្រាប់វីអូអេថា ជំនួបជាមួយនាយក រដ្ឋមន្ត្រីគឺគ្រាន់តែនិយាយអំពីការស្នើទម្លាក់ចោលបទចោទប្រកាន់លើរូបលោក និងការដាក់អង្គការរបស់លោកឱ្យដំណើរការឡើងវិញ។ លោកបន្ថែមថា សមាគមរបស់លោកនឹងបំពេញការងារ ដូចដែលបានធ្វើកន្លងទៅ ប៉ុន្តែនឹងមានការសហការជាមួយរដ្ឋាភិបាល។
លោកថ្លែងថា៖ «ការងាសមាគមយើងនៅតែបន្តធ្វើការងារបន្តដូចនៅដដែល ក៏ប៉ុន្តែយើងមានការផ្លាស់ប្តូរដូរតាក់ទិច និងយុទ្ធសាស្រ្តខ្លះៗ ដែលយើងឱ្យមានការសហការជាមួយរដ្ឋាភិបាល ដោយយើងឈរលើគោលការណ៍ឯករាជ្យ ហើយនិងគោលដៅគឺ យើងនៅតែធ្វើការបន្តទៀត»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា វាអាចមានផលប៉ះពាល់មួយចំនួនលើសមាគម ប្រសិនបើម្ចាស់ជំនួយយល់ឃើញផ្សេងទៅលើរឿងរ៉ាវដែលកើតឡើងកាលពីកន្លងទៅលើសមាគមរបស់លោក ថេង សាវឿន។
លោកថ្លែងថា៖ «វាអាស្រ័យលើស្ថាប័នម្ចាស់ជំនួយមួយណា ជួនកាលគេមើលឃើញក្នុងរឿងផ្សេងពាក់ព័ន្ធនឹងផលប្រយោជន៍សហគមន៍ ផលប្រយោជន៍ស្ថាប័នក្នុងការបម្រើសហគមន៍ អាហ្នឹងអាចមានការបន្ដជំនួយទៀតក៏ថាបាន។ ក៏ប៉ុន្ដែបើគេពិនិត្យមើលឃើញបញ្ហាមួយចំនួនជាពិសេស ដែលពាក់ព័ន្ធទៅនឹងការធ្វើកិច្ចការងារដោយឯករាជ្យភាព ហើយនិងអព្យាក្រឹតភាព ជាមួយនឹងបក្សនយោបាយផ្សេងៗ ទាំងនេះ ក៏វាអាចជាបញ្ហាទៅដល់ CCFC ខ្លួនឯងដែរ។ នេះអាស្រ័យទៅនឹងការសម្រេចរបស់ម្ចាស់ជំនួយរបស់ CCFC ខ្លួនឯង»។
កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចុះហត្ថលេខាលើសេចក្តីសម្រេចឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាលក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ ត្រូវផ្អាកសកម្មភាព ជាបណ្តោះអាសន្នរហូតដល់តុលាការខេត្តរតនគិរីបញ្ចប់នីតិវិធី។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោក ថេង សាវឿន គឺជាស្ថាប័នសមាជិកភាពសហគមន៍កសិករមូលដ្ឋានរងគ្រោះ ដោយធ្វើការរួមគ្នាក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍នានា។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយដោយសមាគម។ សមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ ២០១៥ នេះមានទស្សនវិស័យចង់ឃើញប្រជាកសិកររស់នៅសមរម្យ ថ្លៃថ្នូរ មានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមកែលម្អឱ្យមានអភិបាលកិច្ចមូលដ្ឋាន។
កាលពីចុងខែឧសភា តុលាការខេត្តរតនគិរីបានសម្រេចដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកពីរនាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីលោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូ ប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ»។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក និងសហការីលោកពីរនាក់ទៀត គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ពីបទ «រួមគំនិតក្បត់ និងញុះញង់»។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា បន្ទាប់ពីលោកនិងក្រុមការងារលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកសមាគម ដែលរៀបចំឡើងនៅខេត្តរតនគិរី ទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះ សង្ស័យថា សមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយនៅក្នុងក្រុងបានលុង ហើយមានផែនការធ្វើបដិវត្តន៍កសិករ៕