ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​លោក​មិន​ខ្វល់​នឹង​ការ​តវ៉ា​របស់​កូដករ​ណាហ្គា​វើលដ៍


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថតរូបជាមួយអ្នកគាំទ្រ ក្នុងអំឡុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថតរូបជាមួយអ្នកគាំទ្រ ក្នុងអំឡុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី ១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។

ដោយ​ចោទ​ថា​ក្រុម​កូដករ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មាន​អ្នកនៅ​ពី​ក្រោយ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​លើក​ឡើង​ថាលោកមិនធ្វើ​អន្តរាគមន៍​លើ​ជម្លោះ​នេះ​ឡើយ។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​កម្មករ​ជាង​២​ម៉ឺន​នាក់ នៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣។

លោក ហ៊ុន សែន បាន​ចោទសួរ​ទៅ​ក្រុម​កូដករ​ថា​តើ​មាន​លុយ​មក​ពី​ណា​សម្រាប់​ការ​តវ៉ា ខណៈ​មិន​មាន​ការងារធ្វើ​ជាង​២​ឆ្នាំ​មក​ហើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «យើង​ដាក់​ជា​សំណួរ​មើល អត់​មាន​ការងារ​ធ្វើ តែ​មាន​លុយ​ចិញ្ចឹម​ខ្លួន​ ដើម្បី​ធ្វើ​បាតុកម្ម​។ តើ​នេះ​ជាអ្វី​ពិត​ប្រាកដ? បើ​សិន​ជា​ក្មួយៗៗ​រត់​រួច​ទេ ពីរឆ្នាំ​អត់​មាន​ប្រាក់ ប៉ុន្តែ​មាន​លុយ​មក[តវ៉ា]។ អ៊ីចឹង​អ្នក​នោះ​ជា​អ្នក​មាន មិន​មែន​ជា​កម្មករ​ធម្មតា​ទេ ជា​អ្នក​មាន​លុយ។ នរណា​ជា​អ្នក​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុ​កម្ម? ជា​វា​រឿង​សញ្ញា​សួរ​នៅ​ពី​ក្រោយ»។

​លោក​ ហ៊ុន សែន​ បន្ថែម​ថា៖ «អ៊ីចឹង​បាន​ខ្ញុំ​អត់​ខ្វល់​ ដោយសារ​តែ​រឿងនយោបាយ​វា​នៅ​ពី​ក្រោយ​ខ្នង បាន​ខ្ញុំ​មិន​ខ្វល់​។ ប៉ុន្តែ​សម្រាប់​ក្មួយៗជា​កម្ម​ករ កម្មការិនី តាម​រោង​ចក្រ​ ខ្ញុំ​ខ្វល់​»។

អ្នកស្រី ស៊ុន ស្រី​ពេជ្យ​ កូដករ​ណាហ្គាវើលដ៍​ម្នាក់ ប្រាប់វី​អូអេ​ថា​អ្នកស្រី​មាន​ខក​ចិត្ត និង​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​យល់​ឬ​ក៏​ទទួលបាន​ព័ត៌មាន​ឱ្យបាន​ស៊ី​ជម្រៅ និង​គ្រប់ជ្រុង​ជ្រោយ​លើ​វិវាទ​ការងារ​មួយ​នេះ។

អ្នកស្រី​ថ្លែង​ថា៖«សម្តេច​ពុក​ម្សិលមិញ​ដែល​គាត់​បាន​និយាយថា​កូដកម្មរ​បស់កូដ​ករ​ណាហ្គាវើល​ដ៍​នេះ​ គឺជា​ខាងនយោបាយ​អី​ឬក៏មាន​អ្នកនៅ​ពីក្រោយអី​អ៊ីចឹង​ ខ្ញុំក៏​ចូល​រួម​សោក​ស្តាយ​ដែរ។ បើ​សិន​ជា​អ្នក​ដែល​នៅ​ក្បែរ​គាត់​និយាយ​អីចឹង ខ្ញុំ​ជឿថា​គេ​មិន​ដែល​និយាយ​ថា​ពី​បញ្ហា​របស់​ពួកខ្ញុំ​ហ្នឹង វា​មាន​បញ្ហា​អី​ឱ្យចំ​ដើម្បី​ដោះ​ស្រាយ​ឱ្យចំ​ទេ។ បើ​សិន​ជា​ដោះ​ស្រាយ​ចំ​ វា​មិន​អូស​បន្លា​យ​ដល់២ឆ្នាំ​ទេ​»។

បើ​តាម​កូដក​ររូប​នេះ​ ការ​តវ៉ា​របស់ពួកគេ គឺ​ទាម​ទារ​យុត្តិធម៌​ និង​ឱ្យ​ក្រុម​ហ៊ុនគោរព​ទៅ​តាម​ច្បាប់​ស្តី​ពី​សិទ្ធិ​ការងារ។

​មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ យល់​ឃើញ​ថា​បើ​វិវាទនេះ​ត្រូ​វបាន​ដោះ​ស្រាយ​ទៅ​តាម​គោល​ការណ៍​និងច្បាប់​ វាមិន​មាន​អ្វី​ជាភាពស្មុគស្មាញឡើយ​។ លោកបន្ថែ​ម​ថា​ជម្លោះ​នេះនៅ​តែ​អូស​បន្លាយ​ ដោយសារ​តែ​មាន​ការ​លាប​ពណ៌ និង​ចោទប្រកាន់។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ករណីនេះ បើ​សិន​ជាមានការ​បន្តនូវ​ការ​ចោទ​ប្រកាន់​បែប​ទម្រង់​ន​យោ​បាយ​បែប​ហ្នឹង ខ្ញុំគិតថា​វិវាទ​ការងារ​មួយ​ហ្នឹង​ វា​អាច​មាន​ការ​ជាប់​គាំង​ ហើយ​ដំណោះ​ស្រាយនៅ​តែមិន​អាច​ឈាន​ទៅ​រកដោះ​ស្រាយ​បាន​ ពីព្រោះ​បើសិន​ជា​ចង់​បាន​នូវ​ដំណោះ​ស្រាយ​មួយ​សម​ស្រប​។ អ្វីដែល​សំខាន់​ គឺ​ការ​ស៊ើប​អង្កេត​ឱ្យបាន​ច្បាស់​លាស់ ហើយដើម្បីឱ្យ​មាន​ភាព​ច្បាស់​លាស់​ហ្នឹងគឺ​ទៅ​សួរពួក​គាត់​ដែល​ជា​កូដករ​ទៅ ដែល​គាត់​នៅ​បន្តធ្វើ​កូដកម្ម​ហ្នឹង។ម្នាក់ៗ​ដែល​គាត់​មិន​បោះ​បង់ចោល​ហ្នឹង​ គឺ​យើង​ត្រូវ​ស្តាប់​នូវ​ការ​ទាម​ទារ​របស់​ពួក​គាត់​»។

អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​២០២១។ អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​បាន​ចាប់​ផ្តើម​ការ​តវ៉ា​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១។ ការ​បញ្ឈប់​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯករាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​មួយ​នេះ។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែឧសភា តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​កញ្ញា​កាល​ពី​កន្លង​ទៅ៕

XS
SM
MD
LG