លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាធ្វើពហិការចំពោះបន្លែ និងគ្រឿងបរិភោគនាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមីនិងជំរុញឱ្យពលរដ្ឋខ្មែរបង្កើនការដាំបន្លែធម្មជាតិក្នុងស្រុក។
នេះគឺជាការថ្លែងលើកទីពីររបស់លោក ហ៊ុន សែន ដែលបន្ទោសពលរដ្ឋខ្មែរថា បានប្រើប្រាស់បន្លែ ឬគ្រឿបរិភោគមានផ្ទុកសារធាតុគីមីពីបរទេស ដែលជួយជំរុញឱ្យមានការនាំចូលផលិតផលទាំងនេះនៅក្នុងទីផ្សារកម្ពុជាយ៉ាងច្រើន។
ថ្លែងប្រាប់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អគារមួយខ្នងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះ៖
«ឥឡូវយើងកុំទិញអារបស់ណាដែលមានគីមី! កុំទិញមើល! ហើយនាំគ្នាជំរុញការដាំដុះ ឱ្យកសិករ ជំរុញការដាំដុះនូវបន្លែ បង្កាដែលមិនប្រើសារធាតុគីមី។ បើទោះបីវាថ្លៃជាងបន្តិច ក៏ប៉ុន្តែវាធានាសុខភាពសម្រាប់យើង អីចឹងវាក៏ជំរុញការដាំដុះរបស់ប្រជាពលរដ្ឋយើងដែលមិនប្រើគីមីផងដែរ»។
លោក ហ៊ុន សែន ក៏បានអះអាងផងដែរថា រដ្ឋាភិបាលរបស់លោកក៏បានព្យាយាមទប់ស្កាត់នូវរាល់បញ្ហាដែលបង្កឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជាយ៉ាងធ្ងន់។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោកថា ពលរដ្ឋខ្លួនឯងក៏គួរតែត្រួតពនិត្យ និងចៀសវាងការបរិភោគបន្លែ និងគ្រឿងបរិភោគមានផ្ទុកសារធាតុគីមីទាំងនោះដោយខ្លួនឯង មុនដាក់ការស្តីបន្ទោសមកលើរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន សែន ថ្លែងបន្តថា៖
«អីចឹងកុំអីឡើង ឈឺវិប ជេរពេទ្យ ឈឺវិបថា បណ្តាលមកពីរដ្ឋាភិបាលអនុញ្ញាតឱ្យគេប្រើគីមី អនុញ្ញាត ឲ្យនាំមកលក់នៅលើទីផ្សារនូវសាច់ នូវអាដែងនែ បន្លែបង្កា ឬផ្លែឈើដែលមានសារធាតុគីមី។ ឥឡូវកុំស៊ីវាមើល! ហើយតែកុំស៊ីវាលក់អត់ដាច់ លក់អត់ដាច់ គាត់វិលទៅរកការប្រមូលទិញ នូវបន្លែបង្កាស្អីៗ ដែលគ្មានគីមី។ ខ្វះអីត្រសក់ខែនេះសម្បូរសឹងអីហ្នឹង! ទៅចាំបាច់ទិញអាត្រសក់មានជាតិគីមីមកធ្វើអី! ខ្លួនឯងប្រព្រឹត្តខ្លួនឯង ហើយមកបន្ទោសដាក់គេ»។
បរិមាណបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំមានចំនួនប្រមាណជិត១លានតោន ក្នុងនោះមានការផ្គត់ផ្គង់បន្លែក្នុងស្រុក៤៤ភាគរយ និងបន្លែនាំចូល៥៦ភាគរយ។ នេះបើយោងតាមការបញ្ជាក់ពីអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ឬហៅកាត់ថា FAO។ ការសិក្សាស្រាវជ្រាវផ្សេងទៀតឲ្យដឹងថា ក្នុងមួយថ្ងៃៗ បន្លែប្រមាណ២០០ទៅ៤០០តោនត្រូវបាននាំចូលពីប្រទេសជិតខាងមកក្នុងរាជធានីភ្នំពេញ។
ជាមួយនោះដែរ សារព័ត៌មានក្នុងស្រុកបានស្រង់សម្តី លោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម កាលពីខែកុម្ភៈកន្លងទៅថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចូលបន្លែ សាច់ពីប្រទេសផ្សេងៗ គិតជាទឹកប្រាក់ប្រមាណជា៣០០លានដុល្លារអាមេរិក។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលមានតួនាទីក្នុងការពារ និងទប់ស្កាត់មិនឱ្យមានការនាំចូលបន្លែ និងគ្រឿងបរិភោគដែលមានជាតិគីមីពីបរទេស យ៉ាងគំហុកនៅពេលបច្ចុប្បន្ននេះ ហើយថា ការទម្លាក់កំហុសទៅពលរដ្ឋគឺស្តែងពី «ការខ្វះការទទួលខុសត្រូវរបស់រដ្ឋាភិបាល ឬក៏អសមត្ថភាព» ក្នុងការទប់ស្កាត់បញ្ហាទាំងនេះ។ លោកបន្តថា ប្រជាពលរដ្ឋធម្មតាគ្មានសមត្ថភាពបញ្ជាក់ពីបន្លែ ឬគ្រឿបរិភោគដែលមានផ្ទុកជាតិគីមី ឬគ្មានគីមីនោះទេ។
«ជាធម្មតាបើសិនជាប្រជាពលរដ្ឋដឹងថា អាហ្នឹងមានជាតិគីមី ប្រាកដណាស់ហើយថា គាត់មិនទិញនោះទេ។ ប៉ុន្តែធ្វើម៉េចបានប្រជាពលរដ្ឋដឹងថា អាហ្នឹងមានជាតិគីមី ឬអត់មានជាតិគីមី? អីចឹងវាមានតែតួនាទីរដ្ឋាភិបាលនោះទេ ដែលដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យ ទប់ស្កាត់រាល់ទំនិញខូចគុណភាព ឬក៏ទំនិញដែលមានសារធាតុគីមី ព្រោះរដ្ឋាភិបាលមានតួនាទីសំខាន់ណាស់ ហើយមានលុយ មានឧបករណ៍ មានអីសព្វបែបយ៉ាងដើម្បីត្រួតពិនិត្យហ្នឹង ហើយមានទាំងអាជ្ញាក្នុងការទប់ស្កាត់កុំឱ្យផលិត និងនាំចូលទំនិញនេះ។ ប្រសិនបើរដ្ឋាភិបាលចេះតែបន្ធូរ ចេះតែបន្ថយ បណ្តោយឱ្យនាំចូល ហើយប្រជាពលរដ្ឋគាត់មើលម៉េចដឹង? អីចឹងគាត់ចេះតែទិញ ចេះតែប៉ះហើយ»។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកកសិកម្ម និងផលិតផលគ្មានជាតិគីមីធា្លប់ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹងការអនុវត្តច្បាប់ បង្កើនការត្រូវពិនិត្យ និងផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋអំពីប្រើប្រាស់ និងផលិតឱ្យបានត្រឹមត្រូវ ដើម្បីសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា៕