ប្រទេសកម្ពុជាដែលត្រូវគេដឹងថា ជាប្រទេសពឹងផ្អែកលើកសិកម្មខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែប្រឈមនឹងកង្វះខាតបន្លែសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលជាហេតុនាំឲ្យប្រទេសនេះត្រូវនាំចូលបន្លែពីប្រទេសជិតខាងជារៀងរាល់ថ្ងៃ ជាមួយនឹងក្តីបារម្ភអំពីសារធាតុពុល។ មន្ត្រីរដ្ឋាភិបាលទទូចឲ្យពង្រីកការដាំដុះ និងលើកកម្ពស់សុវត្ថិភាពបន្លែ ប៉ុន្តែមន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលថា ទីផ្សារបន្លែក្នុងស្រុកដែលមានតម្លៃទាប ជាឧបសគ្គមួយនៃការពង្រីកផលដំណាំនេះ។
ក្នុងពេលដែលបន្លែដាំក្នុងស្រុកនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុកបាន ហើយត្រូវនាំចូលពីប្រទេសក្បែរខាងជាមួយក្តីបារម្ភពីសារធាតុពុលផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើឲ្យអ្នកដាំបន្លែបង្កើនការដាំដុះរបស់ខ្លួនតាមគោលការណ៍បច្ចេកទេសនៃការអនុវត្តកសិកម្មល្អ ឬហៅកាត់ថា (GAP) និងតាមបែបសរីរាង្គដែលមិនប្រើសារធាតុគីមី។
បរិមាណបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំមានចំនួនប្រមាណជា ០,៩ លានតោន ក្នុងនោះមានការផ្គត់ផ្គង់បន្លែក្នុងស្រុក៤៤ភាគរយ និងបន្លែនាំចូល៥៦ភាគរយ។ នេះបើយោងតាមការបញ្ជាក់ពីអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ឬហៅកាត់ថា (FAO)។ តាមការសិក្សាស្រាវជ្រាវផ្សេងទៀតឲ្យដឹងថា បន្លែប្រមាណ២០០ ទៅ ៤០០តោនត្រូវបាននាំចូលពីប្រទេសក្បែរខាងមកក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងម៉ោងសម្រាកនៃសិក្ខាសាលាស្តីអំពីការលើកកម្ពស់សុវត្ថិភាពបន្លែសម្រាប់ទីផ្សារនៅប្រទេសកម្ពុជាដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កង្វះបន្លែផ្គត់ផ្គង់ក្នុងស្រុក តម្រូវឲ្យរដ្ឋាភិបាល និងប្រជាកសិករខ្មែរ ត្រូវខិតខំបន្ថែមទៀត ក្នុងការបង្កើនផលដាំដុះ ដើម្បីទប់លំហូរចូលនៃបន្លែពីប្រទេសក្បែរខាង។
«យើងត្រូវតែជំរុញ ក្នុងការផលិតបន្លែ ទោះបន្លែធម្មតា និងបន្លែដែលធានាគុណភាព។ បន្លែធានាគុណភាព ដូចជាបន្លែដែលផលិតតាមប្រព័ន្ធ GAP ឬក៏បន្លែដែលផលិតតាមប្រព័ន្ធកសិកម្មសរីរាង្គកាលណាយើងមានអាផលិតផលរបស់យើង ហើយផ្តល់ភាពទុកចិត្ត ដល់អ្នកហូប អ្នកទិញ គឺនៅពេលនោះគឺវាជាស្វ័យប្រវត្តិ អាបន្លែដែលដឹកឆ្ងាយមក វាលែងមកឯង»។
តាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ហៅកាត់ថា ICCO បានឲ្យដឹងថា អ្នកប្រើប្រាស់ប្រមាណ៩៥ភាគរយ បារម្ភពីសុវត្ថិភាពទាំងបន្លែក្នុងស្រុក និងនាំចូលពីប្រទេសជិតខាងដែលអាចមានជាតិពុល។
លោក មិន ស នាយកប្រតិបត្តិនៃអង្គការជីវិតថ្លៃថ្នូរ ដែលផ្តល់ការគាំទ្រលើការពង្រីកផលិតកម្មបន្លែក្នុងស្រុក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាកសិករខ្មែរនៅមានការយល់ដឹងទាបអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមី នៅពេលពួកគេព្យាយាមដាំបន្លែ។ ក្រៅពីមានកម្រិតយល់ដឹងទាបអំពីសារធាតុគីមី អ្នកដាំដុះបន្លែក្នុងស្រុកក៏ប្រឈមនឹងការបញ្ជូនផលិតផលបន្លែមកកាន់ទីផ្សារ ដោយសារកង្វះនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
«បញ្ហាប្រឈមមួយទៀត ជួនកាលកសិករគាត់ផលិតបានហើយ។ ប៉ុន្តែបញ្ហាទីផ្សារ ដែលកសិករពិបាកបំផុត ក្នុងការដឹកនាំផលិតផលរបស់គាត់មកទីផ្សារយើង ដោយសារការធ្វើដំណើរ ហេដ្ឋារចនាសម្ព័ន្ធ គាត់នៅដាច់ស្រយាល គាត់នៅឆ្ងាយពីទីផ្សារ អញ្ចឹងគាត់ត្រូវចំណាយលុយខ្ពស់។ ហ្នឹងជាបញ្ហាប្រឈម»។
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាចំនួន ៤៦លានដុល្លារអាមេរិកដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញកំណើនវិស័យកសិកម្មឲ្យបានក្នុងរង្វង់៥% ក្នុងមួយឆ្នាំ។ នេះបើយោងទៅតាមឯកសារនៃកញ្ចប់ថវិកាជាតិដែលត្រូវបានចេញផ្សាយជាសាធារណៈដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីខែកុម្ភៈឆ្នាំ២០១៦។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឲ្យដឹងថា រដ្ឋាភិបាល គ្រោងចំណាយ២០លានដុល្លារអាមេរិក ទៅលើផលិតកម្មពូជស្រូវ និងបន្លែពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ខាងមុខ។
យ៉ាងណាក៏ដោយ លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា មន្ត្រីរបស់រដ្ឋ មានការពិបាកក្នុងការទទួលថវិការដ្ឋ ដើម្បីទ្រទ្រង់ផែនការការងាររបស់ខ្លួន។
«ខ្ញុំឃើញថា ភាគច្រើនគេតែងតែបន្ទោសទៅលើការងាររបស់ស្ថាប័នរដ្ឋ ប៉ុន្តែស្ថាប័នរដ្ឋហ្នឹង គ្នាមន្ត្រីធ្វើការយ៉ាប់ណាស់ លំបាកណាស់ លំបាកយ៉ាងម៉េច? អា supporting [ការគាំទ្រ] ទាំងអស់ហ្នឹងគឺវាអត់បានទាន់ដូចអង្គការទេ វាមាននីតិវិធីអីត្រឹមត្រូវ។ វារៀងថាយូរតិចដែរល្មមយើងបានលុយហ្នឹង»។
នៅគ្រាដែលប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមខ្វាយខ្វល់ពីសារធាតុពុលនៅក្នុងបន្លែ លោក ហ៊ាន វណ្ណហន បានបន្ថែមថា កម្ពុជានៅខ្វះខាតមន្ទីរពិសោធន៍រកសំណល់តូចៗ ដែលកប់ក្នុងបន្លែ ហើយមានផលប៉ះពាល់ដល់សុខភាព។
លោកថា មន្ត្រីកសិកម្ម ក៏មានបញ្ហាប្រឈមក្នុងការប្រើប្រាស់ឧបករណ៍ពិសោធន៍ ដោយសារតែកម្រិតនៃការយល់ដឹងបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍នោះ នៅទាបនៅឡើយ។
អ្នកទទួលទានបន្លែនាពេលបច្ចុប្បន្ន តែងតែមានការរអ៊ូរទាំ អំពីផលប៉ះពាល់ដល់សុខភាពដែលបង្កមកពីការទទួលទានបន្លែដែលប្រើសារធាតុគីមី ឬថ្នាំពុល។
អ្នកទទួលទានបន្លែធម្មតាមួយចំនួន បានឲ្យដឹងពីបញ្ហាឈឺក្រពះនិងការចុះថយកម្លាំង ដោយសារការទទួលទានបន្លែផលិតក្នុងស្រុក ឬបន្លែនាំចូលពីប្រទេសក្បែរខាង ដែលមានប្រើសារធាតុគីមី។
អ្នកជំនាញកសិកម្ម ថ្លែងថា កម្ពុជាត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្របន្ថែមទៀត សម្រាប់ការដាំដុះបន្លែធម្មតា និងបន្លែសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសក្បែរខាង ជាពិសេសនោះ គឺប្រទេសវៀតណាម៕