ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលដាំដំណាំសរីរាង្គ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសជួយជំរុញកសិករខ្មែរ ឲ្យពង្រីកការដាំដុះដំណាំសរីរាង្គ សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនៅទីផ្សារអន្តរជាតិ។
ការប្រកាសដូច្នេះ កើតមានឡើង នៅមុនពេលក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរនេះ ចុះកិច្ចព្រមព្រៀងសហការជាមួយភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីជំរុញឲ្យកសិដ្ឋានចំនួនពីរដែលផ្ដោតលើផ្លែឈើ និងបន្លែរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រសរីរាង្គ នៅខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមមន្ត្រី និងអ្នកជំនាញកសិកម្ម យល់ថា ការជំរុញនេះ អាចធ្វើទៅបានជោគជ័យ ប្រសិនបើប្រជាកសិករយល់ព្រមសហការ ដាំដុះដំណាំសរីរាង្គ តាមការចុះកិច្ចព្រមព្រៀងរវាងកសិករ និងអ្នកបញ្ជាទិញ ព្រោះកម្ពុជាពុំទាន់មានការកំណត់បទដ្ឋានសម្រាប់ទទួលស្គាល់ផលិតផលសរីរាង្គថ្នាក់ជាតិនៅឡើយទេ ហើយការផ្គត់ផ្គង់ក៏មិនទាន់អាចបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់នោះដែរ។
លោក អៀង សុធារ៉ា ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ បានថ្លែងប្រាប់ ក្រុមអ្នកជំនាញកសិកម្ម និងដៃគូសហប្រតិបត្តិការ GIZ ថា ការចុះកិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យមានការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ពិនិត្យគុណភាពកសិកម្ម និងកសិផល ដែលជាផ្នែកមួយ ធានាដល់ការធ្វើឲ្យកសិដ្ឋានទាំងពីររបស់ក្រុមហ៊ុនលោក ទទួលបានវិញ្ញាបនបត្រសរីរាង្គ។
លោកនិយាយថា ប្រជាកសិករខ្មែរ នឹងទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀត នៅពេលកសិដ្ឋានទាំងពីរនោះ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិថា ជាកសិដ្ឋានសរីរាង្គ។
លោក អៀង សុធារ៉ា បន្តថា ការបណ្ដុះបណ្ដាលកសិករខ្មែរ ឲ្យដាំដំណាំសរីរាង្គនឹងធ្វើឡើងទូទាំងប្រទេស ដើម្បីពង្រីកផលិតកម្ម ការផ្គត់ផ្គង់ និងនាំចេញទៅក្រៅប្រទេស។
«នៅពេលនោះ កសិផលរបស់កសិករខ្មែរយើង ទទួលបានការទុកចិត្តអំពីគុណភាព ដែលនាំឲ្យអាចនាំរកទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញបានផងដែរ ហើយក៏អាចរកប្រាក់ចំណូលដល់កសិករយើង និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ»។
ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ កំពុងធ្វើការជាមួយក្រុមហ៊ុនដាំដំណាំសរីរាង្គចំនួនបីផ្សេងទៀតដើម្បីដំណើរការកសិដ្ឋានចំនួនពីរ ដែលទីមួយ ស្ថិតនៅក្នុង រមណីយដ្ឋាន Picnic ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ និងទីពីរស្ថិតក្នុងឃុំ ជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុង។
ក្រុមហ៊ុន ដែលនឹងចេញវិញ្ញាបនបត្រដល់ កសិដ្ឋានទាំងពីរនេះ គឺក្រុមហ៊ុន Control Unio ជាបណ្ដាញសកលមួយ ដែលមានជំនាញក្នុងត្រួតពិនិត្យផលិតផលជាច្រើនរាប់តាំងពីផលិតផលកសិកម្មរហូតដល់ឧស្សាហកម្ម។
ក្រុមហ៊ុននេះមានទីស្នាក់កណ្ដាលក្នុងប្រទេសហូឡង់ នៃសហភាពអឺរ៉ុប។
ប្រទេសកម្ពុជា បានពឹងផ្អែកលើការនាំចូលបន្លែពីប្រទេសក្បែរខាងប្រមាណ ៥០ភាគរយ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកជំនាញកសិកម្មនៃអង្គការ CEDAC។ អង្គការនេះ បានឲ្យដឹងថា កសិករខ្មែរ អាចផលិតបានបន្លែ ៥០ភាគរយទៀតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែ បន្លែសរីរាង្គដែលកសិករខ្មែរផលិតបាន គឺមានចំណែកតែ៥ភាគរយប៉ុណ្ណោះនៃផលិតកម្មបន្លែក្នុងស្រុកប្រមាណ៥០ភាគរយនេះ។
លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា ការកំណត់ប្រភេទដំណាំសរីរាង្គ គឺជាដំណើរមួយស្មុគស្មាញ និងទាមទារឲ្យមានការចូលរួមពីកសិករ និងអ្នកទទួលទិញដំណាំសរីរាង្គនេះយកទៅកាន់ទីផ្សារ។
លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនទាន់កំណត់ឲ្យមានបទដ្ឋានទទួលស្គាល់ដំណាំដែលមានតម្លៃថ្លៃជាងដំណាំធម្មតានេះ ក្នុងកម្រិតថ្នាក់ជាតិនៅឡើយនោះទេ ដោយរង់ចាំការស្រុះស្រួលគ្នាមួយពីប្រទេសអាស៊ានទាំង១០ ដើម្បីកំណត់បទដ្ឋានសរីរាង្គរួមមួយ។
លោកថ្លែងថា ក្នុងគ្រាដែលមិនទាន់មានការកំណត់បទដ្ឋានជាតិបែបនេះ ក្រុមអ្នកវិនិយោគ ដែលចង់ពង្រីកផលិតកម្មដំណាំប្រភេទនេះ ត្រូវរកសហការជាមួយកសិករតាមការចុះកិច្ចសន្យាផលិត និងលក់ទៅទីផ្សារជាក់លាក់មួយ។
«អា Organic Farming ហ្នឹង វាដើរទៅបានលុះត្រាតែមាន Contract farming វាមិនអាចកសិករ Individual នៅសុខៗ ហើយគាត់ទៅធ្វើ Organic ម្នាក់ឯងទេ។ វាខុសពីសង្វាក់ផលិតកម្មធម្មតា លុះត្រាតែមានការ យកល្អចងក្រងជាអង្គការកសិករ ហើយមាន Contract farming ជាមួយអ្នកទិញ អាហ្នឹងបានគួរតែផលិត បើមិនច្បាស់លាស់ អាហ្នឹងមិនគួរនឹងផលិតទេ»។
លោក គាម មករាឌី ប្រធានផ្នែកបរិស្ថាន និងសុខភាពនៃអង្គការ CEDAC ដែលកំពុងដាក់ឲ្យដំណើរការហាងលក់ផលិតផលសរីរាង្គជាច្រើនក្នុងរាជធានីភ្នំពេញ ប្រាប់ VOA ថា ការផ្គត់ផ្គង់ផលិតផលសរីរាង្គ ជាពិសេសបន្លែសរីរាង្គនៅមិនទាន់គ្រប់គ្រាន់នៅក្នុងស្រុកនោះទេ។
ហេតុដូចនេះ លោកថា ការនាំចេញអាចត្រូវប្រើពេលច្រើនឆ្នាំទៅមុខទៀត សម្រាប់ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលលោកជឿថា មានសក្ដានុពលខ្លាំងក្នុងការពង្រីកការដំាដុះដំណាំសរីរាង្គនេះ។
លោក គាម មករាឌី ថ្លែងថា CEDAC នឹងសហការជាមួយក្រុមអង្គការ ឬអ្នកវិនិយោគដែលមានបំណងពង្រីកវិសាលភាពនៃការដាំដុះដំណាំសរីរាង្គដែលមិនប្រើសារធាតុគីមីនេះ ប្រសិនបើគម្រោងអភិវឌ្ឍទាំងនោះ មានភាពស្មោះត្រង់ និងជួយកសិករពិតប្រាកដនោះ។
«យើងនៅតែមានការសហការគ្នា ក្នុងការជំរុញនេះ ហ្នឹងគឺឲ្យតែមាន ភាពស្មោះត្រង់ហើយនិងជួយកសិករពិតប្រាកដអីអញ្ចឹងទៅណា៎»។
អ្នកជំនាញនៃភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មើលឃើញថា ប្រទេសកម្ពុជា មានសក្ដានុពលក្នុងការពង្រីកការផលិត ផលិតផលសរីរាង្គ ដោយសារតែប្រជារាស្ត្រខ្មែរ មានបទពិសោធន៍ដាំដុះតាមបែបបុរាណជាយូរណាស់មកហើយ។
ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ត្រូវការបន្លែជាង៤០០តោន សម្រាប់ការបរិភោគក្នុងមួយថ្ងៃៗ។ អ្នកជំនាញកសិកម្ម ថ្លែងថា កម្ពុជាត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធធារាសាស្ត្របន្ថែមទៀត សម្រាប់ការដាំដុះបន្លែធម្មតា និងបន្លែសរីរាង្គ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសក្បែរខាងដូចជាប្រទេសវៀតណាមជាដើម៕