នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសប្រជាពលរដ្ឋដែលតែងប្រើប្រាស់ទំនិញ ឬបន្លែដែលមានសារធាតុគីមី ដោយមិនព្រមត្រួតពិនិត្យដោយខ្លួនឯង តែបែរបន្ទោសរដ្ឋាភិបាល។ អ្នកជំនាញ និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ការលើកឡើងនេះបង្ហាញថា រដ្ឋាភិបាលខ្វះការទទួលខុសត្រូវ ហើយថា រដ្ឋាភិបាលមានតួនាទីត្រួតពិនិត្យការនាំចូល និងការផលិតផលទាំងនោះ មិនត្រូវបន្ទោសប្រជាពលរដ្ឋដែលគ្មានចំណេះដឹងលើសុវត្ថិភាពចំណីអាហារនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានដាក់ការទទួលខុសត្រូវ ទៅលើប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បន្លែដែលមានផ្ទុកសារជាតិគីមីពីបរទេស មុននឹងស្តីបន្ទោសរដ្ឋាភិបាលរបស់លោកចំពោះការនាំចូលទំនិញទាំងនោះ។ លោក ហ៊ុន សែន ក៏ជំរុញឲ្យពលរដ្ឋខ្មែរធ្វើពហិការឈប់ប្រើប្រាស់អាហារ ដែលមានជាតិគីមី ដើម្បីបញ្ឈប់ចរាចរណ៍បន្លែគីមីនៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសណ្ឋាគារសុខា ខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ បានលើកឡើងថា លោកតែងតែឮសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ស្នើកុំឲ្យនាំចូលអាហារដែលមានជាតិគីមី ឬទប់ស្កាត់អ្នកដាំបន្លែ ដែលប្រើគីមីច្រើន ក៏ប៉ុន្តែលោកថា ប្រជាពលរដ្ឋត្រូវមើលខ្លួនឯងដែលជាអ្នកទិញ មិនត្រូវបន្ទោសរដ្ឋាភិបាលនោះទេ។
«សំណូមពរខ្លះដូចជាជ្រុលពេកហើយទេដឹងអី? ក្រែងទៅទិញ ទៅទិញខ្លួនឯង។ ស្លរ ស្លរខ្លួនឯង ហើយចុះម៉េចក៏មកបន្ទោសរដ្ឋាភិបាលតែមួយមុខ? បើអាហ្នឹងជារបស់រដ្ឋាភិបាលយកទៅចែក ឬស្លរហើយយកទៅចែកចុះ អាហ្នឹងចាំបន្ទោស។ ប៉ុន្តែនេះ ទៅផ្សារមើលហើយស្ពៃហ្នឹង មើលហើយ បន្លែបង្កាហ្នឹង។ ហើយចុះបើឃើញជាតិគីមីអីចឹងកុំទិញទៅ!»
លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការឈប់ប្រើប្រាស់បន្លែគីមី ដើម្បីបញ្ឈប់ការនាំចូលបន្លែគីមីទាំងនោះ និងត្រូវជំរុញការដាំដុះដោយខ្លួនឯងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឡើងវិញ។
កន្លងមកគេឃើញមានការផ្សព្វផ្សាយលើបណ្តាញសង្គម និងតាមរយៈសារព័ត៌មានមួយចំនួន ពីការនាំចូលទំនិញ និងបន្លែ សាច់ដែលមានសារធាតុគីមី ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ក្នុងនោះមានដូចជា គ្រឿងសមុទ្រ ជ្រូកក្រហមនាំចូលពីប្រទេសវៀតណាម និងថៃ បន្លែដែលប្រើប្រាស់សារធាតុគីមីដើម្បីធ្វើឲ្យចំណីអាហារទាំងនេះមើលទៅឃើញដូចនៅស្រស់ ព្រមទាំងផលិតផលដែលផ្ទុកសារជាតិគីមីផ្សេងៗជាច្រើនទៀត។
បរិមាណបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំមានចំនួនប្រមាណជិត១លានតោន ក្នុងនោះមានការផ្គត់ផ្គង់បន្លែក្នុងស្រុក៤៤ភាគរយ និងបន្លែនាំចូល៥៦ភាគរយ។ នេះបើយោងតាមការបញ្ជាក់ពីអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ឬហៅកាត់ថា FAO។ ការសិក្សាស្រាវជ្រាវផ្សេងទៀតឲ្យដឹងថា បន្លែប្រមាណ២០០ ទៅ ៤០០តោនត្រូវបាននាំចូលពីប្រទេសក្បែរខាង មកក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ។
ជាមួយនោះដែរ សារព័ត៌មានក្នុងស្រុក ដែលស្រង់សម្តី លោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម កាលពីខែកុម្ភៈកន្លងទៅ ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចូលបន្លែ សាច់ពីប្រទេសផ្សេងៗ គិតជាទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារអាមេរិក។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ប្រាប់ VOA ថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាសពលរដ្ឋរបស់លោក ហើយមិនដោះស្រាយនូវបញ្ហានោះ បានបង្ហាញឲ្យឃើញពីភាពគ្មានការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយដើម្បីទប់ស្កាត់ការនាំចូល និងការផលិតបន្លែគីមីទាំងនោះ មិនមែនបន្ទោសប្រជាពលរដ្ឋដែលមិនមានចំណេះដឹងក្នុងការត្រួតពិនិត្យទំនិញនោះទេ។
លោក ស ម៉ូរ៉ា បញ្ជាក់ថា៖
«ប្រជាពលរដ្ឋគាត់ម៉េចដឹងថា អាហ្នឹងវាហូរចូលមករបៀបម៉េច អីយ៉ាងម៉េច? អីចឹងអាហ្នឹងហើយដែលកាលណាគាត់លើកឡើង ដោយសារតែប្រជាពលរដ្ឋជាអ្នកទិញផលិតផលដែលខូចគុណភាព គីមី ហើយនាំគ្នាឈប់ទិញអីហ្នឹង សំខាន់ប្រជាពលរដ្ឋមិនដឹង។ ហើយក្នុងនាមគាត់ជាអ្នកដឹកនាំ គាត់ត្រូវទទួលខុសត្រូវ ព្រោះរដ្ឋាភិបាលហ្នឹងគឺជាអ្នកទទួលពន្ធពីពលរដ្ឋ ដើម្បីយកទៅចាត់ចែងពិនិត្យការងារអស់ហ្នឹង ហើយទៅបន្ទោសពលរដ្ឋវិញ ខ្ញុំគិតថា វាគឺជារឿងមួយគួរឲ្យសោកស្តាយដែរ»។
ចំណែកលោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសេដាក (CEDAC) លើកឡើងថា ភាគច្រើននៃបន្លែដែលកំពុងចែកចាយលើទីផ្សារកម្ពុជាគឺមានផ្ទុកសារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរគឺផលប៉ះពាល់ក្នុងរយៈពេលខ្លី និងរយៈពេលវែង រហូតឈានដល់បាត់បង់ជីវិតក៏មាន។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវពង្រឹងផ្នែកច្បាប់ បង្កើនការត្រួតពិនិត្យ និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងផលិតឲ្យបានត្រឹមត្រូវ។
នាយកអង្គការដែលមានជំនាញផ្នែកកសិកម្មរូបនេះបន្ថែមថា៖
«ឲ្យភ្នាក់ងារផ្សព្វផ្សាយហ្នឹងចុះផ្សព្វផ្សាយដល់កសិករទាក់ទងនឹងការប្រើប្រាស់សារធាតុគីមីលើបន្លែ ឬផ្លែឈើ បណ្តុះបណ្តាលគាត់ហើយផ្តល់នូវវិធានការសំខាន់ៗឲ្យគាត់ផលិតយ៉ាងម៉េចកុំប្រើប្រាស់សារធាតុគីមី។ ហើយពេលដែលផលិតផលចរាចរលើទីផ្សារហើយ ត្រូវតែមានភ្នាក់ងារ ដូចក្រសួងពាណិជ្ជកម្ម ខាងកាំកុងត្រូល គាត់បានធ្វើអីចឹង គឺត្រូវចុះត្រួតពិនិត្យតាមទីផ្សារហ្នឹង»។
កាលពីពាក់កណ្តាលខែសីហា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច អំពីទីតាំងផលិត សកម្មភាព ឬផលិតផលក្លែងក្លាយនានា ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីឲ្យសមត្ថកិច្ចអាចចាត់វិធានការលើជនល្មើសបានទាន់ពេល។
បើតាមលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យដឹងថា រយៈពេល៧ខែ ក្នុងឆ្នាំ២០១៧ សមត្ថកិច្ចបានផ្អាកការចែកចាយផលិតផលមួយចំនួនក្នុងទីផ្សារ ប្រមាណជាជិត២០០តោន។ ក្នុងនោះមានផលិតផលថ្នាំពេទ្យ គ្រឿងសម្អាង និងផលិតផលអាហារជាដើម ដែលផលិតផលក្លែងក្លាយមួយចំនួន អាចបង្កឲ្យកើតជំងឺមហារីក និងប៉ះពាល់សុខភាពរយៈពេលយូរផងដែរ៕