មិនដល់ប៉ុន្មានខែក្រោយពីគ្រោះរាំងស្ងួត ប្រជាកសិករកម្ពុជាកំពុងប្រឈមនឹងការផ្ទុះឡើងនៃសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់ខ្លួន។ ក្រសួងកសិកម្មកម្ពុជាបានប្រកាសនាសប្តាហ៍នេះថា ដង្កូវហ្វូង ឬដង្កូវទ័ពកំពុងតែរាតត្បាតនៅក្នុងខេត្តជាច្រើននៃប្រទេសកម្ពុជា ក្រោយពីមានភ្លៀងធ្លាក់ឡើងវិញចាប់តាំងពីដើមខែមិថុនាមក។
ក្រសួងកសិកម្មបានឲ្យដឹងនាថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មានប្រជាកសិករកម្ពុជាក្នុងខេត្តចំនួន៨ទូទាំងប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាដង្កូវហ្វូង ឬដង្កូវទ័ព ដែលកំពុងបំផ្លាញដំណាំរបស់ខ្លួន។ អ្នកជំនាញកសិកម្មបានលើកឡើងថា ការប្រែប្រួលធាតុអាសកាស និងភាពរាំងស្ងួត នាប៉ុន្មានខែចុងក្រោយនេះ បានឲ្យមានកំណើតហ្វូងដង្កូវចង្រៃនេះ។
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ និងអនាម័យនៃក្រសួងកសិកម្ម បានថ្លែងប្រាប់ VOA ថា បញ្ហាដង្ហូវនេះបានចាប់ផ្តើមកើតមានតាំងពីដើមខែមិថុនាមកម៉្លេះ នៅក្នុងខេត្តមួយចំនួន។ មកដល់ពេលនេះ យ៉ាងហោចណាស់មានខេត្តចំនួន៨ រួមមានខេត្តព្រះវិហារ ត្បួងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង និងស្ទឹងត្រែង កំពុងប្រឈមនឹងបញ្ហានេះ។ ថ្មីៗនេះ ដង្កូវហ្វូង ឬដង្កូវទ័ពក៏មានផ្ទុះឡើងនាខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយកំពុងតែបំផ្លាញដំណាំរបស់កសិករ រួមមានស្ពៃ សណ្តែក ពោត និងស្រូវផងដែរ។
លោក ឌី សំអាន បានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖ «បាទ! អញ្ចេះ មកដល់ថ្ងៃ១៧ហ្នឹង ការផ្ទុះមានដង្កូវហ្វូងហ្នឹងដូចជាមាននៅក្នុង៧ទៅ៨ខេត្ត ហើយបង។ វាឥឡូវហ្នឹង វាកំពុងតែបំផ្លាញ ហើយអគ្គនាយកដ្ឋានកសិកម្មក៏កំពុងចាត់វិធានការ ដាក់អ្នកបច្ចេកទេសទៅគ្រប់ខេត្តអស់ហើយ ដាក់គ្រប់ខេត្តឲ្យជួយផ្សព្វផ្សាយអញ្ចឹង»។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មដែលចេញផ្សាយកាលពីថ្ងៃពុធ បានឲ្យដឹងថា ធាតុអាកាសក្តៅខ្លាំង និងរាំងស្ងួតខុសពីឆ្នាំធម្មតា ហើយមានភ្លៀងធ្លាក់ចុះជាគំហុកនៅតាមខេត្តមួយចំនួន ចាប់តាំងពីដើមខែមិថុនានេះ បានបង្កភាពងាយស្រួលដល់ការកកើតនៃដង្កូវចង្រៃទាំងនេះ។
លោក ឌី សំអាន បានបញ្ជាក់ថា៖ «ដោយសារអាកាសធាតុប្រែប្រួល ឆ្នាំហ្នឹងវាក្តៅខ្លាំងអញ្ចឹងណា៎ ហើយវាស្ងួត វារាំងអញ្ចឹងទៅ។ វាសមស្រប បានន័យថា វាបង្កលក្ខណៈឲ្យអាសត្វល្អិតប្រភេទហ្នឹងវាកកើតឡើង។ វាសមប្រកបនឹងអាកាសធាតុបែបហ្នឹង»។
ប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋជិត៨០ភាគប្រកបរបរកសិកម្ម ក៏បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបាតុភូត El Nino នៃការប្រែប្រួលធាតុអាកាស ដូចប្រទេសនៅអាស៊ីផ្សេងៗទៀតដែរ។ ការឡើងកម្តៅដល់ជាង៤០អង្សាសេ នាប៉ុន្មានខែកន្លងមកនេះ បានបង្កឲ្យដីស្រែ និងស្ទឹង ត្រពាំង ស្ទើរគ្រប់ខេត្តក្រុងរីងស្ងួត។ អ្នកស្រែចម្ការរាប់លាននាក់រស់ក្នុងភាពខ្វះទឹកប្រើប្រាស់ ហើយសត្វព្រៃកម្រមួយចំនួនក៏ស្លាប់ដោយអត់ទឹកដែរ។ អ្នកជំនាញក៏ធ្លាប់បានព្រមានអំពីការកើតមានសត្វល្អិត ក្រោយពីបាតុភូត El Lino នេះផងដែរ។
លោក ឌី សំអាន មន្ត្រីជំនាញនៃក្រសួងកសិកម្ម ក៏បានឲ្យដឹងផងដែរថា សត្វដង្កូវហ្វូង ដែលបំផ្លាញដំណាំកសិកម្មនេះ មិនមានផលប៉ះពាល់ដល់សុខភាពមនុស្សទេ។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះពុំទាន់មានរបាយការណ៍ណាមួយអាចបញ្ជាក់ពីទំហំនៃផលប៉ះពាល់នៅឡើយ។ ក៏ប៉ុន្តែលោកលើកឡើងយ៉ាងដូច្នេះ៖
«និយាយទៅខ្ញុំថា ខេត្តព្រះវិហារគឺផ្ទៃដីប៉ុន្មានដែលយើងបានធ្វើហ្នឹង ខ្ញុំគិតថា បានប៉ះពាល់ទាំងអស់។ ក៏ប៉ុន្តែការខូចខាតការអីហ្នឹង គឺយើងអត់ទាន់បានដឹងជាផ្លូវការនោះទេ ដោយសារតែយើងចាត់វិធានការតាំងពីថ្ងៃមួយរហូតមកដល់ពេលហ្នឹងអញ្ចឹង។ នៅខេត្តព្រះវិហារបងមិនបាច់ទៅរកមើលនៅឯណាទេ បងមើលតែនៅក្នុងផ្ទះសំណាក់ក៏មានវត្តមានដង្កូវនេះដែរ។ កន្លែងដេប៉ូលក់ថ្នាំ ក៏វាមកដល់ហ្នឹងដែរ នៅតាមផ្សារតាមអីក៏មានវត្តមានដង្កូវហ្នឹងដែរ។ អញ្ចឹងបានន័យថា វាពេញហ្នឹងអញ្ចឹង»។
លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសេដាក (CDAC) បានប្រាប់ VOA ថា ការផ្ទុះមាននៃដង្កូវហ្វូងភាគច្រើន គឺកើតមានចំពោះដំណាំកសិកម្មប្រភេទជាបន្លែ ច្រើនជាងដំណាំស្រូវ ហើយក្នុងនោះ វាកើតមានចំពោះដំណាំដែលប្រើប្រាស់ជាតិគីមី ឬក៏ធ្វើតាមរបៀបប្រពលវប្បកម្ម។
លោកបញ្ជាក់ថា៖ «ប៉ុន្តែប្រសិនបើតំបន់ដែលកសិករ គាត់ដាំដំណាំដែលប្រើប្រាស់សារធាតុសិរីរាង្គ គាត់ប្រើប្រាស់ជីរធម្មជាតិ គាត់ប្រើប្រាស់ជីរកំប៉ុស ជីរទឹកអីដែលគាត់ផ្សំខ្លួនឯង ខ្ញុំអត់ទាន់មានឃើញបញ្ហាហ្នឹងកើតមានឡើងទេ!»
អ្នកជំនាញកសិកម្មរូបនេះក៏បានបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មស្រូវរបស់ប្រទេសកម្ពុជាផងដែរ ប្រសិនបើការកើតមានដង្កូវហ្វូង ឬដង្កូវទ័ពនេះនៅតែបន្តកើតមានទៅទៀត។
«បើសិនជាមានភ្លៀងធ្លាក់ដូចសព្វថ្ងៃ គឺវានឹងមិនប៉ះពាល់ខ្លាំងទេ។ ចង់និយាយថា ពេលដែលមានភ្លៀងធ្លាក់ ហើយមានទឹកដក់ គឺវានឹងមិនប៉ះពាល់ខ្លាំងទេ។ ប៉ុន្តែបើសិនជាចាប់ពីពេលនេះទៅ មានភ្លៀងធ្លាក់ ហើយស្រាប់តែឈប់ភ្លៀងរយៈពេល១ខែ ទៅ២ខែ គឺកសិករនឹងជួបប្រទះបញ្ហាសំណាប ឬសន្ទូងរបស់ពួកគាត់ហើយ»។
អ្នកជំនាញកសិកម្មកម្ពុជា និងក្រសួងកសិកម្មក៏បញ្ជាក់នាថ្ងៃសប្តាហ៍នេះផងដែរថា កសិករអាចកម្ចាត់ដង្កូវហ្វូង ឬដង្កូវទ័ពទាំងនោះបានដោយខ្លួនឯង ដោយប្រើវិធីងាយៗ រួមទំាងការដាក់អន្ទាក់សម្លាប់ហ្វូងមេអំបៅ ការជីកចង្អូរទឹកព័ទ្ធជុំវិញដំណាំរបស់ខ្លួន និងការកម្ចាត់ដង្កូវទាំងនោះ ដោយការសំអាតស្មៅនៅជុំវិញដំណាំជាដើម៕