ប្រឈមមុខនឹងបញ្ហានានាដែលមិនទាន់ដោះស្រាយបាននៅក្នុងតំបន់ និងសកលលោកនោះ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន ដែលជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានទទូចឲ្យមានសាមគ្គីភាព និងរក្សាមជ្ឈភាព ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ាន ដើម្បីការពារភាពរឹងមាំរបស់សមាគមដែលមានអាយុ៥៥ឆ្នាំនេះ។
ក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាទីក្រុងភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន លើកឡើងភាពវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចក្នុងរដ្ឋសមាជិកអាស៊ាននីមួយៗ និងតំបន់អាស៊ានទាំងមូល ដោយផ្អែកតាមព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដែលថា កំណើនអាចមានក្នុងចម្លោះ៥,៣ភាគរយ និង៤,៩ភាគរយ ក្នុងឆ្នាំនេះ និងឆ្នាំ២០២៣ បើធៀបនឹងតំបន់ផ្សេងទៀតនៃសកលលោក។
ក៏ប៉ុន្តែលោកថា ការប្រុងប្រយ័ត្នត្រូវតែមាន ខណៈស្ថានភាពសង្គមសេដ្ឋកិច្ចអាស៊ាន និងទូទាំងសាកលលោកនៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ហើយដែលការរក្សាបាននូវឯកភាពសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជា «អាទិភាពចម្បងបំផុត» ដើម្បីភាពគង់វង្សរបស់អាស៊ាន។
លោកបានលើកឡើងនៅចំពោះមុខមេដឹកនាំប្រទេសអាស៊ាន៨រូបផ្សេងទៀតថា៖ «សូមយើងទាំងអស់គ្នាផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ»។ លោកបន្ថែមថា៖ «ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពគឺជាអាទិភាពចម្បងបំផុតដើម្បីឲ្យតំបន់យើងមានចីរភាព និងភាពធន់សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននៅពេលអនាគត»។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនេះគ្មានការចូលរួមពីប្រទេសសមាជិកអាស៊ានមួយគឺមីយ៉ាន់ម៉ា ឬភូមា ដែលកំពុងរួតរឹតដោយជម្លោះនយោបាយ ក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់អ្នកស្រី អោង សានស៊ូជី (Aung San Suu Kyi) កាលពីឆ្នាំមុន។
នៅក្នុងការថ្លែងសុន្ទរកថារបស់ប្រធានអាស៊ានប្តូរវេននៅព្រឹកថ្ងៃសុក្រនេះ វិបត្តិនៅភូមា ឬជម្លោះជាក់លាក់ឯទៀតមិនត្រូវបានលើកឡើងនោះទេ តែបានលើកឡើងពីភាពស្រពេចស្រពិលដែលកំពុងកើតឡើងក្នុងតំបន់។
លោកថ្លែងថា៖ «យើងកំពុងស្ថិតនៅក្នុងចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ពឹងផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»។
ទោះបីប្រធានប្តូរវេនអាស៊ានមិនបានលើកឡើងចំៗពីវិបត្តិនយោបាយនៅភូមាក្តី ក៏គេរំពឹងថា មេដឹកនាំនៃប្រទេសអាស៊ានផ្សេងទៀតនឹងពិភាក្សាអំពីវិបត្តិនេះដែលអាចនឹងបង្កផលប៉ះពាល់ដល់សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន។
អ្នកវិភាគនយោបាយ លោក សេង សារី យល់ថា ភាពរំជើបរំជួលខាងនយោបាយ ដែលបង្កឲ្យមានអំពើហិង្សាជាបន្តបន្ទាប់នៅប្រទេសភូមាកំពុងធ្វើឲ្យតំបន់នេះស្ថិតក្នុងស្ថានភាពបែកបាក់ និងអាចបើកផ្លូវឲ្យមានការលូកដៃពីភាគីខាងក្រៅ បើសិនស្ថានភាពនយោបាយនៅភូមានៅបន្តជាប់គាំង។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «អ៊ីចឹងហើយធម្មនុញ្ញរបស់អាស៊ានហ្នឹងក៏ប្រហែលជាអាចនឹងមានការប្រែប្រួលទៅថ្ងៃអនាគត បើក្នុងករណីភូមាក្លាយទៅជាប្រទេសមួយដែលរ៉ាំរ៉ៃនៅក្នុងវិបត្តិនយោបាយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលភូមាងាកចេញពីអាស៊ាន ខ្ញុំគិតថា ភូមានឹងក្លាយទៅជាច្រកមួយសម្រាប់ឲ្យមហាអំណាចចិន ជាពិសេស នៅក្នុងការលូកកកូរទៅដល់តំបន់ ឬក៏គេហៅថា ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ានទាំងមូល»។
លោកបន្ថែមថា៖ «ដូចខ្ញុំបានលើកឡើង តំបន់អាស៊ានគឺជាមាត់ទ្វារនៃការពង្រីកអំណាចរបស់ចិនចូលទៅក្នុងសហគមន៍អឺរ៉ុប ឬក៏ការពង្រីកអំណាចរបស់ខ្លួនដើម្បីជារនាំងនៅក្នុងការទប់ឥទ្ធិពលនៃប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិកជាដើម។ ដូច្នេះហើយខ្ញុំគិតថា បញ្ហាភូមានៅតែជាបញ្ហារាំងខ្ទប់ ហើយភូមានឹងក្លាយជាកូនអុករបស់ចិន នៅពេលដែលភូមាមិនធ្វើតាម ឬក៏ស្តាប់តាម ឬក៏មិនអនុវត្តទៅតាមធម្មនុញ្ញអាស៊ាន»។
ក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសអាស៊ានមួយចំនួន រួមមាន ឡាវ ថៃ ហ្វីលីពីន អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងម្តងហើយម្តងទៀតអំពីកិច្ចសហការក្នុងការការពារមជ្ឈភាពអាស៊ាន និងបង្កើនការទំនាក់ទំនងក្នុងវិស័យផ្សេងៗ រួមមានពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់ជាដើម។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពលោកវណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាស៊ានជារឿយៗក៏ចង់ឲ្យភាគីខាងក្រៅគោរពមជ្ឈភាព ឬភាពជាអ្នកនៅកណ្តាលក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ បើទោះបីអាស៊ានខ្លួនឯងពេលខ្លះប្រឈមនឹងការបែកបាក់ ដូចយ៉ាងវិបត្តិនៅប្រទេសភូមា។ ហើយនៅក្នុងបញ្ហាផ្សេងៗទៀត អាស៊ានក៏មិនទាន់អាចរក្សាបានសាមគ្គីភាពគ្នាផងដែរ។
លោកថ្លែងថា៖ «ចំណែកឯបញ្ហាផ្សេងៗទៀត ឧទាហរណ៍ដូចបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហានៅតៃវ៉ាន់អីអស់ហ្នឹង ភាគីអាស៊ានព្យាយាមចាប់យកប្រទេសមហាអំណាចមួយៗ។ ដូច្នេះ ជារួមមានន័យថា សាមគ្គីភាពរបស់អាស៊ានហ្នឹងវាបែកបាក់បាត់ទៅហើយ។ ដូច្នេះដើម្បីឲ្យមហាអំណាចទាំងអស់គោរពមជ្ឈភាពរបស់អាស៊ានហ្នឹង វាពិបាកនឹងអាចទៅរួចណាស់ ដោយសារអាស៊ានខ្លួនឯងហ្នឹង វាបែកបាក់រួចទៅហើយបាទ»។
បើតាមលោក វណ្ណ ប៊ុនណា តួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចការរក្សាសន្តិសុខតំបន់ក៏បានរងសម្ពាធពីការចងសម្ព័ន្ធភាពសន្តិសុខមួយចំនួនផ្តួចផ្តើមដោយក្រុមប្រទេសដែលមានទំនោរទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះគឺសម្ព័ន្ធភាពសន្តិសុខ Quad និង Aukus ដែលមានការចូលរួមពីប្រទេស ឥណ្ឌា ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពទាំងអស់នេះក៏ទំនងជាធ្វើឲ្យមជ្ឈភាពអាស៊ានស្ថិតក្នុងស្ថានភាពផុយស្រួយផងដែរ៕