នៅក្នុងជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយលោកក៏បានប្រាប់អំពីជំហររបស់កម្ពុជាទៅកាន់ប្រធានាធិបតីអ៊ុយក្រែនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃពុធនេះ ក្រោយមានការពិភាក្សាគ្នាតាមទូរស័ព្ទរវាងលោក ហ៊ុន សែន និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។
លោក ហ៊ុន សែន បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។
ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការពេញចិត្តចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងបន្តថា «កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីឱ្យអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ»។
ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ដែលបច្ចុប្បន្នកម្ពុជាធ្វើជាប្រធានប្តូរវេន ប្រធានាធិបតីអ៊ុយក្រែនបានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងអំណរអរគុណចំពោះសេចក្តីថ្លែងការណ៍នានារបស់អាស៊ាន ដែលគាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)។ ប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ានខាងមុខនេះ និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន(ASEAN Sectoral Dialogue Partner) ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ជាការឆ្លើយតប លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀតដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រាប់វីអូអេថា អាស៊ានអាចបន្តអំពាវនាវឲ្យភាគីទាំងអស់ចូលទៅតុចរចា បញ្ឈប់សង្រ្គាមប្រដាប់អាវុធ និងការផ្គត់ផ្គង់អាវុធ។ លោកបន្ថែមថា អាស៊ានអាចអំពាវនាវទៅភាគីរុស្ស៊ីឲ្យដកកងទ័ពរបស់ខ្លួនទៅប្រទេសវិញ និងគោរពគោលការណ៍អន្តរជាតិ។
លោកបញ្ជាក់បន្ថែមថា៖ «អាស៊ានយើងមិនមានឥទ្ធិពលអ្វីក្រៅពីការអំពាវនាវ ក្រៅពីការចេញការគាំទ្ររាល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីទេ ពីព្រោះយើងដឹងហើយថា អាស៊ានជាអង្គការតំបន់ មិនមានកម្លាំងយោធាអីទៅធ្វើប្រតិបត្តិការអ្វីទេ»។
លោក គិន ភា បន្ថែមថា ប្រទេសជាសមាជិកអាស៊ានក៏មានភាពប្រយ័ត្នដែរក្នុងការប្រើប្រាស់ពាក្យពេចន៍ថ្កោលទោសចំៗទៅលើប្រទេសរុស្ស៊ី ដូចជាជំហរលើការបោះឆ្នោតថ្កោលទោសរុស្ស៊ី ក៏ខុសគ្នាដែរ ដោយប្រទេសមួយចំនួនបានបោះឆ្នោតអនុបវាទ ដូចជាវៀតណាម ថៃ និងឡាវជាដើម។
គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
ប្រធានាធិបតីអ៊ុយក្រែនក៏បានអញ្ជើញលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន តាមពេលសមស្រប។ លោក ហ៊ុន សែន ក៏បានយល់ព្រមតាមការអញ្ជើញនេះ៕