ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ ថា កម្ពុជា​មិន​អាច​អព្យាក្រឹត​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែនទេ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី១៣ តាម​អនឡាញ ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ (An Khoun Sam Aun/Ministry of Information of Cambodia via AP)

ជំហរ​របស់​កម្ពុជា​ទៅ​លើ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន​ គឺ​ជា​«គោល​ការណ៍»​ដែល​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​ប្រើប្រាស់​កម្លាំង​ ឬ​ព្រមាន​ប្រើប្រាស់​កម្លាំង​ប្រឆាំង​ប្រទេស​ដទៃ ពោល​ គឺ​មិន​មែន​ដោយ​សារ​កម្ពុជា​ ជា​ប្រទេស​ទន់ខ្សោយ​ខាង​ឧបករណ៍​ និង​សមត្ថភាព​របស់​កងទ័ព​នោះ​ទេ។​

នេះ ​ជា​សារ​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ គឺ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​លើ​ជំហរ​កម្ពុជា​ដែល​បោះឆ្នោត​នៅ​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​បាន​អូស​បន្លាយ​ពេល​ជាង​មួយ​ខែ​មក​ហើយ។ ​មេ​ដឹកនាំ​កម្ពុជា​រូប​នេះ​ បាន​លើក​ឡើង​ត្រង់ៗ​ថា​ កម្ពុជា​មាន​គោល​នយោបាយ​ការប​រទេស​អព្យាក្រឹត​ តែ​មិន​អាច​អព្យាក្រឹត​ជាមួយ​ការ​ឈ្លាន​ពាន​នៅ​អ៊ុយក្រែន​ដោយ​ប្រទេស​រុស្ស៊ី​ ដែល​ជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា​នោះ​ទេ។​

ថ្លែង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​អគារ​ព្យាបាល​ ជំងឺ​ត្រចៀក ​ច្រមុះ ​និង​បំពង់​ក​មិត្តភាព​កម្ពុជា-កូរ៉េ ​ក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ​លោក​ ហ៊ុន សែន​ ប្រតិកម្ម​ទៅ​នឹង​បញ្ញជន​មួយ​រូប​ដែល​លោក​មិន​ចេញ​ឈ្មោះ​ចំ​ ដែល​លោក​ថា​ បាន​ធ្វើ​ការ​វាយ​តម្លៃ​ខុស​ ដែល​ថា​ កម្ពុជា​សុខ​ចិត្ត​បោះ​ឆ្នោត​ប្រឆាំង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អធិប​តេយ្យភាព​របស់​អ៊ុយក្រែន​ ដោយសារ​ហេតុផល​មួយ​ចំនួន​រួម​មាន​ ​កម្ពុជា​មិន​ទាន់​មាន​នាវា​មុជ​ទឹក មិន​ទាន់​មាន​យន្តហោះ​ប្រតិកម្ម​ប្រភេទ​ Mig ​មិន​ទាន់​មាន​កាតព្វកិច្ច​យោធា​ និងកងទ័ព​កម្ពុជា​សម្បូរ​ទៅ​ដោយ​នាយ​ទាហាន​ថ្នាក់​ឧត្តម​សេនីយ៍​ដែល​មាន​ក្បាល​ពោះធំៗ។​

នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​កម្ពុជា​ និង​ឯក​អគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា​លោក​ Heung Kyeong ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ថ្លែង​យ៉ាង​ដូច្នេះ៖ ​«អ៊ីចឹង​សកម្ម​ភាព​ឈ្លានពាន​បែប​នេះ​កម្ពុជា ​មិន​អាច​ទទួល​យក​បាន​ ហើយ​ក៏​មិន​អាច​អព្យា​ក្រឹត​បាន​ទេ។​ ថ្ងៃ​ក្រោយ​បើ​សិន​ជា​ប្រទេស​ណា​មួយ​ធ្វើ​ឥរិយាបថ​បែប​នេះ​មក​លើ​កម្ពុជា ​តើ​កម្ពុជា​ត្រូវ​ទៅ​ពឹង​ពាក់​នរណា?»

លោក​ ហ៊ុន សែន ​សង្កត់​ធ្ងន់​ថា៖​ «កម្ពុជា​ធ្លាប់​ត្រូវ​គេ​ឈ្លានពាន​ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​ថ្កោលទោស​ អ្នក​ដែល​ឈ្លានពាន​គេ។​ ពិត​ហើយ​មាន​ពេល​ខ្លះ​កម្ពុជា​ ត្រូវ​តែ​អព្យាក្រឹត​ដែរ​ ព្រោះ​វា​ជា​ជម្លោះ​ធម្មតា។ ​ឧទាហរណ៍​ រវាង​ឥណ្ឌា​ និង​ប៉ាគីស្តង់​ ទៅ​លើ​តំបន់​កាស្មៀ។ ​ យើង​ស្ថិត​ក្នុង​សភាព​ការណ៍​ស្ងប់​ស្ងាត់ ​ព្រោះ​យើង​មិន​ដឹង​ថា ​នរណា​វាយ​លុក​ទៅ​លើ​នរណា​ បើបាញ់​គ្នា​ទាំង​សងខាង»។​

បើ​ទោះ​បី​ជា​លោក ​ហ៊ុន សែន​ មិន​បាន​បញ្ចេញ​ឈ្មោះ​បញ្ញជន​ខាង​លើ​ដែល​បាន​ផ្តល់​ការ​ពន្យល់​ពី​ជំហរ​កម្ពុជា​ជំទាស់​នឹង​ការ​រំលោភ​បំពាន​ដោយ​កម្លាំង​យោធា​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ​ក៏​ប៉ុន្តែ​បញ្ញជន​រូប​នោះ​ ត្រូវ​គេ​ដឹង​ថា​ គឺ​លោក​ សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដែល​កាលពី​ថ្ងៃ​អាទិត្យ បាន​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តីពី​«នយោបាយ​ការ​បរទេស​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន»។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​ គិន ភា ​យល់​ថា ​ជំហរ​របស់​កម្ពុជា​ដែល​បោះ​ឆ្នោត​ប្រឆាំង​លើ​ការ​ឈ្លាន​ពាន​រប​ស់រុស្ស៊ី​ គឺ​ជា​រឿង​ត្រឹមត្រូវ​និង​សមស្រប​សម្រាប់​បរិបទ​កម្ពុជា​ទាំង​ទិដ្ឋភាព​ប្រវត្តិ​សាស្ត្រ​ ច្បាប់ ​និង​វិស័យ​ការពារ​ជាតិ​ផង​ដែរ។ ​លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា៖​

«សហ​ព័ន្ធ​រុស្ស៊ី​គួរ​តែ​មាន​ការ​យល់​អំពី​កម្ពុជា​ពីព្រោះ​ការ​បោះឆ្នោត​របស់​យើង​នេះ​ គឺ​មិន​មែន​បោះ​ឆ្នោត​ជ្រើស​រើស​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន​ទេ​ គឺ​ជា​ជម្រើស​រវាង​សន្តិភាព​និង​សង្គ្រាម ​ជា​ជម្រើស​រវាង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​ចរចា​ដោយ​សន្តិវិធី ​និង​ការ​ប្រើប្រាស់​កម្លាំង​បាយ»។​

គួរ​រំឭកឡើង​វិញ​ផង​ដែរ​ថា ​កាល​ពី​ដើម​ខែ​មីនា​ នៅ​ក្នុង​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.)​ កម្ពុជា​ បាន​ចូល​រួម​បង្ហាញ​សំឡេង​របស់​ខ្លួន ​ដោយ​អនុម័ត​នូវ​សេចក្តី​សម្រេច​ជា​ដំណោះ​ស្រាយ​ ដែល​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ និង​ដក​កង​កម្លាំង​យោធា​របស់​ខ្លួន។ ​

គ្រា​នោះ ​ប្រទេស​សមាជិក​អ.ស.ប. ​សរុប​ចំនួន​១៤១​ បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នោះ​ ប្រទេស​ចំនួន ​៥ ​បាន​បោះឆ្នោត​ប្រឆាំង​ និង​ប្រទេស​ចំនួន​៣៥ ​ទៀត​បាន​បោះឆ្នោត​អនុបវាទ​ ឬ​មាន​ន័យ​ថា​ ជា​ប្រទេស​នៅ​ស្ងៀម​ជា​កណ្តាល។​ ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣៥​ ដែល​បាន​បោះឆ្នោត​អនុបវាទ​ គេ​ឃើញ​មាន​ប្រទេស​ចិន ​និង​សមាជិក​អាស៊ាន​ពីរ​ គឺ​ប្រទេស​ឡាវ ​និង​ប្រទេស​វៀតណាម។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ មេ​ដឹកនាំ​កម្ពុជា​ បាន​បោះ​ជំហាន​វិជ្ជមាន​ជា​បន្ត​បន្ទាប់​ក្នុង​ការ​បោះឆ្នោត​ជំទាស់​នឹង​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​ដែល​គ្មាន​ការ​បង្ក​ហេតុ។ ​លោក​បន្ថែម​ថា​ មេ​ដឹកនាំ​ទីក្រុង​ភ្នំពេញ​ បាន​ពឹង​ផ្អែក​លើ​គោល​ការណ៍​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ចែង​ថា រដ្ឋ​អធិប​តេយ្យ​ មិន​អាច​ត្រូវ​បាន​រំលោភ​បំពាន​នោះ​ទេ ហើយ​ការ​ជំទាស់​របស់​កម្ពុជា​ អាច​ជា​ទុន​មួយ​បើក​ផ្លូវ​ឱ្យ​ប្រទេស​តូច​មួយ​នេះ​ចៀស​ផុត​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ធំៗ​ផ្សេង​ទៀត​សម្រាប់​ពេល​អនាគត៕

XS
SM
MD
LG