នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា លោកនឹងផ្តល់សុន្ទរកថា មួយផ្តោតលើ «ការស្វែងរកសណ្តាប់ធ្នាប់ថ្មីរបស់ពិភពលោក និងការត្រៀមជម្នះលើភាពវឹកវរ»។
សុន្ទរកថានេះនឹងត្រូវធ្វើឡើងនៅប្រទេសជប៉ុន ទីដែលលោកហ៊ុន សែន នឹងចូលរួមសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី ២៥ ស្តីពីអនាគតរបស់អាស៊ី។
អ្នកវិភាគកិច្ចការតំបន់ បានថ្លែងថា មេដឹកនាំកម្ពុជា ទំនងនឹងជាលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើងអំណាចរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយចំនួនដូចជាចិន ប្រេស៊ីល ឥណ្ឌា និងរុស្ស៊ី ដែលបង្កើតបានពហុប៉ូលនៃទំនាក់ទំនងថ្មី និងតួនាទីរបស់អាស៊ានក្នុងបរិបទនៃពហុប៉ូល ក៏ដូចជាគោលនយោបាយអព្យាក្រឹតរបស់កម្ពុជា។
លោកហ៊ុន សែន ដែលបានចាកចេញពីប្រទេសកម្ពុជាទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ក៏នឹងចែករំលែកទស្សនៈវិស័យ ពាក់ព័ន្ធទៅនឹងបរិបទសាកលលោកបច្ចុប្បន្ន និងចក្ខុវិស័យរបស់លោកនាពេលអនាគត និងការរួមចំណែករបស់កម្ពុជា ក្នុង«ការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក»។
សន្និសីទដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើននៅតំបន់អាស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ដល់៣១ ខែឧសភា ឆ្នាំ២០១៩។ សន្និសីទនេះនឹងលើកយកបញ្ហាជាច្រើន ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឧត្តមភាពខាងបច្ចេកវិទ្យាយោធា និងការកើនឡើងនៃការគាំពារនិយមខាងពាណិជ្ជកម្ម។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ប្រាប់ VOA តាមបណ្តាញទំនាក់ទំនងសង្គមមួយថា មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងនាំប្រទេសកម្ពុជា ទៅរកទំនាក់ទំនងពិភពលោកពហុប៉ូលមួយថ្មីទៀត ដែលអាមេរិកលែងឈប់ធ្វើជាឆ្មាំរបស់ពិភពលោក ក្នុងពេលមានការកើនឡើងអំណាចថ្មីពីបណ្តាប្រទេសមួយចំនួន រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសរុស្ស៊ីជាដើម។
«នៅក្នុងបរិបទហ្នឹងហើយបានជាកម្ពុជាចាប់យកចិន កម្ពុជាចាប់យកជប៉ុន កម្ពុជាខំចាប់យករុស្សី និងឥណ្ឌាជាដើម ដើម្បីស្រូបយកផលប្រយោជន៍ចូលៗក្នុង សម្រេចបាននូវផលប្រយោជន៍ជាតិរបស់ខ្លួន»។
អ្នកវិភាគកិច្ចការតំបន់រូបនេះ បានបន្ថែមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រហែលជាលើកឡើងពីបរិបទនៃពហុភាគីនិយមថ្មីនេះ នៅក្នុងសុន្ទរកថា របស់លោកក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។
«អ៊ីចឹងទេ message [សារ] ប្រហែលជាគាត់លើកយក បញ្ហាពហុប៉ូលហ្នឹង តួនាទីរបស់អាស៊ាន ហើយនិងការប្រកួតប្រជែងអំណាច រវាងប្រទេសមហាអំណាចក្នុងតំបន់អាស៊ី ហើយគោលនយោបាយការបរទេសកម្ពុជា ដែលមិនងាកទៅខាងណា ហើយប្រកាន់នូវគោលនយោបាយអព្យាក្រឹតហ្នឹងជាដើម»។
យោងតាមព័ត៌មានសង្ខេបខ្លីដដែលដែលបានបង្ហោះលើទំព័រហ្វេសប៊ុកលោកហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា លោកហ៊ុន សែន នឹងថ្លែងសុន្ទរកថានៅព្រឹកថ្ងៃទី៣០ ខែឧសភា។ ហើយក្នុងដំណើរទស្សនកិច្ចនេះ លោកហ៊ុន សែន ក៏នឹងជួបជាលក្ខណៈទេ្វភាគីជាមួយលោក ស៊ីហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
ក្នុងជំនួបនោះ មេដឹកនាំទាំងពីរ នឹងធ្វើជាសាក្សីក្នុងការចុះកិច្ចព្រមព្រៀងចំនួនពីរ គឺ«ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ឬស្មើនឹងប្រមាណជាជិត២លានដុល្លារសហរដ្ឋអាមេរិក) និងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន (ឬស្មើនឹងប្រមាណជា ៣លានដុល្លារសហរដ្ឋអាមេរិក)។
ខណៈពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើទស្សនកិច្ចទៅប្រទេសជប៉ុន សកម្មជននិងពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនគ្រោងនឹងធ្វើការប្រមូលផ្តុំប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចលនាសង្រ្គោះជាតិកម្ពុជានៅប្រទេសជប៉ុន ដែល VOA ទទួលបាន។
យ៉ាងណាក៏ដោយលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងកន្លងមកថាគម្រោងតវ៉ានឹងមិនប៉ះពាល់ដល់ដំណើររបស់លោកហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននោះដែរ។
ក្នុងដំណើរទៅកាន់ប្រទេសជប៉ុនលើកនេះ លោកហ៊ុន សែន ក៏នឹងជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើន។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសគោលដៅវិនិយោគនាំមុខរបស់ជប៉ុន តាមរយៈគម្រោងបើកផ្លូវថ្មីរបស់រដ្ឋាភិបាលក្រុងតូក្យូ ឬ Japan Inc។ គម្រោងនេះបើកលទ្ធភាពដល់គ្រឹះស្ថានឯកជន និងទុនវិនិយោគគិនជប៉ុនឆ្ពោះមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕