សកម្មជនសហគមន៍និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនបានប្តេជ្ញាថា នឹងធ្វើការប្រមូលផ្តុំនៅថ្ងៃទី ៣០ ខែឧសភា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថាខ្លួនមិនចាប់អារម្មណ៍នឹងសកម្មភាពប្រឆាំងនេះក៏ដោយ។
លោកហៃ វណ្ណា អ្នកតំណាងក្រុមអ្នករៀបចំបាតុកម្មនៃចលនាសង្គ្រោះជាតិនៅជប៉ុនដែលមាននិន្នាការគាំទ្រអតីតគណបក្សប្រឆាំងនៅកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេថា៖
«ពួកអ្នកដឹកនាំមិនចាប់អារម្មណ៍ទេ ដោយសារតែពួកគេមិនមែនជារដ្ឋាភិបាលមួយដែលទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជាទាំងអស់។ ចំណែកពួកយើងខ្ញុំវិញគឺយកចិត្តទុកដាក់នឹងបញ្ហាប្រទេសជាតិ»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី ២៨ ខែឧសភា ដើម្បីចូលរួម និងថ្លែងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី ២៥ ស្តីពីអនាគតរបស់អាស៊ី ដែលក្នុងនោះនឹងលើកយកបញ្ហាជាច្រើន ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឧត្តមភាពខាងបច្ចេកវិទ្យាយោធា និងការកើនឡើងនៃការគាំពារនិយមខាងពាណិជ្ជកម្ម។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ជប៉ុនជាប្រជាជាតិមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជាគ្រប់សម័យកាលហើយកម្ពុជាតែងទទួលបានការផ្តល់កិត្តិយសហើយនិងមេត្រីភាពពីជប៉ុន។
លោកផៃ ស៊ីផាន បានបន្ថែមថា លោកមិនបារម្ភអ្វីឡើយចំពោះសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅជប៉ុននេះ ហើយលោកថា វាក៏នឹងមិនប៉ះពាល់ដល់ដំណើររបស់លោកហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននេះដែរ។
យ៉ាងណាក៏ដោយ អ្នករៀបចំថា គេមិនរំពឹងថាមានអ្នកចូលរួមច្រើនទេ ដោយសារតែមិនមែនជាថ្ងៃសម្រាកសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ៕