កង្វះពូជស្រូវ និងដំណាំដើម្បីបង្កបង្កើនផលឡើងវិញក្រោយការវាយប្រហារដោយជំនន់ទឹកភ្លៀង បានក្លាយជាក្តីបារម្ភដែលត្រូវឱ្យមានការឆ្លើយតបជាបន្ទាន់ពីអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតដើម្បីជួយដល់ប្រជាពលរដ្ឋ។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្នុងសារសំឡេងមួយមានរយៈពេលជាង ៧នាទី ដែលផ្តោតលើស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗ។ លោក ហ៊ុន សែន អះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមមូលដ្ឋានគឺអាចគ្រប់គ្រងបានតែអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាជួយប្រជាពលរដ្ឋដែលផលដំណាំរបស់ពួកគេបានរងការបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀង។
នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ លោកហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគឺលោក អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវបានចាត់តាំងជារដ្ឋមន្ត្រីកសិកម្មស្តីទី ឱ្យបង្កើតក្រុមការងារចុះធ្វើការជាមួយមន្ត្រីថ្នាក់ខេត្តដើម្បីវាយតម្លៃទំហំនៃការខូចខាតផលស្រូវ និងដំណាំផ្សេងទៀត ដើម្បីរដ្ឋាភិបាលអាចបញ្ចេញពូជស្រូវ និងដំណាំបានទាន់ពេលជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលឡើងវិញ។
លោក ហ៊ុន សែន បន្តថា៖ «នេះជាអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវរបស់យើង ទឹកមិនទាន់អស់នៅឡើយទេ កន្លែងខ្លះនៅមានលទ្ធភាពដែលអាចធ្វើទៅបាន ហើយដែលកន្លែងខ្លះ ដែលមិនអាចធ្វើស្រូវបានត្រឡប់ទៅវិញ ក៏អាចជំនួសទៅដោយពូជមួយចំនួនដែលរាជរដ្ឋាភិបាលបានបម្រុងទុក។ ដូច្នេះ ខ្ញុំអំពាវនាវឱ្យមានកិច្ចសហការ ជាបន្ទាន់រវាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃផង និងត្រៀមបម្រុង ដើម្បីដឹកចេញនូវពូជស្រូវ និងពូជដំណាំទៅកាន់គោលដៅផង»។
លោកបន្ថែមថា៖ «នេះជាកិច្ចការបន្ទាន់ដែលចាំបាច់ត្រូវធ្វើ ព្រោះថា កុំបណ្តែតបណ្តោយ ឱ្យទឹកស្រកហួស ហើយយើងគ្មានប្រភពទឹក ដើម្បីនឹងបង្កបង្កើនផល បន្ថែម។ យើងបានជួបប្រទះនូវបញ្ហានេះ កាលពីឆ្នាំ២០០០ យើងមានបទពិសោធន៍រួចមកហើយ»។
បើតាមខ្សែអាត់សំឡេងរបស់ លោក ហ៊ុន សែន ខេត្តចំនួន២២ ក្នុងនោះមាន ៧៧០ឃុំ បានលិចលង់ដោយជំនន់ទឹកភ្លៀង និងមានផលស្រូវប្រមាណជាង ១សែន៥ម៉ឺនហិកតា និងផលដំណាំជាង ៤ម៉ឺន១ពាន់ហិកតាត្រូវបានជន់លិច។
លោក ហ៊ុន សែន ឱ្យដឹងទៀតថា ខេត្តដែលរងផលប៉ះពាល់ខ្លាំងពីជំនន់ទឹកភ្លៀង ហើយដែលមិនខុសពីស្ថានភាពនៅឆ្នាំ ២០០០ គឺរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តពីរទៀតដែលកំពុងជន់ខ្លាំងពេលនេះគឺមានខេត្តកំពង់ធំ និងព្រះវិហារ និងខេត្តដទៃទៀត។ អំឡុងពេលមានជំនន់ទឹកភ្លៀងនេះ លោកហ៊ុន សែនបញ្ជាក់ថា មានមនុស្សបួននាក់បានស្លាប់ផងដែរ។
ក្នុងជំនួបជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប និង អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគឺនាយឧត្តមសេនីយ៍គន់ គីម មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ធំបានឱ្យដឹងថា ខេត្តកំពង់ធំ បានរងផលប៉ះពាល់លើដំណាំស្រូវសរុបជាង ២ម៉ឺន៧ពាន់ហិកតា ខូចខាត ៩.៥០០ហិកតា ស្មើនឹង១៥.២២៣ គ្រួសារ។ ចំណែកនៅខេត្តសៀមរាប មន្ត្រីឱ្យដឹងថាមាន ស្រុក៩ បានរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវប៉ះពាល់ជាង ៣ម៉ឺន២ពាន់ហិកតា ស្មើនឹង ២៥.៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាតមាន ២.៧៨៣ហិកតា ខណៈទំហំការខូចខាតនេះ គ្រោងធ្វើការស្តាឡើងវិញ ជំហានដំបូង ១.៥០០ ហិកតា។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរទទួលបន្ទុកដោះស្រាយគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ហាក់ដូចជាមិនមានយន្តការបង្ការ ឬឆ្លើយតបទាន់ពេលវេលា ដើម្បីជួយពលរដ្ឋ នៅពេលដែលជំនន់ទឹកភ្លៀងកើនឡើងខ្ពស់នោះ។
លោកថ្លែងថា៖ «ការអន្តរាគមន៍ហ្នឹងមិនទាន់បានឆ្លើយតបទាន់ពេលវេលានូវតម្រូវការចាំបាច់ទេ ពិសេសនៅពេលដែលជំនន់ទឹកភ្លៀងឡើង បញ្ហាស្បៀងអាហារសម្ភារៈ ថ្នាំពេទ្យអីហ្នឹង ដែលជាតម្រូវការចំាបាច់ ពីព្រោះថាប្រជាជននៅពេលទឹកលិច ដោយជំនន់ទឹកភ្លៀងហ្នឹង គាត់មិនដឹងទៅទិញសម្ភារៈស្បៀងអាហារហូបចុកនៅទីផ្សារណាបានទេ ពីព្រោះថាលេចទាំងអស់គ្នា អាហ្នឹងរឿងទី១»។
លោកបន្ថែមថា៖ «រឿងទីពីរការចុះប្រមូលទិន្នន័យ និងការត្រៀមលក្ខណៈស្តាឡើងវិញនៅក្រោយទឹកសម្រកទៅក្នុងការជួយនូវជំនួយសង្គម តួយ៉ាងដូចជា គ្រាប់ពូជ ឬក៏ពូជមាន់ ពូជបន្លែផ្លែឈើ ឬក៏គ្រាប់ដំណាំ ពូជផ្សេងៗសម្រាប់ពួកគាត់ហ្នឹង ក៏មិនទាន់បានរៀបចំឆ្លើយតបទាន់ពេលវេលាដែរ»។
បើតាម លោក ថេង សាវឿន ភាពយឺតយ៉ាវនៃការឆ្លើយតបនេះ ទំនងជាបណ្តាលមកពីការផ្តល់ព័ត៌មានមិនបានឆាប់ទាន់ពេលពីមន្ត្រីថ្នាក់ក្រោម ពាក់ព័ន្ធនឹងទីតាំង និងទំហំដីកសិកម្មដែលរងផលប៉ះពាល់ទៅអាជ្ញាធរថ្នាក់ជាតិ ដែលជាអ្នកសម្រេចផ្តល់ថវិកា និងផ្គត់ផ្គង់សម្ភារៈឱ្យមន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយ និងអាជ្ញាធរនៅតាមមូលដ្ឋានធ្វើសកម្មភាព។ លោកបន្ថែមថា ការបែងចែកមិនច្បាស់លាស់នៃការទទួលខុសត្រូវ របស់អាជ្ញាធរថ្នាក់ជាតិដើម្បីឆ្លើយតបទៅនឹងតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងណាមួយនោះ ក៏ជាកត្តាធ្វើឱ្យពលរដ្ឋជួបឧបសគ្គក្នុងការទទួលបានជំនួយសង្គ្រោះទាន់ពេលផងដែរ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយតាមទូរសព្ទពី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាយឧត្តមសេនីយ៍ គន់ គីម បានទេនៅថ្ងៃចន្ទនេះ។
យ៉ាងណាក៏ដោយ ក្រោយការតែងតាំងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម លោកអូន ព័ន្ធមុនីរ័ត្ន ដែលមានមុខតំណែងផ្លូវការជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃអាទិត្យ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យតាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដែលអាចសា្តដំណាំបានទាន់ពេលវេលា៕