អាជ្ញាធរខណ្ឌដង្កោរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃសុក្រថាទឹកស្ទឹងព្រែកត្នោតបានជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណជាង១៥០០ខ្នង ប៉ុន្តែមកដល់ថ្ងៃនេះកម្រិតទឹកបានស្រកស្រុតចុះវិញជាបណ្តើរៗ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់ជិតស្ទឹងព្រែកត្នោតបាននិយាយថាជំនន់ទឹកស្ទឹងព្រែកត្នោតដែលមានកម្រិតខ្ពស់ជាងឆ្នំាមុននោះបានបង្ខំឲ្យពួកគាត់ទៅស្នាក់នៅកន្លែងទីទួលសុវត្ថិភាពជាបណ្តោះអាសន្ននិងបានត្អូញត្អែរអំពីកង្វះខាងស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃនិងពិបាកក្នុងការរស់នៅទីទួលសុវត្ថិភាពនោះពាក់ព័ន្ធកង្វះអនាម័យ។
អភិបាលខណ្ឌដង្កោអ្នកស្រីគឹម ញឹបមានប្រសាសន៍ថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោមានជាង១.៥០០ខ្នង ប៉ុន្តែទឹកស្ទឹងដែលបានជោរឡើងខ្លាំងកាលពីថ្ងៃអង្គារបានស្រកទៅវិញហើយ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្នងផ្ទះចូលជា១.៥២០ [ឬ]១.៥៣០ខ្នងផ្ទះប៉ុន្តែចំពោះមុខទឹកវាបានផុតទៅអស់ហើយ»។
គិតត្រឹមថ្ងៃសុក្រនេះប្រជាពលរដ្ឋមួយចំនួនមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញទេដោយសារកម្រិតទឹកបន្តស្ថិតក្នុងកម្ពស់មួយគួរព្រួយបារម្ភនៅឡើយ។ពួកគាត់មួយចំនួនបានបន្តរស់នៅក្រោមដំបូលតង់តាមផ្លូវដែលមានទីទួលសុវត្ថិភាពរង់ចាំរហូតដល់ទឹកស្រក់ទៅវិញ។ ពួកគាត់ទទូចសុំឲ្យអាជ្ញាធររាជធានីយកចិត្តទុកដាក់បន្ថែមដល់ពួកគេ ជាពិសេសការផ្គត់ផ្អង់ស្បៀងអាហារជាដើម។
អ្នកស្រីកូវ ស៊ីថា អាយុ៦២ឆ្នាំជាពលរដ្ឋម្នាក់រស់នៅភូមិខ្វិតសង្កាត់សាក់សំពៅ ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលបានមកផ្លាស់ទីរស់នៅជាបណ្តោះអាសន្នលើទីទួលសុវត្ថិភាពបានប្រាប់វីអូអេថានៅឆ្នាំនេះអ្នកស្រីមានការលំបាកជាងឆ្នំាមុននៅពេលទឹកបានជន់លិចផ្ទះហើយត្រូវចេញមករស់នៅទីតាំងដែលមិនមានការតភ្ជាប់អគ្គិសនីប្រើប្រាស់និងមិនមានការរក្សាអនាម័យបានត្រឹមត្រូវ។
សម្រាប់បញ្ហាស្បៀងអាហារអ្នកស្រីថា មានការខ្វះខាតច្រើនដោយគាត់ត្រូវទៅបណ្តាក់គ្រឿងទេសពីអ្នកលក់គ្រឿងឧបភោគបរិភោគយកមកហូបជាបណ្តោះអាសន្នសិន។ អ្នកស្រី បានឲ្យដឹងទៀតថា គិតតាំងពីថ្ងៃទឹកចូលដល់ផ្ទះគាត់គឺគាត់ទទួលបានអង្ករប្រមាណ២០គីឡូជាងតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «នៅលើម៉ូតូប៉ុននោះមួយគ្រួសារ តែអង្ករប៉ុណ្ណឹងតាំងថ្ងៃដំបូង»។
អ្នកស្រីបន្ថែមថា៖«ចេះខ្ចីគេហូបសិនទៅទិញអីៗហូបអញ្ចឹងទៅ។ ប្រហុកអំបិលទៅដល់ដាក់មួយគីឡូមកម្សិលមិញបានពងទា១០គ្រាប់មក»។
អ្នកស្រី កូវ ស៊ីថាក៏ពិបាករកកន្លែងបន្ទោរបង់ផងដែរ ដោយលើកហេតុផលថាគ្មានបន្ទប់ទឹកឬបង្គន់សម្រាប់ប្រើប្រាស់នោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «នេះតែគេយប់ព្រលប់មិនស្រួលអី[បត់ជើង]ក្នុងទឹកហើយបើមិនអញ្ចឹងទេ អាចគៀនវាលស្រែហ្នឹងហើយ មិនដឹងទៅណាទេ»។
បើតាមអ្នកស្រីកូវ ស៊ីថា កម្រិតទឹកនៅស្ថិតខ្ពស់ត្រឹមករបស់គាត់។
ពលរដ្ឋរងគ្រោះពីទឹកជំនន់ម្នាក់ទៀតគឺ អ្នកស្រី អឿ វណ្ណនីអាយុ៣១ ឆ្នាំ ដែលកំពុងជ្រកក្រោមដំបូលតង់បណ្តោះអាសន្នជាមួយកូនតូចអាយុ៩ខែផងនោះបានលើកឡើងអំពីកង្វះអាហារហូបចុកនៅទីទួលសុវត្ថិភាពផងដែរ។
អ្នកស្រីរៀបរាប់ប្រាប់វីអូអេថា៖ «ខាងរាជរដ្ឋាភិបាលផ្តល់ស្បៀងផ្តល់ទឹក ផ្តល់អីឲ្យបានគ្រប់គ្រាន់ប្រើប្រាស់មកពីព្រោះនៅលើ[ទីទួលបណ្តោះអាសន្ន] វេទនាណាស់ ទឹកលិចធ្វើអ្វីមិនកើតទេ»។
លោកនាង វ៉ត អាយុ៤០ ឆ្នាំដែលរងគ្រោះពីជំនន់ទឹកស្ទឹងព្រែកត្នោតដូចពលរដ្ឋមួយចំនួនទៀតដែលរស់នៅក្បែរស្ទឹងនេះបានឲ្យដឹងថាឆ្នាំនេះមិនសូវមានអាជ្ញាធរចុះមកជួយមូលដ្ឋានរបស់លោកទេ សូម្បីតែទូកក៏ប្រជាពលរដ្ឋរៃអង្គាសលុយគ្នាទិញហើយទូកមានតម្លៃប្រមាណ១លាន៥០ម៉ឺនរៀលដែលត្រូវចំណាយរួមគ្នាពីពលរដ្ឋចំនួន៤ទៅ៥នាក់។
លោកថ្លែងថា៖ «យើងជញ្ចូនអីមក ទឹកជ្រៅលិចក្បាល មានអីណា ទូកក៏អត់អីក៏អត់។ ទូកសុទ្ធតែនាំគ្នាអង្គាសលុយទិញរៀងៗខ្លួនខាននេះ[អាជ្ញាធរ]គេអត់ជួយផង»។
លោកនាង វ៉ត បន្តថា សម្ភារៈក្នុងផ្ទះរបស់លោកក៏បានខូចខាតខ្ទេចខ្ទីទាំងស្រុង។
លោកថ្លែងថា៖ «ទូរ ចានឆ្នាំងអីទៅខ្ទិចខ្ទី អស់ហើយ។ ស្រូវហ្នឹង លិចខូចអស់ហើយ សុទ្ធតែដុះទេតើអ្នកខ្លះទៀតទៅគេយកអត់កើតចោលដូចខ្ញុំអញ្ចឹងចេះយកមកខ្លះអញ្ចឹង»។
ដោយឡែកនាយករដ្ឋបាលខណ្ឌដង្កោលោក ម៉ុក ពុទ្ធាបានប្រាប់វីអូអេថាអាជ្ញាធរបានយកអំណោយទៅចែកដល់ប្រជាពលរដ្ឋរងគ្រោះរួចហើយ។ លោកថា ទឹកជំនន់នេះក៏បានស្រកទៅវិញហើយដែរ។
លោកថ្លែងថា៖ «រឿងអំណោយមិនមែនតាមតម្រូវការដែលយើងចង់បានទេ។ អំណោយគ្រាន់តែជាការសង្គ្រោះឲ្យយើងក្នុងដំណាក់កាលខ្លីសម្រាប់ផ្គត់ផ្គង់ជីវភាពយើងសម្រាប់ការលំបាក។ ឥឡូវទឹកស្រកអស់ហើយមានអីលំបាក គឺអត់មានអីលំបាកទៀតទេបាទ»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network)ហៅកាត់ថា CYN លោកហេង គឹមហុងលើកឡើងថារដ្ឋាភិបាលគួរតែសិក្សាពីប្រព័ន្ធរំដោះទឹកឲ្យបានត្រឹមត្រូវដើម្បីបញ្ចៀសការជន់លិចទឹកបន្តទៅទៀត។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែធ្វើការសិក្សាអំពីចរន្តទឹកនៅតំបន់ដែលមានទំនាបទាបជាពិសេសតំបន់ដែលមានការលុបហើយជំនួសមកវិញនូវការសាងសងលំនៅឋាន ដូចជាការចាក់ដីសាងសង់អាគារសាងសង់បុរី សាងសង់អ្វីជាដើម»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខាប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកមិនទាន់ទទួលបានទិន្នន័យនិងតួលេខនៃការលិចលង់ផ្ទះសម្បែងនៅភូមិសាស្ត្រស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញនៅឡើយទេ។
យ៉ាងណាក៏ដោយបើតាមហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងកាលពីថ្ងៃព្រហស្បតិ៍បានយកអំណោយចែកជូនពលរដ្ឋដែលរងគ្រោះជំនន់ទឹកភ្លៀងទឹកសណ្ដស្ទឹងព្រែកត្នោត ចំនួន៥១៥គ្រួសារហើយនៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋចំនួន៨៣៧គ្រួសារស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញបានទទួលអំណោយទ្រទ្រង់ការរស់នៅប្រចាំថ្ងៃពីព្រះមហាក្សត្រផងដែរ៕