រដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ទឹកទន្លេមេគង្គ ត្រូវបានជំរុញជាថ្មីទៀតឲ្យចែករំលែកទិន្នន័យនិងព័ត៌មានច្រើនថែមទៀតទាក់ទងនឹងការស្តុកនិងបញ្ចេញទឹកក្នុងអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីដែលត្រូវបានសាងសង់លើដងទន្លេរួមនេះ ដើម្បីកាត់បន្ថយហានិភ័យជាអវិជ្ជមាននានារួមទាំងទឹកជំនន់ឆ្លងព្រំដែនផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
ការជំរុញនេះ ធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់តំបន់មួយដែលត្រូវបានធ្វើឡើងក្នុងទីក្រុងវៀងចន្ទប្រទេសឡាវរយៈពេល២ថ្ងៃកាលពីចុងខែវិច្ឆិកា។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិបច្ចុប្បន្ននៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានថ្លែងក្នុងសេចក្តីប្រកាសនោះថា៖
«យើងចង់ធានាថាការសម្រេចចិត្តនានាអំពីការបញ្ចេញទឹកពីអាងស្តុងទឹក ត្រូវធ្វើដោយមានការចែករំលែកទិន្នន័យនិងព័ត៌មានប្រកបដោយតម្លាភាពរវាងបណ្តាប្រទេសទាំងអស់។ យើងចង់ធានាថាមានភាពល្អប្រសើរជាងមុនខាងការព្យាករអំពីការប្រែប្រួលរំហូរទឹកសម្រាប់សហគមន៍នានានៅក្នុងអាងទន្លេមេគង្គ»។
កង្វះព័ត៌មាននិងទិន្នន័យនៃការគ្រប់គ្រង និងប្រតិបត្តិការនៃទំនប់នៅលើដងទន្លេមេគង្គដែលហូរចេញពីខ្សែទឹកខាងលើក្នុងប្រទេសចិន បានក្លាយជាកង្វល់ជាប់ឥតដាច់របស់បណ្តាប្រទេសជាប់ទន្លេមេគង្គខ្សែទឹកខាងក្រោមរួមមានថៃ ឡាវ កម្ពុជានិងវៀតណាម ចំពោះផលប៉ះពាល់ឆ្លងដែនដែលអាចបណ្តាលមកពីការបញ្ចេញទឹកពីអាងស្តុកទឹកនៃទំនប់នៅខ្សែទឹកខាងលើ។
មជ្ឈមណ្ឌលStimsonដែលតាមដានអំពីគម្រោងទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ បានលើកឡើងនៅថ្ងៃពុធនេះដែរថាទំនប់ស្តុកទឹកធំៗដែលត្រូវតាមមើលក្នុងរដូវប្រាំងនេះ មានពីរគឺទំនប់XiaowanនិងNuozhaduក្នុងប្រទេសចិន ទំនប់Ubolratana ក្នុងប្រទេសថៃនិងទំនប់២ទៀតគឺNam Ngum ១និង២ ក្នុងប្រទេសឡាវ។
មជ្ឈមណ្ឌលសិក្សានិងស្រាវជ្រាវដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនេះ បានបន្ថែមថាអាងស្តុកទឹកនៃទំនប់ទាំងនេះ កំពុងមានទឹកពេញហូរហៀរហើយថាការបញ្ចេញទឹកទំនប់នៅរដូវប្រាំងនេះ នឹងបង្កើនកម្រិតទឹកទន្លេខ្ពស់ហួសធម្មតាដែលនាំឲ្យមានផលប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរនិងធ្វើឲ្យហិនហោចបឹងទន្លេសាបនិងជលផលទូទាំងអាងទន្លេមេគង្គ។
បច្ចុប្បន្ននេះ មានគម្រោងវារីអគ្គិសនីចំនួន៨៨ នៅក្នុងអាងទន្លេមេគង្គក្រោម ដោយមានសមត្ថភាពផលិតថាមពលសរុបប្រមាណ១២.៦០០មេហ្គាវ៉ាត់ ក្នុងនេះ ទំនប់ចំនួនប្រមាណ១៥ កំពុងត្រូវបានសាង់សង់។ នេះបើផ្អែកតាមគណៈកម្មការទន្លេមេគង្គ៕