អាជ្ញាធរកម្ពុជាព្រួយបារម្ភអំពីកម្រិតទឹកបន្តកើនឡើងខ្ពស់ ខណៈជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្ស១៣នាក់ នៅក្នុងខេត្តដែលរងគ្រោះ។ នេះបើតាមមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះទឹកទំនន់ឆ្នាំនេះប៉ះពាល់ខេត្តចំនួន១៩ ប៉ុន្តែខេត្តចំនួន៣ប៉ុណ្ណោះ ដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ដែលរួមមានខេត្តកំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។ ដោយឡែក លោកថា ខេត្តបាត់ដំបងក៏អាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនបើភ្លៀងនៅបន្តធ្លាក់ខ្លាំង។
លោក គឹមកុលមុនី បន្តថា គ្រោះទឹកជំនន់បានកើតឡើងចាប់តាំងពីខែឧសភាមកដល់ខែកញ្ញានេះ ដែលសម្លាប់មនុស្ស១៣នាក់ ភាគច្រើនជាកុមារ។
បើតាមមន្រ្តីជំនាញរូបនេះ ទឹកជំនន់ឆ្នាំនេះគឺមានសភាពធំជាងឆ្នាំមុន ដោយសារកម្ពុជារងឥទ្ធិពលនៃព្យុះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើន ហើយវាជន់លិចផ្ទះ និងដំណាំរបស់ប្រជាពលរដ្ឋជាដើម។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់អំពីតួលេខនៃការរងផលប៉ះពាល់ និងការខូចខាតដំណាំបាននៅឡើយទេ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ មានកម្រិតធ្ងន់ខ្លះនៅក្នុងខេត្តជុំវិញបឹងទន្លេសាប មានកំពង់ធំ សៀមរាប បន្ទាយមានជ័យដែលកំពុងមានការជន់លិចខ្លាំង ដែលអាចមានផលប៉ះពាល់ខ្លាំងដែរនៅចំនួន៣ខេត្តនេះ។ ហើយប៉ុន្មានថ្ងៃនេះ ភ្លៀងខ្លាំងទៀតអាចមកប៉ះពាល់ខាងបាត់ដំបងអីបន្ថែមទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឱ្យដឹងថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៤ថ្ងៃខាងមុខ ដោយសារស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួលក្នុងពេលកម្ពុជារងឥទ្ធិពលព្យុះទី១៦ ឈ្មោះណូរុ (NORU) ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើនលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឱ្យខេត្តមួយចំនួន ជាពិសេសនៅខេត្តផ្នែកខាងលើរបស់ប្រទេសកម្ពុជា រួមមានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់១០ម៉ែត្រ ខេត្តក្រចេះ ទឹកអាចឡើងដល់២១ម៉ែត្រ ខេត្តកំពង់ចាម ទឹកអាចឡើងដល់១៤,៣០ម៉ែត្រ និងស្ថានីយជលសាស្រ្តភ្នំពេញ ចតុមុខ ទឹកអាចឡើងដល់៩,៤០ម៉ែត្រ។ ប៉ុន្តែក្រសួងថា ទឹកទន្លេហក់ឡើងពេលនេះ គឺមិនទាន់ដល់កម្រិតប្រុងប្រយ័ត្ននៅឡើយទេ៕