នៅក្នុងសន្និសីទមួយនៅក្នុងប្រទេសជប៉ុនម្សិលមិញទាក់ទិននឹងបំណុលរបស់ចិន លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយថា កម្ពុជាមិនទាន់ឈានដល់កម្រិតដែលត្រូវព្រួយបារម្ភនោះទេ។ ការថ្លែងរបស់លោកកើតឡើង ខណៈមានការព្រួយបារម្ភពីអ្នកវិភាគថា រដ្ឋាភិបាលកម្ពុជាពឹងផ្អែកខ្លាំងទៅលើប្រាក់កម្ចីពីរដ្ឋាភិបាលចិន។
នៅក្នុងសន្និសីទអន្តរជាតិ«អនាគតអាស៊ី» ប្រចាំឆ្នាំលើកទី២៥ ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ លោកហ៊ុន សែន បានច្រានចោលការចោទសួរដែលថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិនតាមរយៈគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន ឬ (BRI) ឬទេ។
នៅក្នុងសន្និសីទអន្តរជាតិដែលមានការចូលរួមពីថ្នាក់ដឹកនាំធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោកហ៊ុន សែន បានមានប្រសាសន៍ថា៖
«ខ្ញុំអាចបញ្ជាក់បានថា មិនដល់កម្រិតនោះទេ។ ប៉ុន្តែរឿងប្រទេសដទៃ មិនមែនគ្រាន់តែប្រទេសខ្លះជំពាក់បំណុលគេរហូតទៅដល់ ២០០ ភាគរយ ៣០០ ភាគរយ ឬ៥០០ ភាគរយនៃផលិតផលសរុបក្នុងស្រុក GDP ប៉ុន្តែមិនមែនបានជំពាក់ចិនឯណា។ វាមិនមែនជាអន្ទាក់របស់ចិនទេ។ ប្រទេសខ្លះអត់ទាំងជំពាក់ចិនផង ប៉ុន្តែជំពាក់តាំងពីមុនពេលដែលចិនមាននយោបាយផ្លូវនឹងខ្សែក្រវាត់ឯណោះ»។
លោកបានលើកឡើងបន្ថែមពីលទ្ធភាពក្នុងការរក្សាអធិបតេយ្យភាពរបស់កម្ពុជាក្នុងការខ្ចីបំណុលឥណទានពីប្រទេសដទៃ និងការគោរពរបស់ប្រទេសចិនចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ប្រាក់កម្ចី។
លោកបានមានប្រសាសន៍ថា៖
«យើងរក្សាបាននូវអធិបតេយ្យរបស់យើងនៅក្នុងការខ្ចី គឺយើងខ្ញុំខ្ចីទៅតាមគម្រោងដែលយើងខ្ញុំត្រូវការប៉ុណ្ណោះ ហើយចិនគោរពនូវការសម្រេចរបស់យើង។ នេះគឺជាចំណុចទីមួយដែលខ្ញុំសូមគូសបញ្ជាក់ថា ចិនមិនបានបង្ខំឲ្យយើងធ្វើនេះ ឬធ្វើនោះទេ។ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង តើប្រើប្រាស់ឥណទានដែលយើងខ្ចីនេះយកទៅធ្វើអ្វី»។
កម្ពុជាត្រូវបានគេមើលឃើញថា មានទំនោរទៅខាងប្រទេសចិនខ្លាំងនៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសចិនតែងតែផ្តល់ឥណទានដល់កម្ពុជាដោយមិនដាក់លក្ខខណ្ឌ ឬមិនតម្រូវឲ្យកម្ពុជាធ្វើតាមក្រឹត្យក្រមដូចប្រទេសមហាអំណាចផ្សេងទៀតនោះទេ។
យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ចីឥណទានពីប្រទេសចិនសរុបត្រឹមដំណាច់ឆ្នាំ ២០១៨ មានចំនួនជាង៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០ ភាគរយនៃកម្ចីសរុប ដែលជាតួលេខធំជាងកម្ចីពីប្រទេសផ្សេងទៀត។
ទោះជាកម្ពុជានៅតែមានលទ្ធភាពសងចំណុលឥណទានក្នុងរយៈពេលយូរ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានប្រាប់ VOA ថា បំណុលទាំងនេះនឹងអាចធ្លាក់ទៅលើយុវជនជំនាន់ក្រោយ បើសិនជាកម្ពុជាជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ឬវិបត្តិនយោបាយណាមួយនៅក្នុងពេលអនាគត។
លោកបាននិយាយថា៖
«បើនិយាយអំពីកម្រិតនៃខ្ចី យើងទទួលស្គាល់ថា យើងមិនទាន់ដល់មែន ក៏ប៉ុន្តែអាស្រ័យទៅលើការដឹកនាំប្រទេសដែរ។ បើសិនជាប្រទេសរបស់យើងនេះឈានចូលទៅក្នុងវិបត្តិនយោបាយធ្ងន់ធ្ងររហូតដល់ ឧទាហរណ៍ បើមានសង្គ្រាមស៊ីវិលកើតឡើង ឬក៏មានវិបត្តិនយោបាយដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមិនទៅមុខ យើងអាហ្នឹង ការសងរបស់យើងនឹងមានបញ្ហា ឬក៏យើងមិនអាចសងបាន ហើយយើងទុកឲ្យយុវជនជំនាន់ក្រោយៗទៀតសងជំនួសបាទ»។
យោងតាមព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជារៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជាជំពាក់បំណុលក្រៅប្រទេសចំនួនសរុបជាង ១១ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ ២០១៨៕