បាតុករបានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និងលោកស្រី អង់សាន ស៊ូជី ជ័យលាភីពានរង្វាន់ណូបែលដែលជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា។
បាតុកររាប់ពាន់នាក់បាននាំគ្នាតវ៉ានៅតាមដងផ្លូវនានាក្នុងទីក្រុង ស៊ីដនី កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ានឹងមេដឹកនាំអាស៊ីអាគ្នេយ៍ដែលជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
អ្នកតវ៉ានិងអង្គការសិទ្ធិមនុស្សបានចោទប្រកាន់របបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានរំលោភបំពានសិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏បានគំរាមកំហែងប្រើហិង្សាលើក្រុមអ្នកតវ៉ា នៅមុនពេលមកដល់ទីក្រុង ស៊ីដនី ផងដែរ។
លោក ហុង លីម ដែលជាតំណាងរាស្ត្រនៃរដ្ឋ Victoria នៃគណបក្សពលករ បានចោទលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull ថាបានបិទភ្នែកមិនមើលការរំលោភបំពានសិទ្ធិមនុស្ស ដោយនិយាយថា «ដៃជាច្រើនដែលលោក Turnbull បានចាប់កាលពីថ្ងៃ សៅរ៍ ថ្ងៃ អាទិត្យ និងថ្ងៃ ចន្ទ គឺជាដៃដែលប្រឡាក់ពោរពេញទៅដោយឈាម»។
លោក Shawfikul Islam នៃអង្គការរ៉ូហ៊ីងយ៉ាភូមាអូស្ត្រាលីបាននិយាយថា «យើងមកទីនេះនៅក្នុងថ្ងៃនេះជាការសាមគ្គីគ្នាក្នុងចំណោមសហគមន៍របស់យើងមកពីអាស៊ីអាគ្នេយ៍ដែលកំពុងប្រឈមនឹងការគ្រប់គ្រងបែបផ្តាច់ការនិងការប្រល័យពូជសាសន៍ ជាពិសេសចំពោះសហគមន៍រ៉ូហ៊ីងយ៉ាតែម្តង»។
ផ្ទាំងបដាដែលលើកឡើងដោយអ្នកតវ៉ាបានបង្ហាញពីរូបភាពរបស់លោកស្រី អង់សាន ស៊ូជី មានពុកមាត់ ដែលគេប្រដូចលោកស្រីទៅនឹងមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ហ៊ីត្លែរ ហើយបានស្នើឲ្យលោកស្រីប្រគល់ពានរង្វាន់ណូបែលទៅម្ចាស់ដើមវិញ។ លោកស្រីត្រូវបានគេដកហូតយកពានរង្វាន់មួយចំនួនវិញរួចទៅហើយ ដោយសារតែយុទ្ធនាការយោធា។
លោកស្រី អង់សាន ស៊ូជី ត្រូវបានរដ្ឋាភិបាលបស្ចិម និងអង្គការសិទ្ធិមនុស្សចោទប្រកាន់ថាមិនបានធ្វើអ្វីទាំងអស់ដើម្បីបញ្ឈប់យោធាមីយ៉ាន់ម៉ា ពីការបង្ក្រាបដ៏ឃោរឃៅទៅលើជនជាតិអំបូររ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាម នៅប៉ែកខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។ មនុស្សជាច្រើនបានហៅសកម្មភាពនេះថាជាយុទ្ធនាការបោសសម្អាតជាតិសាសន៍។
កាលពីថ្ងៃ សៅរ៍ មេធាវីអូស្ត្រាលីមួយក្រុមបានព្យាយាមឲ្យមានការកាត់ទោសលោកស្រី អង់សាន ស៊ូជី ចំពោះបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក៏ប៉ុន្តែលោក Christian Porter អគ្គរដ្ឋអាជ្ញាអូស្ត្រាលីបានបដិសេធមិនទទួលយកសំណើផ្លូវច្បាប់របស់ពួកគេ ដោយនិយាយថា លោកស្រី អង់សាន ស៊ូជី «មានអភ័យឯកសិទ្ធិពេញលេញ ដោយរួមទាំងអភ័យឯកសិទ្ធិលើឯកសារតុលាការផងដែរ»៕