ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ឱ្យ​ផ្អាក​ការ​នាំ​ផលព្រៃឈើ​ចេញ​ពី​ស្ទឹងត្រែង​ដល់​ក្រោយ​ការបោះឆ្នោត


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ហ៊ុំព័ទ្ធ​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស​របស់​លោក ក្នុង​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​នៅក្នុង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (រូបថត៖ Reuters)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ហ៊ុំព័ទ្ធ​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស​របស់​លោក ក្នុង​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​នៅក្នុង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (រូបថត៖ Reuters)

ក្រុមមន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​មូលដ្ឋាន​ នៅ​មិន​ទាន់​ទទួល​បាន​​ព័ត៌​មាន​លម្អិត​ ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​របស់​លោក​នាយក​​រដ្ឋ​មន្ត្រីហ៊ុន សែន​នៅឡើយ​ទេ​នៅ​ពេល​ដែល​ VOA ​សាកសួរ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ផ្អាក​ «បណ្តោះ​អាសន្ន»​ នូវ​ការ​ចេញ​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ផល ​និង​អនុផល​ព្រៃ​ឈើ​ដែល​បាន​មក​ពី​ការ​សម្អាត​អាងស្តុក​ទឹក​នៃ​គម្រោង​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​ និង​ការ​ឈូស​ឆាយ​សម្អាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ រហូត​ដល់​ក្រោយការ​បោះឆ្នោត​ជាតិ​ខែ​ កក្កដា​ ​ឆ្នាំ​២០១៨​ខាងមុខ។ នេះ​បើ​យោង​តាម​លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ដែល​ VOA ​ទទួល​បាន​នៅថ្ងៃ​ព្រហស្បតិ៍។

ក្រុមមន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​មូលដ្ឋាន​ នៅ​មិន​ទាន់​ទទួល​បានព័ត៌​មាន​លម្អិត​ ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​នៅឡើយ​ទេ​នៅ​ពេល​ដែល​ VOA ​សាកសួរ។​ ​វារី​អគ្គិសនី​សេសាន​ក្រោម​២​ បាន​ធ្វើ​ឲ្យ​ជន់​លេច​ផ្ទះ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​ពូនងជា​ច្រើន​គ្រួសារ ​ក្រោយ​ការ​ដាក់​ឲ្យ​ដំណើរ​ការនៃទំនប់​នេះ​។

ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ ស្ថិត​នៅចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ស្ទឹងត្រែង​ លើដៃ​ទន្លេ​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។​ ទំនប់​វារី​អគ្គិសនី​នេះ​ មាន​សក្តានុពល​ផលិត​ថាមពល​អគ្គិសនី​៤០០​មេហ្គាវ៉ាត់។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ចុះហត្ថេលេខា​ដោយ​លោក​រដ្ឋ​លេខាធិការ ប៊ុន អ៊ុយ​ កាល​ពីថ្ងៃ​ ២៧​ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨​ ​មិនបានផ្តល់​សេចក្តី​លម្អិត​ ទាក់ទិន​ហេតុផល​ក្នុងការទាម​ទារ​ឲ្យផ្អាក​ការ​ឈូស​ឆាយ​ប្រមូល​ផល​ អនុផល​ព្រៃ​ឈើ​នៅ​ក្នុង​ទីតាំង​គម្រោង​វិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ទេ។ លិខិត​របស់​លោក​ ប៊ុន អ៊ុយ គ្រាន់​តែ​សរសេរ​ថា ​«សូម​ចាត់វិធានការ​បន្ទាន់​»​ ទៅ​លើ​រឿង​នេះ។

លោក​ ប៊ុន អ៊ុយ បាន​ប្រាប់​ VOA ​ថា​ លោក​មិនមាន​ព័ត៌មានបន្ថែម​លើ​លិខិត​របស់​លោក​នោះទេ​ ដោយ​លោកបាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​បរិស្ថាន។

«ខ្ញុំមិនដឹង​ទេ​ សួរ​បរិស្ថាន​ទៅ​ តែមាន​ចំណារ​ពីថ្នាក់​លើ ខ្ញុំ​គ្រាន់​គោរព​ ខ្ញុំគ្រាន់​គោរព​តាម​ចំណារ​ថ្នាក់​លើ​ទេណ៎ា​ ប្អូន!​ ខ្ញុំ​អត់ដឹង​មូលហេតុ​អី​ទេ​ ប្អូន​សួរ​បរិស្ថានទៅ គេច្បាស់​ជាង​ខ្ញុំ​ គេ​អ្នក​ស្នើ​ឡើង​អីៗ​ ខ្ញុំ​តែ​មាន​ចំណារ​ របស់​ប្រមុខរដ្ឋាភិបាល​ ខ្ញុំ​ចុះ​ហត្ថលេខាហើយ​ រឿងតែប៉ុណ្ណឹង​សម្រាប់​ខ្ញុំ​»។

VOA មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ សៅ​ សុភាព​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​ឌួង ពៅ​ អភិបាល​រង​ខេត្តស្ទឹង​ត្រែង​ ក៏មិន​បាន​ដឹង​អំពី​ការ​ស្នើ​សុំ​ឲ្យ​ផ្អាក​ជាបន្ទាន់​នូវការចេញ​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ផល​ អនុផល​ព្រៃ​ឈើ​ពីការ​សម្អាត​អាងស្តុក​ទឹកគម្រោង​វារី​អគ្គិសនី ​សេ​សាន​ក្រោម​២នេះ ដែល​ស្ថិតក្នុង​ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង។

«អ្ហូ៎!​ ខ្ញុំ​អត់​ដឹង​ទេ​រឿង​ហ្នឹង​ សួរ​ សួរ​ទៅ​អ្នក​ផ្សេង​ទៅ ខ្ញុំអត់​ដឹង​ទេ​ ខ្ញុំ​អត់​បាន​ទទួល​បន្ទុក​ការងារ​ហ្នឹង​ទេ»។

លោក​ ម៉ែន​ គង់​ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹង​ត្រែង​ មិន​អាច​ផ្តល់​ការ​អធិប្បាយ​បាន​ទេ​ ដោយ​លោក​រវល់​ក្នុងការ​ប្រជុំ។

កាល​ពីឆ្នាំ២០១៣​ ​រដ្ឋ​សភា​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ដែ​ល​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ ចាប់ផ្តើម​ដំណើរការ​របស់​ខ្លួន​ បើ​ទោះ​ជា​មាន​ផលប៉ះពាល់ខាង​សេដ្ឋកិច្ច​ និង​វប្បធម៌លើប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​។

ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​ដាក់​ទុន​ដោយ​ក្រុមហ៊ុន​ចំនួន៣ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ​ឈ្មោះ​ China’s Lancang Hydropower International Energy​ ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគរយ​ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ (Royal Group) របស់​អ្នក​ឧកញ៉ា គិត ម៉េង ​ចំនួន​៣៩​ភាគរយ​ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Vietnam’s EVN International​ ដែល​មាន​ចំណែក​ភាគហ៊ុន​១០ភាគរយ។

VOA ​មិន​អាច​សុំការ​អធិប្បាយ​ពី អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ Royal Group ​និង​ជា​ប្រធាន​សភា​ពាណិជ្មកម្ម​កម្ពុជា​ បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់។

លោក​ង៉ាច សាមីន ប្រធាន​សមាគម​យុវជន​ជនជាតិ​ដើមភាគ​តិចកម្ពុជា​(ស.យ.ជ.ក) យល់​ថា​ ការ​ចេញ​បទបញ្ជា​ឲ្យផ្អាក​ការ​ដឹក​ជញ្ជូន​អនុផល​ព្រៃ​ឈើ​ពី​តំបន់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះ​ បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ​។​ លោក​អះអាង​ថា​ ការ​កាប់​ និងដឹកជញ្ជូនឈើ​ធំៗ​ និងប្រណិត​ៗពីតំបន់ទំនប់​ដដែល​នេះ​ ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​សហគមន៍​រាយការណ៍​ថា​ បាន​កើតឡើង​ ហើយ​លោក​ផ្ទាល់​ក៏ធ្លាប់​ប្រទះ​ឃើញ​សកម្ម​ភាព​ដឹក​ជញ្ជូនឈើ​ផងដែរ។

«សហគមន៍​ធ្លាប់​ជជែក​ជាមួយ​ខ្ញុំ​ផ្ទាល់​ មាន​ឈើ​បេង​ ធ្នង់អីហ្នឹង​បង​ ឈើដែល​សំខាន់ៗ​ ធំៗអាណ៎ា! កាល​ហ្នឹង​ខ្ញុំ​ឃើញ​។​ កាលខ្ញុំ​ចុះ​ទៅឆ្នាំ​ ២០១៦-២០១៧​ហ្នឹង​ អាឈើ​ដែល​គេ​ដឹក​អាឡាន​ អារ៉េវ​ អាឡាន​ធំ​ ដាក់​ដឹក​ទាំងមូល​ហ្មង​។ បួនប្រាំកង់​ ចេញពីអាភូមិ​ ក្បាលរមាស​ ចេញ​ទៅណា​ទេ ព្រោះ​នៅកាលហ្នឹង​ ខ្ញុំ​ជិះរៀងល្ងាច​ដែរ​ ខ្ញុំ​ចេញ​មក​ពី​ភូមិ​ ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ជាមួយពួកគាត់»។

ទោះបី​ជា​យ៉ាងណាក៏ដោយ​ លោកនិយាយ​ថា​ វាជាការសោក​ស្តាយ​ដែល​បទបញ្ជា​របស់​រដ្ឋាភិបាល​ ត្រូវបាន​ធ្វើឡើង​ ក្រោយ​សកម្មភាព​ដឹកឈើ​ចេញ​ពី​តំបន់នោះ បាន​កើត​ឡើងខ្លាំង​ក្នុងចន្លោះឆ្នាំ​ ២០១៥​ និង​ ២០១៦​ ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​ដើម​ឈើ​អាស្រ័យ​ផលរបស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ពូនង​នៅ​ទីនោះ​។

ទំនប់​នេះ​ ក៏​បាន​បង្ក​ការជន់​លេច​ភូមិ​ឃុំ​ជាច្រើន​របស់ជនជាតិដើម​ភាគតិច ដែលបាន​តាំង​ទីលំនៅ​នៅ​តំបន់​ទំនប់​នោះ​ អស់​ជាយូរឆ្នាំមកហើយ។ នេះបើយោងតាម​របាយការណ៍​នានា​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាលដែលឃ្លាំមើល​ការ​អភិវឌ្ឍ​ទំនប់​ដ៏​ចម្រូង​ចម្រាស​នេះ។

យោង​តាម​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ​ ​NGO Forum ​មាន​សហគមន៍​ចំនួន​ពីរ​គឺ​សហគមន៍​ភូមិ​ស្រែ​គរ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ ​មិន​ព្រម​ចាក​ចេញ​ទី​ភូមិ​ដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ ​គឺ​មាន​ចំនួនប្រមាណ៧០០​នាក់​ ​ដែល​ស្មើ​នឹង​១៨០​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​១៤០​ខ្នង។

បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យដំណើរ​ការ​ទំនប់​វារីអគ្គិសនីសេសាន​ក្រោម​២​នេះ ​កាលពីខែ​កញ្ញា​ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់នោះ​ បាន​ទៅតាំង​ទី​លំនៅ​នៅ​ទីទួល​សុវត្ថិភាព​ដែល​មាន​ចម្ងាយ​ជាង​ ១០​គីឡូម៉ែត្រ​ពីភូមិ​ដ្ឋាន​ចាស់​ ដោយ​ពួក​គេ​បាន​បដិសេធ​មិន​ចូល​ទៅ​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ទីកន្លែងថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​ចែង​ឲ្យ។

លោក​ ង៉ាច សាមីន ​ប្រធាន​សមាគម​យុវជន​ជនជាតិ​ដើមភាគ​តិចកម្ពុជា បាន​បញ្ជាក់ឲ្យដឹង​បន្ថែមថា​ ប្រជាពលរដ្ឋ​ទាំងនោះ​ កំពុង​ប្រឈម​នឹង​ការខ្វះខាត​សេវា​សាធារណៈ​មូលដ្ឋាន ដូចជា​សាលារៀន​ និង​មណ្ឌល​សុខភាព​ជាដើម៕

XS
SM
MD
LG