តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលក្រាញននៀលមិនចាកចេញ ពីភូមិកំណើតលិចលង់ដោយទឹកក្នុងទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងខេត្តស្ទឹងត្រែងនោះ ប្រកាសច្រានចោលការចោទរបស់អាជ្ញាធរខេត្ត ដែលថា ពួកគេមានបំណងបង្កើត «តំបន់អបគមន៍» ក្នុងតំបន់អភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតម្លៃ៨០០លានដុល្លារអាមេរិកនេះ។
កញ្ញា ជឿន ស្រីមុំ តំណាងជនជាដើមភាគតិចព្នងក្នុងឃុំក្បាលរមាស បានប្រាប់ VOA ថា ក្រុមប្រជាពលរដ្ឋ គ្មានមហិច្ឆតាណាមួយ ទៅបំបែកខ្លួននោះឡើយ ខណៈដែលពួកគេមិនមានកងកម្លាំងប្រដាប់អាវុធ ដូចរដ្ឋាភិបាល។
កញ្ញានិយាយថា៖
«ចោទបែបហ្នឹងខ្ញុំមិនដឹងថា គាត់ហ្នឹងសំអាងទៅលើអីខ្លះទេ ដោយសារថាសហគមន៍គាត់អត់មានអីតតាំងជាមួយហ្នឹងពួកគាត់ទេ ជាអាជ្ញាធរណ៎ា! ព្រោះអីពេលពួកគាត់មកម្តង គាត់ចាប់ផ្តើមយកប៉ូលិស យកទាហាន កាន់កាំភ្លើងមក សួរថា គាត់ប្រជាពលរដ្ឋ គាត់មានអី គាត់មានតែអ្វីដែលជាពាក្យសំដី ទៅសួរនាំ តែប៉ុណ្ណឹងឯងទៅជជែកជាមួយ អាជ្ញាធរដែលពាក់ព័ន្ធ»។
កញ្ញា ជឿន ស្រីមុំ សង្កត់ធ្ងន់ថា ប្រសិនរាជរដ្ឋាភិបាលកម្ពុជា នៅចាត់ទុកប្រជាពលរដ្ឋជនជាតិដើមភាគតិចជាពលរដ្ឋប្រទេសខ្លួន មន្ត្រីរដ្ឋាភិបាលមិនត្រូវចោទទាំងគ្មានមូលដ្ឋានថា ក្រុមប្រជាពលរដ្ឋចង់បះបោរបំបែករដ្ឋទេ។
«ចង់ប្រាប់ពួកគាត់ថា អញ្ចេះដែរ បើចាត់ទុកប្រជាពលរដ្ឋ នៅក្បាលរមាសជាប្រជាពលរដ្ឋ ប្រទេសកម្ពុជាដែរទេ សូមកុំប្រើពាក្យសំដីបែបហ្នឹង ហើយសូមមេត្តាប្រជាពលរដ្ឋទូទាំងប្រទេស គួរតែយល់ចិត្ត អ្នកដែលរងគ្រោះ។ ខ្ញុំៗ ពិតជាច្បាស់ហ្នឹងថា អ្នកដែលមិនបានប៉ះពាល់ហ្នឹង មិនឈឺទេ ទាល់តែអ្នកប៉ះពាល់ផ្ទាល់ ទើបដឹងថា ទុក្ខលំបាករបស់សហគមន៍ហ្នឹងវាបែបណា»។
នាដើមសប្តាហ៍នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានថ្លែងតាមសារព័ត៌មានក្នុងស្រុកមួយថាក្រុមប្រជាពលរដ្ឋថាជា «ក្រុមបំបែកខ្លួន» ក្រោយពីក្រុមជនជាតិដើមភាគតិចព្នង និងលាវ ដែលជាជនរងគ្រោះក្នុងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ប្រកែកមិនទទួលយក មិនអនុញ្ញាតឱ្យអាជ្ញាធរបង្កើតការិយាល័យធ្វើការនៅក្នុងទីអារាមក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែងដើម្បីស្រង់ស្ថិតិនិងជួយផ្លាស់ប្តូរទីតាំងរស់នៅរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋភាគតិចរស់នៅ ក្នុងទីតាំងអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិត នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានផ្តើមការតវ៉ារបស់ខ្លួនដោយគ្មានការអើពើពីអាជ្ញាធរ តាំងពីមុនពេលនៃការសាងសង់ទំនប់នេះ រហូតមក។ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ក្រុមហ៊ុនទំនប់វារីអគ្គិសនី បានផ្តើមការសាកល្បងបិទទ្វារទឹកទំនប់ចំនួន ១២ បណ្តាលឲ្យលិចផ្នែកខ្លះនៅក្នុងភូមិស្រែគរ។ ទោះមានការជន់លិច ក្រុមតំណាងប្រជាពលរដ្ឋនិយាយថា អ្នកភូមិដាច់ខាតមិនចាកចេញពីភូមិដ្ឋានដើមរបស់ខ្លួនឡើយ ហើយបើទោះជាមានការចោទប្រកាន់បែបណាពីអាជ្ញាធរមូលដ្ឋានក៏ដោយ។
លោក សុធ ធឿន តំណាងជនជាតិដើមភាគតិចលាវ នៅក្នុងឃុំស្រែគរថ្លែងប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋមិនបានគិតដល់ ការបណ្តេញចេញដែលអាចនឹងធ្វើឡើងដោយអាជ្ញាធរនោះទេ តែអ្វីដែលប្រជាពលរដ្ឋក្នុងភូមិប្តេជ្ញាថា នឹងធ្វើនោះ គឺស៊ូស្លាប់មិនចាកចេញពីទឹកដីកំណើតរបស់ខ្លួនឡើយ។
«អារឿងបណ្តេញចេញ អាហ្នឹង មិនដឹងទេ ដោយសារតែពលរដ្ឋគាត់នៅភូមិ ស៊ូស្លាប់នៅភូមិចាស់ ទោះជាមានរឿងអីកើតឡើងក៏ដោយ អញ្ចឹងហ្ហាស់។ ហើយគាត់សុំ ស្នើសុំមកនៅភូមិចាស់ ចាំមើលតែស្ថានភាពជាក់ស្តែងអញ្ចឹងណ៎ា»។
ពាក់ព័ន្ធនឹងការរារាំងមិនឲ្យអាជ្ញាធរបង្កើតការិយាល័យធ្វើការនៅក្នុងតំបន់ «វត្តពន្លឺសាមគ្គី» ដែលមានអាយុជាង៦០ឆ្នាំ លោក សុធ ធឿនថ្លែងថា៖
«កន្លែងនេះ មិនមែនជាកន្លែង ក្រសួងធ្វើការ ឬក៏មន្ទីរធ្វើការរបស់គាត់ទេ។ កន្លែងហ្នឹងជា ជាផ្ទះប្រជាពលរដ្ឋ ក៏ដូចជាវត្ត ប្រជាពលរដ្ឋសម្រាប់ ទីសក្ការបូជា»។
តាមទិន្នន័យផ្តល់ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់អង្គការ NGO Forum មានសហគមន៍ចំនួនពីរគឺ សហគមន៍ភូមិស្រែគរ និងសហគមន៍ភូមិក្បាលរមាស មិនព្រមចាកចេញទីភូមិដ្ឋានដើមរបស់ខ្លួនទៅកាន់ទីតាំងថ្មីទេ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់សេសានក្រោម២ក្នុងភូមិចំនួនពីរនោះគឺ មានចំនួន៧០០នាក់ ដែលស្មើនឹង១៨០គ្រួសាររស់នៅក្នុងផ្ទះចំនួន១៤០ខ្នង។
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានតួប៊ីនសរុបចំនួន១២។
លោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ប្រាប់ VOA នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរ គ្មានចេតនាចោទពលរដ្ឋខ្លួនថា ចង់បំបែករដ្ឋនោះទេ តែអាជ្ញាធរមានចម្ងល់ថា ហេតុអ្វីបានប្រជាពលរដ្ឋទាំងនោះ មិនសហការជាមួយរដ្ឋ តែបែរជាសហការជាមួយស្ថាប័នក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា សំឡេងសហរដ្ឋអាមេរិក VOA ជាដើម។
«មន្ត្រីរដ្ឋាភិបាលយើង អត់មានចោទថាគាត់ ជាមនុស្សដែលមានបំណងបង្កើតអបគមន៍ អត់ទេ។ ប៉ុន្តែគាត់មិនឲ្យ មិនឲ្យអាជ្ញាធរ មិនឲ្យមន្ត្រីយើងចូលរួមធ្វើការងារជាមួយ អញ្ចឹងយើងអត់យល់ដែរ។ ខ្ញុំអត់យល់ សម្រាប់ខ្ញុំ ខ្ញុំអត់យល់ ទៅជាការងារជាមួយប្រជាពលរដ្ឋ អាជ្ញាធរធ្វើការជាមួយប្រជាពលរដ្ឋ និយាយអត់បាន បើ VOA បើ NGO មួយចំនួនធ្វើការ គាត់សហការជាមួយ។ អញ្ចឹងអ្នកណាទទួលខុសត្រូវ នៅពេលមានបញ្ហា NGO ទាំងអស់ហ្នឹងការពារសន្តិសុខគាត់ ឬក៏ផ្តល់សំណងឲ្យគាត់ ឬក៏អ្នកមួយចំនួនដែលមានការពាក់ព័ន្ធជាមួយហ្នឹងព្រឹត្តិការណ៍ហ្នឹង ជាអ្នកជួយជ្រោមជ្រែងឲ្យគាត់មានការរស់នៅ មានការការពារសន្តិសុខ សុវត្ថិភាព ឬបង្កើតរដ្ឋបាលដោយឡែក ពីអាជ្ញាធរ ពីរដ្ឋាភិបាល អានែវា វារឿងវាអញ្ចឹង»។
លោក ឌួង ពៅ បានបញ្ជាក់បន្តទៀតថា ការស្នើរបស់អាជ្ញាធរ ក្នុងការបង្កើតការិយាល័យធ្វើការនៅវត្តពន្លឺសាមគ្គីនោះ គឺដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ បានគៀកប្រជាពលរដ្ឋ និងងាយស្រួលធ្វើការប្រាស្រ័យទាក់ទងគ្នា គ្រាមានបញ្ហាសន្តិសុខ និងគ្រោះអាសន្នណាមួយកើតឡើង។ លោកក៏បានច្រានចោល ការចោទប្រកាន់របស់ប្រជាពលរដ្ឋ ដែលថា អាជ្ញាធរបានបញ្ជូនកម្លាំងប្រដាប់អាវុធទៅក្នុងភូមិផងដែរ។
លោកមានប្រសាសន៍ថា៖
«អត់មានយកអាវុធទៅ អត់មានប៉ូលិស អត់មានទាហានទៅទេ ទៅមន្ត្រីសុទ្ធ ហើយស្រីទៀត មន្ត្រីរាជការធម្មតា។ ទៅជួបជាមួយពួកគាត់ ទំនាក់ទំនងជាមួយពួកគាត់ ផ្សារភ្ជាប់កិច្ចការរបស់រដ្ឋជាមួយប្រជាពលរដ្ឋ។ គាត់ជួបការលំបាកយ៉ាងម៉េច គាត់ខ្វះស្អី គាត់ជួបបញ្ហាអី។ គាត់អាចទទួលយកសំណងហើយឬទៅ ឬក៏គាត់មានយោបល់យ៉ាងម៉េច គាត់មានសំណូមពរយ៉ាងម៉េច យើងរង់ចាំទទួលពីគាត់»។
ក្នុងកិច្ចខិតខំបញ្ចៀសគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីលំនៅដ្ឋានចាស់ លោកអភិបាលរងខេត្តស្ទឹងត្រែង ឌួង ពៅបានបញ្ជាក់ថា ម្ចាស់គម្រោងទំនប់ និងអាជ្ញាធរបានព្រមព្រៀង បើកទ្វារទំនប់ រយៈពេលជិតកន្លះខែមកហើយ ហើយថា ទំនប់នឹងបិទទ្វារនៅចុងខែសីហានេះ។ លោកអះអាងថា តាមទិដ្ឋភាពបច្ចេកទេស ទំនប់នេះ មិនអាចពន្យារពេលយូរ ក្នុងការបិទទ្វារ ផលិតថាមពលអគ្គិសនីនោះទេ។
លោកឌួង ពៅ បន្តថា៖
«ទីពីរ យើងចង់ឲ្យប្រជាពលរដ្ឋ មានឱកាសយូរបន្តិច ដើម្បីជម្លៀស សម្ភារៈ សត្វពាហនៈ រួមជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ ដើម្បីចេញពីលំនៅដ្ឋានរបស់គាត់ នៅពេលគេបិទទឹក។ អាហ្នឹងយើងមិនអាចពន្យារពេលយូរទេ ព្រោះអីកិច្ចការបច្ចេកទេស ហើយនិងពេលវេលា មិនអាចពន្យារបាន ពន្យារបានទេ ដូច្នេះ ក្នុងអំឡុងប្រហែលជាក្នុងយ៉ាងយូរដាច់ខែហ្នឹង ត្រូវបិទហើយ បិទទំនប់ ដើម្បីយើង បំពេញទុកក្នុងអាងសម្រាប់ ដំណើរការតួប៊ីន»។
ទោះបីជាមានប្រជាពលរដ្ឋមួយចំនួននៅក្រាញននៀលមិនចាកចេញពីលំនៅដ្ឋានចាស់ ដែលស្ថិតនៅជាន់គ្នា និងបរិវេណនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ លោក ឌួង ពៅ បានឲ្យដឹងបន្ថែមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ខាង ដោយគ្មានការប្រែប្រួលនោះឡើយ៕