តំណាងពលរដ្ឋជនជាតិដើមភាគតិចពូនងបានបន្តការតវ៉ាប្រឆាំងនឹងការស្នើរបស់អាជ្ញាធរ ដែលឲ្យពលរដ្ឋប្តូរលំនៅដ្ឋានពីភូមិចាស់ទៅកាន់ភូមិថ្មី និងទាមទារការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច និងសិទ្ធិចេញចូលក្នុងភូមិ ដោយគ្មានការរឹតបន្តឹងខាងសន្តិសុខ។ នេះបើយោងតាមញត្តិដែលត្រូវបានតំណាងជនជាតិដើមភាគតិចពូនងដាក់ជូនទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារនេះ។
គ្រាដែលការតវ៉ានេះបានបន្ត សាលាដំបូងខេត្តស្ទឹងត្រែងបានចេញដីកាកោះហៅតំណាងជនជាតិដើមភាគតិចពូនងចំនួនបីរូប ដែលរួមមានលោកដាំ សំណាង កញ្ញា ជឿន ស្រីមុំ និងអ្នកស្រី កិង បាន។ តុលាការខេត្តស្ទឹងត្រែងបានចោទប្រកាន់អ្នកទាំងបីពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
កញ្ញា ជឿន ស្រីមុំ បានប្រាប់អ្នកយកព័ត៌មាន នៅក្រៅក្រសួងមហាផ្ទៃថា អ្នកភូមិនៅក្នុងភូមិក្បាលរមាស និងស្រែគ បានប្រកាន់ជំហរមិនចាកចេញពីភូមិដ្ឋានចាស់ ហើយសុំឲ្យអាជ្ញាធរបញ្ឈប់រាល់សកម្មភាពគំរាមកំហែងនានា ដែលបានកើតឡើងតាំងពីថ្ងៃទី ១៥ ខែកក្កដាមក។ កញ្ញាថ្លែងថា រដ្ឋាភិបាលគួរពិចារណាលើសំណើរបស់ពលរដ្ឋជនជាតិដើមភាគតិច ដែលសុំឲ្យបានរស់នៅក្នុងភូមិដ្ឋានចាស់ ជំនួសការអភិវឌ្ឍទំនប់។
«ខ្ញុំគិតថា បើសិនជាពួកគាត់គាំទ្រនូវអ្វីដែលពួកខ្ញុំដាក់ គាត់នឹងដោះស្រាយ។ ប៉ុន្តែបើគាត់គាំទ្រឲ្យមានការបិទទំនប់សេសានក្រោម២ហ្នឹងទាំងស្រុងហ្នឹង ខ្ញុំគិតថា ពួកគាត់នឹងគាំទ្រនូវអ្វី ដែលកំពុងតែគាំទ្រនូវការសម្លាប់ប្រជាជនទាំងអស់ហ្នឹង»។
ពាក់ព័ន្ធនឹងដីកាកោះរបស់តុលាការ កញ្ញា ជឿន ស្រីមុំ បានប្រាប់ VOA តាមទូរស័ព្ទថា លោកព្រះរាជអាជ្ញា គឹម ហុងសាន បានចោទតំណាងបីនាក់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានកើតឡើងកាលពីថ្ងៃទី ២៣ ខែកក្កដា គឺនៅចំពេលដែលអ្នកភូមិធ្វើពិធីសែនព្រេនតាមទំនៀមទម្លាប់របស់ពលរដ្ឋជនជាតិដើមភាគតិច។ កញ្ញាលើកឡើងថា វាជារឿងអយុត្តិធម៌បំផុតដែលអ្នកភូមិគ្រាន់តែការពារលំនៅដ្ឋានខ្លួន តែបែរជារងការចោទប្រកាន់បែបនេះ។ កញ្ញាអះអាងថា បើតុលាការឯករាជ្យ ចំណាត់ការខាងច្បាប់នេះ មិនអាចធ្វើឲ្យតំណាងពលរដ្ឋមានទោសនោះឡើយ។
«ខ្ញុំអត់ភ័យទេ ព្រោះអីខ្ញុំតាំងចិត្តរួចហើយ។ បើសិនជាតុលាការឯករាជ្យមែន ខ្ញុំជឿជាក់ថា ខ្ញុំធ្វើអត់ខុសទេ។ ក្នុងនាមខ្លួនឯងការពារផ្ទះខ្លួនឯង ការពារដីធ្លី ការពារអ្វីដែលជារបស់ខ្លួនឯង គ្មានច្បាប់ណាដែលចែងថា យើងខុសទេ»។
កញ្ញា ជឿន ស្រីមុំ និងតំណាងពលរដ្ឋពីរនាក់ផ្សេងទៀត ត្រូវបានលោកព្រះរាជអាជ្ញា គឹម ហុងសាននៃសាលាដំបូងខេត្តស្ទឹងត្រែង បញ្ជាឲ្យចូលខ្លួននៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកព្រះរាជអាជ្ញា គឹម ហុងសាន នៃសាលាដំបូងខេត្តស្ទឹងត្រែងបានទេ នៅថ្ងៃអង្គារនេះ។
ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលរស់នៅក្នុងទីតាំងអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិត នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានផ្តើមការតវ៉ារបស់ខ្លួនដោយគ្មានការអើពើពីអាជ្ញាធរ តាំងពីមុនពេលសាងសង់ទំនប់នេះរហូតមកដល់បច្ចុប្បន្ន។ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ក្រុមហ៊ុនទំនប់វារីអគ្គិសនីបានផ្តើមការសាកល្បងបិទទ្វារទឹកទំនប់ចំនួន ១០ បណ្តាលឲ្យលិចផ្នែកខ្លះនៅក្នុងភូមិស្រែគ។ ទោះមានការជន់លិច ក្រុមតំណាងប្រជាពលរដ្ឋនិយាយថា អ្នកភូមិដាច់ខាតមិនចាកចេញពីភូមិដ្ឋានដើមរបស់ខ្លួនឡើយ បើទោះជាមានការចោទប្រកាន់បែបណាពីអាជ្ញាធរមូលដ្ឋានក៏ដោយ។
ទិន្នន័យផ្តល់ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់អង្គការ NGO Forum ឲ្យដឹងថា មានសហគមន៍ចំនួនពីរគឺ សហគមន៍ភូមិស្រែគ និងសហគមន៍ភូមិក្បាលរមាស មិនព្រមចាកចេញទីភូមិដ្ឋានដើមរបស់ខ្លួនទៅកាន់ទីតាំងថ្មីទេ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់សេសានក្រោម២ក្នុងភូមិចំនួនពីរនោះគឺ មានចំនួន៧០០នាក់ ដែលស្មើនឹង១៨០គ្រួសារ រស់នៅក្នុងផ្ទះចំនួន ១៤០ខ្នង។
ទំនប់សេសានក្រោម២ ដែលត្រូវបានចំណាយថវិកាអស់ប្រមាណ ៨០០លានដុល្លារអាមេរិក ហើយដែលត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤ អាចផលិតថាមពលអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់។
VOA ព្យាយាមសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែលោកជាប់រវល់ក្នុងអង្គប្រជុំ។
អ្នកស្រី សន សុខន ពលរដ្ឋជនជាតិដើមភាគតិចពូនង បានប្រាប់ VOA នៅមុខក្រសួងមហាផ្ទៃថា អ្នកភូមិមិនអាចចាកចេញពីទឹកដីដូនតារបស់ពួកគេបានឡើយ ដោយហេតុបារម្ភពីការបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច។
«ជនជាតិដើមព្នង មិនដែលថា ទៅនៅភូមិថ្មីបានទេ ព្រោះអីមានផ្នូរដូនតា អបិយជំនឿ។ មិនដែលថា ដូចថា អបិយជំនឿហ្នឹងយកពីនេះទៅនោះ អត់បានទេ។ ផ្នូរដូនតាក៏អីចឹងដែរ។ ដាច់ខាតមិនអាចទៅទេ ព្រោះអីកើតមក ឪពុកម្តាយបង្កើតមក កើតមក បើកភ្នែកឃើញមានទន្លេ មានព្រៃឈើ ច៎ា»។
ចំណែកអ្នកស្រី សារុន សុខម តំណាងពលរដ្ឋនៅក្នុងភូមិស្រែគចាស់ បានថ្លែងយ៉ាងដូច្នេះ ប្រាប់អំពីបំណងរបស់អ្នកភូមិ ដែលក្រាញននាលមិនចាកចេញពីភូមិដើម៖
«សំណូមពរទីមួយ ខ្ញុំសំណូមពរឲ្យគាត់ចុះបញ្ជីដីសមូហភាពដែលពួកខ្ញុំ ដែលមិនចាកចេញពីភូមិកំណើតហ្នឹង។ សំណូមពរទីពីរឲ្យគាត់កាត់បន្ថយគម្រោងវារីអគ្គិសនីសេសានក្រោម ២ មិនបានច្រើនក៏ឲ្យបានត្រឹម ៤០០មេហ្គាវ៉ាត់ ឲ្យបានត្រឹម ២៥០មេហ្គាវ៉ាត់ ដើម្បីឲ្យខ្ញុំរស់នៅបាន ភូមិកំណើតរបស់ខ្ញុំ។ សំណូមពរទីបី សូមឲ្យគាត់កុំគំរាមកំហែង មកបង្ខិតបង្ខំឲ្យខ្ញុំចេញពីភូមិលំនៅដ្ឋានពួកខ្ញុំហ្នឹងចា៎។ ហើយមិនឲ្យប៉ូលិស មានប៉េអឹម មានសមត្ថកិច្ច ឯណាទៅ គំរាមកំហែងតាមដងផ្លូវ ឬមួយតាមប្រជាពលរដ្ឋចេញចូល។ ខ្ញុំសូមសំណូមពរតែប៉ុណ្ណឹងទេច៎ា។ សូមឲ្យគាត់គោរពសិទ្ធិ ផ្តល់សេរីភាពឲ្យពួកខ្ញុំផងច៎ា។ ផ្តល់តម្លៃឲ្យពួកខ្ញុំផងច៎ា»។
VOA មិនអាចទាក់ទងលោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ដើម្បីសុំការអធិប្បាយបានទេនៅថ្ងៃអង្គារនេះ។ យ៉ាងណាក្តី លោកធ្លាប់បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋ ដែលថា អាជ្ញាធរបានបញ្ជូនកម្លាំងប្រដាប់អាវុធទៅក្នុងភូមិ។
លោក ឌួង ពៅ ក៏ធ្លាប់បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ ដោយគ្មានការប្រែប្រួលនោះឡើយ។
ក្នុងញត្តិរបស់អ្នកភូមិដែលបានដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកភូមិបានទាមទារឲ្យបើកដំណើរការសេវាសាធារណៈឡើងវិញ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំក្បាលរមាស និងឃុំស្រែគ រួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និងវត្តអារាម។
ក្រុមអ្នកភូមិបានប្រកាសគោលជំហរមិនចាកចេញពីភូមិចាស់ ដែលពួកគាត់កំពុងតែរស់នៅ ជាដាច់ខាត ហើយពួកគាត់សុំឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណី ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់ និងក្នុងករណីទឹកលិចភូមិដ្ឋានរបស់ពួកគាត់៕