លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងថ្ងៃប្រារព្ធខួបលើកទី៦៦នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសខ្លាំងៗថា បន្ទប់ស្ថានការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលបានធ្វើឲ្យអាប់អួរស្ថានការណ៍នយោបាយ និងស្នើឲ្យសមាជិកសភារបស់គណបក្សកាន់អំណាចធ្វើ «វិសោធនកម្មបន្ថែមទៀត»លើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីដាក់អ្នកមានពិរុទ្ធភាពនៅឲ្យឆ្ងាយពីសកម្មភាពនយោបាយ។
ថ្លែងនៅក្នុងការជួបជុំអ្នកគាំទ្រ និងសមាជិករបស់គណបក្សកាន់អំណាចរាប់ពាន់នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ នាព្រឹកថ្ងៃពុធនេះ លោកហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានចោទសួរពីភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍ដែលបានវាយតម្លៃថា ការបោះឆ្នោតឃុំ-សង្កាត់នៅមិនទាន់មានសេរីភាព និងយុត្តិធម៌ពេញលេញ។
«បញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយ នៅពេលខាងមុខនេះ នោះតើអ្វីទៅដែលហៅថា បន្ទប់ស្ថានការណ៍ ដែលក្នុងប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យអាប់អួរយ៉ាងខ្លាំង ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ។ បន្ទប់ស្ថានការណ៍បានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ?»
លោកហ៊ុន សែនបានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍អាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក។
«តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ពណ៌? ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់ លើអ្វីដែលពួកគេបាននឹងកំពុងធ្វើ ក្រោមលេសតាមពិនិត្យមើលនៃការបោះឆ្នោត»។
លោកហ៊ុន សែនបានហៅការវាយតម្លៃរបស់បន្ទប់ស្ថានការណ៍អំពីបរិយាកាសបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ថា ជាការមើលស្រាលដល់សមត្ថភាពរបស់គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលខិតខំធានាបានការរៀបចំការបោះឆ្នោតក្នុងបរិយាកាសគ្មានអំពើហិង្សា និងការភ័យខ្លាច។ លោកអះអាងថា ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបាននិយាយថា ការបោះឆ្នោតឃុំ-សង្កាត់នាឆ្នំាំនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីចុងសប្តាហ៍កន្លងទៅ បន្ទប់ស្ថានការណ៍ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងនោះមានអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក គឺអង្គការខុមហ្វ្រែល (Comfrel) បានចេញសេចក្តីថ្លែងការណ៍ចុងក្រោយ ដែលបានឲ្យដឹងថា បញ្ហាមួយចំនួនបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជា បរិយាកាស ដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពខាងហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋ ដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយ (Level of Playing Field) ដែលខ្វះសមភាព បទបញ្ញត្តិចម្រូងចម្រាសនៃក្របខណ្ឌច្បាប់បោះឆ្នោត ក៏ដូចជាច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
បន្ទប់ស្ថានការណ៍នេះបានឲ្យដឹងទៀតថា មានការខ្វះឯករាជ្យភាពរបស់មន្ត្រីតុលាការ និងការលម្អៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដែលដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ និងការគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង និងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល។ ទាំងនេះនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ។
បីថ្ងៃក្រោយការចេញសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ គ.ជ.ប. កាលពីថ្ងៃអង្គារបានប្រតិកម្មតបនឹងបន្ទប់ស្ថានការណ៍ ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖
«គ.ជ.ប.មានការសោកស្តាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានព្រឹត្តិការណ៍ជាក់ស្តែងមកឆ្លុះបញ្ចាំងការណ៍ពិតទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់គ.ជ.ប. ដែលអាចធ្វើឲ្យសាធារណជនមានការយល់ច្រឡំលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២៧ ខែមិថុនា គ.ជ.ប.បានបញ្ជាក់ថា គ្មានការបោះឆ្នោតណាមួយ ដែលរៀបចំឡើងបានល្អឥតខ្ចោះ ១០០ភាគរយនោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ គ.ជ.ប.បានបញ្ជាក់ក្នុងន័យដើមថា៖
«ជាទូទៅ នៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពុំមានពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីធ្ងន់ធ្ងរនៅការិយាល័យបោះឆ្នោតទេ ហើយគ្រប់កំណត់ហេតុ នៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតសុទ្ធតែមានចុះហត្ថលេខាទទួលស្គាល់ដោយភ្នាក់ងារនៃគណបក្សនយោបាយនៅគ្រប់ការិយាល័យបោះឆ្នោត ហើយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទម្រង់១១០២ គ.ជ.ប.បានផ្សព្វផ្សាយ និងបង្ហោះតាមគេហទំព័រ គ.ជ.ប.ឲ្យសាធារណជនបានដឹង»។
នាថ្ងៃប្រារព្ធខួបលើកទី៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ១៩៥១ ក្រោមឈ្មោះថា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា» ដើម្បីប្រឆាំងនឹងរបបអាណានិគមនិយមបារំាង លោកហ៊ុន សែនមានការថ្នាំងថ្នាក់នឹងអ្នកនយោបាយមានពិរុទ្ធភាព ដែលបានវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយការរិះគន់ជាបន្តបន្ទាប់ ចាប់តាំងពីមុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់ និងក្រោយការបោះឆ្នោតថ្នាក់មូលដ្ឋានដ៏សំខាន់នេះ។
លោកហ៊ុន សែនបានស្នើឲ្យក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារៀបចំធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយបន្ថែមទៀត ដើម្បីដាក់អ្នកនយោបាយដែលត្រូវបានតុលាការកាត់ទោសឲ្យនៅឆ្ងាយពីដែននយោបាយកម្ពុជា។
«ខ្ញុំស្នើសមាជិកសមាជិកានៃសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ពិនិត្យមើលអាចស្នើសុំធ្វើការ ធ្វើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយដែលកុំឲ្យ ពួកដែលគេហៅអ្នកទោស អាចធ្វើសកម្មភាពតាមរបៀបនេះ ព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ។ នៅក្នុងដំណើរការប្រជាធិបតេយ្យ យើងមិនបានខ្លាចអ្នកទេ ក៏ប៉ុន្តែយើងមិនចង់ឲ្យអ្នកមកច្របូកច្របល់ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ»។
លោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះចំៗអ្នកនយោបាយណាដែលតុលាការរកឃើញថា មានទោសដោយនោះទេ តែអ្នកនយោបាយមួយរូបដែលធ្លាប់អះអាងថា មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នខ្លាចរូបលោកនោះគឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកកំពុងរស់នៅក្នុងប្រទេសបារំាង។
ក្នុងបទសម្ភាសន៍ដែលធ្វើឡើងដោយ VOA ជាមួយលោកសម រង្ស៊ី កាលពីដើមខែមិថុនានេះ អតីតមេគណបក្សប្រឆាំងដ៏ធំមួយនេះបានថ្លែងថា លោកហ៊ុន សែនភ័យខ្លាចវត្តមានរបស់លោក ដោយបានហាមឃាត់មិនឲ្យលោកធ្វើដំណើរមកជាន់ដីនៃមាតុប្រទេសរបស់លោក។ ហើយក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយវិទ្យុអាស៊ីរី លោកសម រង្ស៊ីបានចាត់ទុកថា លោកហ៊ុន សែនជាមនុស្សកំសាក។
យ៉ាងណាក្តី លោកហ៊ុន សែន នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យលោកសម រង្ស៊ីចូលមកប្រទេសវិញ បើលោកសម រង្ស៊ីមានចិត្តសឿងគ្រាន់បើ។ ការអំពាវនាវឲ្យអតីតមេគណបក្សប្រឆាំងវិលចូលប្រទេសវិញនេះ ធ្វើឡើង ក្រោយពីរដ្ឋាភិបាលរបស់លោកហ៊ុន សែនបានសម្រេចលុបចោលបម្រាមហាមឃាត់មិនឲ្យយន្តហោះដឹកលោកសម រង្ស៊ីមកប្រទេសកម្ពុជា។
ទាក់ទិននឹងការស្នើរបស់លោកហ៊ុន សែនឲ្យក្រសួងមហាផ្ទៃពិនិត្យភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍ មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រសួងកំពុងពិនិត្យលើវិធានការច្បាប់នានា និងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ដែលអាចឆ្លើយតបទៅនឹងសកម្មភាពរបស់បន្ទប់ស្ថានការណ៍ ដែលបានផ្តល់ព័ត៌មានមិនពិត ហើយអាចបង្កភាពវឹកវរក្នុងប្រទេស។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នារសៀលថ្ងៃពុធនេះ យ៉ាងដូច្នេះថា៖
«គាត់ថា មានការបំភិតបំភ័យ ប្រជាជនមិនទៅបោះឆ្នោតអី ក៏ប៉ុន្តែខ្ញុំគិតថា នែ៎ តួលេខនេះ តួលេខដែលទៅបោះឆ្នោតហ្នឹងមានចំនួនលើស៩០ភាគរយនៃអ្នកចុះឈ្មោះរួចទៅហើយ។ អីចឹងបានថា ដូចជាអត់មានការភិតភ័យអីទេ។ ដូច្នេះអ្វីដែលគាត់បាននិយាយមកហ្នឹង វាមិនត្រឹមត្រូវតាមគោលការណ៍ជាក់ស្តែងទេ ហើយព័ត៌មាននេះអាចដូចជាព័ត៌មានអុជអាល ដូចជាចង់ឲ្យប្រជាពលរដ្ឋទាំងអស់មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត អាចនឹងនាំឲ្យមានភាពវឹកវរ ទៅដល់សង្គមជាតិយើងទៀតផង»។
រីឯលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចនឹងកោះប្រជុំក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីពិភាក្សាលើការស្នើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបញ្ចប់សកម្មភាពនយោបាយរបស់អ្នកនយោបាយ ដែលជាទណ្ឌិត។ លោកថា តំណាងរាស្ត្រគណបក្សកាន់អំណាចនឹងស្នើឲ្យមានវិសោធនកម្ម ទោះជាមានការរិះគន់យ៉ាងណាក្តី។
«ទេ អត់មានឈឺក្បាលរឿងរិះគន់ទេបាទ! ពីព្រោះអាហ្នឹង យើងធ្វើត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ ហើយទុកបណ្តោយឲ្យជនអនាធិបតេយ្យដើរតាពីសតាពាសអីចឹងអ្ហេ! ទីមួយអត់មានសមាជិកគណបក្សណាមួយផង ហើយទីពីរមិនមែនជាប្រធានគណបក្សផង ហើយចេះតែអុកឡុក អាដែងសភាពការណ៍ស្រុកទេសឲ្យគេ ១៥លាននាក់ហ្នឹងវេទនាចិត្តដោយសារមនុស្សម្នាក់ដែលជាទណ្ឌិតហ្នឹងអ្ហេ! នែ៎ យើងមិនញញើតនឹងធ្វើទេបាទ»។
VOA ព្យាយាមសុំការអធិប្បាយពីលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ តែនៅមិនទាន់អាចទាក់ទងបាន នៅថ្ងៃពុធនេះ។
លោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល សុំមិនធ្វើការអធិប្បាយទេ។ ប៉ុន្តែអង្គការខុមហ្វ្រែល និងអង្គការនិចហ្វិចបានចេញសេចក្តីថ្លែងការណ៍នាល្ងាចថ្ងៃពុធនេះ ដោយបានពន្យល់ថា អង្គការឃ្លាំមើលការបោះឆ្នោតទាំងពីរនេះជាអ្នករៀបចំ និងចាត់ចែង«បន្ទប់ស្ថានការណ៍» ដែលជាវេទិកាអព្យាក្រឹត្យឥតលម្អៀង។
សេចក្តីថ្លែងការណ៍នេះបានបន្តថា អង្គការ និងសមាគមចំនួន៤០ទៀតបានចូលរួមដោយស្ម័គ្រចិត្តជាមួយបន្ទប់ស្ថានការណ៍នេះ ក្នុងគោលបំណងសម្របសម្រួល និងសហការរួមគ្នាដើម្បីប្រមូលផ្តុំធនធាន ដើម្បីបង្កើនសមត្ថភាព និងការរួមចំណែកសហការជាមូលនិធិ ឬគាំទ្រ ដើម្បីដំណើរការផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត ចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងការបោះឆ្នោត ធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ដោយផ្អែកលើបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទីបួន ឆ្នាំ២០១៧។
ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជាត្រូវអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា បានបង្កើនការរឹតបន្តឹងទៅលើសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងការប្រើប្រាស់សិទ្ធិនយោបាយ។
ការអនុម័តច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលបានទទួលរងការទិតៀនយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តែទីបំផុតច្បាប់នេះត្រូវបានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាអនុម័ត និងបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ ចុងក្រោយនេះគឺ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានផ្តល់ការយល់ព្រមលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងផងដែរពីសហគមន៍អន្តរជាតិ និងអង្គការក្នុងស្រុក និងក្រៅប្រទេស ដោយហេតុថា ការអនុម័តវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយនោះមានគោលបំណងរំលាយគណបក្សនយោបាយណា ដែលមេដឹកនាំត្រូវបានរកឃើញថា បានប្រព្រឹត្តទោសកំហុស៕