ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​បម្រើ​រាស្ត្រឱ្យ​ច្រើន​ជាង​មុន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

«ដំបូង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា​ ​យើង​​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាជន​ទេ។​ ​នេះ​ជា​ចំណុច​សំខាន់​លើក​ដំបូង​បំផុត ​ដែល​មន្រ្តី​ទាំងអស់​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​តួនាទី​របស់​ខ្លួន ​មិនមែន​ជា​ចៅហ្វាយ​ទេ​ តែ​គឺជា​ខ្ញុំ​បម្រើ​របស់​ប្រជា​ជន»។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ​បាន​ព្រមានមន្រ្តី​របស់​លោកមិន​ត្រូវ​ធ្វើ​ឥរិយាបថ​ក្រអឺត​ក្រទមដាក់​ប្រជា​ពលរដ្ឋ​ ​និង​បានណែនាំ​ឲ្យ​មន្រ្តី​ទាំង​នោះ​ធ្វើខ្លួន​ឲ្យ​ដូច​ជា ខ្ញុំ​បម្រើ​ដ៏​ស្មោះត្រង់​ ដែល​ត្រូវបម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​ដូច​ចៅ​ហ្វាយ​នាយ។

ថ្លែង​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​បាន​ផ្តល់​ដំបូន្មាន​ជាច្រើន​ដល់​មន្រ្តី​ទើប​តែ​បញ្ចប់​ការសិក្សា​ ​និង​មន្រ្តី​ដែល​កំពុង​ធ្វើ​ការងារ​បម្រើ​រាជការ​ ​ឲ្យ​ចេះ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជា​ពលរដ្ឋ​ ​និង​ត្រូវ​ចេះ​ទទួល​ខុសត្រូវ។​ ​លោក​លើក​ឡើង​ថា ​មន្រ្តី​ទាំង​អស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជា​ពលរដ្ឋ​ ដោយ​ដាក់​ខ្លួន​ បន្ទាប​កាយ​ជា​ខ្ញុំ​បម្រើ​របស់​ប្រជា​ពលរដ្ឋ ​និង​មិន​ត្រូវ​ដំឡើង​ខ្លួន​ជា​ចៅហ្វាយ​នាយ​របស់ប្រជា​ពលរដ្ឋ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដំបូង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា​ ​យើងជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាជន​ទេ។​ ​នេះ​ជា​ចំណុច​សំខាន់​លើក​ដំបូង​បំផុត ​ដែល​មន្រ្តី​ទាំងអស់​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​តួនាទី​របស់​ខ្លួន ​មិនមែន​ជា​ចៅហ្វាយ​ទេ​ តែ​គឺជា​ខ្ញុំ​បម្រើ​របស់​ប្រជា​ជន»។​

លោកហ៊ុន សែន ​ដែល​ល្បីខាងការ​គំរាម​ថា​ ​មាន​សង្គ្រាម​ ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ការ​បោះ​ឆ្នោត​នោះ​ ​បន្ថែម​ថា​ ភាព​ក្រអឺត​ក្រទម​របស់​មន្រ្តី​ក៏​ជា​បញ្ហា​ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ពេញចិត្ត​ ហើយ​ត្រូវ​កែ​លម្អ។​

លោក​បញ្ជាក់​ថា៖​

«ពួក​គាត់​ (ប្រជា​ពលរដ្ឋ)​គឺ​ជា​ចៅហ្វាយ​ យើង​គឺ​ជា​ខ្ញុំ​បម្រើ។​ ​អីចឹងត្រូវ​ធ្វើម៉េច​ឲ្យ​ចៅហ្វាយ​ពេញចិត្ត។​ នេះ​គឺ​ជា ​បញ្ហា​ដែល​អស់​លោក​ត្រូវ​រៀបចំ​ឥរិយាបថ​បែប​ណា?​ ដើម្បី​ឆ្លើយ​តប​ជាមួយ​ចៅហ្វាយ ​ក្នុង​ពេល​ដែល​ចៅហ្វាយ​ត្រូវការ»។​

ការ​លើកឡើង​របស់​លោក​ហ៊ុន សែន​ដ៏មាន​ឥទ្ធិពល​គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ ​បន្ទាប់​ពី​ការ​បង្ហាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤​ ​កាលពី​ថ្ងៃ​អាទិត្យ។​ លទ្ធផល​ផ្លូវការ​ដែល​បង្ហាញ​ដោយគ.ជ.ប. កាល​ពី​ថ្ងៃ​អាទិត្យ​ ​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ជាង​៣លាន​៥​សែន​សំឡេង​គឺ​ស្មើ​នឹង​៥០,៧៦​ភាគរយ​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ជាង​៣​លាន​សំឡេង​គឺស្មើ​នឹង​៤៣,៨៣​ភាគរយនៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សរុប​ជាង​៧​លាន​នាក់។​ ​តួលេខ​នេះបង្ហាញ​ថា​ ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង​៣០ឆ្នាំ​ ​មាន​ចំនួន​ច្រើន​ជាង​គណបក្សប្រឆាំង​តែ​ជាង​៥សែន​សំឡេង​ ​ឬ​ស្មើ​នឹង​ជាង​៦​ភាគរយ​តែ​ប៉ុណ្ណោះ។​

រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)
រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោកហ៊ុន សែន​ក៏​បាន​ជំរុញ​ឲ្យ​តែងតាំង​យុវជន​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ ​ធ្វើ​ការដោយ​មិន​គិត​ពី​អាយុ​ ​និង​ប្រាប់​ឲ្យ​មន្រ្តី​ទាំង​អស់​បញ្ចប់​វប្បធម៌​ប្តី​ស័ក្តិ​៣​ ​ប្រពន្ធ​ស័ក្តិ៤​ ​និង​កូន​ស័ក្តិ៥​ ​ដែល​លោក​អះអាង​ថា​ ​នេះជា​វប្បធម៌​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្អប់​ខ្ពើម​ខ្លាំង។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ ​និង​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​គឺជា​ យុទ្ធសាស្រ្ត​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ឡើង​វិញ​ ​ខណៈ​ដែល​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា។​

លោកមាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​ ប្រាប់​ VOA​ ​ថា​ ​ភាព​អវិជ្ជមាន​របស់​មន្រ្តី​រដ្ឋាភិបាល​គឺ​ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដក​សេចក្តី​ទុកចិត្ត​ពី​មេដឹកនាំ។​ លោក​បន្ថែម​ថា​ ​ការ​ថ្លែង​ណែនាំឲ្យ​មន្រ្តី​រដ្ឋាភិបាលយក​ចិត្ត​ទុក​ដាក់​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​គឺជា​សកម្មភាព​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ឡើង​វិញ។

លោកមាស នី​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​ត្រូវ​តែកែប្រែ​ភាព​អវិជ្ជមាន​ដែលកំពុង​កើត​មាន​ក្នុង​សង្គម ​ប្រសិន​បើ​មិន​ចង់​ឲ្យ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋកាន់តែ​ថយ​ចុះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ផ្តល់​សេវាកម្ម​ហ្នឹង​គឺ​ទាល់​តែ​រួម​ទាំង​ការ​ផ្តល់​នូវ​អត្តចរិត​សមស្រប​ផង​សម្រាប់​អ្នក​បម្រើ​សេវា​កម្ម។​ ​ហើយ​រឿង​មួយ​ទៀត ​ដែល​ជា​រឿង​រសើប​ដែរ​នោះ​គឺ​ ធ្វើ​ម៉េច​ឲ្យ​មន្រ្តី​រាជការ​ហ្នឹង​ មាន​ប្រាក់ខែ​គ្រប់គ្រាន់​ ​មាន​បៀវត្សរ៍​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន។​ ខ្ញុំ​គិត​ថា​ អំពើ​ពុករលួយ​ផ្សេងៗ​វា​នឹង​អាច​ដោះស្រាយ​បន្ត​បន្ទាប់។​ ​វា​អាច​បន្ធូរ​ទៅតាម​ហ្នឹង​ដែរ ​ព្រោះ​រាល់​ថ្ងៃ​នេះ យើង​ឃើញ​ថា​ ​មន្រ្តី​រាជការ​ ​បើ​យើង​មើល​ទៅ​គឺ​អ្នក​ដែល​មិនសូវ​ពេញ​ចិត្ត​រដ្ឋាភិបាល​ហ្នឹង​ យើង​មើល​ទៅ​ឃើញ​ថា មាន​ច្រើន​ដែរ»។​

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។

លោកយឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL) ​លើក​ឡើង​ថា​ ​ជា​ទូទៅ​លទ្ធ​ផល​បោះឆ្នោតរវាង​គណបក្ស​នយោបាយ​ដែល​មាន​ភាព​ប្រកៀក​ប្រកិត​គ្នាគឺ តែង ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ​បារម្ភ​ ​និង​ខិតខំ​កែ​លម្អភាព​អវិជ្ជមាន​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​យក​ការ​គាំទ្រ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ការ​កែទម្រង់​រាល់​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​

លោកយឿង សុធារ៉ា​បញ្ជាក់​ថា៖​

«យើង​ទទួល​ស្គាល់​ដែរ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល។​ ​ប៉ុន្តែទន្ទឹម​នឹង​នោះ​ ​រឿង​មួយ​ចំនួន​ គាត់​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នោះ​លេច​ឮ​ ​សាយភាយ​ ធ្វើ​ឲ្យ​ខូច​កិត្តិយស​ ​ឬ​ធ្វើ​ឲ្យ​ស្អុយ​កិត្យានុភាព។​ ​ដូច្នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ ​ដែល​គេ​រក​ឃើញ​ថា​ មាន​ប្រហែល​៣០​ភាគរយ​ ​អ្នក​អត់​មាន​និន្នាការ​ច្បាស់​លាស់​ហ្នឹង​ ​រត់​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​ ​ឬ​មាន​អ្នក​ក្នុង​គណបក្ស​កាន់​អំណាច​រត់​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​អី​ជា​ដើម​អីចឹងទៅ»។​

រូបឯកសារ៖ លោកយឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)។
រូបឯកសារ៖ លោកយឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)។

នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយនិយាយ​ថា លទ្ធផល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់អាណត្តិ​ទី​៤​នេះ​បង្ហាញ​ថា​ ​គណបក្ស​កាន់​អំណាចលែង​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​តែ​ទាំង​ស្រុង​ពី​សហគមន៍​រងគ្រោះ​ដោយ​សារ​ដីធ្លី​ ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

កន្លង​មក​ ​ប្រជា​ពល​រដ្ឋ​តែង​រិះគន់​សេវា​សាធារណៈ​ ដែល​ផ្តល់​ដោយ​មន្រ្តី​រដ្ឋាភិបាល​ ​ថា​ មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ​របស់​ខ្លួន​ បក្ខពួក​និយម​ ​និង​អំពើ​ពុករលួយ​ជាដើម។​

ទាំង​ស្ថាប័នជាតិ​ ​និងអន្តរជាតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាមាន​ភាព​ផុយ​ស្រួយ​ ​ហើយថា ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏​ស្ថិត​ក្នុង​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ ​ទោះជា​យ៉ាងណា​ ​រដ្ឋាភិបាល​ធ្លាប់​បាន​ច្រានចោល​ការ​លើកឡើង​ទាំងនោះ​ ​ដោយ​អះអាង​ថា​ ខ្លួន​អនុវត្ត​ការ​ដឹកនាំ​ប្រទេស​បែប​នីតិរដ្ឋ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG