បន្ទប់ស្ថានការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានរកឃើញថា គណបក្សកាន់អំណាចបានចំណាយប្រាក់ប្រមាណ ២៤លានដុល្លារអាមេរិក សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ខណៈដែលគណបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗទៀត ក៏បានបង្កើនថវិកាក្នុងការឃោសនានេះផងដែរ។
ថ្លែងក្នុងបន្ទប់ស្ថានការណ៍ ដែលបានរៀបចំឡើងនៅទីស្នាក់ការរបស់អង្គការឃ្លាំមើលការបោះឆ្នោតគឺខុមហ្វ្រែល (Comfrel) កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសៀន ប៊ុនរិទ្ធ មន្ត្រីអង្កេតរបស់អង្គការខុមហ្រ្វែល បានឲ្យដឹងថា គណបក្សចំនួនបួនគឺ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្កើនការចំណាយរបស់ខ្លួនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់។
បង្ហាញរបស់លោកសៀន ប៊ុនរិទ្ធបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានចំណាយ ក្នុងមួយឃុំប្រមាណ១៥.០០០ដុល្លារអាមេរិក ហើយជាទូទៅគណបក្សកាន់អំណាចនេះបានចំណាយប្រមាណ ២៤លានដុល្លារអាមេរិកសម្រាប់សកម្មភាពឃោសនាគោលនយោបាយរបស់គណបក្ស។
«បួនគណបក្សហ្នឹងយើងឃើញថា គណបក្សប្រជាជនកម្ពុជាគាត់នៅតែចំណាយខ្ពស់ច្រើនជាងគេសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ហ្នឹង។ បើយើងគិតតែមួយឃុំវិញ គាត់ចំណាយខ្ទង់ប្រមាណជា ១៥.០០០ដុល្លារ ខណៈដែលគណបក្សសង្គ្រោះជាតិចំណាយប្រហែលជា៣.៥០០ដុល្លារទេ អាហ្នឹងបើយើងគិតជាឃុំ បាទ»។
លោកសៀន ប៊ុនរិទ្ធថ្លែងបន្តថា៖
«ប៉ុន្តែបើសិនបើយើងមើលជាទូទៅវិញ យើងឃើញថា គណបក្សប្រជាជនកម្ពុជាក៏ចំណាយប្រមាណជា២៤លានដុល្លារសម្រាប់ការបោះឆ្នោតទាំងមូលការឃោសនាហ្នឹង ខណៈដែលសង្គ្រោះជាតិចំណាយត្រឹមតែ ៥,៦លានដុល្លារប៉ុណ្ណោះ»។
បទបង្ហាញរបស់អ្នកសង្កេតការណ៍រូបនេះបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែនបានបង្កើនការចំណាយរបស់ខ្លួនពីប្រមាណ ៩.០០០ដុល្លារក្នុងមួយឃុំក្នុងការឃោសនានៅឆ្នាំ២០១២ មកដល់ ១៥.០០០ដុល្លារក្នុងការឃោសនានៅឆ្នាំ ២០១៧ក្នុងមួយឃុំ។
រីឯគណបក្សប្រឆាំងដឹកនាំដោយលោកកឹម សុខាបានបង្កើនការចំណាយពី១.៨០០ដុល្លារក្នុងមួយឃុំទៅលើការឃោសនានៅឆ្នាំ២០១២ មកដល់៣.៥០០ដុល្លារទៅលើការឃោសនាក្នុងមួយឃុំនៅឆ្នាំ២០១៧។
គណបក្សតូចៗពីរផ្សេងទៀតគឺ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏បានបង្កើនការចំណាយរបស់ខ្លួនតិចតួចលើការឃោសនា។ គណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានបង្កើនការចំណាយពី២០០ដុល្លារនៅឆ្នាំ២០១២ មក៥០០ដុល្លារនៅឆ្នាំ២០១៧ ហើយសម្រាប់ការបោះឆ្នោតទាំងមូល គណបក្សនេះចំណាយប្រមាណ៤៥០.០០០ដុល្លារ។ យើងមិនមានតួលេខការចាយវាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនានៅឆ្នាំ២០១២នោះទេ តែក្នុងឆ្នាំ២០១៧គណបក្សនេះបានចំណាយ ៩០០ដុល្លារលើការឃោសនាក្នុងមួយឃុំ ហើយសម្រាប់ការបោះឆ្នោតទាំងមូល គណបក្សនេះបានចំណាយប្រមាណ៧៧០.០០០ដុល្លារ។
លោកសៀន ប៊ុនរិទ្ធបានពន្យល់ថា ការគណនាចំណាយរបស់គណបក្សនយោបាយនីមួយៗនេះ គឺធ្វើឡើងដោយផ្អែកលើការអង្កេត និងសាកសួរព័ត៌មានពីការចំណាយរបស់គណបក្សនយោបាយចំនួនបួនក្នុងឃុំ-សង្កាត់ចំនួនប្រាំបួនក្នុងបីរាជធានី ខេត្ត ជាមួយការគណនាខ្ទង់ចំណាយសម្រាប់ការបោះឆ្នោតទាំងមូល ដោយយកខ្ទង់ចំណាយសម្រាប់មួយឃុំសង្កាត់ គុណនឹងចំនួនឃុំសង្កាត់ដែលគណបក្សឈរឈ្មោះ។ លោកថា ការគណនាធ្វើឡើងដោយផ្អែកលើសកម្មភាពសំខាន់ៗចំនួនប្រាំគឺការហែក្បួនឃោសនា ការជួបប្រជុំ ការបិទរូបភាព ស្លាកសញ្ញាគណបក្ស ការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេង និងការចែកខិតបណ្ណ។
ក្នុងបទបង្ហាញរបស់លោក លោកប៊ុនរិទ្ធបានឲ្យដឹងថា បក្សកាន់អំណាចបានថវិកាឃោសនាពីថ្នាក់ខេត្ត រាជធានី បក្សប្រឆាំងបានមកពីថ្នាក់ខេត្តរាជធានី និងអ្នកគាំទ្រ ចំណែកបក្សរាជានិយមហ៊្វុនស៊ីនប៉ិចបានមកពីថ្នាក់ខេត្ត រាជធានី និងបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានមកពីអ្នកគាំទ្រ។
ការបោះឆ្នោតជ្រើសរើសមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ជាង១២.០០០នេះត្រូវបានគេមើលឃើញថា ជាការបង្ហាញនូវការប្រជែងគ្នារវាងគណបក្សនយោបាយពីរធំៗគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខណៈដែលមានការគំរាមកំហែងអំពីសង្គ្រាមស៊ីវិល និងការបង្រ្កាបទៅលើការខ្វែងគំនិតខាងនយោបាយ នៅមុនការបោះឆ្នោតជាតិដែលនឹងមកដល់នៅពាក់កណ្តាលឆ្នាំក្រោយនេះ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមការងារនៅតាមឃុំសង្កាត់នីមួយៗជាប្រភពថវិការបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការឃោសនានយោបាយ។ លោកថា រយៈពេលឃោសនាដែលបានកាត់បន្ថយពីចំនួន ២១ថ្ងៃមកនៅត្រឹម ១៤ថ្ងៃ និងការហែក្បូនធំៗតិចតួច មិនអាចធ្វើឲ្យគណបក្សនយោបាយនានាចាយលុយច្រើននោះទេ តួយ៉ាងគឺ គណបក្សកាន់អំណាច។
«អីចឹងការវាយតម្លៃរបស់ជនណាទាំងអស់នោះ ឬក្រុមជនណាដែលថា ចាយលើសហ្នឹង អាហ្នឹងគឺថា ខ្លួនឯងហ្នឹងបំផ្លើសការណ៍ពិតហើយ!»
យ៉ាងណាក៏ដោយ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការរកឃើញការចំណាយរបស់អង្គការ Comfrel គឺខុសពីការគណនារបស់គណបក្សសង្គ្រោះជាតិ ដែលបានរកឃើញថា បេក្ខជនគណបក្ស និងសប្បុរសជនក្នុង និងក្រៅប្រទេសជួយថវិកា ដែលធ្វើឲ្យគណបក្សចាយប្រមាណតែ២លានដុល្លារសម្រាប់ការឃោសនានៅទូទាំងប្រទេស។
«គណបក្សមានការគាំទ្រច្រើន បេក្ខជនគាត់ក៏បានលះបង់ច្រើន។ ទាំងសប្បុរសជននៅក្នុងប្រទេស និងនៅក្រៅប្រទេសក៏គាត់បានជួយ។ ដូច្នេះយើងចំណាយប្រមាណជា ២លានដុល្លារទូទាំងប្រទេសហ្នឹង គឺខុសតួលេខពី Comfrel បន្តិច។ ខ្ញុំមិនដឹង Comfrel គាត់គិតគូរតាមរូបមន្តណាទេ ប៉ុន្តែចំពោះគណបក្សសង្គ្រោះជាតិដែលតួលេខមាន ដែលខ្ញុំបានធ្វើការស្ទាបស្ទង់ និងប្រមូលតួលេខពីតាមបណ្តាខេត្តមកហ្នឹង គឺប្រមាណជា២លានដុល្លារ»។
បន្ទប់ស្ថានការណ៍ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា បញ្ហាមួយចំនួនបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជា បរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយ (Level of Playing Field) ដែលខ្វះសមភាព និងបទបញ្ញត្តិបដិវាទខ្លះនៃក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
សេចក្តីថ្លែងការណ៍នេះបានបន្តឲ្យដឹងថា មានការខ្វះឯករាជ្យភាពរបស់មន្ត្រីតុលាការ និងការលំអៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដែលដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ និងការគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង និងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល។ ទាំងនេះនាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញនៅឡើយ។
ទាក់ទិនហិរញ្ញវត្ថុរបស់គណបក្សនយោបាយ បន្ទប់ស្ថានការណ៍ក៏បានស្នើឲ្យមានតម្លាភាពនៃហិរញ្ញវត្ថុឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel ដែលជាសមាជិកក្នុងបន្ទប់ស្ថានការណ៍ថ្លែងថា៖
«យើងព្យាយាមធ្វើម៉េចជំរុញឲ្យគណបក្សនយោបាយបើកចំហ។ បើកចំហការចំណាយរបស់ខ្លួន ឲ្យប្រជាពលរដ្ឋដឹងដែរ។ អាហ្នឹងជួយឲ្យគាត់បានការទុកចិត្តពីអ្នកបោះឆ្នោត»។
យ៉ាងណាក្តី នាថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រតិកម្មទៅនឹងរបាយការណ៍របស់បន្ទប់ស្ថានការណ៍ ដែលបានវាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ មិនទាន់មានលក្ខណៈសេរី និងយុត្តិធម៌ពេញលេញ។ លោកហ៊ុន សែនបានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប.)បានខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ តែនៅរងការទិតៀនពីគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
«ប៉ុន្តែបែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថា មានបន្ទប់ [ស្ថានការណ៍] ចាត់ទុកថា មិនទាន់សេរីទេ។ អីចឹងទេ ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេគឺពេលដែលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅហ្នឹងកន្លែង អាហ្នឹងសេរីហើយ»។
លោកហ៊ុន សែនបានស្នើឲ្យភាគីពាក់ព័ន្ធក្នុងការបោះឆ្នោតឃុំ-សង្កាត់ទទួលយកលទ្ធផលបោះឆ្នោតដែលចេញដោយគ.ជ.ប.កាលពីថ្ងៃអាទិត្យ ដោយមិនត្រូវសម្តែងការមិនសុខចិត្តប្រឆាំងនឹងលទ្ធផលនោះទេ។
ដោយឡែក ក្រុមអ្នកសង្កេតការណ៍របស់បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី ហៅកាត់ថា Anfrel ដែលបានឃ្លាំមើលដំណើរនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ កាលពីដើមខែមិថុនាបានស្នើឱ្យភាគីពាក់ព័ន្ធក្នុងការរៀបចំការបោះឆ្នោត បង្កើតក្របខណ្ឌច្បាប់ ដើម្បីទប់ស្កាត់ការទិញសន្លឹកឆ្នោត និងធ្វើឲ្យមានតម្លាភាពនៃហិរញ្ញវត្ថុ សម្រាប់ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ៕