ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំងពីរ​បន្តផ្ញើ​រសារ​វាយ​ប្រហារ​គ្នា​ទាក់ទិន​ការ​បោះឆ្នោត​ឃុំ-សង្កាត់


រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ លោក កឹម សុខា (ស្តាំ)​ ប្រធានគណបក្សសង្គ្រោះជាតិ បោះឆ្នោត​នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ (ខាន់​ សុគុំមនោ​/អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ លោក កឹម សុខា (ស្តាំ)​ ប្រធានគណបក្សសង្គ្រោះជាតិ បោះឆ្នោត​នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ (ខាន់​ សុគុំមនោ​/អូន ឆេងប៉រ/VOA)

ឆ្លើយ​តប​នឹង​គណបក្ស​​ប្រឆាំង​ ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ ​ គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​យប់​ថ្ងៃចន្ទ​​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រានចោល​ភ្លាមៗ​ ​ដោយ​​ចាត់​ទុក​​ថា​ ការ​លើកឡើង​របស់​គណបក្ស​សង្គ្រោះជាតិ​​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា​ មាន​ភាព​លម្អៀង​ ​មិន​ឯករាជ្យ​ ​និង​រើសអើង​នោះ​​គឺជា​ការ​មួល​បង្កាច់​គ្មាន​ការ​ពិត​ ​និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​គឺ​ គណបក្ស​ដឹក​នាំ​ប្រទេស​របស់​លោក​ហ៊ុន សែន​ ​និង​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ ​បាន​បន្ត​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ។​ ​ក៏ប៉ុន្តែ​គិតត្រឹម​ថ្ងៃ​អង្គារ​នេះ​ ​មិនទាន់​មាន​គណបក្ស​ណាមួយ​ជំទាស់​ ឬ​ដាក់​ពាក្យ​បណ្តឹង​ទាក់ទិន​នឹង​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ​នេះ​នៅ​ឡើយ​ទេ។​

ការ​ផ្តោះផ្តង​ពាក្យ​សម្តី​រវាង​គណបក្ស​ធំៗ​ទាំងពីរ​ក្នុង​ប្រទេស​កម្ពុជា​កើត​មាន​កាល​ពី​ថ្ងៃ​ចន្ទ​ ​ក្រោយ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ​និង​បង្ហាញ​ភាព​លម្អៀង​មួយ​ចំនួន​ក្នុង​ពេល​រាប់​សន្លឹក​បោះឆ្នោត​ ​និងអយុត្តិធម៌។​ ​តែ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ជំទាស់​ត្រូវ​បក្ស​កាន់​អំណាចច្រាន​ចោល​ភ្លាមៗ និង​បានថ្កោលទោសការ​លើក​ឡើង​របស់គណបក្ស​ប្រឆាំង​ថា​ ជា​ការមួល​បង្កាច់​គ្មាន​ការ​ពិត។​

លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ ​ប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​គ្រប់​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​សុទ្ធ​តែជា​ការ​មួល​បង្កាច់​ខុស​ពី​ការ​ពិត​ ​និង​មិន​អាច​ទទួល​យក​បាន។​ ​លោក​បន្ថែម​ថា​ ​ការ​ឆ្លើយ​តប​របស់​គណបក្ស​កាន់​អំណាច​គឺ ​ចង់​បង្ហាញ​ពី​ភាព​ទុច្ចរិតរបស់​គណបក្ស​ប្រឆាំង។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ណា​យុទ្ធនាការ​ ​ឬ​មួយ​មុន​ពេល​យុទ្ធនាការ​ក៏​ដោយ ​គឺ​ថា ​មាន​បញ្ហា​អី​មិន​ប្រក្រតី​ដែល​យើង​ចាប់​ចំណុច​អ្នកណាមួយ​ថា​ ខុសឆ្គង​ ​យើង​ប្តឹង​ទៅ!​ ​គេ​ដោះ​ស្រាយ​ហើយ! ​ចាំ​បាច់​ដល់​ពេលចប់​បោះឆ្នោត​ គេ​បូក​សរុប​លទ្ធផល​ ​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​ ស្រាប់​តែ​ឯង​មក​ថា ​អញ្ចេះ​មួយ​អញ្ចេះ​ពីរ​អី។​ ​អា​ហ្នឹង​វា​ត្រឹមត្រូវ​ទេ? ​វា​អត់។ ​ទោះបី​ជា​និយាយ​យ៉ាងម៉េច​ក៏​អត់​មាន​ប្រសិទ្ធ​ភាព​ដែរ»។​

លោក​សុខ ឥសាន​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យកការ​រក​ឃើញ​របស់​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ក្រុម​ធ្វើ​ជា​មូលដ្ឋាន​មក​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​ ​ដែល​លោក​អះអាង​ថា​ ​ក្រុម​នោះ​ជា​ក្រុម​ប្រឆាំង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

កាលពី​ថ្ងៃចន្ទ​ ​គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ចាត់ទុកថា​ ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៤នេះ​មិនទាន់​បំពេញ​លក្ខខណ្ឌ​ពេញលេញ​តាម​គោល​ការណ៍​សេរី​ ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ទេ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​ ​មុន​ការបោះឆ្នោត​ មាន​ការ​គាប​សង្កត់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ការ​បណ្ដេញ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ីមិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ​ ​ការវាយ​ដំតំណាង​រាស្រ្ត​ ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​ ​ឃុំ​ខ្លួន​មន្រ្តី​គណបក្ស​ប្រឆាំង ​និងមន្ត្រី​សង្គម​ស៊ីវិល​ជាដើម។​ ​គណ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ក៏​បារម្ភ​អំពី​ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ក្រៅ​ប្រទេស​ ​ប្រមាណ​ជាង​១​លាន​នាក់​ ដែល​បានបាត់បង់​សិទ្ធិ​ ​ខណៈ​ពលរដ្ឋ​មួយ​ចំនួន​មិនមាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បាន​បោះឆ្នោត។​

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​មាន​បី​ទំព័រ​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា​ ​មាន​ការ​រើសអើង​រវាង​គណ​បក្សកាន់អំណាច​ ​និង​គណបក្ស​ប្រឆាំង​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជាពិសេស​ទូរទស្សន៍លម្អៀង​ ​ហើយគ.ជ.ប.​មិន​បាន​ចាត់​វិធានការ។​ ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ ​ដូចជា​រថយន្ត​របស់​រដ្ឋ​ ​ត្រូវ​បានដោះ​ស្លាក​លេខ​ដើម្បី​បម្រើ​ការ​ឃោសនា​គណបក្ស​ ​ព្រមទាំង​មាន​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យជាដើម។​ ​ពេលរាប់​សន្លឹក​ឆ្នោត​ ​មាន​ការិយាល័យ​បោះឆ្នោត​ជា​ច្រើន​បាន​បិទទ្វារ​ ​និង​បង្អួច​ ​ខណៈ​ភ្នាក់ងារ​សង្កេត​ការណ៍​របស់​គណបក្ស​ក៏​រង​ការ​គំរាម​កំហែង​ ​ដូចជា​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ​រាជធានី​ភ្នំពេញ​ ​និង​ពោធិ៍សាត់​ជាដើម។​ ​សម្រាប់​ការ​ដោះ​ស្រាយ​បណ្តឹង​ ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​ ​គ.ជ.ប.​បាន​បដិសេធ​បណ្តឹង​ ដែល​ប្តឹង​សុំ​ឲ្យ​ពិនិត្យ​ ​និង​ផ្ទៀង​ផ្ទាត់​លទ្ធផលបណ្តោះ​អាសន្ននៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​ដោយ​យក​លេស​ថា ​មិន​សម​ហេតុផល។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​គ.ជ.ប.​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សុំ​ធ្វើការ​កែ​លម្អ​នូវ​ភាព​មិន​ប្រក្រតី​ដែល​មាន​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨​ខាង​មុខ​ ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។​

រូបឯកសារ៖ អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)

ឆ្លើយ​តប​នឹង​គណបក្សប្រឆាំង​ ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ ​ គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​យប់​ថ្ងៃចន្ទក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រានចោល​ភ្លាមៗ​ ​ដោយចាត់​ទុកថា​ ការ​លើកឡើង​របស់​គណបក្ស​សង្គ្រោះជាតិពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ថា​ មាន​ភាព​លម្អៀង​ ​មិន​ឯករាជ្យ​ ​និង​រើសអើង​នោះគឺជា​ការ​មួល​បង្កាច់​គ្មាន​ការ​ពិត​ ​និង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ចេញ​នៅ​ថ្ងៃ​ចន្ទ​ដែរ​នោះ​ ​សរសេរ​ថា ប្រព័ន្ធផ្សព្វផ្សាយ​ឯកជន​ទាំងអស់​បាន​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​បោះឆ្នោត​ ​ដោយសារគណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​កិច្ចសន្យាជួល​ទូរទស្សន៍​ឯកជន​ឲ្យ​ផ្សព្វផ្សាយ​តាម​គោល​ការណ៍​អនុញ្ញាត​ដោ​យច្បាប់ ​និង​គោល​ការណ៍​ ​ក្រម​សីលធម៌​របស់​គ.ជ.ប.​យ៉ាង​ត្រឹមត្រូវ។​ ​សម្រាប់​ការ​ដែល​ប្រព័ន្ធ​ទូរទស្សន៍​មិន​បានផ្សាយ​ឲ្យ​គណបក្ស​ប្រឆាំង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ​ដោយសារ​គណបក្ស​ប្រឆាំង​មិន​បាន​ទាក់ទង​ចុះ​កិច្ចសន្យា​ជួល​ការ​ផ្សាយ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​នោះ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​និយាយ​មួល​បង្កាច់ ​គ្មាន​ការណ៍​ពិត ​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​យឹម សុវណ្ណ​ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ពន្យល់​ពីសេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ​សេចក្តី​ថ្លែង​ការណ៍​ដែល​លោក​បាន​សរសេរ​នោះមាន​ភាពលម្អិត​ជាង​ការ​អធិប្បាយ​ផ្ទាល់​របស់​លោក។​ ​លោក​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណួររបស់​ ​VOA​ ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​កាន់អំណាច​ដែល​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ទាក់​ទង​ទិញ​ម៉ោង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​នោះ​ដែរ។​

លោក​យឹម សុវណ្ណ​បញ្ជាក់​ថា៖​

«ខ្ញុំ​សុំ​សួរ​ថា​ ទូរទស្សន៍​ឯកជន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ហ្នឹង​ ​មាន​បាន​ផ្សាយ​ម៉ោង​លក់​របស់​ខ្លួនតាម​សេចក្តី​ណែនាំ​របស់​គ.ជ.ប.ទេ?​ ​ហើយ​គ.ជ.ប.មាន​បាន​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ប្រឆាំង​នឹងសេចក្តី​ណែនាំ​របស់​គ.ជ.ប.ទេ?​ ​ដូច្នេះ​ខ្ញុំ​សុំ​សួរ​តែ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ​ ​ឆ្លើយ​តប​ទៅ​វិញ»។​

រូបឯកសារ៖ លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ដោយឡែក​ ​បន្ទប់​ស្ថាន​ការណ៍​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ប្រកាស​កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា​ បញ្ហា​មួយ​ចំនួន​ ​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ដូច​ជា​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ វិសមភាពហិរញ្ញ​វត្ថុ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​តម្លាភាព​ ​ទីលាន​ប្រជែង​នយោបាយ​ខ្វះ​សមភាព​ និង​ភាព​ចម្រូង​ចម្រាស​នៃ​បទបញ្ញត្តិ​ក្នុងក្រប​ខណ្ឌច្បាប់​បោះ​ឆ្នោត ​និង​ច្បាប់​ស្តីពី​វិសោធន​កម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។​ ​ជាង​នេះ​ទៀត​ ​កង្វះ​ឯករាជ្យ​ភាពរបស់​មន្ត្រី​តុលាការ​ ​និង​ការ​លម្អៀងនយោបាយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ​ ​ដែល​ដាក់​សម្ពាធ​ដល់​សេរីភាព​បញ្ចេញ​មតិ​ ​និង​គំរាម​ដល់​សកម្មភាព​គណបក្ស​ប្រកួត​ប្រជែង​ ​និង​សមាគម​ ​សហជីព​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​ជា​មូលហេតុ​នាំឲ្យ​បរិយាកាស​សម្រាប់​ដំណើរ​ការ​បោះឆ្នោត​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​សេរីភាព​ និង​ខ្វះ​យុត្តិធម៌​ពេញ​លេញ។​

លោកយឿង សុធារ៉ា មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel) ​ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ជិត​៤០​ផ្សេង​ទៀត​នៃ​បន្ទប់​ស្ថានការណ៍​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិមាន​៩០​ភាគរយ​ ​ប្រហាក់​ប្រហែល​ទៅ​នឹង​ការ​រក​ឃើញ​របស់​បន្ទប់​ស្ថាន​ការណ៍។​ ​លោក​បន្ថែម​ថា​ ​ ​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជាធ្វើការ​ដោយ​ឯករាជ្យ​ ​មិន​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ។​

លោក​យឿង សុធារ៉ា​បញ្ជាក់​ថា៖​

«សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆាំង​គឺ​ធ្វើការ​រៀងៗ​ខ្លួន​ទេ​ ទោះបីជាឃើញ​ថា​ របាយ​ការណ៍ចេញ​មក​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​ស្រដៀង​គ្នា​ក្តី។​ ​ការ​រក​ឃើញ​របស់​ខាងគណ​បក្ស​ប្រឆាំង​ជា​រឿង​ដោយ​ឡែករបស់​គាត់​ ជា​ការ​រក​ឃើញ​របស់​គាត់។​ សម្រាប់​ខាង​សង្គម​ស៊ីវិល​ ​ការ​រក​ឃើញ​របស់​យើង​ ​យើង​ផ្អែក​លើ​វិធី​សាស្រ្ត​ការ​ស្រាវជ្រាវ ​វិធីសាស្រ្ត​នៃ​ការ​ធ្វើការ​របស់​យើង»។

លទ្ធ​ផល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ជាផ្លូវការ​ ​កាលពី​ថ្ងៃ​អាទិត្យ បង្ហាញ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនទទួល​បាន​ការគាំទ្រចំនួន​ជាង​៣.៥​លាន​សំឡេង​គឺ​ស្មើ​នឹង​៥០,៧៦​ភាគរយ​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការគាំទ្រ​ចំនួន​ជាង​៣លាន​សំឡេង​គឺស្មើ​នឹង៤៣,៨៣​ភាគរយនៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សុរប​ជាង​៧​លាន​នាក់។​ តួលេខ​នេះបង្ហាញ​ថា​ ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាង​៣០ឆ្នាំ​ ​មាន​ចំនួន​ច្រើន​ជាង​គណបក្សប្រឆាំង​តែ​ជាង​៥សែន​សំឡេង​ ​ឬ​ស្មើ​នឹង​ជាង​៦​ភាគរយ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG