លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋធានីនៃសហរដ្ឋអាមេរិក ក្នុងនាមជាប្រធានសមាគមអាស៊ាន ដែលមាន១០ប្រទេស។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃអង្គារនេះ។
លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀតនឹងជួបជាមួយសមាជិកសភាអាមេរិកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលនឹងរៀបចំទទួលដោយអ្នកស្រី Nancy Pelosi (ណាន់ស៊ី ភេឡូស៊ី) ប្រធានរដ្ឋសភាអាមេរិក នៅវិមានសភាសហរដ្ឋអាមេរិក (US Capitol) ហើយនិងជួបជាមួយលោក Joe Biden (ចូ បៃដិន) នៅសេតវិមាន។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំអាស៊ានក៏នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris (កាម៉ាឡា ហារីស) ផងដែរ ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្រ្តីស្តីពីបញ្ហាវិធានការអាកាសធាតុ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «ការពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ានសហរដ្ឋអាមេរិកទៅកាន់កម្រិតមួយទៀតជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ»។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកកាន់តែទូលំទូលាយក្នុងការទប់ទល់ឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយនេះជាអាទិភាពនៃគោលនយោបាយការបរទេសសម្រាប់ប្រធានាធិបតីអាមេរិកហើយនិងសភាអាមេរិក។
លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរថានឹងមិនមានជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក ដាច់ដោយឡែកឡើយ។
លោក ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដាផងដែរ។
បើតាមគម្រោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២៕