លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរំពឹងថា នឹងមានហ្វូងក្រុមបាតុករដែលមាននិន្នាការជំទាស់ ចេញធ្វើបាតុកម្ម ប្រឆាំងនឹងលោកនៅខាងក្រៅសេតវិមានក្នុងពេលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលចាប់ផ្តើមនៅសប្តាហ៍ខាងមុខ នៅពេលអ្នករិះគន់បារម្ភថា ការសន្ទនានៅខាងក្នុងកិច្ចប្រជុំនឹងផ្តោតលើភូមិសាស្ត្រនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការណ៍នេះនឹងផ្តល់ឱ្យកម្ពុជាសម្រេចបានសេចក្តីប្រាថ្នាយ៉ាងខ្លាំងអំពីភាពស្របច្បាប់ជាអន្តរជាតិ បើទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីការបង្រ្កាបទៅលើក្រុមជំទាស់ក្នុងប្រទេសក៏ដោយ។
បើតាមការអះអាងរបស់លោក Harish Mehta អ្នកនិពន្ធសៀវភៅ «លោក ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា» ឬ ជាភាសាអង់គ្លេសថា «Hun Sen: Strongman of Cambodia» បានប្រាប់វីអូអេខេមរភាសា តាមអ៊ីមែលថា៖ «នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ការរិះគន់កម្ពុជានឹងមានកម្រិត។ ប៉ុន្តែនៅខាងក្រៅកិច្ចប្រជុំកំពូល យើងអាចរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ព្រឹទ្ធសភា សភា និងសង្គមស៊ីវិលនឹងបរិហារលើរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងខ្លាំង»។
លោក Mehta ដែលជានិពន្ធនាយកទស្សនាវដ្តី Rising Asia Journal បានបន្ថែមថា លោកប្រធានាធិបតី Biden នឹងលើកយកបញ្ហាលទ្ធិប្រជាធិបតេយ្យ ដែលជាផ្នែកមួយនៃការជំរុញសកលលោកប្រឆាំងនឹងរបបផ្តាច់ការ ហើយទំនងជាលើកឡើងពីរបបយោធាមីយ៉ាន់ម៉ាមកនិយាយ «ប៉ុន្តែលើសពីនេះទៅទៀត វាមិនមានអ្វីច្រើនដែលសហរដ្ឋអាមេរិកអាចធ្វើបានទេ ដោយសារតែរដ្ឋជាសមាជិកអាស៊ានជាច្រើនស្ថិតក្រោមការគ្រប់គ្រងបែបផ្តាច់ការ ឬជារដ្ឋដែលមិនមានការបោះឆ្នោតដោយសេរី»។
សេចក្តីព្រាងកាលវិភាគនៃព្រឹត្តិការណ៍សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានថ្ងៃទី ១២-១៣ ខែឧសភា ដែលវីអូអេខេមរភាសា ទទួល បានឱ្យដឹងថា លោក Biden នឹងត្រូវចូលរួមដោយអនុប្រធានាធិបតី Kamala Harris និងមេដឹកនាំសភាក្នុងការស្វាគមន៍លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនដាច់ដោយឡែកៗពីគ្នា សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានលើកដំបូងចាប់តាំងពីរដ្ឋបាលលោក Obama។
លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ដែលផ្លាស់ប្តូររវាងសមាជិកទាំង ១០ប្រទេស នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលជាផ្លូវការជាមួយលោក Biden ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកកាន់តែទូលំទូលាយក្នុងការទប់ទល់ឥទ្ធិពលរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយនេះជាអាទិភាពនៃគោលនយោបាយការបរទេសសម្រាប់ប្រធានាធិបតី អាមេរិកហើយនិងសភាអាមេរិក។
អ្នកស្រី Joanne Lin Weiling អ្នកស្រាវជ្រាវនាំមុខគេនៅឯមជ្ឈមណ្ឌលសិក្សាអាស៊ាននៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី បានកត់សម្គាល់ថា រដ្ឋបាលអាមេរិកថ្មីរបស់លោក Bidenបានអនុម័តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកកាលពីខែកុម្ភៈ ដែលផ្តល់អាទិភាពដល់ការវិនិយោគក្នុងស្ថាប័នប្រជាធិបតេយ្យ សារព័ត៌មានសេរី និងសង្គមស៊ីវិលដ៏រស់រវើក។
អ្នកស្រីបាននិយាយប្រាប់ វីអូអេខេមរភាសា តាមអ៊ីមែលថា៖ «ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏ដឹងពីប្រព័ន្ធអភិបាលកិច្ច និងនយោបាយចម្រុះនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកមិនទំនងជាត្រូវនិយាយប្រដៅអំពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស នៅពេលដែលមានរបៀបវារៈសំខាន់ៗផ្សេងទៀតដើម្បីពិភាក្សា ដូចជាបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហា សមុទ្រចិនខាងត្បូង វិបត្តិនៅអ៊ុយក្រែន និងស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមបញ្ហាប្រទេសជាច្រើនទៀតនោះទេ»។
អ្នកស្រី Joanne Lin Weiling បានបន្ថែមថា៖ «សហរដ្ឋអាមេរិកក៏បានដាក់សំណើសុំឋានៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ដូច្នេះវាមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការមិនធ្វើឱ្យប្រទេសអាស៊ានណាមួយមានការខកចិត្ត បើមិនដូច្នេះទេ វាអាចប្រថុយនឹងការមិនទទួលបានឋានៈភាព នៅឆ្នាំនេះ»។
អ្នកស្រីបន្តថា ព្រឹត្តិការណ៍នេះក៏អាចជាឱកាសដ៏ល្អសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិកក្នុងការជួសជុលទំនាក់ទំនងដ៏តានតឹងផងដែរ។
សហរដ្ឋអាមេរិកបានអំពាវនាវម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាស្តារគណបក្សសង្គ្រោះជាតិឡើងវិញ ហើយបានព្រមានថា ភាពស្របច្បាប់នៃការបោះឆ្នោតរបស់ខ្លួនអាចនឹងមានហានិភ័យប្រសិនបើមិនធ្វើដូច្នោះ។ អាមេរិកក៏បានដាក់ទណ្ឌកម្មមន្ត្រីកំពូលដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍរបស់ចិនលើមូលដ្ឋានទ័ពជើងទឹករាម ដែលបានក្លាយជាចំណុចសំខាន់ក្នុងការប្រកួតប្រជែងរវាងអាមេរិក និងចិនក្នុងតំបន់។ ការចោទប្រកាន់ដែលបានបដិសេធនេះ បង្កឱ្យមានការអះអាងពីកម្ពុជា ថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យរបស់ខ្លួន។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ វីអូអេខេមរភាសា ថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីនិយាយជាសាធារណៈ និងជាឯកជនអំពីរបៀបដែលប្រទេសមួយចំនួនដូចជាកម្ពុជា ថៃ និងប្រទេសដទៃទៀតកំពុងខ្វះខាតការប្តេជ្ញាចិត្តរបស់ពួកគេលើសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖ «ការរាក់ទាក់ចំពោះមេដឹកនាំផ្តាច់ការអាស៊ីអាគ្នេយ៍មិនមែនជាវិធីត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះទេ។ សហរដ្ឋអាមេរិកត្រូវការផ្តល់នូវជម្រើសមួយយ៉ាងច្បាស់ ដោយប្រកាន់យកគំរូនៃអភិបាលកិច្ចល្អដែលសិទ្ធិនានាត្រូវបានគោរព ហើយគោលការណ៍ប្រជាធិបតេយ្យត្រូវបានប្រកាន់ខ្ជាប់»។
លោក Robertson បានរិះគន់លោក Kurt Campbell ដែលជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករបស់សេតវិមាន ដែលគិតថា ការអញ្ជើញមេដឹកនាំអាស៊ាន ទៅកាន់សេតវិមានអាចយកចិត្តថ្លើមពួកគេបាន ហើយធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរវាងលោកខាងលិច និងប្រទេសចិន។ តែលោក Robertson បន្ថែមថា ការយកចិត្តទុកដាក់រយៈពេលវែងគួរតែផ្តោតលើប្រជាជនក្នុងតំបន់ មិនមែនជាមួយអ្នកដឹកនាំនោះទេ។
លោក Robertson បានបន្ថែមថា៖ «ទោះបីជារដ្ឋាភិបាលរដ្ឋជាសមាជិកអាស៊ានជាច្រើនជារបបផ្តាច់ការក្តី ក្តីសង្ឃឹមនានារបស់ប្រជាជនសម្រាប់កំណែទម្រង់ ហើយសិទ្ធិសេរីភាពនានា គឺជាជម្រើសបញ្ហា ដែលសហរដ្ឋអាមេរិកដាក់ការគាំទ្រឱ្យកាន់តែប្រសើរឡើងសម្រាប់ថ្ងៃខាងមុខ»។
ប្លុកអាស៊ានរួមមានប្រទេសចំនួន ១០ដែលមានប្រជាជនសរុបប្រហែល ៦៥០ លាននាក់ ហើយរួមបញ្ចូលគ្នាទៅក្លាយជាតំណាងឱ្យទីផ្សារនាំចេញធំជាងគេទី ៤ សម្រាប់សហរដ្ឋអាមេរិក ជាមួយនឹងទំហំពាណិជ្ជកម្មស្ទើរតែទ្វេដងក្នុងទសវត្សរ៍មុន ដែលមានទឹកប្រាក់រហូតដល់ ៣៥២ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហរដ្ឋអាមេរិក។
ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍មុន លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍសកលនៃសាកលវិទ្យាល័យ Arizona State University មានប្រសាសន៍ថា នឹងមានកន្លែងសម្រាប់ការព្រមព្រៀង និងការខ្វែងគំនិតគ្នានៅក្នុងកិច្ចប្រជុំកំពូលនេះ ប៉ុន្តែវាក៏អាចជាឱកាសសម្រាប់លោក ហ៊ុន សែន ក្នុង ការបន្ធូរបន្ថយសម្ពាធការទូតមួយចំនួនដែលបានកើតឡើងតាំងពីគណបក្សកាន់អំណាចចាប់ផ្តើមបង្ក្រាបលើក្រុមជំទាស់នៅឆ្នាំ២០១៧។
លោក អ៊ា សុផល បានបន្ថែមថា៖ «នេះជារឿងចៀសមិនរួច នៅពេលកម្ពុជាឡើងដល់ដំណាក់កាល(ជាប្រធាន)ស្មើនឹងលោកប្រធានាធិបតី Biden។ ការថតរូប Selfie ជាមួយលោក Biden នឹងធ្វើបានសម្រេច។ ដំណាក់កាលដ៏សំខាន់នៅមុខសេតវិមាននឹងត្រូវបានផ្តិតយក។ នេះអំពីការថតរូបនៅពេលនិយាយអំពីលោកនាយករដ្ឋមន្រ្តី (ហ៊ុន សែន) ប៉ុន្តែសូមឱ្យយើងសង្ឃឹមថាគាត់នឹងនាំយកអំណោយពិតប្រាកដដល់លោក Biden គឺថា សំណុំរឿងមេដឹកនាំបក្សប្រឆាំង នឹងត្រូវបានទម្លាក់ចោលបទចោទទាំងស្រុង ហើយអ្នកទោសនយោបាយត្រូវបានដោះលែងឱ្យមានសេរីភាព» ។
លោក សុផល ជាអ្នកនិពន្ធសៀវភៅ «ជំនួយនៅកម្ពុជា៖ តើជំនួយបរទេសបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយរបៀបណា?»បានបន្ថែមថា៖ «ពិតប្រាកដណាស់ គេមិនចង់ធ្វើឱ្យម្ចាស់ផ្ទះរបស់អ្នក គឺសហរដ្ឋអាមេរិក ឬភ្ញៀវរបស់អ្នក គឺសមាជិកអាស៊ានខកចិត្តទេ ប៉ុន្តែការពិតមួយចំនួននឹងត្រូវបាននិយាយដូចជាបញ្ហា មីយ៉ាន់ម៉ា ដែលមិនត្រូវបានធ្វើឱ្យរីកចម្រើននោះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកំពុងនិយាយជាមួយរដ្ឋាភិបាលស្រមោល។ ថៃធ្លាប់គាំទ្រអាមេរិក ហើយឥឡូវមានអព្យាក្រឹតភាពងាកទៅរកចិនបន្តិច។ ហើយការណ៍នេះ ពិតជារងគ្រោះ នៃបញ្ហាភាពស្របច្បាប់នៅពេលដែលនិយាយដល់លទ្ធិប្រជាធិបតេយ្យ»។
ក្រុមសិទ្ធិមនុស្សចំនួនរាប់សិបអង្គការមកពីប្រទេសជាច្រើនរួមទាំងសហគមន៍កម្ពុជា និងមីយ៉ាន់ម៉ា បានផ្ញើលិខិតរួមមួយកាលពីថ្ងៃទី ២៤ ខែមេសាដោយដាក់សម្ពាធលោក Biden ឱ្យប្រកាន់ជំហររឹងមាំប្រឆាំងនឹងមេដឹកនាំគ្រប់គ្រងអំណាចរបស់ពួកគេ។
«លោកប្រធានាធិបតី យើងមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់រដ្ឋបាលលោក សហគមន៍ពិភពលោក និងអាស៊ាន នឹងជួយប្រជាជន ដើម្បីបញ្ឈប់ការគ្រប់គ្រងបែបនិទណ្ឌភាពរបស់មេដឹកនាំផ្តាច់ការ និងស្វែងរកសេរីភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋសម្រាប់អនាគតយូរអង្វែង សម្រាប់កម្ពុជា» ។
នេះបើតាមការបញ្ជាក់នៃលិខិតរួមដែលវីអូអេទទួលបាន។
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាមេរិក ដែលរស់នៅទីក្រុង Lowell រដ្ឋ Massachusetts បាននិយាយថា ក្រុមជំទាស់ជាជនជាតិខ្មែរអាមេរិកាំង នឹងថ្លែងសារស្រដៀងគ្នានេះនៅក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅរដ្ឋធានីវ៉ាស៊ីនតោន។
«បាទយើងមានគម្រោងធ្វើបាតុកម្មធំមួយនៅថ្ងៃទី១២ (ខែឧសភា) នៅមុខសេតវិមាន»។
ដោយសារកិច្ចប្រជុំកំពូលគឺនៅថ្ងៃធ្វើការ លោកអ៊ុង រិទ្ធីបាននិយាយថាលោកមិនដឹងថាមានមនុស្សប៉ុន្មាននាក់នឹងចេញមកតវ៉ានោះទេ ប៉ុន្តែលោករំពឹងថាក្រុមអ្នកតវ៉ាចម្រុះ តំណាងឱ្យសហគមន៍មកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងក្រុមផ្សេងទៀត ជាអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអាស៊ីនឹងចូលរួមទាមទារតវ៉ា។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច មានប្រសាសន៍ថា វាជារឿងធម្មតាទេ ដែលក្រុមប្រឆាំងធ្វើបាតុកម្មនៅក្នុងប្រទេសសេរី ដូចសហរដ្ឋអាមេរិក ដោយបន្ថែមថា នាយករដ្ឋមន្ត្រីក៏នឹងមានអ្នកគាំទ្រជាច្រើនរង់ចាំស្វាគមន៍លោកនៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ ក្នុងពេលប្រមុខដឹកនាំកម្ពុជាត្រូវអញ្ជើញឱ្យចូលរួម ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាមេរិក អាស៊ាន ដែលបញ្ហាឯកតោភាគីនៃសមាជិកអាស៊ានរួមទាំងកម្ពុជាផងនោះ នឹងមិនស្ថិតក្នុងរបៀបវារ:ទេ វាលើកលែងតែបញ្ហាភូមា។
«ជាការយល់ឃើញរបស់ខ្ញុំកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកនេះ គឺលើកអំពីទំនាក់ទំនងទ្វេភាគីរវាងអាស៊ាននិងសហរដ្ឋអាមេរិក។ ខ្ញុំយល់ថារឿងឯកតោភាគីនៅក្នុងប្រទេសនីមួយរបស់អាស៊ានហ្នឹង អង្គប្រជុំហ្នឹងមិនលើកមកនិយាយទេ ជាពិសេសបញ្ហាកម្ពុជាខ្ញុំយល់ថាមិនជាប្រធានបទសំខាន់ត្រូវលើកក្នុងកិច្ចប្រជុំនេះទេ។ ក៏ប៉ុន្តែបញ្ហាដែលក្តៅស្រួចស្រាល់ហ្នឹងគឺថាអាចនឹងលើកពីបញ្ហាប្រទេសមីយ៉ាន់ម៉ាហ្នឹងឯង»។
លោក សុខ ឥសាន បានហៅកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលកម្ពុជាជាសហប្រធាននេះថា ជាកិត្តិយសខ្ពស់សម្រាប់កម្ពុជា ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងវាជាប្រវត្តិសាស្ត្រហើយបញ្ហាហ្នឹង។ ហើយខ្ញុំយល់ថាជាលក្ខណ:ពិធីការ កិច្ចការបរទេស ខ្ញុំយល់ថាជាកិត្យានុភាពមួយដ៏ខ្ពង់ខ្ពស់ណាស់សម្រាប់ប្រទេសកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ាន»។
កញ្ញា Stephanie Arzate អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថារដ្ឋបាលលោក Biden គឺផ្តោតលើទាំង «ភាពជាកណ្តាលរបស់អាស៊ាន» និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
កញ្ញាបាននិយាយតាមអ៊ីមែលថា៖ «កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នឹងរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនងអាមេរិក អាស៊ាន និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះភាពជាកណ្តាលរបស់អាស៊ាន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមបំផុតនៅក្នុងតំបន់»។
កញ្ញាបានបន្ថែមពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទៀតថា៖ «ការលើកទឹកចិត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក រួមទាំងអាស៊ានផងដែរ»។
យ៉ាងណាក្តី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំកំពូលក្នុងខែនេះ ពិតជាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការខូចខាតដែលបានកើតឡើងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
លោកថ្លែងថា៖ «ហើយបញ្ហាសំខាន់ហ្នឹងគឺធ្វើយ៉ាងណាដើម្បីរួមគ្នាកសាងនូវសេដ្ឋកិច្ចសង្គមមួយដែលក្រោយពីវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ធ្វើយ៉ាងណាដើម្បីពង្រឹងនូវស្ថាបត្យកម្ម សន្តិសុខ ក៏ដូចជាសេដ្ឋកិច្ចមួយ ដែលមានលក្ខណ:បើកចំហនៅក្នុងតំបន់។ ហើយនៅក្នុងកិច្ចប្រជុំហ្នឹងដែរ ក៏អាចនឹងមានការលើកពីសហរដ្ឋអាមេរិក ទាក់ទងទៅនឹងបទដ្ឋានសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក (Indo Pacific Economic Framework) ពីព្រោះថានេះជាយន្តការថ្មីមួយរបស់សហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងតំបន់។ដូច្នេះនេះជាគំនិតផ្តួចផ្តើមមួយដែលអាចជំរុញតួនាទីសេដ្ឋកិច្ចអាមេរិកបន្ថែមទៀតនៅក្នុងតំបន់ហ្នឹង»។
លោក ឈាង វណ្ណារិទ្ធ បានបន្ថែមថា៖ «យើងឃើញថាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាននេះ គឺមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក ទោះបីជាមានប្រព័ន្ធនយោបាយខុសពីសហរដ្ឋអាមេរិកក៏ដោយជាពិសេសទំនាក់ទំនងជាមួយវៀតណាម។ យើងឃើញថាទំនាក់ទំនងអាមេរិកជាមួយវៀតណាមមានភាពស៊ីជម្រៅ ហើយបានពង្រឹងយ៉ាងខ្លាំងនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះ សូម្បីតែប្រព័ន្ធនយោបាយប្រទេសទាំងពីរហ្នឹងខុសគ្នាយ៉ាងណាក៏ដោយ។ ដូច្នេះយើងអាចនិយាយបានថាផលប្រយោជន៍ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ជាផលប្រយោជន៍នាំមុខនៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហ្នឹង»៕
សូមរង់ចាំការផ្សាយពិសេសនានាបន្ថែមទៀតទាក់ទងនឹងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅពេលខាងមុខ។