ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់យ៉ាងច្បាស់នៅពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថា ប្រទេសចិនជាដៃគូប្រកួតប្រជែងអន្តរជាតិដ៏ចម្បងរបស់អាមេរិក ហើយជាការព្រួយបារម្ភខ្ពស់នៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកផងដែរ។ ប៉ុន្តែស្រាប់តែបន្ទាប់មក រុស្ស៊ីក៏បានចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
បន្ទាប់ពីរយៈពេលជាច្រើនខែដោយផ្តោតលើការជួយគាំទ្រអ៊ុយក្រែននិងការដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះមក នៅពេលនេះ លោក Biden ហាក់ដូចជាកំពុងបង្វែរការផ្តោតរបស់លោកទៅកាន់តំបន់អាស៊ីវិញយ៉ាងហោចណាស់ក៏ក្នុងពេលជាបណ្តោះអាសន្នផងដែរដែលជាសញ្ញាមួយដែលថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនបានបង្វែរទិសដៅនៃរដ្ឋបាលរបស់លោក Biden ចេញពីគោលបំណងអន្តរជាតិផ្សេងៗទៀតនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោក Biden នឹងជួបជាមួយមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាសញ្ញាមួយនៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដែលប្រទេសចិនកំពុងបង្កើនឥទ្ធិពលនោះ។
បន្ទាប់ពីនោះមួយសប្តាហ៍មក លោក Biden នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងដែលជាប្រទេសសម្ពន្ធមិត្ត២របស់សហរដ្ឋអាមេរិក ហើយនឹងចូលរួមនៅក្នុងសន្និសីទកំពូលចតុភាគី «Quad» នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន អូស្ត្រាលីនិងឥណ្ឌាដែលជាវេទិកាមួយដែលគេយល់ជាទូទៅថា ដើម្បីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ក្នុងពេលឆាប់ៗនេះ នឹងធ្វើសុន្ទកថាដ៏សំខាន់មួយដែរស្តីពីប្រទេសចិន ដែលត្រូវបានលើកពេលក្រោយពេលដែលលោកបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ១៩នោះ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជាការច្បាស់ណាស់ ដែលសង្គ្រាមនៅអ៊ុយក្រែនជាប្រធានបទដ៏សំខាន់មួយនោះ ក៏ប៉ុន្តែវាជាឱកាសមួយសម្រាប់មេដឹកនាំ ដែលនឹងពិភាក្សាផងដែរពីសន្តិសុខនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកស្រី Jen Psaki ដែលជាអ្នកនាំ ពាក្យរបស់របស់សេតវិមាន។
លោកស្រីបាននិយាយទៀតថា លោកស្រីក៏នឹងរំពឹងផងដែរពីការពិភាក្សាគ្នាទៅលើបញ្ហាជំងឺកូវីដ១៩ និងបញ្ហាប្រទេសកូរ៉េខាងជើងដែលអាចក្លាយជាអាទិភាពខ្ពស់មួយរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះដោយសារតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានមើលឃើញនូវសញ្ញានៃគម្រោងធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីរបស់កូរ៉េខាងជើងដែលនឹងអាចកើតមានឡើងក្នុងពេលឆាប់ៗនេះផងដែរ៕