លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មភ្លាមៗទៅនឹងពាក្យចចាមអារ៉ាមអំពីការសម្រេចបិទប្រទេស និងចោទអ្នកផ្សព្វផ្សាយដំណឹងមិនពិតនេះថា មានចេតនាកេងចំណេញនយោបាយ និងបង្កចលាចលក្នុងប្រទេស។
លោក ហ៊ុន សែន និងមន្ត្រីរបស់លោកមួយចំនួន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយប្រតិភូក្រសួងការបរទេសហុងគ្រី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែវិច្ឆិកានេះ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto ត្រូវបានរកឃើញមានផ្ទុកកូវីដ១៩។
លោក ហ៊ុន សែន បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថាមនុស្សមួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថារដ្ឋាភិបាលនឹងបិទទីក្រុងភ្នំពេញ និងមិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ។
លោកសរសេរថា៖ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ»។
បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានក្រើនរំឭកពលរដ្ឋឲ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការថែរក្សាអនាម័យឲ្យបានល្អ និងរក្សាគម្លាតពីគ្នា។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ត្រីរបស់លោកបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានជូនទៅសាលាក្រុងភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ និងអ្នកប្រើប្រាស់ទោចក្រយានដែលធ្វើដំណើរតែមិនពាក់ម៉ាស់។
កាលពីខែមេសា ដើម្បីទប់ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានចេញបញ្ជាមួយ ដោយដាក់កំហិតធ្វើដំណើរនៅទូទាំងប្រទេស ដែលធ្វើឡើងជិតមួយសប្តាហ៍។ បទបញ្ជានេះត្រូវបានមើលឃើញថាមានគោលដៅទប់ស្កាត់ការធ្វើដំណើររបស់កម្មករទៅស្រុកកំណើត ដើម្បីចូលរួមអបអរចូលឆ្នាំខ្មែរ ដើម្បីបញ្ចៀសការរាតត្បាតវីរុសកូរ៉ូណា។
ចាប់តាំងពីព្រឹត្តិការណ៍ ថ្ងៃទី៣ វិច្ឆិកា នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានរកឃើញថា ផ្ទុកជំងឺកូវីដ១៩ ពលរដ្ឋកម្ពុជា បានបង្កើនការពាក់ម៉ាស់ច្រើនជាងមុន ហើយអាជ្ញាធរឃុំសង្កាត់មួយចំនួន បានចេញប្រកាសផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គិតពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា មានមនុស្ស៤នាក់នៃអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍៣ វិច្ឆិកានោះ ត្រូវបានរកឃើញថា មានវីរុសកូវីដ១៩។ លទ្ធផលនេះ បានមកពីការធ្វើតេស្តសំណាកលើមនុស្សប្រមាណ១.៧០០នាក់។ នេះជាករណីឆ្លងថ្មីចុងក្រោយ ដែលនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីលទ្ធភាពនៃការឆ្លងជំងឺនេះទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជា។
ក្នុងគ្រាមានវិបត្តិជំងឺឆ្លងកូវីដ១៩នេះ រដ្ឋសភាកម្ពុជាអនុម័តច្បាប់មួយ ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ដែលនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ពេលមានជំងឺរាតត្បាត និងភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្រុមអ្នករិះគន់មួយចំនួនយល់ថាច្បាប់នេះ អាចនាំទៅរកការឲ្យមានការរាំងខ្ទប់បន្ថែមនូវការប្រើប្រាស់សិទ្ធិស៊ីវិល និងសេរីភាពផ្សេងទៀត រួមមានសេរីភាពដើរហើរ ការបញ្ចេញមតិ ការជួបប្រជុំ ឬការប្រមូលផ្តុំដោយសន្តិវិធីជាដើម។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា សេចក្តីអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីជាវិធានការសមស្រប ដើម្បីកុំឲ្យពលរដ្ឋជឿតាម និងជ្រួលច្របល់។ លោកសង្ឃឹមថា អាជ្ញាធរកម្ពុជា នឹងមិនចាប់ខ្លួនបុគ្គលណាដែលផ្សព្វផ្សាយសម្តីចចាមអារ៉ាមនោះទេ ហើយជំនួសមកវិញនូវការបង្កើនការអប់រំ។
«បើសិនជាមានការអប់រំ និងការផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងឲ្យបានច្បាស់លាស់ហ្នឹង វាជាការល្អ ជាជាងដែលយើងស្វែងរកចាប់ខ្លួន»។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា មានការពិបាកកំណត់ប្រភពនៃអ្នកឃោសនាពាក្យចចាមអារ៉ាមនៃការបិទប្រទេស និងហាមមិនឲ្យធ្វើដំណើរនោះ។ ប៉ុន្តែលោកថា អាជ្ញាធរនៅបន្តតាមរក។
លោកព្រមានថា ការអនុវត្តច្បាប់នឹងធ្វើឡើង ប្រសិនបើមន្ត្រីតុលាការកំណត់បាននូវបទល្មើសនិងផលប៉ះពាល់មកលើសង្គមដែលបណ្តាលមកពីពាក្យចចាមអារ៉ាមនោះ។
«រឿងការអប់រំ ឬដាក់ទោសតាមច្បាប់ មិនមែនសមត្ថកិច្ចរបស់យើងខ្ញុំទេ។ ចាប់មកយើងស្នើសុំព្រះរាជអាជ្ញា។ បើព្រះរាជអាជ្ញាសម្រេចថាម៉េច គឺអីចឹង។ យើងខ្ញុំអត់មានសមត្ថកិច្ចថា ត្រូវដោះលែង អប់រំ ថាម៉េច អាហ្នឹងមិនមែនទេ»។
ក្នុងយុទ្ធនាការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយក្នុងគ្រាមានវិបត្តិជំងឺឆ្លងកូវីដ១៩នេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនពលរដ្ឋកម្ពុជាយ៉ាងហោចណាស់៣០នាក់ ចាប់ពីខែមករា ដល់ខែមេសា។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch។ អង្គការនេះចាត់ទុកការចាប់ខ្លួននេះជាការប៉ុនប៉ង ដើម្បីបង្ក្រាបមតិប្រឆាំង ដែលរិះគន់ការដោះស្រាយរបស់រដ្ឋាភិបាលលើការរាតត្បាតជំងឺកូវីដ១៩ និងផលប៉ះពាល់លើសេដ្ឋកិច្ច៕