ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​​ប្រកាស​ផ្អាក​​ដំណើរការ​សាលា​រៀន​២​សប្តាហ៍​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល ក្រោយ​បារម្ភ​​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩


សិស្សានុសិស្សអង្គុយក្នុងថ្នាក់រៀនដោយពាក់ម៉ាស់ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩ នៅវិទ្យាល័យសុន្ធរម៉ុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
សិស្សានុសិស្សអង្គុយក្នុងថ្នាក់រៀនដោយពាក់ម៉ាស់ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩ នៅវិទ្យាល័យសុន្ធរម៉ុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ដំណើរការ​សាលារៀននៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​រយៈពេលពីរសប្តាហ៍​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ទៅនិង​ផ្អាក​កន្លែងប្រមូល​ផ្តុំ​មនុស្ស​ច្រើន​ជា​ថ្មី​ទៀត​ ដោយ​គ្មាន​កំណត់​ពេល ​ក្រោយ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការរាត​ត្បាត​ជំងឺ​កូវីដ​១៩។

ការ​ព្រួយ​បារម្ភ​នេះ ក្រោយ​អង្គរក្ស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ ដែលការពារ​ឲ្យ​ប្រតិភូ​ហុងគ្រី ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ ក្រោយ​ប៉ះពាល់​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ ក្រោយ​ពីបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន។

នៅ​ក្នុង​សេចក្តី​ជូនដំណឹងមួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រសួង​អប់រំ​បាន​សម្រេច​ផ្អាក​ដំណើរការរយៈ​ពេល​ពីរ​សប្តាហ៍ នូវគ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិង​ឯកជន​ទាំង​អស់ នៅ​រាជធានី​ភ្នំពេញ និង​ទីរួម​ខេត្ត​កណ្តាល​ដោយ​លើក​ហេតុផល​ថា​ «ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺកូវីដ​១៩ ចូល​ក្នុង​សាលា​រៀន និង​រីករាល​ដាល​ក្នុង​សហគមន៍​ និង​ដើម្បី​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩»។

ចំណែក​នៅ​ក្នុង​សេចក្តី​សម្រេច​ផ្សេង​ៗ​ទៀត រដ្ឋាភិបាលបាន​ឲ្យ​បិទ ​KTV ក្លឹប​កម្សាន្ត រោង​ភាព​យន្ត និង​សារ​មន្ទីរ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។ រដ្ឋាភិបាល​ក៏​បានសម្រេចផ្អាក​លេង​កីឡា ឬ​ការ​ហាត់​ប្រាណ​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ និង​ផ្អាក​ការ​ចេញ​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះ​អាសន្ន រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ ត្រូវ​បាន​រាយការណ៍​ថា​មាន​ជំងឺ​កូវីដ​១៩ ពេល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។

មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេ​ថា ​រដ្ឋមន្ត្រី​ការបរទេស​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ណា ​និង​នៅ​ទី​ណា។

ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​មនុស្សសរុប​ចំនួន ​៩៤៤​ នាក់​ពាក់ព័ន្ធ​នឹង​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី​ ត្រូវ​បាន​ធ្វើ​តេស្ត ហើយ​លទ្ធផល​គឺ​អវិជ្ជមាន លើក​លែង​តែ​អង្គរក្ស​ម្នាក់​ការពារប្រតិភូ​នោះ​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​ត្រូវ​ធ្វើ​តេស្ត​ចំនួន​ ៣ ​ដង​ទៀត។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ កម្ពុជា​មាន​កំណត់​ត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ១​៩ ចំនួន​ ២៩៧ ​ករណី ដោយ​ក្នុង​នោះ​មាន​ ៩ នាក់​កំពុង​សម្រាក​ព្យាបាល ហើយ​ពុំ​មាន​ករណី​ស្លាប់​នោះ​ទេ៕

XS
SM
MD
LG