មនុស្សជាង៦០០នាក់ រួមមានទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ត្រូវបានធ្វើតេស្តរកវីរុសជំងឺកូវីដ១៩ ក្រោយពីពួកគេដឹងថា ខ្លួនបានប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ឬក៏យ៉ាងហោចណាស់ បានចូលរួមកម្មវិធីដែលមន្រ្តីការបរទេសនោះ មានវត្តមាន។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ត្រូវបានរាយការណ៍ថា មានជំងឺកូវីដ១៩ ពេលលោកបានទៅដល់ប្រទេសថៃ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា និងទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហុងគ្រី។ ទីភ្នាក់ងារព័ត៌មានរដ្ឋ MTI របស់ហុងគ្រីបានដកស្រង់សម្ដី លោក Mate Paczolay អ្នកនាំពាក្យក្រសួងការបរទេសហុងគ្រីថា លោក Peter Szijjarto កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ទីដែលលោកត្រូវបានតេស្ដវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។
មិនមានរបាយការណ៍លម្អិតនោះទេថា រដ្ឋមន្រ្តីការបរទេសនោះ បានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណា និងនៅទីណា។ តែអ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី បាននិយាយថា រដ្ឋមន្រ្តីការបរទេសត្រូវបានធ្វើតេស្ដឃើញអវិជ្ជមានកូវីដ១៩ មុនពេលលោកឡើងយន្តហោះ ធ្វើដំណើរមកទ្វីបអាស៊ី។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រសួងបានស្រាវជ្រាវអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី និងបានយកសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រសួងបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ ថ្ងៃទី៤ ខែវិច្ឆិកា អ្នកប៉ះពាល់សរុបចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាក ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។
ក្រសួងសុខាភិបាលបន្ថែមថា៖ «ក្រសួងកំពុងបន្តការស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីល្ងាចថ្ងៃពុធថា លោកផ្ទាល់ ភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី អ្នកបើកបរ ក្រុមអង្គរក្ស សរុប១៨នាក់ បានធ្វើតេស្ដរកវីរុសកូវីដ១៩ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ ព្រមពេលជាមួយគ្នា លោក ហ៊ុន សែន បានប្រកាសធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោកមួយរយៈដោយលុបចោលការចូលរួមកម្មវិធីធំៗនៅខែនេះ ដូចជាកិច្ចប្រជុំកំពូលអាស៊ាន ពិធីបុណ្យឯករាជ្យជាតិជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ មុនពេលចេញដំណើរមកប្រទេសកម្ពុជា។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ បានធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។ ប៉ុន្តែពួកគេ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ រង់ចាំធ្វើតេស្តម្តងទៀតតាមការកំណត់របស់ក្រសួងសុខាភិបាល។
អ្នកសារព័ត៌មានក្នុងស្រុកម្នាក់អាយុ៣៧ឆ្នាំ និយាយដោយសុំមិនបញ្ចេញឈ្មោះថាលោកបានទៅយកព័ត៌មានពេលរដ្ឋមន្រ្តីការបរទេសហុងគ្រីមកបំពេញទស្សនកិច្ច។ ដូច្នេះ លោកបានទៅធ្វើតេស្តរកវីរុសកូវីដ១៩ ទោះលោកមិនស្ថិតនៅជិតរដ្ឋមន្រ្តីការបរទេសរូបនោះផ្ទាល់ក៏ដោយ ហើយលទ្ធផលនៃការធ្វើតេស្តនោះ គឺអវិជ្ជមាន។ បើទោះលទ្ធផលអវិជ្ជមាន លោកអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល គឺដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយនឹងធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ថា មិនមានជំងឺកូវីដ១៩។
អ្នកសារព័ត៌មានរូបនោះបញ្ជាក់ថា៖ «ទោះបីយើងគិតថា ហានិភ័យវាមិនខ្ពស់អីយ៉ាងណាក៏ដោយនៃការឆ្លងហ្នឹង ប៉ុន្តែយើងត្រូវតេស្តសុខភាពហ្នឹង ដើម្បីឲ្យវាប្រាកដថា វាមិនមានឆ្លង មិនមានអីអញ្ចឹងទៅ ដើម្បីយើងមានទំនុកចិត្តយើងខ្ពស់ ហើយមិនបារម្ភ មិនអីអញ្ចឹង»។
គួរបញ្ជាក់ថា លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ជាឥស្សរជនបរទេសទីបីហើយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាអំឡុងការរាតត្បាតជំងឺកូវីដ១៩នេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន បានមកបំពេញទស្សនកិច្ច កាលពីខែសីហា និងរដ្ឋមន្ត្រីការបរទេសចិន កាលពីខែតុលាកន្លងទៅ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាមានកំណត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩២ករណី ដោយក្នុងនោះមាន៦នាក់ កំពុងសម្រាកព្យាបាល ហើយពុំមានករណីស្លាប់នោះទេ៕