ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ចំណុច ក្នុងនោះគឺការបើកឱកាសឲ្យមាន ការបណ្តុះបណ្តាលយុវជនជំនាន់ថ្មីក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមលក្ខណៈក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ។
ក្រោមប្រធានបទ«ទេសចរណ៍ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន» លោកហ៊ុន សែនលើកឡើងក្នុងសារលិខិតចុះថ្ងៃទី២២ខែកញ្ញាថា ខណៈដែលវិស័យទេសចរណ៍ជាវិស័យដ៏ចម្បង ប្រៀបបានទៅនឹងសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ វិស័យនេះ បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងដំណំអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រីស្នើឲ្យមានការបង្ហាត់បង្រៀននូវជំនាញបន្ថែម និងជំនាញថ្មីៗទៅដល់យុវជនជំនាន់ក្រោយក្នុងវិស័យទេសចរណ៍ដែលត្រូវបានកំណត់ជាមុំយុទ្ធសាស្រ្តមួយសំខាន់ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពទាំង៤ ក្នុងនោះ គឺការអនុវត្តនូវវិធានការសុខាភិបាលនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ដែលផ្តល់អាទិភាពដល់សុខភាពទេសចរជាតិ និងការគាំទ្រឲ្យមានការដាក់ចេញនូវយុទ្ធនាការ «កម្ពុជាសុវត្ថិភាព Cambodia Safe» ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយខ្សែរសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិតត្រូវបានផ្អាកដំណើរការស្ទើរទាំងស្រុង បន្ទាប់ពីអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានដើរចេញពីការងារជាបន្តបន្ទាប់។
បើតាមសារលិខិតរបស់លោកហ៊ុន សែន ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣ភាគរយ ដែលធ្វើឲ្យប៉ះពាល់ការងារផ្ទាល់ពី១០០ ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។
លោកនាយករដ្ឋមន្ត្រីបានបន្តក្នុងន័យដើមថា៖«ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៨០,២ភាគរយ ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ»។
លោកហ៊ុន សែនបន្ថែមថា៖ «វិបត្តិកូវីដ១៩ បានឲ្យមានការចាកចេញពីការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍គ្រប់កម្រិតត្រូវផ្អាកស្ទើរទាំងស្រុង ដែលទាំងនេះ បានបង្កជាឧបសគ្គនៃដំណើរការស្តារឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមមនិងជំនាញថ្មីដល់យុវជនស្របតាមយន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក តុប សុភ័គ ប្រាប់វីអូអេថា សម្រាប់វគ្គបណ្តុះបណ្តាលដែលរដ្ឋាភិបាលបានត្រៀមរួចជាស្រេចក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗក្នុងវិស័យទេសចរណ៍ និងបាននឹងកំពុងរួមសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗដោយផ្តោតទៅលើការបណ្តុះបណ្តាលបុគ្គលិកដែលបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងនោះរួមមានយុវជនផងដែរ។
លោកមានប្រសាសន៍ថា៖ « ចំពោះកិច្ចការនឹង [ការបណ្តុះបណ្តាលយុវជនក្នុងវិស័យទេសចរណ៍] គឺយើងមានចក្ខុវិស័យ ផែនការបណ្តុះបណ្តាលរបស់យើងជាពិសេសអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលយើងអាចថាត្រូវប្រើពេលយូរដែរសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សទាំងអស់នឹងរហូតទៅដល់ឆ្នាំ២០៣៥ »។
ក្នុងការជំរុញឲ្យវិស័យទេសចរណ៍កម្រើកឡើងវិញនាពេលខាងមុខនោះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការសុខាភិបាលតឹងរ៉ឹងនៅតាមតំបន់ទេសចរណ៍នីមួយៗ និងតម្រូវឲ្យមានបង្ហាញប័ណ្ណចាក់វ៉ាក់សាំងមុននឹងអនុញ្ញាតទទួលភ្ញៀវទេសចរឲ្យមកស្នាក់នៅក្នុងសណ្ឋាគារ ចំណែកការបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ ភោជនីដ្ឋានវិញគឺមានភោជនីដ្ឋាន សណ្ឋាគារមួយចំនួនផ្តល់ការបញ្ចុះតម្លៃពី៥ ទៅ១០% សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចអាស្រ័យទៅលើគោលការណ៍ និងលក្ខខណ្ឌរបស់ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន យល់ថាការបណ្តុះបណ្តាលទៅដល់យុវជនក្រោយៗឲ្យមានការយល់ដឹងបន្ថែមក្នុងវិស័យទេសចរណ៍ពិតជាមានសារៈសំខាន់ ស្របពេលដែលកំណើនតម្រូវការទេសចរណ៍នៅកម្ពុជាមានការកើនឡើង ខណៈប្រព័ន្ធសេវាកម្មឌីជីថលនឹងចូលមកជំនួសរបៀបធ្វើការងារចាស់ៗក្នុងបរិបទឧស្សាហកម្ម៤.០ ដែលនឹងតម្រូវឲ្យយុវជនយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំនួយដល់កិច្ចការងាររបស់ពួកគេ។
លោកស្រីបញ្ជាក់ថា៖ « សម្រាប់ការដាក់ចេញនូវគោលការណ៍ថ្មីៗដើម្បីបណ្តុះបណ្តាលយុវជននឹងគឺជាការមួយល្អមែនទែន ប្រសើរមែនទែន ព្រោះយើងត្រូវការអ្នកជំនាញថ្មីៗបន្ថែមទៀត ថ្វីត្បិតតែអ្នកចាស់យើងក៏មានដែរ ប៉ុន្តែដោយសារតែកំណើនតម្រូវការកាន់តែច្រើន ហើយបរិបទថ្មីៗក៏ចូលមកចឹងអ្វីៗ វាមិនដូចពីមុនទេ ។ ដូចក្នុងវិស័យទេសចរណ៍ចឹង លើកមុនការផ្សព្វផ្សាយយើងត្រូវការព្រីនជាទស្សនាវដ្តី យើងដឹកជញ្ជូនយកទៅទាំងកេសៗទៅផ្សព្វផ្សាយនៅឯក្រៅប្រទេស។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះគឺជាបរិបទឧស្សាហកម្ម ៤.០ អញ្ចឹងត្រូវការការ Update [អភិវឌ្ឍន៍តាមសម័យកាល] ការផ្សព្វផ្សាយក៏ដូចជាការរកដៃគូបែបប្រភេទថ្មី អ្វីៗមកតាមនឹង» ។
សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន លោកហូ វណ្ណឌី ថ្លែងថា ការបើកវគ្គបណ្តុះបណ្តាលផ្នែកវិស័យទេសចរណ៍នេះផ្តល់ផលវិជ្ជមានមិនថាសម្រាប់តែយុវជនដែលទើបប្រឡូក ក្នុងវិស័យនេះឬយុវជនជំនាន់ថ្មីដែលមានបំណងបម្រើការងារក្នុងវិស័យនេះនោះទេ ប៉ុន្តែថែមទាំងផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានអាជីវកម្មផ្ទាល់ខ្លួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមជាមួយអ្នកដែលមានជំនាញស្រាប់ ក៏អាចពង្រឹងសមត្ថភាពបន្ថែម និងអាចធ្វើការរកដៃគូអភិវឌ្ឍន៍បានផងដែរ។
លោកបានបន្ថែមថា៖«ការបើកប្រទេសឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រកាសឲ្យបើកប្រទេសឡើងវិញជាមួយនឹងការត្រៀមទេសចរ យើងជឿជាក់ថាទាំងការផ្គត់ផ្គង់ទេសចរណ៍ ទាំងទេសចរខ្លួនឯង អ្នកផ្គត់ផ្គង់សេវាទេសចរណ៍ក៏មិនបាននឹងផ្តល់សេវាកម្មយ៉ាងគំហុក ដូចទឹកបាក់ទំនប់ដែរ ហើយទេសចរ [ភ្ញៀវទេសចរ] ខ្លួនឯងក៏មិនដើរដូចទឹកបាក់ទំនប់ដែរ អញ្ចឹងមានតែថាសន្សឹមៗទាំងអស់គ្នា» ។
ប្រធាននាយកដ្ឋានស្ថិតិនិងព័ត៌មាននៃក្រសួងទេសចរណ៍លោក គង់ សុភារក្សមានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានជំនាន់ក្រោយខាងផ្នែកវិស័យទេសចរណ៍តាមប្រព័ន្ធអនឡាញជាកិច្ចការចំបាច់ ដោយលើកហេតុផលថា មានការខ្វះខាតនូវធនធានមនុស្សក្នុងទ្រទ្រង់ឲ្យវិស័យទេសចរណ៍រស់រវើកឡើងវិញ ស្របពេលដែលវិបត្តិកូវីដ១៩បានរុញច្រានអ្នកពឹងផ្អែកលើវិស័យទេសចរណ៍នេះឲ្យទៅចាប់យករបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លោកបានថ្លែងថា៖ «យើងពង្រឹងជំនាញរបស់គាត់ក្នុងការត្រៀមបើកទទួលនូវទេសចរឡើងវិញ...ទី១ យើងត្រូវមានមនុស្សដើម្បីទទួលសេវា ទី២ទៀតយើងត្រូវពង្រឹងតាមសណ្ឋាគារ ឬក៏រមណីយដ្ឋាន ភោជនីយដ្ឋានមួយចំនួន ក៏យើងត្រូវមានការយកចិត្តទុកដាក់សម្អាត...ជាពិសេសរឿងទេសចរណ៍ក៏យើងគិតទាំងអស់ពី SOP (នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា) ដើម្បីត្រៀមលក្ខណៈបើកទេសចរឡើងវិញគឺយើងត្រូវគិតទាំងអស់ពីបញ្ហាបច្ចេកទេសមួយចំនួន ដើម្បីទប់ស្កាត់ចំនួនការឆ្លងរាលដាលជំងឺកូវីដ-១៩»។
លោក ស្វាយ ស៊ីធុល អតីតអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ផ្នែកបដិសណ្ឋារកិច្ច ជាង១០ឆ្នាំ មកហើយ ក្នុងខេត្តសៀមរាបនិយាយថា បន្ទាប់ពីវិស័យទេសចរណ៍នៅខេត្តសៀមរាបបានដាំក្បាលចុះ ដោយសារការវាយប្រហាររបស់ជំងឺកូវីដ-១៩នោះ លោកបានដើរចេញពីវិស័យទេសចរណ៍និងមកទល់ពេលនេះមិនទាន់ទទួលបានការងារថ្មីធ្វើនៅឡើយទេ។
លោកបន្ថែមថាការបើកវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់យុវជនជំនាន់ក្រោយ ជាការល្អប្រសើរសម្រាប់យុវជដែលមិនទាន់មានបទពិសោធន៍ ក្នុងការត្រៀមលក្ខណៈចូលរួមជំរុញសកម្មភាពទេសចរណ៍ឡើងវិញ។ ប៉ុន្តែ ដោយឡែកសម្រាប់លោកដែលឆ្អិនឆ្អៅនៅក្នុងវិស័យទេសចរណ៍យល់ថា វគ្គបណ្តុះបណ្តាលនេះមិនជាចាំបាច់នោះទេ ។
លោកមានការស្ទាក់ស្ទើរក្នុងការវិលត្រឡប់ទៅរកការងារដែលលោកតែងរកចំណូលបានប្រមាណ៦០០ ទៅ៧០០ ដុល្លារអាមេរិក ពីវិស័យទេសចរណ៍ដែលលោកធ្លាប់តែទទួលបានជាមធ្យមក្នុងមួយខែ ក្រោមហេតុផលថា វិស័យមួយនេះមិនលែងផ្តល់ចំណូលខ្ពស់ដូចមុន ឬមិនទាន់មានការគាំពារ ក៏ដូចជាការលើកស្ទួយឲ្យបានខ្លាំងក្លាដូចបណ្តាប្រទេសមួយចំនួននៅឡើយទេ ។
លោកបានបញ្ជាក់ថា៖ « និយាយរួមទៅខ្ញុំដូចជាអត់ចង់ត្រឡប់ទៅវិស័យនឹងវិញទេ ដោយសារតែបទពិសោធន៍ដដែលៗ ហើយមើលទៅនៅថ្ងៃអនាគតបានតែប៉ុណ្ណឹងអត់មានការរីកចម្រើនជាងនឹង។ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលគាត់ពង្រឹងឬក៏លើកស្ទួយវិស័យហ្នឹង[វិស័យទេសចរណ៍] ឲ្យមានប្រាក់ឈ្នួលសមរម្យទៅតាមការរស់នៅជាក់ស្តែងសព្វថ្ងៃរបស់ប្រជាជនយើង ប្រហែលជាខ្ញុំពិចារណាត្រឡប់ទៅវិញ» ។
គិតត្រឹមរយៈពេល៨ ខែនៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរពីក្រៅប្រទេសប្រមាណ ១២ ម៉ឺននាក់ ដែលមានការថយចុះ៩០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯទេសចរផ្ទៃក្នុង សំដៅលើទេសចរជាតិ និងភ្ញៀវអន្តរជាតិដែលរស់នៅ ឬធ្វើការក្នុងប្រទេសកម្ពុជាជាអចិន្ត្រៃយ៍ សរុបជាង២លាន ២សែននាក់ ថយចុះ៥១ភាគរយ ក្នុងនោះមានភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តក្នុងស្រុកមានប្រហែល១៥ ម៉ឺននាក់ ថយចុះ៩១ភាគរយ ។ នេះបើតាមលោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនិងព័ត៌មាននៃក្រសួងទេសចរណ៍៕