ភ្នំពេញ — ដោយសារវិបត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងអត្រា –៣,១% កាលពីឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរំពឹងសង្ឃឹមកំណើនងើបឡើងវិញ ក្នុងអត្រា ៤% ក្នុងឆ្នាំ ២០២១ នេះ ដោយមើលឃើញពីការទប់ទល់បាននឹងជំងឺនេះ ដោយសារមិនមានការឆ្លងទ្រង់ទ្រាយធំ មុនថ្ងៃទី ២០ ខែកុម្ភៈ។
ប៉ុន្តែដោយសារវត្តមាននៃការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ធំបំផុតដែលមិនធ្លាប់មាន គឺចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈមក ក្រុមសេដ្ឋវិទូបានសម្ដែងក្ដីបារម្ភថា ក្ដីរំពឹងទុកអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយកំណើនវិជ្ជមាននៅឆ្នាំនេះ អាចនឹងរងការរំខាន។
ក្នុងពេលត្រឹមតែ ២០ ថ្ងៃចុងក្រោយ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ៧១២ ករណី និងបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូង លើបុរសម្នាក់វ័យ ៥០ ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។ ទីតាំងអាជីវកម្មមួយចំនួនត្រូវបានផ្អាកបណ្តោះអាសន្ន ហើយក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅផ្ទះ បើមិនមានកិច្ចការចាំបាច់ចេញទៅក្រៅ។
ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវតែទប់ទល់គ្រប់គ្រងការឆ្លងនេះឱ្យបានលឿនបំផុត។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានប៉ាន់ប្រមាណថា វិស័យសេវាកម្ម រួមមានសេវាកម្សាន្ត ភោជនីយដ្ឋាន ការដឹកជញ្ជូន និងសេវានានា បានធ្លាក់ចុះអស់ប្រមាណ ៨០%។
លោកប្រាប់ VOA ថា៖ «ព្រឹត្តិការណ៍នេះបើនៅតែបន្ត ខ្ញុំជឿថា សេដ្ឋកិច្ចរបស់យើងមិនអាច Rebound (ងើបត្រឡប់វិញ) បានទេ លុះត្រាតែយើងគ្រប់គ្រងសភាពការណ៍នេះឱ្យបាន បានអាចសង្ឃឹមថា Rebound មកវិញបាន»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា រដ្ឋាភិបាលគួរពិនិត្យជម្រើសបិទចរាចរណ៍ក្នុងទីក្រុងមួយខែ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ទើបអាចឆាប់ធ្វើឲ្យប្រសើរឡើងមកវិញ បូកជាមួយការពង្រាយចាក់វ៉ាក់សាំងដែលគ្រោងឱ្យបានមនុស្សជិត ១ លាននាក់ ត្រឹមពាក់កណ្ដាលឆ្នាំនេះ។
លោកបន្តថា៖ «វ៉ាក់សាំងនេះបើសិនយើងចាក់រួចរាល់ហើយ ទប់ស្កាត់ការឆ្លងបានហើយ នោះបានពាក់កណ្ដាលឆ្នាំ បានន័យថា សេដ្ឋកិច្ចរបស់កម្ពុជាអាចបូកសងគ្នាទៅ។ បើយើងអាចទប់ជាប់ក្នុងស្ថានការណ៍ក្នុងខែ ៦ ឬខែ ៧ នេះ យើងអាចមានភាពប្រសើរមកវិញ សេដ្ឋកិច្ចកម្ពុជា បើយើងស្មានជាត្រួសៗ អាចនឹងមានកំណើន ១% ទៅ ២% ក្នុងចន្លោះប៉ុណ្ណឹង»។
ចំណែកលោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ចនិងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា ស្ថានភាពបច្ចុប្បន្នប៉ះពាល់ធំបំផុតលើសហគ្រាសធុនតូចនិងមធ្យម វិស័យផលិតកម្មបម្រើការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ។
«ដែលលទ្ធភាពចុងក្រោយគេ លទ្ធភាពក្នុងនាំចេញទំនិញទៅទីផ្សារក្រៅស្រុក ប្រហែលជាអាចអាក់ខាន ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ នេះ អាចកើនក្នុងកម្រិតទាបជាងការរំពឹងទុកដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។
លោកបណ្ឌិត ឆេង គឹមឡុង លើកឡើងថា រដ្ឋាភិបាលគួរបន្តការឧបត្ថម្ភធនក្នុងប្រព័ន្ធគាំពារសង្គម ចាក់បញ្ចូលសាច់ប្រាក់ក្នុងសេដ្ឋកិច្ច និងអាចពិចារណាការអន្តរាគមន៍សារពើពន្ធ រួមមានទាំងការលើកលែងពន្ធដារក្នុងកម្រិតណាមួយជាដើម ដើម្បីបញ្ចៀសការក្ស័យធនទ្រង់ទ្រាយធំក្នុងវិស័យឯកជន។
ការបង្កើនចំណាយក្នុងពេលចំណូលមានកម្រិត ខណៈរដ្ឋាភិបាលអនុវត្តវិធានការចំណាយត្បិតត្បៀតតាំងពីឆ្នាំ ២០២០ បានន័យថា បន្ទុកបំណុលខ្ចីពីបរទេសនិងប្រភពចំណូលផ្សេងទៀត ត្រូវកើនឡើង។ នេះបើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ។
ក្នុងឆ្នាំ ២០២០ បំណុលបរទេសរបស់រដ្ឋាភិបាលកម្ពុជាបានកើនឡើង ១.២៦៣លានដុល្លារ ពី ៧.៥៩៦លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០១៩ទៅដល់ ៨.៨៥៩លានដុល្លារអាមេរិក ត្រឹមដំណាច់ខែធ្នូ កាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបណ្ឌិត ឆេង គឹមឡុង លើកឡើងថា៖ «ធ្វើទៅតាមលទ្ធភាពដែលធ្វើទៅបាន។ ធ្លាក់ចុះក្នុងរយៈពេលខ្លី ក៏ប៉ុន្តែវានឹងជួយជំរុញកុំឱ្យសហគ្រាសពាណិជ្ជកម្មអាជីវកម្មធុរកិច្ចទាំងអស់នោះក្ស័យធន បិទទ្វារដែលមានផលវិបាកកាន់តែធ្ងន់ធ្ងរ។ មានន័យថា និយាយទៅ ទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន កំពុងតែទទួលរងនូវផលប៉ះពាល់ទាំងអស់គ្នា អ៊ីចឹងមានតែធ្វើយ៉ាងណាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។
លោកបណ្ឌិត ឆេង គឹមឡុង បន្ថែមថា៖ «ហើយសំខាន់ជាងគេបំផុត មែនទែនទៅ គឺការពារកុំឱ្យឆ្លងរីករាលដាល ប៉ះពាល់ខូចខាតដល់សុខភាពសាធារណៈ បាទ! ហើយកាលណាឆ្លងរីករាលខ្លាំង លទ្ធភាពក្នុងការជំរុញស្ដាសេដ្ឋកិច្ចឡើងវិញនេះ ក៏មានតិចតួចដែរ»។
VOA មិនទាន់អាចសុំការឆ្លើយតបពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននៅឡើយទេ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ លើកឡើងថាវិស័យឯកជនស្ថិតក្នុងកម្រិតប្រុងជើងការខ្ពស់ ប្រឈមនឹងស្ថានការណ៍ឆ្លងរាលដាលឥតស្រាកស្រាន្តនេះ។
តំណាងនិយោជករោងចក្រកាត់ដេររូបនេះ បានប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា៖ «យើងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់យកនូវវិធានការតឹងតែងដើម្បីព្យាយាមបញ្ចៀសការឆ្លងរាលដាលតាមបណ្ដារោងចក្រ។ ជាការពិតណាស់ បច្ចុប្បន្នយើងមានក្ដីបារម្ភជាងសព្វមួយដង តែបណ្ដារោងចក្រទាំងអស់នៅដំណើរការជាធម្មតាទេ»។
សន្ទុះនៃការឆ្លងក្នុងសហគមន៍នេះបានរាលដាលរហូតមានការបិទលែងឱ្យមានចរាចរណ៍ចេញចូលខេត្តព្រះសីហនុ ទីដែលករណីឆ្លងមានលើស ១០០ ករណី។
អ្នកស្រី វឿន ស៊ីវន អាជីវករលក់សាច់មាន់នៅផ្សារលើក្នុងក្រុងព្រះសីហនុ បានលើកឡើងថា ការលក់ដូររបស់អ្នកស្រីធ្លាក់ចុះរង្វង់ ៧៥% អំឡុងពេលមានការផ្ទុះឆ្លងនេះ។
«ស្ងាត់! ពីមុន [ព្រឹត្តិការណ៍២០ កុម្ភៈ] ក៏ស្ងាត់ដែរ តែមិនដូចឥឡូវ។ ស្ងាត់ពីមុនមានម៉ូយអីវ៉ាន់ មកកុម្ម៉ង់ឥវ៉ាន់ធម្មតា តែឥឡូវស្ងាត់ខ្លាំងតែម្ដង ... ចាស៎ ធ្លាក់ខ្លាំង តែបន្តិចទៀត បែបធ្លាក់ដល់សូន្យហើយមើលទៅ បើស្ងាត់ម្លឹងៗហ្នឹង អត់មានឡានអត់មានម៉ូតូនៅតាមផ្លូវផងល្ងាចឡើង»។
អាជីវករដែលលក់ដូរនៅផ្សារលើជាង ១០ ឆ្នាំរូបនេះ ថាខ្លួននៅតែបន្តមកលក់ទោះភ័យខ្លាចឆ្លងវីរុស។
«អត់ខ្លាចម៉េច ខ្លាចឆ្លងដែរហ្នឹង តែមិនដឹងធ្វើយ៉ាងម៉េចបើយើងជំពាក់ធនាគារ»។
អ្នកស្រី វឿន ស៊ីវន បានខ្ចីប្រាក់ពីធនាគារមួយក្នុងទឹកប្រាក់ ២៥.០០០ដុល្លារអាមេរិក ដើម្បីយកទៅសាងសង់ផ្ទះជួលនៅស្រុកព្រៃនប់ តែអ្នកស្រីកំពុងបារម្ភថា មិនមានចំណូលគ្រប់គ្រាន់ដើម្បីបង់ធនាគារ ខណៈការលក់ដូរនៅផ្សារលើក៏ស្ងាត់ ហើយការជួលផ្ទះក៏មិនកាក់កបដូចបំណង។
លោកបណ្ឌិត ឆេង គឹមឡុង នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បង្ហាញក្ដីបារម្ភពីវិបត្តិឥណទានមិនដំណើរការរបស់ពលរដ្ឋមួយចំនួន ចំពេលចំណូលធ្លាក់ចុះដែលនឹងដាក់បន្ទុកដល់សេដ្ឋកិច្ចអំឡុងវិបត្តិកូវីដ១៩ ឆ្លងរាលដាលក្នុងសហគមន៍លើកនេះ។
«ធ្វើឱ្យអ្នកខ្ចីបុលពីវិស័យមីក្រូហិរញ្ញវត្ថុនេះរឹតតែមានបន្ទុកបន្ថែម បានន័យថា គាត់ខ្ចីលុយគេយកមករកស៊ី តែអត់មានប្រាក់ចំណេញ អត់មានលុយសងគេ រឹតតែជាបន្ទុកបន្ថែម»។
លោក Miguel Chanco អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ ប្រចាំក្រុមហ៊ុនពិគ្រោះយោបល់ Pantheon Macroeconomics លើកឡើងថា កត្តានៃការងើបឡើងវិញបាននៃសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវពឹងអាស្រ័យលើសញ្ញាណនៃការរើបមកវិញនៃសេដ្ឋកិច្ចសកលផងដែរ ពិសេសវិស័យទេសចរណ៍។
អ្នកជំនាញរូបនេះប្រាប់វីអូអេតាមសារអេឡិចត្រូនិកក្នុងន័យដើមថា៖ «ភាគច្រើនត្រូវរំពឹងទៅលើថា តើការធ្វើដំណើរជាអន្តរជាតិអាចត្រឡប់មកជាប្រក្រតីវិញបានឆាប់ប៉ុណ្ណា ដែលការណ៍នេះសំខាន់ក្រៃលែងសម្រាប់ការសះជាឡើងវិញនៃវិស័យទេសចរណ៍ ដែលនេះនឹងពឹងអាស្រ័យលើល្បឿននៃការពង្រាយចាក់វ៉ាក់សាំងក្នុងផ្ទៃប្រទេស និងតាមបណ្ដាប្រទេសជាប្រភពទីផ្សារទេសចរគន្លឹះនានាដូចជា ចិន វៀតណាម ថៃ និងកូរ៉េជាដើម»៕