ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាលបញ្ចប់​បម្រាម​ហាម​ឃាត់​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ខណៈ​ការ​ឆ្លង​កូវីដ​១៩​មិន​ទាន់​ស្រាក​ស្រាន្ត


រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរកំពុងរឹតបន្តឹងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ជា​ការ​សម្រេច​មួយ ត្រូវ​បាន​មើល​ឃើញ​ថាដើម្បី​ជួយ​សម្រួល​ដល់​ផ្នែក​ទេសចរណ៍​ក្នុង​ស្រុក និង​ការ​ធ្វើ ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​នានា។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី២៥ ខែ​មេសា។

ការ​សម្រេច​បញ្ចប់​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ដែល​ត្រូវ​បាន​កំហិត​តាំង​ពី​ថ្ងៃទី​៦ ខែ​មេសា មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ កើត​ឡើង បើ​ទោះជំងឺ​កូវីដ​១៩​នៅ​បន្ត​ឆ្លង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ត្រូវបាន​បិទខ្ទប់។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាលបញ្ជាក់​ថា​បញ្ចប់​ការ​ហាម​ឃាត់​ធ្វើ​ដំណើរ​ និង​ការ​បិទ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃទី​៦ ខែ​មេសា ហើយ​ពី​ដើម​ឡើយ គ្រោងបញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា។ សេចក្តី​សម្រេច​បន្ថែម​ថា​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញចូល​និង​ឆ្លង​កាត់​ភូមិសាស្រ្ត​នានា​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​អនុវត្ត​តាម​សេចក្តីសម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​និង​ទីក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល ដែល​មាន​ជា​ធរមាន។

អភិបាល​រង​ខេត្ត​សៀម​រាប​ដែល​ជា​តំបន់​ទេសចរណ៍ លោក លី សំរិទ្ធ មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុងខេត្ត​សៀមរាប​ដែល​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​វិស័យទេសចរណ៍​បាន​រង​គ្រោះ ​ដោយ​សារ​មិន​មាន​ទេសចរ​បរទេស​ និងទេសចរ​ក្នុង​ស្រុក​ចូល​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ។ លោក​បន្ត​ថាការ​បិទ​ឆ្លង​ខេត្ត​របស់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ ជា​វិធាន​ការ​ចាំបាច់​មួយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​«មហន្តរាយ​ធំ​ជាង​នេះ​»។

លោក លី សំរិទ្ធ ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជាពិសេស​មួយ​ខែ​ចុងក្រោយ​នេះ គឺ​វា​មិន​ស្រួល​ទេ​ ចង់​និយាយ​ទាំង​អស់​គ្នា។ កុំ​ថា​តែ​យើង​នៅ​ណា ក៏​វា​មិន​ស្រួល​ដែរ»។

លោក​អភិបាល​រង​ខេត្តរូប​នោះ​បាន​ឲ្យ​ដឹងថាអាជ្ញា​ធរ​ខេត្ត​សៀមរាប​រង់​ចាំ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ចូល​មក​ខេត្ត​សៀមរាប ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​វិធានការ​សុខាភិបាល ខណៈ​សង្កាត់​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​រាំង​ខ្ទប់​ ប៉ុន្តែ​ក៏​ត្រៀម​បើក​ឡើង​វិញនា​ពេល​ខាង​មុខដែរ។

លោក​ លី សំរិទ្ធ បន្ថែម​ថា៖ «យ៉ាង​ណា​ក៏ដោយ ប្រហែលជា​បង​ប្អូន​មិន​ទាន់​មាន​មោទនភាព​និង​មាន​សេចក្តី​សោមនស្ស​រីករាយ​នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ យើង​នៅ​មាន​សុទិដ្ឋិ​និយម​ថា​ស្អីៗ​វា​នឹង​ល្អ​ប្រសើរ​បន្តិច​ជាង​នេះ​»។

រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប លោក ចាន់ សុផល មាន​ប្រសាសន៍​ថា​ការ​បិទ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ បាន​ប៉ះពាល់​ដល់​វិស័យ​ទេស​ចរណ៍​ក្នុង​ស្រុក​ ដូចជា​ប៉ះ​ពាល់​ចំណូល​របស់ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​និង​អ្នក​រក​ស៊ី​របរ​ផ្សេងៗ។ លោក​បន្តថា​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​ នឹង​មាន​កំណើន​យឺត ខុស​ពី​ការ​រំពឹង​ទុក ​កាល​ពី​ចុង​ឆ្នាំ​២០២០ ដោយ​សារបិទ​ការធ្វើ​ដំណើរ​ឆ្លង​ខេត្ត​និង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល។ លោក​បញ្ជាក់​ថា​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ មិន​ទាន់​ថម​ថយ​នៅ​ឡើយ ដូច្នេះ​លោក​មិន​រំពឹង​ថា​នឹង​មាន​ការ​បើកឲ្យ​ធ្វើ​ដំណើរ​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ ឆាប់ៗ​នោះ​ទេ។

លោក​ ចាន់ សុផល មាន​ប្រសាសន៍​ថា៖ «បើ​និយាយ​ពី​វិធាន​ការ​តឹង​រ៉ឹង​ផ្នែក​ជំងឺ​ឆ្លង​នេះ គឺ​ទាល់​តែ​ប្រាកដ​ប្រជា​ពីរ​សប្តាហ៍​ ក្រោយពីអត់​មាន​ភាព​ឆ្លង។ ដូច​ថា​យើង​រក​មិន​ឃើញ​ករណី​ឆ្លង​ ឬ​ក៏​ទាប​ខ្លាំង»។

លោក សឿម ប៊ុនរិទ្ធិ អភិបាល​រង​ខេត្ត​បាត់​ដំបង​និង​ជា​អ្នក​នាំពាក្យ មាន​ប្រសាសន៍ថា ​អាជ្ញាធរ​បាន​ដក​បារ៉ាស់​និង​កម្លាំងយាម​កាម​ចេញ​រួច​រាល់​ហើយ។ ប៉ុន្តែអាជ្ញាធរ​ខេត្ត​បាត់​ដំបង​និង​ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ពិភាក្សា​គ្នា​អំពីការ​បិទ​ឆ្លង​ខេត្ត​ទាំង​ពីរ​នេះ ដោយសារ​ទីក្រុង​ប៉ោយ​ប៉ែត​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្លាំង។

លោក ​សឿម ប៊ុនរិទ្ធិ ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ «អញ្ចឹង​យើង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ តើ​យើង​ត្រូវ​ធ្វើ​បែប​ម៉េច ដើម្បី​រាំង​ខ្ទប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ហ្នឹង ដើម្បី​កុំ​ឲ្យ​នាំ​ជំងឺ​កូវីដ១៩ ដែល​កំពុង​តែ​ផ្ទុះ​នៅ​ទីក្រុង​ប៉ោយ​ប៉ែត​ជាង​១០០​នាក់​ហ្នឹង​ ចម្លង​មក​ដល់​សហគមន៍​នៅ​ក្នុង​ខេត្ត​បាត់​ដំបង»។

លោក​អភិបាល​រង​ខេត្ត​បាត់​ដំបង​ឲ្យ​ដឹង​ថា ​កន្លង​ទៅ​ការ​បិទ​ឆ្លង​ខេត្ត​នេះ គឺ​មិន​មែន​បិទ​ការ​ដឹក​ទំនិញ​ដែល​ជា​គ្រឿង​ឧបភោគ​បរិភោគ​នោះ​ទេ ដោយអាជ្ញា​ធរ​បាន​សម្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចាំបាច់​។

លោក​ សឿម ប៊ុនរិទ្ធិ បញ្ជាក់​ថា៖ «មិនមែនថា​ការ​បិទ​ខ្ទប់​ហ្នឹង មិន​មាន​សកម្មភាព​សេដ្ឋកិច្ច​ទេ បាន​ន័យ​ថា​សកម្មភាព​សេដ្ឋ​កិច្ច​ផ្តោត​ទៅ​លើ​ការ​ផ្គត់ផ្គង់​ទៅ​លើ​គ្រឿង​ឧប​ភោគ​បរិភោគ ហើយ​ក៏​យើង​ជួយ​សម្រួល​សម្រាប់​អ្នក​ដែល​មាន​ជំងឺឬ​ក៏អ្នក​ដែល​ត្រូវ​ទៅ​ពិនិត្យ​ជំងឺ​តាម​ការ​ណាត់​របស់​ពេទ្យ​ជាដើម»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា​ការ​បើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​នេះ នឹង​ជួយ​ឲ្យ​ប្រជាជន​ដែល​ជាប់​គាំង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ អាច​ត្រឡប់​ទៅ​ទីតាំង​ដើម​របស់​ខ្លួន​វិញ​។ លោក​បន្តថា​បើ​ទោះ​មាន​ការ​បើក​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ប៉ុន្តែ​តំបន់​ដែលមាន​ហានិភ័យ​ក្នុង​ក្រុង​ឬ​ក្នុង​ខេត្ត នៅ​តែ​រាំង​ខ្ទប់​ដដែល។

លោក ​ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា៖ «រួច​អ្នក​ខ្លះ​ត្រូវ​ទៅ​បក​ទៅ​ធ្វើ​ស្រែ​ចម្ការ គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ស្រែ​ទៅ​ធ្វើ​ចម្ការ​របស់​គេ ម្លោះ​ហើយ​ចរាចរណ៍​មនុស្ស​ដើម្បី​ទៅ​ប្រកប​ការងារ​ចាប់​ផ្តើម។ ពាក់​ព័ន្ធ​ទីពីរ រឿង​ការ​ជួញ​ដូរ ឬ​គេ​និយាយភាសា​ទំនើប​ហ្នឹង គេ​ថា​ពាណិជ្ជកម្ម​ គេ​អាច​ដំណើរ​ការ​ឡើង​វិញ​បាន»។

កាល​ពី​ថ្ងៃ​ទី​២៥ ខែមេសា អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញសេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​បាន​លើកឡើង​ថា​ ជំងឺ​កូវីដ​១៩ មិន​មែន​ជា​វិបត្តិ​សុខភាព​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ជា​វិបត្តិសេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ។

អង្គការ​នេះ​បញ្ជាក់​ថា៖ «ហើយ​គោល​ដៅ​នៃ​វិធាន​ការ​ឆ្លើយ​តប​ គឺ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​ផ្នែក​សុខ​ភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ការ​ពារ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រសិន​បើ​យើង​គ្រប់​គ្រង​ស្ថានភាព​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​មិន​បាន​ទេ នោះ​វា​នឹង​មាន​ផល​វិបាក​ផ្នែក​សុខភាព​ ក៏​ដូច​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​ផង​ដែរ»។

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡាន (Li Ailan) មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​៖ «គ្រប់​គ្នា​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​នេះ ដើម្បី​ចៀស​វាង​វិប្បដិសារី​នៅ​ថ្ងៃ​ស្អែក​»៕​

XS
SM
MD
LG