សង្កាត់គោកចក ខេត្តសៀមរាប — កាលពី ២ ឆ្នាំ មុនពេលកំពុងមានលុយហូរចូលហោប៉ៅប្រចាំខែកញ្ញា ឌឿម ឆៃយ៉ា ពោរពេញដោយក្តីរីករាយនិងបានបង្កើតក្តីសុបិនមួយថា កញ្ញានឹងបង្កើតអាជីវកម្មជួញដូរស្រូវនិងលក់ប្រេងឥន្ធនៈបន្តិចបន្តួច នៅលើដីឡូតិ៍មួយកន្លែង មានទំហំ ៥០ ម៉ែត្របួនជ្រុងស្ថិតនៅស្រុកជីក្រែងជាប់តំបន់អាកាសយានដ្ឋានថ្មីមួយ ដែលកំពុងសាងសង់ក្នុងខេត្តសៀមរាប។
«ខ្ញុំចង់ថា ទៅទិញដីនៅឯណោះហើយ ពេលអ្នកភូមិអ្នកអីគេធ្វើស្រែធ្វើអីនៅហ្នឹងទៅយើងទិញរបៀបស្រូវស្តុកហើយយើងមានម៉ាស៊ីនខ្លួនយើងយើងធ្វើជាចេញជាអង្ករមកយើងលក់អីចឹងទៅណា៎!ហើយនិងដាក់សាំងអីតិចតួច»។
ក្តីសុបិនរបស់កញ្ញា ឆៃយ៉ា ដែលមានវ័យ ៣៤ ឆ្នាំ ទំនងបានត្រឹមតែជាការសុបិនមិនអាចក្លាយជាការណ៍ពិតបានទេ នៅពេលស្ថានភាពការងារកញ្ញារងការវាយប្រហារផ្ទួនៗពីឥទ្ធិពលនៃជំងឺឆ្លងសកលកូវីដ១៩ និងសកម្មភាពសហជីពនៅសណ្ឋាគារ Le Meridien Angkor ដែលជាផ្នែកមួយនៃខ្សែច្រវ៉ាក់សេវាកម្មសណ្ឋាគារលំដាប់ពិភពលោក Marriott។
កញ្ញា ឆៃយ៉ា ស្ថិតក្នុងចំណោមនិយោជិកជាស្ត្រីបីនាក់ ដែលជាសកម្មជនសហជីពត្រូវបានបញ្ឈប់ពីការងារមុនគេ ពោលគឺមុនសណ្ឋាគារលំដាប់ទំនើបមួយនេះបិទទ្វារទៅទៀត។
ការណ៍នេះ គឺដោយសារកញ្ញា ឆៃយ៉ា ប្រថុយប្រថានតវ៉ាជាមួយថៅកែសណ្ឋាគាររឿងការកាត់ប្រាក់ឈ្នួលច្រើនហួសហេតុពីក្រុមបុគ្គលិកប្រមាណ ១៥០ នាក់ ដែលបានធ្វើការនៅទីនោះ។
កញ្ញា ឆៃយ៉ា និងសហការីកញ្ញាពីរនាក់ទៀត បានបាត់បង់ចំណូលប្រចាំខែ និងមិនបានទទួលសំណងជំងឺចិត្តអ្វីសោះចំពោះការណ៍ដែលត្រូវបានបណ្តេញចេញពីការងារជាបន្តបន្ទាប់ ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២០ គឺនៅពេលសណ្ឋាគារកំពុងត្រដាបត្រដួសជាមួយនឹងវិបត្តិជំងឺកូវីដ១៩។
ក្នុងបទសម្ភាសន៍មួយកាលពីពាក់កណ្ដាលខែមករា នៅផ្ទះរបស់កញ្ញាក្នុងសង្កាត់គោកចកក្រុងសៀមរាប កញ្ញា ឌឿម ឆៃយ៉ា អតីតប្រធានគណៈកម្មាការស្ត្រីសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ Le Meridien Angkor រំឭកពីការបាត់បង់ការងារយ៉ាងដូច្នេះ៖
«គាត់ហៅខ្ញុំទៅហ្នឹង គឺគាត់អត់បានថាជជែកវែកញែកសួរពី ឫសគល់ឬដើមហេតុទេ ប៉ុន្តែគាត់បែរជាហៅខ្ញុំទៅបញ្ឈប់ហើយគាត់ជួលមេធាវីមកពីក្រៅហ្នឹងដល់ទៅបី [នាក់] ដើម្បីធ្វើការបញ្ឈប់តែម្តង»។
ខាងសណ្ឋាគារបានចោទកញ្ញា ឆៃយ៉ា ថាបាន «ញុះញង់» កម្មករនិយោជិតឱ្យជំទាស់នឹងការកាត់ប្រាក់ខែ ៣៥% នៅឆ្នាំ ២០២០ ពេលសណ្ឋាគារនេះជួបបញ្ហាហិរញ្ញវត្ថុរកកលនឹងបិទទ្វារ។ នេះបើយោងតាមកញ្ញា ឆៃយ៉ា។
សណ្ឋាគារ Le Meridien Angkor ដែលឈរនៅក្រុងសៀមរាបតែងតែទាក់ទាញបានភ្ញៀវឥតដាច់ មុនការមកដល់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។
ជំនួសឲ្យការទាក់ទាញភ្ញៀវទេសចរនោះ សណ្ឋាគារដែលមានឈ្មោះល្បីគួរសមនោះបានស្គាល់សម្រែកទាមទាររបស់កម្មករនិយោជិត ដែលបានទៅតវ៉ាជាបន្តបន្ទាប់ នៅមុខបរិវេណសណ្ឋាគារប្រឆាំងនឹងការដកកញ្ញា ឌឿម ឆៃយ៉ា និងសកម្មជនសហជីពជាស្ត្រីពីរនាក់ផ្សេងទៀត។
សម្រែកទាមទារក៏ស្ងប់ស្ងាត់ទៅវិញនៅពេលសណ្ឋាគារអះអាងថា ខ្លួនទប់លែងបាននឹងការចំណាយលើប្រតិបត្តិការសណ្ឋាគារ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
តំណាងសណ្ឋាគារ Le Meridien Angkor នេះ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា ការផ្អាកដំណើរការសណ្ឋាគារនេះនឹងអូសបន្លាយយ៉ាងហោចមួយឆ្នាំ រាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។ តែជម្លោះមិនទាន់ដោះស្រាយចេញនេះនៅតែបន្តមានវត្តមាន។
តាំងពីបាត់បង់ការងារមកនោះកញ្ញា ឆៃយ៉ា មិនចង់ដើរចេញពីផ្ទះទេ ហើយរង់ចាំតែដំណឹងនៃការទូរទាត់ប្រាក់អតីតភាពការងារ និងប្រាក់ជំងឺចិត្តនៃការបញ្ឈប់ការងារ កាលពីខែកក្កដាឆ្នាំមុន។
ដំណាលគ្នានឹងការបាត់បង់ការងារនោះសុខមាលភាពក្នុងគ្រួសារបានធ្វើឲ្យកញ្ញា ឆៃយ៉ា បារម្ភកាន់តែខ្លាំងឡើង ព្រោះប្រាក់សន្សំទុកក្នុងពេលមានការងារធ្វើនោះត្រូវបានចំណាយអស់ទៅហើយ។
«ក្នុងពេលកូវីដហ្នឹង គឺយើងអត់មានចំណូលហើយលុយកាក់ ដែលយើងខំក្បិតក្បៀតយើងសន្សំចាយ យើងសន្សំមក យើងមកប្រើការក្នុងរដូវកាលដែលយើងអត់មានការងារធ្វើផង រដូវកាលកូវីដហ្នឹង គឺយើងអស់ហើយ។ អ៊ីចឹងរាល់ថ្ងៃនេះ បើសិននៅក្នុងគ្រួសារបើសិនណា...អំឡុងពេលនេះបើសិនណាឪពុកឬម្តាយ គាត់ឈឺធ្ងន់ គឺយើងអត់មានថវិកា ដើម្បីយកទៅព្យាបាលគាត់ទេ គឺយើងខ្វះខាតមែនទែន»។
ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌របស់សណ្ឋាគារផ្សេងទៀតលើបណ្តាញហ្វេសប៊ុក ជាដើមហេតុបង្កឲ្យសណ្ឋាគារ Le Meridien Angkor បដិសេធមិនផ្តល់សំណងអ្វីទាំងអស់។ នេះជាការបញ្ជាក់របស់អ្នកស្រី ខាំ ស្រីភ័ក្រ។
អ្នកស្រី ស្រីភ័ក្រ ស្ថិតក្នុងចំណោមសកម្មជនសហជីពស្ត្រីបីនាក់ ដែលត្រូវសណ្ឋាគារ Le Meridien Angkor បណ្តេញចេញពីការងារត្រឹមតែមួយថ្ងៃ ក្រោយការដកកញ្ញា ឌឿម ឆៃយ៉ា។
«គេថា កំហុសធ្ងន់ដែលអត់ផ្តល់សំណងហ្នឹង គឺគេថា យើងហ្នឹងបានសាងកំហុសធ្ងន់ ដោយសារយើងមានបួន ប្រាំចំណុចវាទាក់ទងទៅនឹងអាការញុះញង់អីហ្នឹងឯង។ ញុះញង់ឲ្យបុគ្គលិកទៅផ្តិតមេដៃផ្តិតអី ហើយការ Share ប៉ះពាល់រឿងក្រុមហ៊ុន គ្រាន់តែយើង Share អំពើល្អពី Hotel ដែលគេចែកអង្ករចែកមីអីចឹងដល់បុគ្គលិកនៅអារដូវកូវីដហ្នឹងយើង Share អីចឹងទៅគេថាយើងហ្នឹង Share ញុះញង់ចង់ឲ្យបុគ្គលិកហ្នឹងទៅធ្វើការនៅកន្លែងគេចឹង»។
អ្នកស្រី ស្រីភ័ក្រ អាយុ ៣៣ ឆ្នាំ ដែលមិនទាន់អាចរកការងារបាននៅឡើយ ក្នុងវិស័យទេសចរណ៍ដែលដួលរលំនោះ កំពុងបន្តរបរបោកគក់សម្លៀកបំពាក់រកចំណូលបានពីបីទៅបួនម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមកូនស្រីម្នាក់អាយុ ៩ ឆ្នាំនៅក្នុងបន្ទុក។ អ្នកស្រីបានប្រកបរបរបោកគក់តាំងពីក្នុងពេលមានការងារ។
អ្នកស្រីបានរអ៊ូអំពីកង្វះការដោះស្រាយធ្វើអន្តរាគមន៍ពីសំណាក់ភាគីរដ្ឋាភិបាល គឺមន្ទីរការងារខេត្តសៀមរាប។
«ខាងមន្ទីរគាត់អត់បានជួយយើងធ្វើការរឿងហ្នឹងឲ្ យយើងផងហ្នឹងបងអាបណ្តឹងដែលយើងដូចខ្ញុំនិយាយថា យើងចង់ឲ្យសំណូមពរត្រូវទទួលយកនៅពេលដែល Hotel បើកវិញជាង ១៥០ នាក់ហ្នឹងគឺអត់មានដំណោះស្រាយអីទេ គឺយើងដាក់ទៅ គឺយើងដាក់ចោលយើងអត់មានការអន្តរាគមន៍ពីខាងណា ពាក់ព័ន្ធណាគឺអត់ទេ យើងអត់មានទទួលបានការអន្តរាគមន៍ទេ»។
ចំណុចដែលទាមទារក្នុងវិវាទការងារជាមួយសណ្ឋាគារ Le Meridien Angkor មានប្រាំមួយចំណុចសំខាន់ៗ ដែលក្នុងនោះគឺការផ្តល់ប្រាក់សោហ៊ុយជំងឺចិត្តនិងប្រាក់អតីតភាពការងារមុនឆ្នាំ ២០១៩ ដល់សកម្មជនសហជីពទាំងបីដែលត្រូវបានបញ្ឈប់ពីការងារ និងធានាទទួលយកបុគ្គលិកទាំងជាង ១៥០ នាក់របស់សណ្ឋាគារ រួមទាំងក្រុមសហជីពផង ឲ្យបានត្រឡប់ទៅធ្វើការវិញក្នុងករណីសណ្ឋាគារដំណើរការបានជាធម្មតាវិញ។
គំនាបលើក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករបានកើនឡើងខ្លាំង ក្រោយការដាក់ឲ្យប្រើប្រាស់ច្បាប់សហជីពដែលមានមាត្រាមួយចំនួនរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិកម្មករថា រឹតត្បិតលើភាពជាតំណាងរបស់កម្មករនិងបិទផ្លូវមិនឲ្យមានការតវ៉ា ឬប្រឈមនឹងការរំលាយសហជីពចោលតែម្តង ប្រសិនបើភាគីខាងក្រុមហ៊ុនមិនពេញចិត្តនឹងចលនាសហជីព ដែលទាមទារផលប្រយោជន៍ជូនកម្មករ។
លោក ច័ន្ទ សុខុមចិន្តា ប្រធានមន្ទីរការងារខេត្តសៀមរាបប្រាប់វីអូអេ កាលពីថ្ងៃអង្គារទី២ ខែកុម្ភៈថា គូ ភាគីជម្លោះដែលមានសកម្មជនសហជីពស្ត្រីបីនាក់និងតំណាងភាគីនិយោជក បានឈានដល់ការស្រុះស្រួលគ្នាលើប្រាក់សំណង ចំពោះការបញ្ឈប់ពីការងារ ក្រោយរងការចោទប្រកាន់តាមអ្វីដែលក្រុមហ៊ុនថា អ្នកទាំងបីបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរនោះ។
នៅពេលសួរថា តើការបញ្ឈប់សកម្មជនស្ត្រីទាំងបីនាក់នេះ មានចេតនានៃការរើសអើងសហជីព ឬយ៉ាងណា លោក សុខុមចិន្តា មានប្រសាសន៍ថា៖
«បងសួរទៅខាងសណ្ឋាគារហើយ បងវាយតម្លៃខ្លួនឯង ខ្ញុំមិនអាចថា ខាងណារើសអើងខាងណាបានទេ។ ខ្ញុំជាអាណាព្យាបាលបាទ»។
យ៉ាងណាក៏ដោយលោកថា ការព្រមព្រៀងខាងលើរវាងភាគីជម្លោះនេះបានធ្វើឡើង ក្រោយមានការអន្តរាគមន៍ពីមន្ទីរការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ប្រាប់វីអូអេថា ភាគីជម្លោះនៅសណ្ឋាគារ Le Meridien Angkor បានឈានដល់ការយល់ព្រមលើកញ្ចប់សំណង ដែលមានចំនួនជាង ១០០០ ដុល្លារក្នុងម្នាក់ៗ សម្រាប់សកម្មជនសហជីពទាំងបីនាក់។
ប៉ុន្តែ ខាងភាគីសណ្ឋាគារ នៅបង្ហាញការស្ទាក់ស្ទើរចំពោះការផ្តល់សំណង ដែលលោក ថារ៉ូ បរិយាយថាមិ នទាន់នឹងសមស្របផងទេ បើយោងទៅលើច្បាប់ស្តីពីការងាររបស់ប្រទេសកម្ពុជា។
«អ្វីដែលខ្ញុំទទួលបានព័ត៌មានពីពួកគាត់ហ្នឹង គឺខាងក្រុមហ៊ុនហ្នឹង គឺគាត់នៅតែមានលេសសន្យាថាឲ្យថ្ងៃនេះ ថ្ងៃណោះ។ វាអត់មានភាពប្រាកដប្រជាច្បាស់លាស់ នៅក្នុងការផ្តល់ឲ្យពួកគាត់។ អ៊ីចឹងនិយាយសរុបរួមមក គឺអាសំណងហ្នឹង គឺវាមិនត្រឹមត្រូវទេ។ ប៉ុន្តែពួកគាត់អត់មានជម្រើសអីខាងពីហ្នឹងនៅក្នុងការទទួលយកនូវអ្វីដែលក្រុមហ៊ុនបានផ្តល់ឲ្យនោះ ដែលជាទឹកប្រាក់មិនត្រឹមត្រូវទៅតាមការគណនាផ្អែកទៅលើច្បាប់ស្តីពីការងារ»។
អ្នកស្រី Variya Lulitanond នាយកទីផ្សាររបស់ក្រុមហ៊ុន Marriott ប្រចាំប្រទេសថៃ វៀតណាម កម្ពុជានិងភូមា បញ្ជាក់វីអូអេតាមសារអេឡិកត្រូនិក នៅថ្ងៃព្រហស្បតិ៍នេះថា សុខមាលភាពនៃសហការី និងការរក្សាទីកន្លែងការងារគឺស្ថិតនៅក្នុងការប្តេជ្ញាចិត្តរបស់សណ្ឋាគារ Le Meridien Angkor។
អ្នកស្រីលើកឡើងថា៖ «យើងបានពិនិត្យឡើងវិញនូវជម្រើសផ្សេងៗ ដែលមានសម្រាប់យើងក្នុងកាលៈទេសៈទាំងនេះ ប៉ុន្តែយើងមានអារម្មណ៍ថា ដំណោះស្រាយនេះ គឺជាជម្រើសល្អបំផុតសម្រាប់សណ្ឋាគារនិងនិយោជិតសណ្ឋាគាររបស់យើង នៅក្នុងស្ថានភាពបច្ចុប្បន្ន។ យើងបានដោះស្រាយស្ថានការណ៍នេះ ជាមួយនឹងសហការីរបស់យើងដោយរាប់បញ្ចូលទាំងការផ្តល់ឱកាសដល់បងប្អូនខ្លះដើម្បីធ្វើការនៅសាខាយើង ដែលមានការងារឲ្យធ្វើ។ វាឆាប់ពេកហើយក្នុងការផ្តល់អធិប្បាយទៅលើផែនការទៅថ្ងៃអនាគត នៅក្នុងដំណាក់កាលនេះ»។
ក្នុងគ្រាមានវិបត្តិជំងឺឆ្លងកូវីដ១៩ នេះ ការធ្វើទុក្ខបុកម្នេញលើក្រុមសហជីពបានកើនឡើងក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកបើគិតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ នេះជាការកត់សម្គាល់របស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
«ខ្ញុំកត់សម្គាល់ទៅ គឺការកើនឡើងនៃការធ្វើទុក្ខបុកម្នេញឬក៏រើសអើងប្រឆាំងនឹងសហជីពហ្នឹងខ្លាំងបំផុត ដែលយើងអាចនិយាយថាជាពេលមួយ ដែលខ្លាំងមិនដែលឃើញក្នុងរយៈពេល ២០ ឆ្នាំហ្នឹងមិនដែលឃើញការធ្វើទុក្ខបែបហ្នឹងទេបាទ»។
លោកបន្តថា ករណីនៃការបញ្ឈប់សកម្មជនសហជីព ឬរំលាយចោលសហជីពកាលពីឆ្នាំ ២០២០ កន្លងមក គឺមានដល់ទៅរាប់រយករណី ដោយសារតែក្រុមហ៊ុនហាក់ដូចជាធ្វើអ្វីបានតែតាមអំពើចិត្តក្រោមលេសឥទ្ធិពលនៃជំងឺកូវីដ១៩ និងហេតុផលនៃកំហុសការងារផ្សេងៗ។
«ឥឡូវនេះគឺមានន័យថា ត្រូវបញ្ឈប់ថ្នាក់ដឹកនាំសហជីពចោលដោយយកលេសកូវីដ ឬក៏យកលេសផ្សេងៗហ្នឹងទីមួយ។ ទីពីរគឺពេលយើងបង្កើតសហជីពត្រូវបញ្ឈប់ចោលតែម្តង ហើយថ្នាក់ដឹកនាំសហជីពនិងអ្នកពាក់ព័ន្ធហ្នឹងត្រូវប្តឹង ដើម្បីដោះស្រាយប៉ុន្តែនៅពេលដែលប្តឹងគាត់មិនមកដោះស្រាយហើយក្រសួងការងារព្យាយាមការបញ្ឈប់ហ្នឹងទៅជាវិវាទបុគ្គលដែលវិវាទបុគ្គលមានន័យថាគាត់ត្រូវទៅតុលាការដែលមិនអាចដឹង...យើងមិនសង្ឃឹមថា មានពេលទៅដោះស្រាយឬក៏ដោះស្រាយឲ្យបានត្រឹមត្រូវបានទេ»។
ដោយឡែកអ្នកស្រី ពេជ្រ សាលួន មានការងារក្រៅពីផ្នែកសណ្ឋាគារ។ ប៉ុន្តែអតីតបុគ្គលិករបស់ក្រុមហ៊ុន Ground Service International (GSI) ដែលទទួលបន្ទុកខាងសម្អាតអនាម័យនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានរឿងស្រដៀងគ្នាជាមួយនឹងក្រុមសហជីពនៅសណ្ឋាគារ Le Meridien Angkor។
ការចងក្រងសហជីពមួយក្នុងក្រុមហ៊ុន Ground Service International ជាហេតុផលដែលបានធ្វើឲ្យអ្នកស្រីរបូតការងារ ដែលធ្វើបានទើបតែបានជាង ៣ ឆ្នាំ។
«មកពីខ្ញុំបានបង្កើតសហជីពមួយទៅខាងក្រុមហ៊ុនគេបានដកពួកខ្ញុំចំនួនប្រាំនាក់ ដោយសារតែខ្ញុំបង្កើតសហជីព»។
ដោយបានបាត់បង់ការងារតាំងពីខែតុលា ឆ្នាំ២០១៩ សម្ពាធហិរញ្ញវត្ថុកំពុងរំខានជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី សាលួន ដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៥០០០ ដុល្លារ ដើម្បីសង់ផ្ទះនៅឃុំដូនកែវស្រុកពួកតែផ្ទះមិនបានសង់ ដោយសារអាជ្ញាធរអប្សរាមិនអនុញ្ញាត។
អង្គុយនៅមុខរោងបាយប្រក់ដោយស្លឹកត្នោតក្នុងបរិវេណផ្ទះរបស់ម្តាយអ្នកស្រី ក្នុងឃុំលាងដៃស្រុកអង្គរធំ អ្នកស្រី សាលួន ដែលមានកូនពីរនាក់និយាយថា ផ្ទះរបស់អ្នកស្រីមិនបានសង់ ប៉ុន្តែអ្នកស្រីត្រូវសងប្រាក់ទៅវិញក្នុងមួយខែ ១៦០ ដុល្លារ ហើយការសងប្រាក់នោះក៏មិនទៀងទាត់តាមកាលកំណត់ ព្រោះអ្នកស្រីមិនមានចំណូលថេរប្រចាំខែ។ នៅពេលខ្លះ អ្នកស្រីត្រូវខ្ចីប្រាក់ពីម្តាយ ដើម្បីរ៉ាប់រងជីវភាពនិងដោះបំណុល។
«វាពិបាកត្រង់ថាយើងមានកូនរៀន ទីមួយ។ ហើយណាមួយ យើងទិញអង្ករគេណាមួយភ្លើង យើងក៏ត្រូវបង់រាល់ខែដែរ យើងជំពាក់គេតិចតួចដែរទៅវាពិបាកពេលយើងអត់មានការងារធ្វើ»។
ក្នុងវ័យ ២៨ ឆ្នាំ អ្នកស្រីកំពុងស្វះស្វែងរកប្រាក់នៅខាងក្រៅវិស័យទេសចរណ៍ ដើម្បីបង់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
«ខ្ញុំរកការងារថ្មីដែរតែវាអត់មាន អត់ អត់រកអត់បានមានតែសំណង់ខ្ញុំធ្វើសំណង់ធ្វើបានប្រហែលជា ២០ ថ្ងៃក៏រួច ដល់ពេលរួចគេទៅស្រុកគេវិញអស់ទៅ អត់ អត់ទាន់បានរកទៀត»។
បើតាមអ្នកស្រី សាលួន ឱកាសការងារក្នុងខេត្តសៀមរាបស្ទើរតែលែងមានទៅហើយ សម្រាប់ផ្នែកទេសចរណ៍។
នៅក្រោមម្លប់ដើមស្វាយនៅក្នុងផ្ទះដែលស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីសួនឧទ្យានប្រាង្គប្រាសាទអង្គរកញ្ញា ឌឿម ឆាយ៉ាអតីតសកម្មជនសហជីពនៅសណ្ឋាគារLe Meridien Angkor ក៏កំពុងប្រឈមមុខនឹងវិបត្តិអត់ការងារធ្វើនៅពេលតម្រុយនៃការកម្រើកចំនួនភ្ញៀវទេសចរពីក្រៅប្រទេសស្ថិតក្នុងភាពមិនប្រាកដប្រជានោះ។
«ខ្ញុំគិតថាវិស័យសណ្ឋាគារ មិនដឹងថាពេលណាវានឹងអាចមកងើបឡើងវិញ។ រាល់ថ្ងៃនេះខ្ញុំកំពុងស្វែងរកថាសំណង់ក៏ធ្វើ ភោជនីយដ្ឋានក៏ធ្វើនិយាយរួមទៅ ឲ្យតែមានការងារមានប្រាក់ចំណូលអ៊ីចឹងទៅណា៎! តែបើវិស័យធនាគារ ឬវិស័យការងារអីដូចជាអង្គការអីដែលធំៗយើងអត់លទ្ធភាពទេពីព្រោះខ្ញុំសិក្សាបានតិច។ ខ្ញុំរៀនបានថ្នាក់ទីប្រាំមួយទេ»៕