នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសបោះបង់ចោលគំនិតគិតចង់កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានការដាក់ទោសប្រហារជីវិត ទៅលើបុគ្គលដែលប្រព្រឹត្តបទល្មើសរំលោភផ្លូវភេទលើកុមារ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រមួយធ្វើឡើង ក្នុងរាជធានីភ្នំពេញ លោកហ៊ុន សែន បានលើកឡើងថា ការសម្រេចប្តូរជំហរមិនកែរដ្ឋធម្មនុញ្ញរបស់លោកកើតមានឡើង ក្រោយមានប្រតិកម្មពីអ្នកវិភាគមួយចំនួន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលបានផ្តល់មតិផ្សេងៗគ្នា ទាក់ទិននឹងការដាក់ទោសប្រហារជីវិត។
លោកបានចាត់ទុកការបញ្ចេញមតិរបស់លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត មេធាវីការពារសិទ្ធិមនុស្សលោកសុខ សំអឿន និងលោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថាជាការត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់ការយល់ឃើញថា ការដាក់ទោសប្រហារជីវិត គឺមិនឆ្លើយតបនឹងស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។
លោកហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖
«ចំណុចដែលលោកសុខ សំអឿន លោកអ៊ូ វីរៈ ហើយនិងលោកសុខ ទូច បានលើកឡើង ខ្ញុំព្រះករុណាគិតថា មតិនេះ គឺត្រូវ ព្រោះប្រសិនបើមានការប្រហារជីវិត ភាន់ច្រឡំណាមួយកើតឡើង គឺជាគ្រោះថ្នាក់ធំណាស់ទៅវិញទេ នេះគឺជារឿងដែលជាស្ថានភាពមួយមិនស្របជាមួយបរិបទដែលប្រទេសរបស់យើង បានដើរមកដល់តំណាក់កាលនេះ ដែលខ្ញុំព្រះករុណា ខ្ញុំយល់ថា ប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើង នៅក្នុងការកាត់ទោសប្រហារជីវិត អ្នកដែលស្លាប់ទៅនោះ ស្រាប់តែសើរើ រឿងក្តីត្រឡប់មកវិញ គ្នាអត់មានទោសអីសោះ ឯជាមនុស្សស្លាប់បាត់ទៅហើយ អ៊ីចឹងរឿងនេះ គឺជារឿងមួយអាណោចអាធមលើសពីអ្វីដែលយើងគិតដល់»។
លោកហ៊ុន សែន បានថ្លែងបន្ថែមទៀតថា កម្ពុជាមិនចាំបាច់កែរដ្ឋធម្មនុញ្ញ ដើម្បីដាក់ទោសប្រហារជីវិត លើអ្វីដែលលោកយល់ថា ជាអំពើតិរច្ឆាន ពោលគឺការណ៍ដែលឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង ឬក៏ជីតាបង្កើតរំលោភចៅស្រីរបស់ខ្លួនឯងជាដើម។
«ខ្ញុំព្រះករុណាខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីនឹងការ ការឲ្យមានទោសប្រហារជីវិតទេ តែត្រូវយកវិធានការព្រមៗជាមួយនឹងវិធានការអប់រំ សីលធម៌ក្នុងសង្គម ដើម្បីកាត់បន្ថយ ឬឈានទៅបញ្ចប់ ដែលមិនមែនគ្រាន់តែជាបញ្ហា រវាងរំលោភបំពាន រវាងឪពុកទៅលើកូន ជីតាទៅលើចៅ ឪពុកមា ទៅលើក្មួយ បងទៅលើប្អូនទេ ក៏ប៉ុន្តែកាត់បន្ថយទាំងអស់នូវការរំលោភបំពានផ្លូវភេទ»។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញបំណងចង់បង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រហារជីវិតអ្នករំលោភកុមារីដែលជាសាច់ញាតិរបស់ខ្លួនឯង។
ការលើកឡើងនេះនៅពេលដែលលោកនាយករដ្ឋមន្ត្រីនិងភរិយាបានចុះទៅសួរសុខទុក្ខកុមារី និងយុវតីនៅក្នុងអង្គការជួយស្ត្រីរងគ្រោះមួយដែលមានឈ្មោះថា អាហ្វេស៊ីប។
កុមារីនិងយុវតីដែលអង្គការអាហ្វេស៊ីបមើលថែ គឺសុទ្ធតែជាជនរងគ្រោះដោយសារការរំលោភ។ លោកហ៊ុន សែន បានចាត់ទុកជនល្មើសថាមាន«ធាតុតិរច្ឆាន» ដែលមិនគួរត្រូវបានអត់ឱនឱ្យទេ ជាពិសេសក្នុងករណីជនល្មើសជាជីតា ឪពុកនិងឪពុកមាបង្កើតរបស់ជនរងគ្រោះ។
បន្ថែមលើការអធិប្បាយរបស់លោកនៅចំពោះមុខក្រុមនិស្សិតនាថ្ងៃច័ន្ទនេះ លោកហ៊ុន សែន ក៏បានផ្តល់ការអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ដោយបានពណ៌នាថា សំណើកែប្រែរដ្ឋធម្មនុញអំពីការដាក់ទោសប្រហារជីវិត គឺមិនអាចស្នើដោយនាយករដ្ឋមន្រ្តីតែម្នាក់ឯង ឬដោយសមាជិករដ្ឋសភាបានឡើយ ប៉ុន្តែគឺអាចធ្វើបានតាមរយៈការសុំធ្វើប្រជាមតិនៅទូទាំងប្រទេសតែម្តង។
លោកហ៊ុន សែន បានថ្លែងបន្តទៀតថា តាមពិតទៅ កម្ពុជាបានលុបចោល «ទោសប្រហារជីវិត» តាំងពីជំនាន់អតីតរដ្ឋកម្ពុជា ដែលពេលនោះកម្ពុជាបានផ្លាស់ប្តូរពី សាធារណរដ្ឋប្រជាមានិតកម្ពុជា។
ដោយបានសម្រេចច្រានចោលការអនុញ្ញាតឲ្យមានទោសប្រហារជីវិតនេះ លោកហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗពីរ៖
«ទីមួយ បង្កើនការអប់រំ ដោយបញ្រ្ជាបគុណធម៌ សីលធម៌ កុំឲ្យពលរដ្ឋធ្វើ និងប្រព្រឹត្តអំពើបាបតាមបែបតិរច្ឆាន ដែលសង្គមទាំងមូលត្រូវតែចូលរួមទាំងអស់គ្នា។ ទីពីរ ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងនិងម៉ឺងម៉ាត់បំផុតចំពោះអំពើតិរច្ឆាននេះ ដោយផ្តន្ទាទោសយ៉ាងធ្ងន់បំផុត ដើម្បីកាត់បន្ថយ នឹងឈានទៅដល់ការលុបបំបាត់ចោលទាំងស្រុងនៅនូវអំពើតាមបែបតិរច្ឆាននេះពីសង្គមជាតិយើង»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការអនុវត្តច្បាប់ដែលនៅមានចន្លោះប្រហោងច្រើនក្នុងប្រទេសមិនអាចឲ្យកម្ពុជា មានច្បាប់កាត់ទោសប្រហារជីវិតនោះទេ។
លោកថា កម្ពុជាក៏ជាប់កិច្ចសន្យាជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការគោរពសិទ្ធិមនុស្ស ដើម្បីជាថ្នូរនឹងការទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញ។
មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា រដ្ឋធម្មនុញ្ញដែលហាមមិនឲ្យមានទោសប្រហារជីវិត មិនអាចត្រូវបានគេកែចុះឡើងតាមតែអំពើចិត្តនោះឡើយ ហើយអ្វីដែលរដ្ឋាភិបាលត្រូវកែនោះ គឺការពង្រឹងការអនុវត្តច្បាប់ និងការបន្តធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
«កាលៈទេសៈនៃប្រទេសកម្ពុជាយើងបច្ចុប្បន្ន អំពីតុលាការមិនទាន់ធានាឯករាជ្យភាព ច្បាប់មិនទាន់រឹងមាំបច្ចុប្បន្នយើងមានបញ្ហា EBA GSP របស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលនៅក្នុងហ្នឹងគឺ គេឲ្យកម្ពុជាយើង សា្តរឡើងវិញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស អ៊ីចឹងបើសិនជា យើងកែប្រែរដ្ឋធម្មនុញ្ញ ឲ្យមានទោសប្រហារជីវិត អាហ្នឹងគឺវាចូលក្នុងចំណាត់ថ្នាក់មួយ ដែលគេមានការកត់សម្គាល់ ហើយនិងរិះគន់បន្ថែមទៀតផងដែរ»។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដែលបានធ្វើឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣បានលុបចោលទោសប្រហារជីវិត ហើយមានតែការដាក់ទោសមួយជីវិតប៉ុណ្ណោះ។
ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៨ មានការរំលោភស្ត្រីនិងកុមារចំនួន១១០ករណីហើយក្នុងឆ្នាំ២០១៧ ការរំលោភនិងសម្លាប់ជនរងគ្រោះមានរហូតដល់១៤៧ករណីក្នុងនោះជនរងគ្រោះចំនួន៦នាក់ត្រូវបានសម្លាប់ក្រោយពីការរំលោភហើយ។ នេះបើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការលីកាដូបញ្ជាក់ថាកត្តាក្រីក្រដែលបង្ខំឱ្យឪពុកម្តាយត្រូវទៅធ្វើការឆ្ងាយពីលំនៅដ្ឋានហើយទុកកុមារីរងគ្រោះទាំងនោះនៅជាមួយនឹងសាច់ញាតិ៕