ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ព្រមាន​បិទ​ច្រកសុំ​សិទ្ធិ​នយោបាយ​សម្រាប់​អតីត​ CNRP


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក​ ហ៊ុន សែន​ បាន​ព្រមាន​​មួយដង​ជាពីរ​ដង​ទៀត​ថា​ គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រធាន​គណបក្ស​ជំទាស់​លោក​ កឹម សុខា ​នោះទេ​ ហើយ​អ្នក​ដែល​ចង់​ចូលរួម​ជីវិត​នយោបាយ​នៅ​កម្ពុជា​វិញ​នោះ​ ត្រូវ​តែ​ប្រញ៉ាប់​ដាក់​ពាក្យ​សុំសិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ​នៅថ្ងៃ​ច័ន្ទនេះ​ ​បាន​ប្រាប់​ក្រុម​អ្នក​នយោបាយ​ជំទាស់​ឲ្យ​ស្វះ​ស្វែង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ នៅ​មុន​ពេល​ពួកគេ​បាត់​ឱកាស​សុំ​សិទ្ធិ​នេះ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំខ្មែរ។​

ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ដោយ​មាន​លោក​ Horinouchi Hidehisa ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចូលរួម​នោះ​លោក​ ហ៊ុន សែន​ ថ្លែង​ថា​ ពេល​វេលា​សម្រាប់​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​ គឺអាច​នឹង​ត្រូវ​បញ្ចប់​នៅ​ក្រោយពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​

«ខ្ញុំគ្រាន់​តែឲ្យ​សារ​ចុងក្រោយ​សម្រាប់​អ្នក​ ហើយ​បើ​ព្រងើយ​កន្តើយ​ ទា្វរ​នឹង​អាច​បិទ​ នៅមុន​ចូល​ឆ្នាំ​ខ្មែរ​ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ ទោះបី​បើអ្នកដាក់​លិខិត​សុំ​ ក៏ខ្ញុំ​មិន​អើ​ពើ​រឿង​វាតែ​ប៉ុណ្ណឹង»។​

លោក​ ហ៊ុន សែន​ បាន​ព្រមានមួយដង​ជាពីរ​ដង​ទៀត​ថា​ គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រធាន​គណបក្ស​ជំទាស់​លោក​ កឹម សុខា ​នោះទេ​ ហើយ​អ្នក​ដែល​ចង់​ចូលរួម​ជីវិត​នយោបាយ​នៅ​កម្ពុជា​វិញ​នោះ​ ត្រូវ​តែ​ប្រញ៉ាប់​ដាក់​ពាក្យ​សុំសិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។​

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ថ្មី​បង្ហាញ​បែប​បទ​ និង​នីតិ​វិធី​លម្អិត​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​តុលាការ​ហាម​ឃាត់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ។​ ប៉ុន្តែ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នេះ​បាន​បដិសេធ​ចោល ​ហើយ​នៅ​តែ​រក្សា​ជំហរ​មិន​ព្រម​ធ្វើ​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច។​

អ្នកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ការពារ​ជំហរ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​អ្នកស្រី​បាន​ចោទ​ថា​ នៅ​ប្រឈម​ខ្វះ​ភាព​ស្របច្បាប់​ បន្ទាប់​ពីការ​បោះឆ្នោត​មួយ​ដែល​គ្មាន​គណបក្ស​ប្រឆាំងចូល​រួម​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៨។​

អ្នកស្រី​ មូរ សុខហួរ​ មានប្រសាសន៍​ប្រាប់​ VOA ​តាមសារឆ្លើយ​ឆ្លងអេឡិច​ត្រូនិក​មួយ​ថា​ លោក​ហ៊ុន សែន​ កំពុងមើល​ស្រាល​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​ ដោយ​ការ​សម្លុត​ឲ្យ​អ្នក​នយោបាយ​ដែល​មិន​រណប​នឹង​លោក​ទៅ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ​ ដែល​ការណ៍​នេះ​ផ្ទុយ​ពី​ការកែប្រែ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។​

លោកស្រី​បន្ថែម​ថា៖​

«យើង​សូម​បញ្ជាក់​ថា​ បើ​លោក​ហ៊ុន សែន​ គាត់​ថា​ គាត់​ធ្វើ​ច្បាប់​ ដើម្បី​ឲ្យ​យើង​ខ្ញុំ​ ទៅ​សុំ​ទោស។ បើ​សិន​ជា​ច្បាប់​ តើ​ច្បាប់​ហ្នឹង​ ហេតុអី​បាន​ជា​ត្រូវចប់​ក្រោយ​ឬមុន​ ចូលឆ្នាំ​ខ្មែរ​ហេតុអី​? ច្បាប់​ គឺច្បាប់​ អ៊ីចឹង​ ជា​ការ​ឡប់​ឡែ​មែន​ទែន​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ក្រៅ​ផ្លូវការ​ គាត់​ធ្វើ​អ្វី​ស្រេច​តែ​តាម​ផ្លូវចិត្ត​របស់​គាត់។ នេះ​មិនមែន​ជា​នីតិរដ្ឋ​ទេ​ ពីព្រោះ​គាត់​មិនមែន​ជា​ នាយក​រដ្ឋ​មន្ត្រី​ពេញ​លេញ​ ដូច្នេះ​គាត់​ធ្វើ​អ្វី​ គឺ​គាត់​អត់​មាន​គោរព​នីតិរដ្ឋ​ទេ»។ ​

បន្ទាប់ពី​ការ​ធ្វើ​វិសោធន​កម្មច្បាប់​ស្តីពី​គណបក្ស​នយោបាយ​កាល​ពីឆ្នាំ​២០១៨​រួចមក​នោះ​ មាន​មន្ត្រី​មក​ពី​គណ​បក្ស​ប្រឆាំង​បីរូប​ក្នុង​ចំណោម​មន្ត្រី​១១៨​រូប​ ​ដែល​ត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​នោះ​ ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំសិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ។​

មន្ត្រី​ទាំងបី​នាក់​នោះ ​មាន​លោក​ គង់ គាំ​ អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី​ និង​កូនប្រុស​របស់​លោក​ម្នាក់​ គឺលោក​ គង់ បូរ៉ា​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ មកដល់​ពេលនេះ​ មាន​មន្ត្រី​គណបក្ស​ប្រឆាំង​បីនាក់​ប៉ុណ្ណោះ​ ​បានសុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ។​

លោក​ថា​ តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ អាច​នឹង​មានមន្ត្រីជាង២០​នាក់​ទៀត​ នឹង​មក​សុំ​សិទ្ធិ​នយោបាយ​ ដែល​ពួកគេ​ភាគច្រើន​មក​ពីកូតា​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក ​កឹម សុខា។​

«យើង​ដឹង​ក្រៅ​ផ្លូវការ​ទេ​ មាន​ក្រុម​ដែល​នៅក្នុង​ ជារួម​ប្រមាណ​ជាង​២០នាក់​ទៀត​ណ៎ោះ​ តាម​តែ​ខ្ញុំ​ដឹង​ទេណ៎ា!​ ប៉ុន្តែ​តាម​ជំនាញ​គេទេ​ ប៉ុន្តែ​វា​ឥឡូវ​នេះ​ គឺ​កំពុង​គិតគូរ​ហ្នឹង​ហើយ​តាម​តែ​ខ្ញុំ​ដឹង គិត​គូរ​ដល់​បំបែក​ បំបែក​តាម​ការ​ណែនាំ​របស់​ក្រសួង​ម្នាក់ៗ​នែ៎!​ ដូច្នេះ​ នៅមាន​ច្រើន​ទៀត»។

អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​បន្ត​កើន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដោយ​មាន​អ្នកគាំទ្រ​ជាង​៤០ភាគរយ។​

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

បច្ចុប្បន្ន​ លោក​ កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំមួយ​នេះ​ កំពុង​ជាប់​ឃុំ​នៅក្នុង​លំនៅ​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ហើយ​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​ដោះលែង​លោក​ដោយ​គ្មាន​លក្ខខណ្ឌ។​

ចំណែក​លោក​ សម រង្ស៊ី​ ​បាន​ភៀស​ខ្លួនចេញ​ពី​ប្រទេស​កម្ពុជា​ នៅមុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បញ្ចៀស​ពីការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​អាជ្ញាធរ​របស់​កម្ពុជា។ ​លោក​ហ៊ុន សែន​ ក៏​បាន​ព្រមាន​វាយ​ខ្នោះ​លោក​ សម រង្ស៊ី​ ប្រសិន​បើ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​ មក​ដល់​ប្រទេស​កំណើត​របស់​លោក។​

នៅ​ថ្ងៃច័ន្ទ​នេះ​ លោក​ ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ក៏បាន​បន្ត​ព្រមាន​ដក​មន្ត្រីរាជការ​ទាំង​ឡាយ​ណា​ ដែល​ប្រព្រឹត្ត​ខុស​ក្នុងការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពល​រដ្ឋ​ ហើយ​ថា​ការ​ដក​តំណែង​របស់​មន្ត្រីណាមួយ​នោះ នឹង​អាច​ធ្វើ​ឡើង​មិន​ដល់​៣០នាទី​នោះទេ។​

​ការ​ព្រមាន​ដក​មន្ត្រី​រាជការ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាថ្មី​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើឡើង​ បន្ទាប់​ពី​ការ​ដក​អភិបាល​រងខេត្ត​ព្រះសីហនុ​ពីររូប​ ក្រោយ​ហេតុការណ៍​បង្ក្រាប​ហិង្សា​មួយ​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ស្ថិត​នៅ​ប៉ែកនិរតី​របស់​ប្រទេស។​

លោក​ ហ៊ុន សែន​ បានក្រើន​រំឭក​ឲ្យ​មន្ត្រីរាជការ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ​របស់​ខ្លួន​ បើ​មិន​ចង់​ប្រឈម​នឹង​ការ​ដក​ចេញពី​តួនាទី​តែក្នុង​រយៈពេល​យ៉ាង​ខ្លី​នោះ។​

«សុំ​ផ្ញើសារ​ឲ្យ​មន្ត្រីនានា​ប្រយ័ត្ន​ប្រយែង​ ​ខ្ញុំ​គ្មានការ​ចាំបាច់​ ដើម្បី​នឹង​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ ការពារ​ជាតិ​ រដ្ឋមន្ត្រី​មហាផ្ទៃ​ ក្នុងការ​ដក​ចៅហ្វាយ​ស្រុក​ ដក​ខេត្ត​ ដក​មេទាហាន​ មេប៉ូលិស​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្ញុំ​ទេ​ ព្រោះ​អាល័យ​តែ​សួរ​អស់​លោក​ ៥ខែ​ក្រោយ​មក​ មិន​ទាន់​ឆ្លើយ​តប​ អ៊ីចឹង​ទេខ្ញុំ​ប្រើ​ប្រាស់​ ត្រឹម​តែ​១៥​នាទី​ គឺ​គ្រប់​គ្រាន់​ហើយ​ គ្រាន់​តែ​វាយ​ហើយ​ និង​បោះ​ត្រា​ហើយ​ ស៊ីញ៉េ​គឹប​ Facebook ​ខ្ញុំ​នៅ​ក្នុង​ដៃ​ បង្ហោះ​ឯង​គឹប»។​

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុននេះ​ លោក​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​មួយ​ ដក​មុខតំណែង​លោក​ស្រ៊ុន​ ស្រ៊ន់​ និង​លោក​ផៃ​ ប៊ុន​វណ្ណៈ​ អភិបាល​រង​នៃគណៈ​អភិបាល​ខេត្ត​ព្រះសីហនុ។​ មន្ត្រី​ទាំងពីរ​នេះ​ ក៏ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រសួង​មហា​ផ្ទៃ។​

នៅ​មុនការ​ដក​ចៅហ្វាយ​រង​ខេត្ត​ព្រះសីហនុ​ ទាំងពីរ​នេះ​ លោក​ ហ៊ុន សែន​ ក៏​បានសម្រេច​លុប​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​កងរាជអាវុធ​ហត្ថម្នាក់​ដែរ គឺ​លោក​ ​គឹម រស្មី​ ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី​ចេញ​ពី​ក្រប​ខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ​ ក្រោយ​ពី​មាន​វីដេអូ​មួយ​បង្ហាញ​ថា ​លោក​ ​គឹម រស្មី​ បាន​ចែក​លុយ​រាប់​ម៉ឺន​ដុល្លារ​ដល់​កូនៗ​របស់​ខ្លួន។​

ការ​សម្រេច​ដកមន្ត្រី​ស៊ីវិល និង​មន្ត្រី​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ជា​បន្តបន្ទាប់​នេះ​ ត្រូវ​បាន​លោក ហ៊ុន សែន​ ចាត់​ទុក​ថា​ ជា​ដំណាក់​កាល​វះកាត់ ឬតាម​អ្វីដែល​លោក​ហៅថា​ ការអនុវត្ត​អភិក្រម​ទី៥។​

លោក​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ មាន​សិទ្ធិ​ពេញទី​ ក្នុងការ​ដក​មន្ត្រី​ណា​មួយ​ ដែល​មាន​ការប្រព្រឹត្តិ​ឆ្គាំឆ្គង​ក្នុង​មុខ​ងារ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។​

«ក្នុង​រដ្ឋាភិបាល​ រដ្ឋាភិបាល​របស់​លោក​អ្នកដឹកនាំ​ លោក​ទទួល​ខុស​ត្រូវ​ចំពោះ​សភា​ ចំពោះ​ប្រជា​ពល​រដ្ឋ​ជាទូទៅ»។

ក៏​ប៉ុន្តែ​ អ្នកស្រី​ មូរ សុខហួរ​ បាន​លើកឡើង​ថា​ ការ​ដក​មន្ត្រី​កាលពីពេល​កន្លងមក​នោះ​ គ្រាន់​តែ​ជា​ដំណើរ​ដោះស្រាយ​បញ្ហា​តាម​ករណី​ជាក់ស្តែង​មួយៗ​ប៉ុណ្ណោះ​។

អ្នកស្រី​ថា​ កំណែ​ទម្រង់​ជាប្រព័ន្ធ​ពីលើ​ដល់​ក្រោម​ ទើប​ជា​ដំណោះស្រាយ​សមស្រប​មួយ​ សម្រាប់​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ ​ដែល​អ្នកស្រី​យល់​ថា​ កំពុង​ហ៊ុមព័ទ្ធ​ដោយ​អំពើ​ពុក​រលួយ​ និង​បក្ស​ពួក​និយម​ ហើយ​ជារឿយៗ​ ក្រុម​មន្ត្រី​បាន​ប្រើ​បា្រស់​កងកម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ឆ្លើយ​តប​ក្រុម​អ្នក​តវ៉ា ដែល​ជា​ពលរដ្ឋ​សាមញ្ញ។​

អ្នកស្រី​បានបន្ថែម​ថា៖​

«ករណី​ដែល​យក​ទាហាន​បាញ់​ប្រជាពលរដ្ឋ​ រឿង​ដីធ្លី​នេះ​ មិនមែន​មាន​តែ​មួយ​ហ្នឹង​ណ៎ា! មិន​មែន​មាន​តែ​ម្តង​ហ្នឹង​តើ រាប់​សិប​ឆ្នាំ​ទៅហើយ​ ហើយ​យើង​មើល​ តើ​យុត្តិធម៌​នៅឯណា​? ប្រជាពលរដ្ឋ​លោក​ស្លាប់​ ប្រជាពលរដ្ឋ​នៅ​ជាប់​ពន្ធនាគារ​នៅឡើយទេ​ ប្រជាពលរដ្ឋ​បាត់​បង់​ខ្លួន​ទៅ​ទៀត​ ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ រត់​គេច​ពី​ផ្ទះសម្បែង​ ពីគ្រួសារ​របស់​ខ្លួន​ តើដោះ​ បាន​ដោះ​ជូន​គាត់​ទេ​? តើ​គ្រួសារ​របស់​គាត់​ដែល​យំ​ស្រែក​រាល់​ថ្ងៃ​នោះ​ បាន​ដោះជូន​គាត់​ទេ? បាន​ត្រឹម​ខេត្តព្រះសីហនុ​មួយ​ ចុះខេត្ត​ព្រះវិហារ​ដែល​កំពុង​មាន​អ្នក​បាត់​ខ្លួន​នោះ? ជាក៏​ទង្វើ​របស់​ទាហាន​នៅ​ព្រះវិហារ​ ហើយ​ត្រូវការ​អី​យក​ទាហាន​ទៅ​ការពារ​ ដី​ឧកញ៉ា​ម៉ារឌី​ អាហ្នឹង​មាន​គិត​ទេ​រឿង​ហ្នឹង​? ហើយ​ចុះស្អែក​គិត​រឿង​អីទៀត​ទៅ ខាន​ស្អែក​គិត​រឿង​អី​ទៀត​ទៅ?»

ការ​ក្រើន​រំឮក​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដល់​មន្ត្រី​គណបក្ស​ប្រឆាំងឲ្យ​សុំសិទ្ធិ​នយោបាយ​ឡើងវិញ​ និង​វិធានការ​វះកាត់​មន្ត្រី​រងការ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ធ្វើ​បាប​ប្រជាពលរដ្ឋចេញ​ពី​តួនាទី​នោះ​ ត្រូវ​គេ​មើល​ឃើញថា​បាន​ធ្វើឡើង​ នៅចំ​ពេល​ដែល​សហ​ភាព​អឺរ៉ុប​ បាន​ផ្តើម​នីវិធី​ផ្លូវការ​ រៀបចំ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​របស់​ខ្លួន​ ដោយ​សារ​តែ​ការរំលោភ​លើ​ដំណើរ​ការប្រព័ន្ធ​ប្រជាធិបតេយ្យ។​

យ៉ាងណាក្តី​ សហភាព​អឺរ៉ុប​ បានទុក​ពេល​ឲ្យប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ១៨ខែ​ ដើម្បី​កែខៃ​ស្ថានការណ៍​នៃការ​គោរពសិទ្ធិ​មនុស្ស​ ការ​បើក​ទូលាយ​ដល់​ប្រតិបតិ្តការ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ នៅមុន​ពេល​ធ្វើការ​សម្រេច​ចុងក្រោយ​នៅខែ​សីហា​ ឆ្នាំ​២០២០​ ថា​តើត្រូវទុក​កម្ពុជា​ឲ្យ​ទទួល​បាន​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​នេះ​ ឬយ៉ាង​ណា។

កម្ពុជា​ចំណេញ​បាន​ប្រមាណ​ ៧០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ពី​ការ​រួចពន្ធលើ​ការ​នាំ​ទំនិញ​ចូល​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​មួយឆ្នាំៗ​ ក្រោម​កម្មវិធី​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬហៅថា​ EBA៕

XS
SM
MD
LG