ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​សាជាថ្មី ក្រោយ​ពី​ករណី​ឆ្លង​ស្ងប់​ស្ងាត់​មួយ​រយៈ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភាជាតិកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/Cambodia National Assembly)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភាជាតិកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/Cambodia National Assembly)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ដឹង​ថា​ មាន​ករណីឆ្លង​ជំងឺ​កូវីដ​១៩​សាជាថ្មី​នៅ​ក្នុង​សហគមន៍ ហើយ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

ក្នុង​រយៈ​ពេល​ជិត​ពីរ​ខែ​មក​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រាយការណ៍​ថា ​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ឬ​ស្លាប់ ក្នុង​ប្រទេស​ឡើយ។ របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល​មិន​បាន​រាប់​បញ្ចូល​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដោយ​ខ្លួន​ឯង​ឡើយ។

នៅ​ក្នុង​សារ​ជា​សំឡេងបង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​នាយក​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ឡើង​វិញ​ដែល​ត្រូវ​បាន​រក​ឃើញ​តាម​រយៈ​ការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ធំ​PCR និង​តេស្ត​រហ័ស។ លោក​ថ្លែង​ថា៖

«ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ សុំ​ប្រកាស​ជា​ថ្មី​ថាប្រទេស​របស់​យើង​ចាប់​ផ្តើម​មាន​កូវីដ​១៩​សាជាថ្មី​ បន្ទាប់​ពី​អាក់ខាន​ រយៈពេល​៥២​ថ្ងៃ​កន្លង​ទៅ។ ថ្ងៃ​ទី​៥៣ យើង​ចាប់​ផ្តើម​មាន​កូវីដ​១៩​ហើយ។ មាន​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​ អ្នក​ធ្វើ​វិញ្ញាបនបត្រ​ទៅ​ក្រៅ​ប្រទេស និង​អ្នក​ដែល​មក​ពី​ក្រៅ​ប្រទេស»។

ដំណាល​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យពលរដ្ឋបន្ត​គោរព​តាម​វិធាន​ការ​សុខាភិបាល និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩ ដូស​ជំរុញ​ផង​ដែរ។

រូបឯកសារ៖ កុមារី​ម្នាក់ ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Sinovac នៅ​មណ្ឌល​សុខភាព​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​កម្ពុជា ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់ពី​អាយុ៥​ឆ្នាំ​ឡើង​ទៅ។
រូបឯកសារ៖ កុមារី​ម្នាក់ ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Sinovac នៅ​មណ្ឌល​សុខភាព​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​កម្ពុជា ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ចាប់ពី​អាយុ៥​ឆ្នាំ​ឡើង​ទៅ។

សារ​ជា​សំឡេង​ខាង​លើ​នេះ​ត្រូវ​បាន​បង្ហោះ​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារ​ជា​សំឡេង​ដោយ​ឡែក​មួយ​ទៀត ដែល​ក្នុង​នោះ​ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​បី ខណៈ​ប្រជាពលរដ្ឋ​មិន​ទាន់​សម្រុក​ទៅ​ចាក់​វ៉ាក់​សាំង​ដូច​កាល​ពី​មុន។

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ បញ្ជាក់​ដោយ​ម៉ាស៊ីន PCR និង​ជា​ប្រភេទ​អូមីក្រុង​ទាំងអស់​ចំនួន​១០​ករណី​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ដោយ​ក្នុង​នោះ​ ២​ករណី​ជា​ករណី​នាំ​ចូល និង​៨​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

លោក​ យ៉ង់ គិមអេង ប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព បាន​និយាយ​ថា ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​រដ្ឋ​អំណាច និង​ពលរដ្ឋ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​នេះ អាច​បង្ក​ជា​ការ​ប៉ះពាល់​ទ្រង់​ទ្រាយ​ធំ​ផង​ដែរ បើ​ទោះ​បី​ជា​មិន​មាន​ការ​បិទ​ខ្ទប់​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «ការ​បញ្ជាក់​ពី​ម្សិលមិញ​របស់​រដ្ឋា​ភិបាល​បាន​ន័យ​ថា ​កូវីដ​១៩ គឺ​បាន​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ដែល​ការ​ឆ្លង​នេះ​គឺ​ដល់​សហគមន៍​ទៅ​ទៀត។ ហើយ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ឡើង​វិញ​នេះ​ វា​អាច​នឹង​បង្ក​មហន្តរាយ​ធំ​ដែរ បើ​សិន​ជា​យើង​ខ្វះ​ការ​បង្ការ​ ខ្វះ​ការ​ការពារ​ឲ្យ​បាន​ហ្មត់ចត់»។​

ស្រប​ពេល​ដូចគ្នា​នេះ លោក​ជំរុញឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​និង​វិធី​បង្ការ​ ក៏​ដូចជា​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ផង​ដែរ។ ​

ស្រដៀង​នឹង​លោក​ យ៉ង់​ គិមអេង ​ដែរ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​ លោក​ អ៊ូច វុទ្ធី ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ជំរុញ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩។

លោក​ថ្លែង​ថា៖ «តែ​បើ​បង​ប្អូន​ដែល​មិន​ទាន់​ចាក់​វ៉ាក់​សាំង ហើយ​អត់​មាន​អង់ទីករ​ ប្រព័ន្ធ​ការពារ​ខ្លួន​សោះ​ គួរ​ណា​តែ​បងប្អូន​ រូតរះ​ទៅ​រក​ចាក់​វ៉ាក់សាំង ដើម្បី​យើង​ការពារ​មួយ​រយៈ ដើម្បី​កុំ​ឲ្យ​មាន[ករណី​ឆ្លង] ថ្មី​ឆ្លង​មក»។

ជាង​៩៤​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៦​លាន​នាក់​បាន​ទទួល​វ៉ាក់​សាំង​កូវីដ​១៩​យ៉ាង​តិច​ចំនួន​២​ដូស ដែល​ក្នុង​នោះ​ជាង​៩​លាន​៤​សែន​នាក់​ ទទួល​បាន​ ៣​ដូស ជាង​២​លាន​៨​សែន​នាក់ ចំនួន​៤​ដូស និង​ជិត​៣​សែន​នាក់​ទទួល​បាន​ចំនួន​៥​ដូស។ នេះ​បើ​តាម​របាយ​ការណ៍​ក្រសួង​សុខា​ភិបាល​ ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ឆ្នាំ​២០២២។

រដ្ឋាភិបាល​កម្ពុជា​បានចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដូស​ជំរុញ​ទី​៥ ដល់​ក្រុម​មន្ត្រី​ជួរ​មុខ ​កាល​ពីថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ។

បើ​តាម​សារ​សំឡេង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​៩​លាន​ដូស​ក្នុង​ឃ្លាំង​សម្រាប់​ប្រើប្រាស់​រវាង​ឆ្នាំ​២០២២ និង​២០​២៣។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ផែន​ការ​ទិញ​វ៉ាក់​សាំង​ដែល​នឹង​ត្រូវ​វេច​ខ្ចប់​នៅ​ក្នុង​ប្រទេស​ចំនួន​ជាង​១០៤​លាន​ដូស គួប​ផ្សំ​នឹង​វ៉ាក់​សាំង​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ចំនួន​១៥​លាន​ដូស សហរដ្ឋអាមេរិក ៥​លាន​ដូស និង​អូស្ត្រាលី​៥​សែន​ដូស សម្រាប់​ប្រើ​ប្រាស់​នៅ​ចន្លោះ​ឆ្នាំ​២០២៤ និង​២០២៦៕

XS
SM
MD
LG