ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​និង​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់​តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់


តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុង​​ភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុង​​ភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

សហជីព​ និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់​តម្លៃ​ប្រេង​សាំង​ដែល​កំពុង​កើន​ឡើង​ គ្រា​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ពី​ភាគី​រដ្ឋាភិបាល​ចំពោះ​កង្វះ​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​សហជីព​កម្ពុជា​ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ឆ្នាំ​២០២២​ សហជីព​ដែល​ដឹកនាំ​ដោយ​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំច័យ​មាត់ លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា​ ក្នុង​រយៈ​ពេល​ឥឡូវ​នេះ​ តម្លៃ​ប្រេង​ឥន្ធនៈហក់​ឡើង​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​ប្រជាពលដ្ឋ​ភាគ​ច្រើន​ទទួល​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ សហជីព​បន្ថែម​ថា​រដ្ឋាភិបាល​មិន​បាន​ខ្វល់​អំពី​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ​ឡើយ។

អាជីវករ​នៅ​តាម​ផ្លូវ​ក្នុង​ខណ្ឌមាន​ជ័យ​ទីក្រុង​ភ្នំពេញ​មួយ​រូប​ គឺ​លោក លឹម តុល​ អាយុ​៣២​ឆ្នាំ កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​សាំង។

លោក លឹម តុល ដែល​មាន​កូន​បី​នាក់​ក្នុង​បន្ទុក ឱ្យដឹង​ថា​តម្លៃ​ប្រេង​សាំង​ដែល​កំពុង​កើន​ឡើង បាន​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ទំនិញ​ដែល​លោក​ទិញ​ពី​ឈ្មួញ​កណ្តាល​មក​លក់​នោះកើន​ថ្លៃ​ផង​ដែរ។

អាជីវករ​តាម​ចិញ្ចើមថ្នល់លោក​ លឹម តុល​ បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក​ អំពី​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ ទី​ក្រុង​ ភ្នំពេញ​ ថ្ងៃទី​២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)
អាជីវករ​តាម​ចិញ្ចើមថ្នល់លោក​ លឹម តុល​ បទសម្ភាសន៍​ដល់​សំឡេង​សហរដ្ឋ​អាមេរិក​ អំពី​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ ទី​ក្រុង​ ភ្នំពេញ​ ថ្ងៃទី​២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)

លោក​និយាយ​ថា៖ «គេ​ក៏​ឆ្លើយ​ដូច​យើង​ ដូច​គ្នា​ ថា​អីវ៉ាន់​ គេ​យក​មក​ពី​លើ​នោះ​ ក៏​គេ​ឡើង​ថ្លៃ​តាម​ហ្នឹង​ដូច​គ្នា​ និយាយ​រួម​ពាក់​ព័ន្ធ​នឹង​រឿង​សាំង​នឹង​ហ្មង»។

អ្នក​លក់​កាបូប និង​របស់​របរ​ប្រើប្រាស់​ជជុះ​រូប​នេះ​ បន្ថែម​ថា​ នៅ​ពេល​ឈ្មួញ​កណ្តាល​ដំឡើង​ថ្លៃ​ទំនិញ​ លោក​ក៏​ត្រូវ​បង្ខំ​ចិត្ត​ដំឡើង​ថ្លៃ​របស់​របរ​ដែល​លោក​កំពុង​ដាក់​លក់​ផងដែរ។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អតិថិជន​ថយ​ចុះ និង​កំពុង​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​មួយ​ ព្រោះ​ត្រូវ​ក្បិតក្បៀត​លើ​ការ​ចាយ​វាយ។

លោក​ លឹម តុល​ និយាយ​ថា៖ «ក្បិតក្បៀត​ច្រើន​ ពី​មុន​យើង​លក់​បាន​ យើង​ចាយ​តាម​ហ្នឹង​ តែ​ឥឡូវ​ចំណូល​យើង​រក​បាន​តិច​ ក៏​យើង​ចាយ​ទៅ​តាម​ហ្នឹងដូច​គ្នា។ ពី​មុន ខ្ញុំ​លក់​ពីរ​កន្លែង។ ប្រពន្ធ​ខ្ញុំ​លក់​មួយ​កន្លែង​ ខ្ញុំ​លក់​មួយ​កន្លែង​ តែ​ឥឡូវ​ខ្ញុំ​ឱ្យ​ប្រពន្ធ​ខ្ញុំ​ ធ្វើ​ការ​រោង​ចក្រ​ហើយ​ព្រោះ​យើង​ទប់​អត់​ឈ្នះ​ ទី​មួយ​បង់​ម៉ូតូ​ ប៉ុន្តែ​បើ​ធ្វើ​ការ​រោង​ចក្រ​ យើង​ប្រាក់​ខែ​ទៀង​ តែ​យើង​លក់​អី​ចេះ អត់​ទៀង​ទេ»។

តម្លៃ​ប្រេង​សាំង​នៅ​ទី​ក្រុង​ភ្នំពេញ​ កំពុង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ពីរ​ផ្សេង​គ្នា។ ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​៥.៨០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រភេទ​ស៊ុបពែ​ មាន​តម្លៃ​៦.៤០០​រៀល​ក្នុង​មួយ​លីត្រ។​ ដោយ​ឡែក​ ប្រេង​ម៉ាស៊ូត​ មាន​តម្លៃ​ ៦.៣០០រៀល​ក្នុង​មួយ​លីត្រ។

តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុងភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុងភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

តម្លៃ​ប្រេង​សាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ មិន​ធ្លាប់​កើត​ពី​មុន​មក បាន​នាំ​ឱ្យ​ទំនិញ​គ្រប់​មុខ​នៅ​លើ​ទី​ផ្សារ​ក៏​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់​ដែរ​ ដែល​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ អ្នក​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ក្នុង​នោះ​គឺ​មាន​ដូច​ជា​មន្ត្រី​រាជការ​ អាជីវករ​ កម្មករ​ អ្នក​លក់​ដូរ​មិន​រៀប​រយ​ និង​កសិករ​ជាដើម។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​សហជីព​កម្ពុជា។

សហជីព​ដដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កាត់​បន្ថយ​ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ និង​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​ត្រឹម​តម្លៃ​មួយ​សមរម្យ​ ក្នុង​ការ​សម្រួល​ដល់​ការ​ប្រើប្រាស់​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ បើ​ទោះ​ជា​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន​ ជឿ​ថា​តម្លៃ​ប្រេង​សាំង​ដែ​ល​ឡើង​យ៉ាង​គំហុក​នេះ​ កំពុង​ក្លាយ​ជា​បន្ទុក​ធ្ងន់​មួយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ បន្ទាប់​ពី​ពួក​គាត់​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​ពី​ជំងឺ​ឆ្លង​កូវីដ​១៩។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «យើង​ដឹង​ហើយ​ ប្រជា​ពលរដ្ឋ​ជួប​វិបត្តិ​សម័យ​កូវីដ​ ហើយ​ទើប​តែ​មាន​ ហៅ​ថា​ ជីវភាព​រើបៗ​ឡើង​វិញ។ ឥឡូវ​នេះ​ត្រូវ​មក​ជាន់​មួយ​តង់​ទៀត​ គឺ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ខ្ពស់​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​ ម្ហូប​អាហារ​សព្វ​គ្រប់​សារពើ​ហ្នឹង​ មាន​ការ​ហក់​ឡើង​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ​ អាហ្នឹង​ដែលជា​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​ពួក​គាត់​បាទ»។

ខណៈ​ប្រេង​សាំង​កំពុង​ឡើង​នេះ​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ថៃ​ និង​ឡាវក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​ប្រឈម​នឹង​កង្វះ​ការ​ផ្គត់​ផ្គង់​ប្រេង​ តែ​តម្លៃ​ប្រេង​សាំង​មិន​ខ្ពស់​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សិង្ហបុរី​ទេ។ នេះ​បើ​តាម​កា​រកត់​សម្គាល់​របស់​លោក ​រ៉ុង ឈុន។​

មេដឹកនាំ​សហជីព​រូប​នេះ​និយាយ​ថា​ការ​ទប់ស្កាត់​តម្លៃ​ប្រេង​ឥន្ធនៈ​មិន​ឱ្យ​កើន​ឡើង​បន្ត​ទៀត​ អាច​ធ្វើ​ទៅ​បាន​បើ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​មាន​លទ្ធភាព ក្នុង​ការ​បញ្ចុះ​ តម្លៃ​ដែល​ហក់​ឡើង​ខ្ពស់​ហ្នឹង​ បើសិន​ជា​រដ្ឋាភិបាល​មាន​ចេតនា​នឹង​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ ពីព្រោះ​បើ​យើង​មើល​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា​ យើង​ឃើញ​ថា​ កម្ពុជា​យើង​ វា​ហក់​ឡើង​ខ្ពស់​ជាង​គេ​ហើយ​ បន្ទាប់​ពី​Singapore [សិង្ហបុរី]។ សិង្ហបុរី ​យើង​ឃើញតម្លៃ​ខ្ពស់​ ប៉ុន្តែ​បន្ទាប់​មក គឺ​កម្ពុជា​យើង​ហ្នឹង»។

តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុងភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុងភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

​វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ជៀប​ សួរ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាតនៅ​ក្រសួង​រ៉ែ និង​ថាមពលតាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ​នេះ។​ វីអូអេ​ក៏​មិន​អាចទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេង​សាំង​ធំៗ​នៅ​កម្ពុជា​មួយ​ចំនួ​ ដូច​ជា​ Caltex, ​Total និង​ Sokimexទាំង​តាម​ទូរ័សព្ទ​លើ​តុ និង​សារ​អ៊ីមែល។​

លោក​ លឹម តុល​ អ្នក​លក់​កាបូប​ជជុះ​ និយាយ​ថា​ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ទប់​ថ្លៃ​ប្រេង​សាំង​មិន​ឲ្យ​ឡើង​ខ្ពស់​ទៀត​ផង​ដែរ ​ព្រោះ​លោកត្រូវ​ចំណាយ​១២.០០០​រៀល​ លើ​សាំង​ដែល​ដាក់​លក់​តាម​ផ្លូវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​២​លីត្រ។ លោក​ថា​បើ​ពលរដ្ឋ​រួម​គ្នា​ច្រើន​ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ពិចារណា។

លោក​ថ្លែង​ថា៖ «ទាល់​តែ​ប្រជាពលរដ្ឋ​ទាំង​អស់​ស្នើ​សុំ​ទាំង​អស់​គ្នា​ ឱ្យ​សម្តេច​គាត់ មើល​អា​ថ្លៃ​សាំង​ហ្នឹង។ ដូច​ខ្ញុំ​រឺម៉ក​ មួយ​ថ្ងៃ​២​លីត្រ។ បង​ឯង​២​លីត្រ​គិត​ប៉ុន្មាន​ ២​លីត្រ​៨​ពាន់ [រៀល] ហើយ​ អ៊ី!​១​លីត្រ​៦​ពាន់​ ឥឡូវ​នេះ​ខ្ញុំ​ចាក់​៦​ពាន់​ សាំង​ធម្មតា។ បើ​យើង​ចាក់​ហ្គារ៉ាស​៥.៨០០[រៀល]ទេ​ ប៉ុន្តែ​បើ​យើង​ចាក់​តាម​ចិញ្ចើម​ថ្នល់​គឺ​៦​ពាន់»។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ប្រេងសាំង​ឡើង​ថ្លៃ​នៅ​ទូទាំង​ពិភព​លោក មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​ឡើយ។ លោក​ផ្តាំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឱ្យចាញ់​បោក​ការ​ឃោសនា​ថា​ពេល​ជាប់​ឆ្នោត​នឹង​ធ្វើ​ឱ្យសាំង​ចុះ​ថ្លៃ។

គួរ​បញ្ជាក់​ថា​តម្លៃ​ប្រេង​សាំង​បាន​បន្ត​ហក់​ឡើង​ខ្ពស់ក្នុង​រយៈ​ពេល​ប្រមាណ​៤​ខែ​ចុង​ក្រោយ​នេះ​ គឺ​ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២៕

XS
SM
MD
LG