ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ខ្លះ​ បន្ត​ទាមទារ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញសន្លឹកឆ្នោតដែលលោកបានចូលរួមបោះឆ្នោត នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។

ស្រប​ពេល​លទ្ធផលនៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៥ បាន​ចេញ​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​អាទិត្យ ​គេ​ឃើញ​គណបក្ស​កាន់​អំណាច​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូកទឹកភ្លូកដី ហើយ​គណបក្ស​នយោបាយមួយ​ចំនួន​នៅ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្សេងៗ​ជុំវិញ​ការ​បោះឆ្នោត និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

បើ​តាម​តួលេខ​ផ្លូវការពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​នយោបាយ​ចំនួន​៩ ក្នុង​ចំណោម​គណបក្ស​នយោបាយ​សរុប​ចំនួន​១៧ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា។ គណបក្ស​ទាំង​នោះ រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា(៩.៣៧៦​អាសានៈ) គណបក្ស​ភ្លើង​ទៀន(២.១៩៨​អាសនៈ) ​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (១៩​ អាសនៈ) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (១៣ អាសនៈ) គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន (៦​ អាសនៈ) គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ (៥ អាសនៈ) គណបក្ស​យុវជន​កម្ពុជា(៣​អាសនៈ) គណបក្ស​កម្ពុជា​និយម(១​ អាសនៈ​)​និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ (១​ អាសនៈ)។

ចំនួន​ពលរដ្ឋ​សរុប​ចូលរួមក្នុង​ការ​បោះឆ្នោត​មាន​ប្រមាណ​ជាង​៧​លាន​ ៣​សែន ៩​ម៉ឺន​នាក់ ស្មើ​នឹង ៨០,៣២​ភាគរយ ហើយ​សន្លឹក​ឆ្នោត​បាន​ការ​មាន​ចំនួន​៧.២៣៧.០៣៧​សន្លឹក និង​សន្លឹក​ឆ្នោត​មិន​បាន​ការ​១៥៧.៣៩០​សន្លឹក។ ​នេះ​យោង​តាម​តារាង​លទ្ធផល​ផ្លូវការ​ប្រកាស​ឡើង​ដោយ​គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ចេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ។

រូបឯកសារ៖ លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់គ.ជ.ប ​នៅ​ទីស្តីការ​គ.ជ.បក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)

បើ​តាម​គ.ជ.ប​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៥​លាន​ ៣​សែន​សំឡេង​ ឬ​ ៧៤,៣២​ភាគរយ​នៃ​ចំនួន​សំឡេង​ឆ្នោត​សរុប និង​ទទួល​បាន​អាសនៈ​ចំនួន៩.៣៧៦​ អាសនៈ ក្នុង​នោះ​មេឃុំ​១.៦៤៨​នាក់​ ជំទប់​ទី​មួយ​ចំនួន​១.៦១៨​នាក់ និង​ជំទប់​ទី​ពីរ​ចំនួន​២៦១​នាក់។

ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​អះអាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ហើយ​បាន​លើក​ឡើងពី​ភាព​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក​ ថាច់ សេដ្ឋា ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្សេងៗ​លើ​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត និង​ការ​គោរព​តាម​នីតិវិធី​ឲ្យ​ត្រឹមត្រូវ ក្រោយ​ពី​គណបក្ស​របស់​លោក​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត និង​អំឡុង​ពេល​បោះ និង​រាប់​សន្លឹក​ឆ្នោត។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ យើង​ខ្ញុំ​គ្រាន់​តែ​ទទួល​យក​បាន​ត្រឹម​តែ​លទ្ធផល​ ដែល​ប្រជាពលរដ្ឋ​លោក​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ភ្លើង​ទៀន។ ក៏​ប៉ុន្តែ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នោះ​គឺ​យើង​មិន​ទាន់​អាច​ទទួល​យក​បាន​នោះ​ទេ ទាល់​តែ​មាន​ការ​ជជែក​គ្នា​ដើម្បី​កែលម្អ​ កែ​សម្រួល​គ.ជ.ប​មួយ​ចំនួន ដើម្បី​អាច​ធានា​ដល់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​យើង​អាច​ទទួល​យក​បាន»។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពិធីអបអរសាទរមេឃុំនិងក្រុមប្រឹក្សាឈ្នះឆ្នោតរបស់គណបក្ស នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពិធីអបអរសាទរមេឃុំនិងក្រុមប្រឹក្សាឈ្នះឆ្នោតរបស់គណបក្ស នៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​ដែល​ទើប​នឹង​ដំណើរការ​សាជាថ្មី​ ជា​គណបក្ស​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទី​ពីរ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​តាម​តួលេខ​ផ្លូវ​ការ​ពី​គ.ជ.ប គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​១​លាន​៦​សែន​សំឡេង ឬ​២២,២៥​ភាគ​រយ​នៃ​ចំនួន​សំឡេង​ឆ្នោត​សរុប ហើយទទួល​បាន​អាសនៈ​សរុប​ ២.១៩៨ ក្នុង​នោះ​មាន​មេឃុំ​ចំនួន ៤​នាក់ ជំទប់​ទី​មួយ​ចំនួន​ ២៥​នាក់ និង​ជំទប់​ទី​ពីរ​ចំនួន​ ១.៣៦០​នាក់។

រូបឯកសារ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលបច្ចុប្បន្ន​ជា​ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន​នៅក្បែរអគារតុលាការកំពូល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/វីអូអេ)

ស្ថាបនិក​គណបក្សកែទម្រង់​កម្ពុជា​ លោក អ៊ូ ច័ន្ទរ័ត្ន សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ថា​ គណបក្ស​លោក​ទទួល​យក​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឬ​ទេ។ លោក​បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​ គណបក្ស​កែ ទម្រង់​កម្ពុជារួម​ជាមួយគណបក្ស​មួយ​ចំនួន​ទៀតកំពុង​រៀបចំ​ពាក្យ​ស្នើ​ទៅ​កាន់​គ.ជ.ប ដើម្បី​សុំឲ្យ​មាន​កំណែទម្រង់​មួយ​ចំនួន ​និង​ចង់​ឃើញការ​ផ្លាស់​ប្តូរ​សមាសភាពដឹកនាំ​របស់​គ.ជ.ប​ ដែលផ្តើម​ចេញ​ពី​គណបក្ស​នយោបាយ ដែល​លោក​ថា​ អាច​នាំ​ឲ្យ​មាន​ការ​លម្អៀង​ផ្នែក​នយោបាយ។

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះក៏​បាន​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​សម​ស្រប តាម​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយផង​ដែរ។

លោក​ថ្លែង​ថា៖ «លោក​នៅ​តែ​យល់​ថា បើ​ចូលរួម​បោះឆ្នោត ហើយ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ហ្នឹង​អាច​មានលទ្ធភាព​នឹង​ឈ្នះ​បាន​ គង់​តែ​គេ​រំលាយ​ដដែរ​ ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​ស្ទាក់ស្ទើរ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ»។

រូបឯកសារ៖ លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅក្នុង​បន្ទប់​ផ្សាយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅក្នុង​បន្ទប់​ផ្សាយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ចំណែក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ពេជ្រ ស្រស់​ បញ្ជាក់​ថា លោក​យល់ព្រម​ទទួល​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ក្រោយ​ពី​ផ្ទៀងផ្ទាត់​ឃើញ​ថា ត្រឹមត្រូវ​ស្រប​តាម​លទ្ធផល​បោះឆ្នោត​បឋម។ ប៉ុន្តែ​លោក​អំពាវ​នាវឲ្យ​មាន​ការ​ពង្រឹង​លើការ​យល់​ដឹង​និង​ប្រកាន់​ខ្ជាប់​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះមន្រ្តី​អាជ្ញាធរតាម​មូល​ដ្ឋាន​ ក្រោយ​ពី​មាន​ករណី​អាជ្ញាធរ​ហៅ​សកម្មជន​គណបក្ស​នយោបាយ​ទៅ​សួរ​នាំ។ ​

លោក​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពង្រឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យល់​ដឹង​ពី​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​មុន​នឹង​ធ្វើ​សកម្មភាព​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​សកម្មជន​នយោបាយ និង​បេក្ខជន​គណបក្ស​នយោបាយ ព្រោះ​កន្លង​មក​អាជ្ញាធរ​ហាក់​ដូចជា ប្រើ​តួនាទី​ច្របូក​ច្របល់។ ខ្លួន​ជា​អាជ្ញាធរ​ហៅ​បេក្ខជន​គណបក្ស​នយោ​បាយ​មក​សួរ​នាំ​ អាហ្នឹង​វា​អាច​ធ្វើ​ឲ្យ​បេក្ខជន​គណបក្ស​នយោបាយ​តែងតែ​គិត​ថា ជា​ការ​គំរាមកំហែង។ ហើយ​មួយ​ទៀត​ជា​ សារ​មួយ​ធ្វើ​ឲ្យ​បេក្ខជន​គណបក្ស​នយោបាយ​មាន​ការ​ខ្លាច​រអា»។

រូបឯកសារ៖ លោក ញឹក​ ប៊ុនឆៃ​ ប្រធាន​ប្រធាន​គណបក្សខ្មែរ​រួបរួមជាតិ​ បង្ហាញ​មុខឲ្យប្រជាពលរដ្ឋតាម​ដងផ្លូវ​ បានឃើញ​នៅ​ក្នុង​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​ នៅរាជធានី​ភ្នំពេញ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ជា​ថ្មី​ពី​គោលជំហរ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ថា៖ «ខ្ញុំ​ដូច​លើក​មុន ខ្ញុំ​បាន​ប្រកាស​ព័ត៌មានម្តង​ហើយ​ថា ការ​បោះឆ្នោត​យ៉ាង​ម៉េច​អី​ម៉េច ជា​រួម​យ៉ាង​ខ្លី​គឺ ខ្ញុំ​អាច​ទទួល​យក​បាន​លទ្ធផល​បោះឆ្នោត​សម្រាប់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​ខ្ញុំ»។

លោក​ ញឹក ប៊ុនឆៃ បន្ត​ថា​ រាល់​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត និង​ការ​បោះឆ្នោត​នៅ​កម្ពុជា​តែងតែ​មាន​បញ្ហា​ផ្សេងៗ​កើត​មាន ប៉ុន្តែ​គណបក្ស​របស់​លោក​អាច​បញ្ចៀស​បញ្ហា​ទាំង​នោះបាន​តាមរយៈ​ការ​រក្សា«​ទំនាក់​ទំនង​ល្អ» រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​តាម​មូលដ្ឋាន និង​អាជ្ញាធរ​និង​មន្រ្តី​ទទួល​បន្ទុក​លើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត។

កាល​ពី​ពេល​កន្លង​ទៅ អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ​សោម សូរីដា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដែល​ថា​ គ.ជ.ប​ មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់​ខ្ពស់​របស់​គ.ជ.ប រូប​នេះ​បន្ត​ថា​ គ.ជ.ប​គ្មាន​សិទ្ធិ​អំណាច​ស្នើ​ឱ្យ​មាន​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ​ខ្លួន​នោះ​ទេ​ ព្រោះ​ស្ថាប័ន​នេះ​អនុវត្ត​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​ប្បញ្ញត្តិ​ច្បាប់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ ​ហើយ​ក៏​បាន​បំពេញ​ការងារ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ ឬ​រំលោភ​លើ​ក្រប​ខណ្ឌ​ច្បាប់​នោះ​ដែរ៕

XS
SM
MD
LG