ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រស់​​នៅ​ជាប់​បឹង​តាមោក​ស្នើ​រដ្ឋ​​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ខណៈ​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ


ប្រជាពលរដ្ឋ ជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ប្រជាពលរដ្ឋ ជិះទូក​ទៅកាន់​កន្លែង​គ្រឿង​ចក្រ​កំពុង​ចាក់​ថ្ម​ចូល​បឹង​តាមោក ដែល​ចំ​កន្លែង​ពួកគេ​ចិញ្ចឹម​ត្រី ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ប្រជា​ពល​រដ្ឋរស់​នៅ​ជាប់​ផ្ទៃ​បឹង​តាមោក​ក្នុង​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រមាណ​៥០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ជួប​ជុំ​គ្នា​លើក​បដា​នៅ​ក្រោម​ដើម​ឈើ​ធំមួយ​ ​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ដោយ​ខ្លាច​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំ​នៅដ្ឋាន​នៅពេល​ណា​មួយ។

ពួកគេ​ស្នើ​ទៅរដ្ឋាភិបាល និង​អាជ្ញាធរ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពួកគេ ដែល​សរុប​ផ្ទៃ​ដី​ទាំង​អស់​គ្នា​ប្រមាណ​៥​ហិកតា សម្រាប់​ប្រជា​ពល​រដ្ឋ១០៨​ខ្នង​ផ្ទះ ឬ​ជាង​២០០​គ្រួសារ​ កំពុង​រស់​នៅ​អាស្រ័យ​ផល​ទី​នោះ និង​អះអាង​ថា​ពួកគេ​រស់​នៅ​ទី​នោះ​យូរ​ឆ្នាំ​មក​ហើយ។

អ្នកស្រី ​ប្រាក់ សុភា​ អាយុ​៤២​ឆ្នាំ​ ដែលកំពុង​រស់​នៅ​ជាប់​បឹង​តាមោក​ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​មាន​ទទឹង​ផ្ទះ​៨​ម៉ែត្រ ​និង​បាន​មក​ជួបជុំ​ជាមួយ​ពល​រដ្ឋ​ជា​ច្រើន​ទៀត​ មាន​ការ​ងឿង​ឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​មាន​ការ​ស្ថាបនា​លំនៅ​ដ្ឋាន​របស់​អ្នក​ផ្សេង​ដែល​ទើប​តែ​មក​ទី​នេះ​បាន​ប្រមាណ​៥​ឆ្នាំ អាច​ចាក់​ដី​ចូល​បឹង និង​សាង​សង់​ផ្ទះ​សម្រាប់​លក់​បាន។ អ្នកស្រី​បន្ថែម​ថា ​ពល​រដ្ឋ​ដែល​មាន​ផ្ទះ​សរុប​១០៨​ខ្នង​ផ្ទះ ដែល​រស់​នៅ​ជាង​២០​ឆ្នាំ​មក​ហើយ​មិន​ត្រូវ​បាន​អាជ្ញាធរ​គិត​គូរ និង​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ឱ្យ​ឡើយ។

អ្នកស្រី​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​ និង​កាត់​ឆ្វៀល​ដី​ទំហំ​ប្រមាណ​៥​ហិកតា​ឱ្យ​ប្រជា​ពលរដ្ឋ​ជាង​១០០​ខ្នង​ផ្ទះ​នេះ អាច​រស់​នៅ​អាស្រ័យ​ផល​ និងទទួល​បាន​សិទ្ធិ​កាន់​កាប់​ដីស្រប​ច្បាប់។

អ្នកស្រី​ថ្លែង​ថា៖ «អភិវឌ្ឍ​លុប​បឹង​អ៊ីចឹង តែ​សូម​កុំ​អភិវឌ្ឍ​លើ​ទឹក​ភ្នែក​ប្រជាពលរដ្ឋ សូម​កុំ​អភិវឌ្ឍ​ដោយ​ការ​បណ្តេញ​ពលរដ្ឋ។ ហើយ​ពួក​ខ្ញុំ​ទទួល​រង​ការ​ឈឺ​ចាប់​ត្រង់​ថា​ អភិវឌ្ឍ​កន្លែង​ណា ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក​កន្លែង​នោះ។ ឥឡូវ​មក​ដល់​សហគមន៍​របស់​ពួកខ្ញុំ​ហើយ។ អ៊ីចឹង​ពួក​ខ្ញុំ​សូម​ភាព​យុត្តិធម៌​ពី​សម្តេច​ពុក ហ៊ុន សែន សូម​ឱ្យ​គាត់​មេត្តា​កាត់​ឆ្វៀល​ឱ្យ​ប្រជា​ពលរដ្ឋ​ ឱ្យ​ពួក​យើង​មាន​ប្លង់​កម្មសិទ្ធិ​ ទទួល​បាន​នូវ​កន្លែងដី​ផ្ទះ​របស់​ពួក​យើង​ ដោយ​ពុំ​មាន​ការ​ដោះ​ដូរ»។

ស្ត្រី​ម្នាក់​កំពុង ​ឈរ​សម្លឹង​មើល​គ្រឿង​ចក្រ​ចាក់​ថ្ម​ចូល​បឹង​តាមោក ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២២។​ (ហាន ​ណូយ/វីអូអេ)
ស្ត្រី​ម្នាក់​កំពុង ​ឈរ​សម្លឹង​មើល​គ្រឿង​ចក្រ​ចាក់​ថ្ម​ចូល​បឹង​តាមោក ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២២។​ (ហាន ​ណូយ/វីអូអេ)

​អ្នក​ស្រី​បន្ថែម​ថា​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​សំរោង​ត្បូង​នេះ គឺ​មិន​ត្រូវ​ការ​ការ​ដោះ​ដូរ​ដី ដែល​ធ្លាប់​ឮ​អាជ្ញាធរ​ថា​ឱ្យ​ទៅ​រស់​នៅ​តំបន់​ផ្សេង​នោះ​ទេ។

អ្នកស្រី​បន្ថែម​ថា៖ ​«អត់​ទទួល​ការ​ដោះដូរ​ដូច​ខាង​សាលា​ខណ្ឌ​ដែល​គាត់​រៀប​រាប់​ថា​នៅ​ខាង​សំរោងត្បូង​ដោះ​ដូរ​ប្រជា​ពល​រដ្ឋ​ទៅ​ដី​ល្អ។ អ៊ីចឹង​បើ​ដី​នៅ​ខាង​សំរោង​ល្អ សូម​ឱ្យ​អភិបាល​ខណ្ឌ​ទទួល​យក​ខ្លួន​ឯង​ទៅ ហើយ​ឱ្យ​ភូមិ​គ្រឹះ​អភិបាល​ហ្នឹង ​មក​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​វិញ​មក។ តើ​គាត់​គិត​ថា​ស្រួល​ឬ​អត់?»។

អ្នកស្រី ប្រាក់ សុភា អះ​អាង​ថាប្រជា​ពល​រដ្ឋ​សំរោង​ត្បូង​នេះ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ជា​ច្រើន​លើក​ច្រើន​សា​ដែរ ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ ប៉ុន្តែ​ពល​រដ្ឋ​មិន​ដែល​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​នោះ​ទេ និង​បាន​ត្រឹម​តែ​ឮ​ពាក្យ​សន្យា​មិន​ច្បាស់​របស់​អាជ្ញាធរ​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បាន​កាត់​ដី​បឹង​តាមោក​ផ្នែក​ខ្លះ​ ឱ្យ​ទៅ​ស្ថាប័ន​រដ្ឋ ​ក្រុម​ហ៊ុន​ឯក​ជន និង​នីតិ​បុគ្គល។ គ្រឿង​ចក្រ​កំពុង​ធ្វើ​សកម្ម​ភាព​លុប​បឹង​តាមោកយ៉ាង​សកម្ម ចំ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​ទាំង​នោះ។

​ចំណែក​ពល​រដ្ឋ​ម្នាក់​ទៀត អ្នកស្រី ផន សុខុម អាយុ​៥០​ឆ្នាំ មាន​ក្បាល​ដី​ទំហំ​២​ម៉ែត្រ បូក​រួម​ជាមួយ​កូន​អ្នក​ស្រី​៤​ម៉ែត្រ​ទៀត ​ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ឱ្យ​ជួយ​ពិនិត្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ដែរ​ និង​ស្នើ​សុំ​កុំទាន់​លុប​ដី​ដល់​កន្លែង​ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​ត្រី ដោយទុក​ពេល​វេលា​ឱ្យ​ពលរដ្ឋ​ប្រមូល​ផល​ត្រី​ប្រមាណ​៦​ខែ​សិន។

អ្នកស្រី​ថ្លែង​ថា៖ ​«កូន​ចៅ​អត់​លោភលន់​ទេ សម្តេច​អើយ​៥​ហិកតា​ទេសម្តេច ​ចំនួន​២៥០​គ្រួសារ​ ​សម្តេច​ជួយ​មើល បើ​សិន​កាត់​ឱ្យ​កូន​ចៅ​បាន​តែ​ម្នាក់​បន្តិចៗ​ទេ។ សម្តេច​ដឹង​ហើយ​ប្រជា​ពល​រដ្ឋ​អ្នក ក្រីក្រ​អត់​លោភលន់​បាន​ទេ»។

ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​ធំ​មួយ​ បាន​លើក​បដា និងស្រែក​ទាមទារ​ស្រដៀង​គ្នា​ផង​ដែរ​ក្នុង​ការ​ទាម​ទារ​ឱ្យ​រដ្ឋ​ និង​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ឱ្យ​ពួកគេ​ដោយ​ស្រប​ច្បាប់ ព្រោះ​ពួកគេ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅ​ឋាន។

ពលរដ្ឋ​ទាំង​នោះ​ ក៏​បាន​នាំ​គ្នា​ជិះ​ទូកសំដៅ​ទៅ​កន្លែង​ដែល​មាន​គ្រឿងចក្រ​កំពុង​ចាក់​ថ្ម​លុប​បឹង​តាមោក នៅ​ត្រង់​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពល​រដ្ឋ​មួយ​ចំនួន​ផង​ដែរ។ ពួកគេ​បាន​ស្រែក​ទាម​ទារ​សូម​ឱ្យ​ទុក​ពេល​មួយ​រយៈ​ទៀត ឬ​៦​ខែ ដើម្បី​អាច​ឱ្យ​ពល​រដ្ឋ​ប្រមូល​ផល​ត្រី ដើម្បី​សង​បំណុល​ធនាគារ​ជា​ដើម។

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ម្តុំ​បឹងតាមោក​កាន់​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​អន្តរាគម៍ ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/ វីអូអេ)
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ម្តុំ​បឹងតាមោក​កាន់​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​អន្តរាគម៍ ក្នុង​សង្កាត់​សំរោង​ត្បូង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហាន ណូយ/ វីអូអេ)

ដោយ​ឡែក​ស្រ្តី​វ័យ​អាយុ​៥៦​ឆ្នាំ ដែល​កំពុង​អង្គុយ​កាន់​រូប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​គឺ​អ្នកស្រី ​ផន សុំ បាន​អះអាង​ថាអ្នកស្រី​បាន​រស់នៅ​ទី​នោះ​ជាង​២០​ឆ្នាំមក​ហើយ​ តែ​អាជ្ញាធរ​មិន​បាន​គិត​គូរ​ធ្វើ​សៀវ​ភៅគ្រួសារ​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​ទេ ខណៈ​សម្រាប់​ពល​រដ្ឋ​តំបន់​ជាប់​ភូមិ​អ្ន​ក​ស្រី ​គឺ​អាជ្ញាធរ​ធ្វើ​ឱ្យ​ជា​ធម្មតា។​

អ្នកស្រី​បញ្ជាក់​ថា​៖ «ប្រជា​ពល​រដ្ឋ​ទាម​ទារ​ ​ទី​មួយ​ ​ចង់​បាន​សៀវ​ភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​ប្លង់​កម្ម​សិទ្ធិ​ពិត​ប្រាកដ»។

​អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ ប្រាប់​វី​អូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ការ​ដែល​អាជ្ញា​ធរ​មិន​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ឱ្យ​ប្រជាពល​រដ្ឋ​ដែល​កំពុងរស់នៅ​ម្តុំ​បឹង​តា​មោក គឺ​ដោយសារ​តែ​ពួក​គេ​មិន​មាន​ឯក​សារ​កាន់​កាប់​គ្រប់​គ្រាន់។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ដោយ​សារ​តែ​គាត់​មិន​មាន​ឯកសារ​នូវ​ការ​កាន់​កាប់​គ្រប់​គ្រាន់​នេះ​ហើយ បាន​ជា​គេ​មិន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ឱ្យ​គាត់»។

អ្នក​សម្រប​សម្រួល​គម្រោង​ដីធ្លី និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា ​ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​តវ៉ា​នៅ​ពេល​ការ​អភិវឌ្ឍ​ណា​មួយ​មាន​ភាព​មិន​ប្រក្រតី ​ក៏ដូច​ជា​ប៉ះពាល់​ទៅ​ដល់​ពួកគេ។ លោក​បន្ត​ថា​រដ្ឋាភិបាល​ត្រូវ​តែ​ពិភាក្សា ​និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ មុន​នឹង​សម្បទាន​ដី ​ឬ​ប្រគល់​ដី​ឱ្យ​ក្រុម​ហ៊ុន​ណា​មួយ​ ដើម្បី​អភិវឌ្ឍ។

បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យ​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុ​ក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។ បើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖ «បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​របាយ​ការណ៍​នេះ​ បឹង​តាមោក​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៣១៩​គ្រួសារ​កំពុង​រស់​នៅ​ ដែល​ភាគច្រើន​រស់នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​បឹង​ ឬ​រស់​នៅ​តាម​ព្រំប្រទល់​បឹង។​ ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ជា​អ្នក​នេសាទ​ និង​ស្ត្រី​ដែល​ប្រកប​របរ​ដាំ​ដំណាំ​លើ​ផ្ទៃ​បឹង​និង​បោក​គក់​ខោអាវ​ លាង​ចាន​ ហើយ​និង​ប្រើប្រាស់​បឹង​សម្រាប់​ធ្វើ​ជា​បង្គន់​អនាម័យ​ផង​ដែរ។​ មិន​មាន​គ្រួសារ​ណា​មួយ​មាន​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ៕

XS
SM
MD
LG